អ្នក​ជំនាញ​៖ ​អ្នក​សារព័ត៌មាន​ជួយ​ពង្រឹង​អភិបាលកិច្ច​ល្អ

ដោយ សាន សែល
2016-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី​សិទ្ធិ​អ្នក​សារព័ត៌មាន និង​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី​សិទ្ធិ​អ្នក​សារព័ត៌មាន និង​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។
RFA/San Sel

ខណៈ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក កាន់តែ​ខិតចូល​មក​ដល់ អ្នក​ជំនាញ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ក្នុង​វេទិកា​ជជែក​ដេញដោល​មួយ​ក្នុង​រាជធានី​ភ្នំពេញ នាំ​គ្នា​លើក​តម្កើង​អ្នក​សារព័ត៌មាន ថា​បាន​តួនាទី​យ៉ាង​សំខាន់​ដើម្បី​រួម​ចំណែក​ពង្រឹង​ការ​អនុវត្ត​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​អះអាង​ថា ការ​អនុវត្ត​ការងារ​របស់​អ្នក​សារព័ត៌មាន​បាន​ល្អ លុះត្រា​តែ​រដ្ឋាភិបាល​សម្របសម្រួល​ផ្ដល់​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព។

ប្រធានបទ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន ឆ្នាំ​២០១៦ គឺ "ការ​ទទួល​ព័ត៌មាន និង​សេរីភាព​ជា​មូលដ្ឋាន៖ នេះ​ជា​សិទ្ធិ​របស់​អ្នក"។ ប្រធានបទ​នេះ​ឯង​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បណ្ដាញ​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ក្រឡេក​មើល​ឡើង​វិញ​ពី​តួនាទី​របស់​អ្នក​សារព័ត៌មាន និង​បច្ចេកវិទ្យា​ដែល​កំពុង​ផ្លាស់ប្ដូរ​ការ​អនុវត្ត​អភិបាល​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ។

សម្រាប់​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា គូស​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​នេះ​ហើយ​ដែល​ផ្ដល់​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ជូន​ដល់​សាធារណជន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដែល​ផ្ដល់​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ក្នុង​ការ​សម្រេច​ចិត្ត​បាន​ប្រសើរ​ឡើង៖ «អ្នក​សារព័ត៌មាន មាន​សំណាង​ជាង​គេ ដោយ​សំឡេង​របស់​យើង​​ឮ​ឆ្ងាយ សំឡេង​របស់​យើង​មាន​ឥទ្ធិពល។ អ៊ីចឹង​ហើយ គេ​ឲ្យ​តម្លៃ​អ្នក​សារព័ត៌មាន​ជា​អំណាច​ទី​៤។ ដូច្នេះ អ្នក​សារព័ត៌មាន​ធ្វើ​ការ​ក្នុង​អំណាច​មួយ​ដែល​មាន​ឥទ្ធិពល​ក្នុង​សង្គម»

​ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​ស្ដីពី​សិទ្ធិ​អ្នកសារព័ត៌មាន និង​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដើរ​តួនាទី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ពិសេស​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ការងារ​សង្គម៖ «អ្នក​សារព័ត៌មាន​គាត់​ផ្សាយ​ព័ត៌មាន​ពិត​ប្រាកដ និង​ទទួល​ខុសត្រូវ​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ។ គាត់​ជា​អ្នក​ផ្ដល់​សំឡេង​ដល់​អ្នក​អត់​សំឡេង»

​ទោះ​បី​ជា​យ៉ាង​ណា ការ​ស្វះ​ស្វែងរក​ប្រភព​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​ដើម្បី​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ជួប​ឧបសគ្គ។ ឧបសគ្គ​នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង រៀបរាប់​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​រសើប​ដូចជា ការ​កាប់​ព្រៃឈើ អំពើ​ពុករលួយ តុលាការ ឬ​នយោបាយ នៅ​ខ្វះ​ការ​សហការ​ផ្ដល់​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន លំបាក​ផលិត​របាយការណ៍​ស៊ីជម្រៅ៖ «កាល​ណា​យើង​អត់​ហ៊ាន​ផ្សាយ​អ៊ីចឹង​ទេ ការ​ដឹកនាំ​សង្គម​ហ្នឹង គឺ​ជិះ​សេះ​លែង​ដៃ ស្រេច​តែ​ចិត្ត គ្មាន​អភិបាលកិច្ច​ល្អ។ កាល​ណា​បាត់បង់​អភិបាល​កិច្ច​ល្អ គឺ​ជួប​ប្រទះ​នឹង​ហានិភ័យ​ច្រើន​ណាស់»

​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters without borders) បាន​ដាក់​ចំណាត់ថ្នាក់​លេខ​១២៨ ក្នុង​ចំណោម ១៨០​ប្រទេស ផ្នែក​សេរីភាព​សារព័ត៌មាន​សម្រាប់​ប្រទេស​កម្ពុជា ហើយ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា បន្ត​ឈ្លប​មើល​ដោយ​ប្រយោល និង​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​អ្នក​សារព័ត៌មាន​បន្ត​ប្រឈម​នឹង​គ្រោះថ្នាក់​ពេល​ចុះ​យក​ព័ត៌មាន ពិសេស​ព័ត៌មាន​រសើប​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ និង​ជួញដូរ​ព្រៃឈើ ការ​នេសាទ​ខុសច្បាប់ ការ​ជួញដូរ​មនុស្ស និង​ការ​រុករក​ធនធាន​រ៉ែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

នេម មេច

ពី ពី ប្រទេសបារាំង


អ្នកសារពត៍មានល្អ ជួយពង្រឹងអភិបាលកិច្ច

​ ឯ​អ្នកកាន់អំណាចវិញ គិតតែពីកំទេចស្រុក !

May 03, 2016 01:07 PM

NEM MEX

ពី Paris, France


ខ្មែរជាពូជល្អ មានអំបូរ មានតែពួគដឹកនាំ CPP ទេ ដែលធ្វើ
អោយគេមើលងាយខែ្មរ !

May 03, 2016 01:03 PM

នេម មេច

ពី ពី ប្រទេសបារាំង


លោក ខៀវ កញ្ញរិត​​ មន្រី្តដែលកាន់អំណាច ជាង ៣០ ឆ្នាំ
បើតែរបៀបហ្នឹង តើយុវជន រកការធ្វើឯណាបាន​ ?

May 03, 2016 12:57 PM

អ្នក​អាន​អនាមិក

ខ្ញុំវិញយល់ថាអ្នក​សារព័ត៌មានស្រុកខ្មែរជាពួកបង្កអស្ថេរភាពសង្គមទៅវិញទេ។ព្រោះពួកគាត់មិនឯករាជ្យនិងគ្មានវិជ្ជាជីវពិតប្រាកដ។

Apr 29, 2016 08:41 AM

គេហទំព័រ​ទាំងមូល