ជនជាតិ​ដើម​ភាគតិច​នៅ​ខែត្រ​ចំនួន​៤​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នៅ​ខែត្រ​ព្រះវិហារ

ដោយ ទីន ហ្សាការីយ៉ា
2017-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ជនជាតិ​ដើម​ភាគ​តិច​ដើម្បី​សហគមន៍ ចូល​រួម​ក្នុង​ពិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៦ នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។
យុវជន​ជនជាតិ​ដើម​ភាគ​តិច​ដើម្បី​សហគមន៍ ចូល​រួម​ក្នុង​ពិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៦ នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។
Photo: RFA

សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខែត្រ​ភាគ​ឦសាន និង​អង្គការ​សង្គម​ស៊ីវិល​នានា បាន​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ក្នុង​បំណង​ឲ្យ​ជនជាតិ​ដើម​ភាគតិច និង​ពលរដ្ឋ​ខ្មែរ​ស្វែងយល់​ពី​សិទ្ធិ​របស់​ខ្លួន និង​ប្រើប្រាស់​ឲ្យ​បាន​ទូលំទូលាយ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​សង្គម​នានា។ ជនជាតិ​ដើម​ភាគតិច​ថា អាជ្ញាធរ​រដ្ឋាភិបាល​ពី​ថ្នាក់​មូលដ្ឋាន រហូតដល់​ថ្នាក់​ជាតិ មិន​បាន​យកចិត្តទុកដាក់​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ប្រសើរ​ឡើយ និង​ធ្វើទុក្ខបុកម្នេញ​ដល់​ជនជាតិ​ដើម​ភាគតិច​ខ្លះ ដែល​ស្ម័គ្រចិត្ត​ការពារ​ធនធាន​ធម្មជាតិ និង​បញ្ចេញមតិ​ផ្នែក​នយោបាយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ដែល​ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស រួម​ទាំង​ជនជាតិ​ដើម​ភាគតិច​ជាង ១០ អម្បូរ​នៅ​ខែត្រ​ចំនួន ៤ រួមមាន​ខែត្រ​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ខែត្រ​រតនគិរី គ្រោង​លើក បញ្ហា​ប្រឈម​មួយ​ចំនួន​ថ្លែង ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​គ្រោង​ប្រារព្ធ​នៅ​ខែត្រ​ព្រះវិហារ មាន​មនុស្ស​ចូលរួម​រាប់រយ​នាក់។ ទិវា​នេះ​ក្នុង​បំណង ជា​សារ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​នូវ​ក្តី​កង្វល់​របស់​ពួកគាត់ កំពុង​ចាក់​ស្រែះ​ជ្រៅ​រួមមាន ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ រំលោភ​ដីធ្លី​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ និង​ការ​គំរាមកំហែង​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​ដល់​សហគមន៍​ដែល​ជួប​ប្រជុំ​ពិភាក្សា​បញ្ហា​សង្គម និង​នយោបាយ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខែត្រ​ព្រះវិហារ លោក ឡោ ចាន់ កត់សម្គាល់​ថា សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគតិច​នៅ​ខែត្រ​ព្រះវិហារ កាន់តែ​រួម​តូច​ទៅៗ ដែល​នាំ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ធំ ពុំ​សូវ​ហ៊ាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ការពារ​ដីធ្លី ព្រៃឈើ និង ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​សង្គម​នោះ​ទេ។ លោក​បញ្ជាក់​ថា សហគមន៍​មួយ​ចំនួន​ត្អូញ​រឿង​អាជ្ញាធរ​រឹតត្បិត​សេរីភាព​ពួកគាត់ នៅ​គ្រា​ដែល​ពួកគាត់​ជួប​ប្រជុំ​ពិភាក្សា​កិច្ចការ​សង្គម និង​បញ្ចេញមតិ ត្រូវ​បាន​អាជ្ញាធរ​មក​សួរនាំ។ លើស​ពី​នេះ អាជ្ញាធរ​រដ្ឋាភិបាល បាន​តាមដាន ពលរដ្ឋ​ណា​ដែល​ឈឺឆ្អាល​រឿង​សង្គម ព្រៃឈើ និង​នយោបាយ។ លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ទទួលយក ក្តី​កង្វល់​របស់​សហគមន៍​មក​ដោះស្រាយ ដើម្បី​រួមគ្នា​លើកកម្ពស់​សិទ្ធិមនុស្ស៖ «នេះ​ជា​សារ​មួយ​ដើម្បី​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មានការ​គោរព​សិទ្ធិមនុស្ស ។ ខ្ញុំ​រំពឹង​ទុក​ថា ក្រោយពី​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ អាជ្ញាធរ​លោក​នឹង​មេត្តា​យល់ដឹង ពី​សារៈសំខាន់​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ»

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ លោកស្រី រឿន ខាន់ ដែល​គ្រោង​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឲ្យ​ដឹង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល គឺជា​ដើមហេតុ នាំ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដីធ្លី និង​ស្រែចម្ការ។ រីឯ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ថ្នាក់​ខែត្រ និង​ថ្នាក់​ជាតិ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​នោះ​ទេ បង្ក​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់នៅ ជីវភាព និង​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។ លោកស្រី​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ គឺជា​បន្ទុក​បន្ថែម​ទៀត​ដែល​នាំ​ឲ្យ​ពួកគាត់​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ​រួមមាន ការប្រែប្រួល​អាកាសធាតុ បាត់បង់​ដីចម្ការ​វិល​ជុំ ការ​កាប់បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក ឬ​ព្រៃស្រោង​ជា​ជម្រក​សត្វ និង​បាត់បង់​ទឹកអូរ និង​ស្ទឹង​ដែល​ជា​ប្រភព​ប្រាក់ចំណូល និង​សន្តិសុខ​ស្បៀង។ លោកស្រី​សង្កត់ធ្ងន់​ថា សហគមន៍​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ ត្រូវ​បាន​ក្រុម​អ្នក​អារ​ឈើ​ប្រើ​កាំភ្លើង​ច្នៃ គំរាម​បាញ់​នៅ​ពេល​ចុះ​ល្បាត​ព្រៃ​ម្តងៗ ហើយ​ពួកគេ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​តែ​ពុំ​មាន​លទ្ធផល៖ «រដ្ឋាភិបាល​អត់​ដោះស្រាយ​ឲ្យ​ទេ សូម្បីតែ​អភិបាល​ស្រុក អភិបាល​ខែត្រ និង​ក្រសួង​មហាផ្ទៃ ក៏​មិន​ចេះ​ដោះស្រាយ​អី​បាន​ដែរ។ សូម្បីតែ​ព្រៃឈើ​អស់​ហើយ តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច»

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន ដែល​គ្រោង​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ ធ្នូ ថា លោក​នឹង​លើក​យក​បញ្ហា​មួយ​ចំនួន បង្ហាញ​សាធារណជន និង​អាជ្ញាធរ​រដ្ឋាភិបាល ឲ្យ​ជ្រាប​ពី​ក្ដី​កង្វល់​របស់​សហគមន៍​នៅ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ប្រារព្ធ​នៅ​ខែត្រ​ព្រះវិហារ។ បញ្ហា​ទាំងនោះ​រួមមាន អាជ្ញាធរ​មូលដ្ឋាន​ប្រកាន់​បក្សពួក​និយម​ធ្វើទុក្ខបុកម្នេញ​ដល់​ជនជាតិ​ដើម​ភាគតិច ដែល​គាំពារ​ព្រៃឈើ។ លោក​មើល​ឃើញ​ថា ការ​ប្រើប្រាស់​សិទ្ធិ​រវាង​ពលរដ្ឋ​ក្រីក្រ និង​មន្ត្រីរាជការ រួម​ទាំង​អ្នកមាន​ឥទ្ធិពល ហាក់​មាន​ស្តង់ដារ​ពីរ ខណៈ​ពលរដ្ឋ​ក្រីក្រ​គឺ​គ្មាន​ឥទ្ធិពល​ជា​វិជ្ជមាន ចូលរួម​អភិវឌ្ឍន៍​សង្គម និង​ការពារ​ព្រៃឈើ​នោះ​ទេ ផ្ទុយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​បាន​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន មាន​ពេល​ខ្លះ​ប្រើ​សិទ្ធិ​កាប់​រាន​ដី​ព្រៃ​រាប់ពាន់​ហិកតារ ក៏​ពុំ​មាន​ទោស​ទណ្ឌ​ដែរ។ លើស​ពី​នេះ​ពលរដ្ឋ​ក្រីក្រ និង​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន ហាក់​ត្រូវ​បាន​អាជ្ញាធរ​មើល​រំលង ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា បើ​ទោះ​បី​ជា​ពួកគាត់​មាន​ភាព​អយុត្តិធម៌​ធំធេង​ក្ដី៖ «ច្បាប់រដ្ឋធម្មនុញ្ញ​ចែងថា ឲ្យ​ការពារ​ព្រៃឈើ តែ​បែរជា​ពលរដ្ឋ​ការពារ​ព្រៃឈើ បែរជា​អាជ្ញាធរ​មិន​គោរព​សិទ្ធិ​ពលរដ្ឋ​ពេញលេញ។ ពលរដ្ឋ​រាយការណ៍​រ៉ែ​ត្បូង​ទៅ​អាជ្ញាធរ​ដូច​គ្មាន​យកចិត្តទុកដាក់​ទេ»

លោក ថាន់ វ៉ន បន្ថែម​​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំនេះ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​ប្រពៃណី វប្បធម៌ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​មាន​វិបត្តិ។ លើស​ពី​នេះ ទិវា​នេះ​ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គី​គ្នា​ការពារ​ដីធ្លី ទាមទារ​សិទ្ធិ​សេរីភាព និង​អភិរក្ស​ធនធានធម្មជាតិ ដែល​កំពុង​រង​ការ​រំលោភបំពាន​គ្រប់​ទម្រង់។ លោក​រំពឹង​ថា រដ្ឋាភិបាល​នឹង​បើក​ចិត្ត​ទូលាយ ទទួលយក​ក្ដី​កង្វល់​របស់​សហគមន៍​មក​ដោះស្រាយ​ដោយ​យុត្តិធម៌ ដោយ​មិន​រើសអើង៖ «មន្ត្រី​រាជរដ្ឋាភិបាល​រាល់​ថ្ងៃ​នេះ មិន​គោរព​សិទ្ធិ​អ្នក​ដទៃ ជាក់ស្ដែង​ដូចជា មន្ត្រី​បក្ស​សង្គ្រោះជាតិ អង្គការ​សង្គម​ស៊ីវិល»

អភិបាលខែត្រ​ព្រះវិហារ លោក អ៊ុន ចិន្ថា បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទេ​នៅ​ថ្ងៃ​ទី ៩ ធ្នូ ដោយ​ឆ្លើយ​យ៉ាង​ខ្លី​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទទួលស្គាល់​វិទ្យុ​អាស៊ីសេរី​នោះ​ទេ៖ «វិទ្យុ​អាស៊ីសេរី​ហ្នឹង​ខុសច្បាប់​ហើយ ខុសច្បាប់​ហើយ រដ្ឋាភិបាល​អត់​ទទួល​ស្គាល់​ទេ មិន​ត្រូវ​សម្ភាសន៍​ខ្ញុំ​ទេ​។ សូម​ឈប់​តេ (ហៅ) មក​ទៀត»

ជនជាតិ​ដើម​ភាគតិច​នៅ​ខែត្រ​ភាគ​ឦសាន កត់សម្គាល់​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​មិនទាន់​លើកកម្ពស់​សិទ្ធិមនុស្ស និង​ជនជាតិ​ដើម​ភាគតិច​ពេញលេញ​ទេ ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន រដ្ឋាភិបាល​ហាក់​មិនបាន​គិតគូរ​ដោះស្រាយ​នៅ​ឡើយ រួមមាន​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ វិបត្តិ​ដីធ្លី​រវាង​សហគមន៍ និង​ក្រុមហ៊ុន និង​ការ​ផ្ដល់​សេវា​សាធារណៈ មានការ​រើសអើង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល