មន្ត្រីអន្តរជាតិគ្រោងសរសេរលិខិតកោះប្រជុំប្រទេសម្ចាស់ហត្ថលេខីពីសន្ធិសញ្ញាទីក្រុងប៉ារីស
2017.10.23
ថ្ងៃទី២៣ តុលា ឆ្នាំ២០១៧ នេះគឺជាខួប២៦ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានប្រទេសចំនួន១៩ រួមទាំងកម្ពុជាផងជាហត្ថលេខីនោះ បានជួយអោយកម្ពុជាមានការបោះឆ្នោតជាតិ ជាលើកដំបូងរៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ និងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស រាជានិយម អាស្រ័យធម្មនុញ្ញ។
លើសពីនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយអោយជនភៀសខ្លួនខ្មែរ ជាង៣សែននាក់អាចធ្វើមាតុភូមិនិវត្តន៍ ពីព្រំដែនខ្មែរ-ថៃចូលមកកម្ពុជាវិញ ព្រមទាំងជួយអោយកម្ពុជាមានសង្គមស៊ីវិល អង្គការសិទ្ធិមនុស្ស និងសេរីភាព សារព័ត៌មាននៅកម្ពុជាទៀតផង។
សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ យល់ឃើញថា ឥឡូវនេះ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងត្រូវរដ្ឋាភិបាលកម្ពុជាបំពារបំពានធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវការប្រទេសហត្ថលេខីទាំង១៩ កោះប្រជុំចាត់វិធានការនានា ជាបន្ទាន់ដូចមានចែងក្នុងមាត្រា២៩ ដើម្បីការពារសន្ធិសញ្ញាសន្តិភាពប្រវត្តិសាស្ត្រមួយនេះ។
នេះជាសម្ភាសន៍ជាមួយលោក ឃីងស្លី អាបុត្ត (Kingsley Abbott) មន្ត្រីច្បាប់ជាន់ខ្ពស់ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) ដែលបានអំពាវនាវនៅក្នុងសន្និសីទកាសែត នាទីក្រុងបាងកក កាលពីថ្ងៃទី១៨ តុលា អោយមានការចូលរួមកោះប្រជុំប្រទេសហត្ថលេខី។
ស្ដាប់សំឡេង៖
សំណួរ៖ ជម្រាបសួររលោក ឃីងស្លី។ នៅក្នុងសេចក្ដីថ្លែងការណ៍មុននេះ លោកថា អង្គការរបស់លោកនឹងសរសេរលិខិត ផ្ញើទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីរំលឹកដល់កាតព្វកិច្ចរបស់ពួកគេ។ តើលោកនឹងសរសេរយ៉ាងម៉េចនិងអ្នកណាខ្លះនឹងចូលរួមជាមួយលោក?
ឃីងស្លី៖ ខួប២៦ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងមកដល់ថ្ងៃទី២៣ តុលា។ លិខិតរបស់យើង នឹងផ្ញើទៅប្រទេសដែលជាសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រទេសបារាំង និងឥណ្ឌូណេស៊ី ព្រមទាំងផ្ញើទៅរដ្ឋាភិបាលទាំង១៩ ដែលបានចុះហត្ថលេខាដែរ។
អ្វីដែលយើងគួរចងចាំនោះគឺថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រឹមតែជាឯកសារកត់ត្រាទុកនូវការប្ដេជ្ញាចិត្តក្នុងការធានានូវសេរីភាពមូលដ្ឋានសំខាន់ៗ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមាត្រា២៩ ចែងថា នៅពេលណាមានការរំលោភបំពាន ឬមានការគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះ ដោយមានការស្នើឡើងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ សហប្រធាននៃកិច្ចព្រមព្រៀង នឹងកោះអោយមានការពិគ្រោះយោបល់ជាបន្ទាន់ ក្នុងចំណោមសមាជិកទាំងអស់នៃសន្និសីទក្នុងប៉ារីសស្ដីពីកម្ពុជា ដើម្បីចាត់វិធានការសមស្រប ក្នុងការធានាអោយមានការគោរពការប្ដេជ្ញាចិត្តទាំងឡាយដែលចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។
ដូច្នេះយើងនឹងប្រមូលហត្ថលេខា ហើយផ្ញើទៅប្រទេសហត្ថលេខីទាំងនោះ ស្នើអោយមានការកោះប្រជុំដើម្បីពិនិត្យនិងដោះស្រាយចំពោះបញ្ហារំលោភបំពានទាំងឡាយដែលកំពុងកើតមាននៅកម្ពុជា។
សំណួរ៖ អ្នកណាខ្លះនឹងចូលរួមជាមួយអង្គការរបស់លោក?
ឃីងស្លី៖ មកដល់ពេលនេះ មានអង្គការសិទ្ធិមនុស្សអន្តរជាតិ មានអង្គការសិទ្ធិមនុស្សប្រចាំតំបន់មួយចំនួនបានបង្ហាញឆន្ទៈចូលរួម។
សំណួរ៖ លោកអាចប្រាប់បានទេថា អង្គការទាំងនោះមានឈ្មោះអ្វីដែរ?
ឃីងស្លី៖ ខ្ញុំនៅមិនទាន់អាចប្រាប់បានថា ដោយសារតែយើងស្ថិតក្នុងដំណាក់កាលកៀងគរគ្នា ប៉ុន្តែប្រាកដណាស់ ខណៈនេះ យើងមានគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) មានអង្គការសិទ្ធិមនុស្សយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មានអង្គការវេទិកាអាស៊ី (Asia Forum) ហើយយើងសង្ឃឹមថា នឹងមានអង្គការផ្សេងៗទៀត។
សំណួរ៖ តើលោកសង្ឃឹមថា នឹងមានការឆ្លើយតប ពីប្រទេសហត្ថលេខីទាំងនោះច្រើនប៉ុណ្ណាដែរ?
ឃីងស្លី៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានជីវិតនៅឡើយទេ ហើយបញ្ញត្តិដែលចែងអំពីយន្តការអោយមានការកោះប្រជុំឡើងវិញ និងចាត់វិធានការសមស្របនោះ គឺជាផ្នែកមួយនៃការព្រមព្រៀងក្នុងសន្ធិសញ្ញានេះ វាគឺជាកាតព្វកិច្ច នៃម្ចាស់ហត្ថលេខីទាំងអស់។ ខ្ញុំដឹងថា ២៥ឆ្នាំបានកន្លងផុតហើយ អ្នកខ្លះក៏យល់ថា វាកន្លងហួសយូរហើយ ប៉ុន្តែអ្នកខ្លះទៀតយល់ថា ២៥ឆ្នាំគឺនៅថ្មីៗនៅឡើយទេ។ ទោះយ៉ាងណា យើងសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសហត្ថលេខីទាំងនោះយកការរំលោភកិច្ចព្រមព្រៀងប៉ារីសនេះជាឱកាសធ្វើការជួបជុំគ្នា ដើម្បីពិភាក្សាអំពីស្ថានការណ៍នាបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។
សំណួរ៖ អ្នកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាច្រើនចូលវ័យជរា និងចូលនិវត្តន៍អស់ហើយ។ តើលោកគិតថា រដ្ឋាភិបាលបច្ចុប្បន្នរបស់ពួកគេខ្វល់ខ្វាយអំពីកិច្ចព្រមព្រៀងនេះទេ?
Kingsley៖ ឥស្សរជនដែលបានចុះហត្ថលេខាទាំងនោះ គឺតំណាងអោយរដ្ឋាភិបាលរបស់ពួកគេ ដូច្នេះរដ្ឋាភិបាលឡើងក្រោយៗ គេមានកាតព្វកិច្ចបន្តវេន ដូចជាប្រធានាធិបតីប្រទេសបារាំង និងឥណ្ឌូណេស៊ី ជាប្រទេសសហប្រធាន និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗទៀតអាចនឹងពិនិត្យពិចារណាលើបញ្ហានេះ។
សំណួរ៖ តើគេនឹងធ្វើយ៉ាងម៉េច បើទោះជាពួកគេយល់ស្របថា កម្ពុជាកំពុងមានវិបត្តិសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក៏ដោយចុះ?
ឃីងស្លី៖ វាគ្មានសិល្បសាស្ត្រអ្វីដោះស្រាយបញ្ហានៅកម្ពុជាងាយស្រួលនោះទេ ដូច្នេះហើយទើបពួកយើងមកជួបជុំគ្នា។ ប៉ុន្តែ យើងយល់ថា វានឹងមានការរីកចម្រើនយ៉ាងខ្លាំងប្រសិនបើប្រទេសហត្ថលេខី នៃលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចាប់ផ្ដើមជួបប្រជុំពិភាក្សាគ្នាអំពីបញ្ហានៅកម្ពុជា ក្រោមមាត្រា២៩នោះ។ ពីព្រោះវានឹងបង្ហាញថា សហគមន៍អន្តរជាតិចាប់ផ្តើមគិតគូរពីបញ្ហានៅកម្ពុជាហើយ។
សំណួរ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និយាយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្លាប់បាត់ហើយ ពីព្រោះតែកម្ពុជាមានរដ្ឋធម្មនុញ្ញ។ តើលោកឆ្លើយយ៉ាងម៉េច?
ឃីងស្លី៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមែនបង្កើតឡើងសម្រាប់អោយកម្ពុជាបង្កើតច្បាប់ដែលខ្វះការគោរពសិទ្ធិមនុស្សនោះទេ។ ស្មារតីពិត នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺដើម្បីបង្កើតអោយមានបរិយាកាស គោរព និងការពារសិទ្ធិមនុស្សដ៏ពិតប្រាកដមួយ គឺដើម្បីបង្កើតអោយមានស្ថាប័នជាតិឯករាជពិតប្រាកដ ដូចជាស្ថាប័នមានតុលាការជាដើម ដើម្បីផ្ដល់យុត្តិធម៌ដល់ពលរដ្ឋកម្ពុជាគ្រប់រូប ព្រមទាំងអោយមានការបោះឆ្នោត ដែលឆ្លុះបញ្ចាំងរបបប្រជាធិបតេយ្យពិតប្រាកដ។ ចំណុចទាំងនេះហើយ ដែលមានក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលយើងចង់អោយម្ចាស់ហត្ថលេខីជួបប្រជុំដើម្បីពិនិត្យនិងពិភាក្សា។
សំណួរ៖ តើលោកឆ្លើយយ៉ាងម៉េចទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា កម្ពុជាមានរដ្ឋធម្មនុញ្ញហើយជាគោលរួចហើយ?
ឃីងស្លី៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានខ្លឹមសារស្មារតីទូលំទូលាយជាងការគ្រាន់តែបង្កើតរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញពេលនេះគ្រាន់តែជាច្បាប់មួយសរសេរទុកចោលក្នុងសៀវភៅ។ យើងចង់ឃើញការគោរពសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក្នុងអនុសញ្ញាទាំងឡាយដែលកម្ពុជាជាភាគី។ មានន័យថា យើងចង់ឃើញការគោរពសិទ្ធិមនុស្សកើតមានជាក់ស្ដែង មិនមែនមាននៅលើតែក្រដាសនោះទេ៕