សហគមន៍ខ្មែរនៅអូស្ត្រាលី ធ្វើបុណ្យផ្ការៃប្រាក់ជួយសកម្មជនមាតាធម្មជាតិ

ដោយ ថា ថៃ
2024.07.29
សហគមន៍ខ្មែរនៅអូស្ត្រាលី ធ្វើបុណ្យផ្ការៃប្រាក់ជួយសកម្មជនមាតាធម្មជាតិ ពលរដ្ឋខ្មែរនៅក្រុងម៉ែលប៊ ប្រទេសអូស្ត្រាលី ធ្វើបុណ្យផ្កាប្រាក់ ដើម្បីជួយដល់គ្រួសារនិងសកម្មជនចលនាមាតាធម្មជាតិ នៅសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ា (Victoria) នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក តាក់ ម៉េងហ៊ាង

សហគមន៍​ខ្មែរ​នៅ​ក្រុង​ម៉ែលប៊ន  (Melbourne) ប្រទេស​អូស្ត្រាលី (Australia) ​ធ្វើ​បុណ្យ​ផ្កាប្រាក់ ដើម្បី​ប្រមូល​លុយ​ជួយ​ដល់​គ្រួសារ​និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ។ ពលរដ្ឋខ្មែរ មិន​ត្រឹមតែ​ចូលរួម​បរិច្ចាគ​ថវិកា​នោះទេ ពួកគាត់ ថែមទាំង​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​ត្រកូល «ហ៊ុន» ថា បាន​​ប្រើ​អំណាច​ទាំង​បំពាន​ច្បាប់​ធ្វើ​បាប​យុវជន​បរិស្ថាន និង​ចោទ​ថា​កំពុង​ដឹកនាំ​ប្រទេស​​ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​ជិតខាង។​

ពិធី​បុណ្យផ្កា​ប្រាក់​​ដើម្បី​ប្រមូល​លុយ​ជួយ​ដល់​គ្រួសារ និង​សកម្មជន​ចលនា​​មាតា​ធម្មជាតិ​កំពុង​ជាប់ឃុំ​ ដែល​រៀប​ចំ​ធ្វើ​នៅ​​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែកក្កដា មាន​អ្នក​ចូលរួម​ច្រើន​ខុសប្លែក​ពី​រាល់ដង។ ក្រុម​អ្នក​ចូលរួម សុទ្ធតែ​មាន​ទឹកមុខ​ក្រៀមក្រំ​ ​បង្ហាញ​ពី​ក្តី​អាណិតអាសូរ​ចំពោះ​សកម្មជន​ចលនា​​មាតា​ធម្មជាតិ​វ័យក្មេង​ដែល​កំពុង​ជាប់ឃុំ​​ទាំង​៥រូបផង​ និង​បង្ហាញ​ពី​ក្តី​កង្វល់​ចំពោះ​បូរណភាព​ទឹកដី​ខ្មែរ​ចំនួន​៤ខេត្ត​​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​វៀតណាម និង​ឡាវ​ផង​។

ក្រោយ​ពី​ពិធី​សាសនា​ តំណាង​សហគមន៍​ខ្មែរ តំណាង​គណបក្សប្រឆាំង តំណាង​សង្គម​ស៊ីវិល និង​អ្នកចូលរួម​ បាន​ឡើង​ថ្លែង​សារ​ជាបន្តបន្ទាប់។

សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ជា យូហ៊ន លើក​ឡើង​ថា ជា​រឿង​ឈឺចាប់​បំផុត​ដែល​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» មិន​ត្រឹម​តែ​ចាប់​ឃុំ​ខ្លួន​យុវជន​ចលនា​មាតាធម្មជាតិ និង​សកម្មជន​កិច្ចព្រមព្រៀង​ប៉ារីស​ទាំង​អយុត្តិធម៌​នោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ខេត្ត​ខ្មែរ ចំនួន​៤​ប្រឈម​បាត់បង់​ទៅ​វៀតណាម​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង។

លោក ជា យូហ៊ន៖ «ទាំងអស់​គ្នា​ដឹង​ហើយ​ថា  ហ៊ុន សែន ​គឺជាមនុស្ស​ក្បត់​ជាតិ​។ តើ​ខ្មែរ​យើង​ទាំងអស់​គ្នា​ដែល​នៅ​ក្រៅប្រទេស​នេះ យើង​ដេក​លក់​ទេ។ យើង​ត្រូវតែ​នាំ​គ្នា​ធ្វើ​បាតុកម្ម យើង​ទាំងអស់​គ្នា​មិន​ត្រូវ​នៅ​សម្ងំ​ស្ងៀម​ទេ។ គ្រាន់តែ ព្រះបាទ​ជ័យ​ជេដ្ឋាទី២ អនុញ្ញាត​ឲ្យ​យួន​ ដែល​ជា​ប្រពន្ធ​របស់​គាត់ មក​​នៅ យើង​បាត់បង់​២១​ខេត្ត យើង​បាត់បង់​ជនជាតិ​កម្ពុជា​ក្រោម​ជាង​១០​លាននាក់។ តើ​យើង បន្ត​បាត់បង់​ប្រទេស​យើង​ទាំង​មូល​ដែរ​ឬទេ?។

លោក ជា យូហ៊ន និង​តំណាង​សហគមន៍​ខ្មែរ ក៏​សម្រេច​គ្នា​ថា ​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​រួមគ្នា​នៅ​តំបន់​ត្រីកោណ​ពិសេស​នេះ នៅ​ថ្ងៃ​ទី១១ ខែ​សីហា ខាង​មុខ។

រីឯ​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង វិញ លោក ថ្លែង​កោត​សរសើរ​ចំពោះ​សកម្មជន​មាតា​ធម្មជាតិ​ ដែល​បាន​តស៊ូ​លះបង់​ធំធេង​ប្រឆាំង​នឹង​រឿង​បំពុល​បរិស្ថាន ការបំផ្លាញ​ធនធានធម្មជាតិ បញ្ហា​ពុករលួយ និង​រឿង​អយុត្តិធម៌​សង្គម​នៅ​កម្ពុជា​។ ក្រៅ​ពី​នេះ លោកក៏​កោត​សរសើរ​ចំពោះ​​​ទឹកចិត្ត​របស់​ពលរដ្ឋខ្មែរ​នៅ​អូស្ត្រាលី​ដែល​បាន​ចូលរួម​​ដ៏​ច្រើន​នៅ​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​នេះ។ លោក​កត់​សម្គាល់ថា ទោះបីជា​ពលរដ្ឋខ្មែរ មក​រស់​នៅ​ប្រទេស​អូស្ត្រាលី​ជាច្រើន​ទសវត្ស​ហើយ​ក្តី ក៏​ពួកគាត់​នៅតែ​មិន​​ភ្លេច​ប្រទេស​កំណើត និង​នៅ​តែ​មាន​ស្មារតី និង​ឈាមជ័រ​ជាខ្មែរ​ ហើយ​ជា​អ្នក​ចង់​បាន​សេរីភាព និង​ស្អប់ខ្ពើម​អំពើ​អយុត្តិធម៌ និង​អំពើ​កេង​ប្រវ័ញ្ច​ពី​ប្រទេសជាតិ។

លោក តាក់ ម៉េងហ៊ាង៖ «សូម​កោត​សរសើរ​ដល់​បងប្អូន​ទាំងអស់។ ថវិកា​ដែល​បាន​មក​នេះ ជា​ការ​សន្សំ​ជា​ការ​ដកចេញ​ពី​ហោប៉ៅ ដោយ​ខ្ញុំ​បាន​ឃើញ​ហើយ ដូចជា​អ៊ំប្រុស​អ៊ំស្រី ដែល​អញ្ជើញ​មក​នេះ គឺ​មាន​តែ​អ្នក​ធ្លាប់​អត់​ធ្លាប់​លំបាក​ទេ ដែល​ទុក្ខលំបាក​ដែល​អ្នករងគ្រោះ។ ចំណែក​អ្នក​ដែល​កាត់​ដី​រដ្ឋ​យក​ទៅ​ឲ្យ​កូន​របស់ ខ្លួនឯង ​យក​ទៅ​ឲ្យ​បក្ខពួក​របស់​ខ្លួនឯង លុយ​រាប់​លាន អាហ្នឹង​គឺ​គេ​អត់​ឈឺឆ្អាល​ទេ។ ដូច្នេះ​ហើយ​ថវិកា​ដែល​បងប្អូន​បាន​បរិច្ចាគ​ទោះ​តិច​ក្តី​ច្រើន​ក្តី​ក៏​ជា​ទឹកចិត្ត​ដែរ»​។​​

ក្រោយ​ការ​ថ្លែង​របស់​លោក តាក់ ម៉េងហ៊ាង ​នេះ ក៏​មាន​ការ​​ចាក់​វីដេអូ​ខ្លី​មួយ​របស់​សកម្មជន​មាតាធម្មជាតិ​ កញ្ញា ភួន កែវរស្មី ដែល​នាង​បាន និយាយ​ថា «តស៊ូ​ហើយ​ស្លាប់ ប្រសើរ​ជាង​ស្លាប់​មិន​បាន​តស៊ូ​ការពារ​ធនធានធម្មជាតិ»។ វីដេអូ​នេះ បាន​ធ្វើ​ឲ្យ​អ្នកចូលរួម​មួយចំនួន​ស្រក់​ទឹក​ភ្នែក​ដោយសារ​ការ​អាណិត​​ ការ​កោត​សរសើរ​វីរភាព​ និង​ការ​លះបង់​របស់​ក្មេងស្រី​រូប​នេះ​​។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក​ ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា បើទោះបីជា​កម្ពុជា មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​មាន​រដ្ឋ​ធម្មនុញ្ញ ចែង​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរីពហុបក្ស​ និង​គោរព​សិទ្ធិ​មនុស្ស​ក្តី ក៏​ជាក់ស្តែង​អ្នកនយោបាយ​បក្ស​ប្រឆាំង សកម្មជន​សង្គម សកម្មជន​សិទ្ធិមនុស្ស​ និង​បរិស្ថាន តែងតែ​​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ រង​ការ​កាប់សម្លាប់​ និង​រង​ការ​ចាប់​ដាក់គុក​ឥត​ឈប់ឈរ។ ទោះជាយ៉ាងណា ​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស កុំ​អស់​សង្ឃឹម​ហើយ​ត្រូវតែ​បន្ត​រួបរួម​សាមគ្គី​គ្នា និង​តស៊ូ​តទៅ​មុខ​ទៀត ដើម្បី​កុំ​ឲ្យ​មេដឹកនាំ​ប្រទេស​ធ្វើអ្វី​ៗតាម​ទំនើង​ចិត្ត។​

លោក​ ស៊ឹង សែនករុណា៖ «រឿង​បងប្អូន​ការពារ​ធនធានធម្មជាតិ​ថ្មី​នេះ ខ្ញុំ​ស្គាល់​ប្អូន​និង​ធ្លាប់​ចូលរួម​ចែក​ចំណេះដឹង គឺ​ពួកគាត់​សុទ្ធសឹងតែ​ជា​យុវជន​ដ៏​សកម្ម ស្រលាញ់​ធនធានធម្មជាតិ ស្រលាញ់​ប្រទេសជាតិ ហើយ​បែរជា​ចាត់​វិធានការ​ទៅ​លើ​ពួកគាត់ ចាប់​ដាក់​គុក ហើយ​ចោទ​ពី​បទ​ក្បត់ជាតិ គឺ​ធ្ងន់​ណាស់​ក្បត់ជាតិ។ ឥឡូវ បងប្អូន​នៅ​ទីនេះ តើ​អ្នកណា​ក្បត់ជាតិ? គាត់​ការពារ​ទឹកដី​ការពារ​ធនធាន​របស់​ជាតិ ទៅ​ជា​ក្បត់ជាតិ ហើយ​ចុះ​អា​អ្នក​បំផ្លាញ​ជាតិ​វា​យ៉ាងម៉េច តើ​វា​ជា​អ្នក​ស្រលាញ់​ជាតិ ? មើល​យើង​ឲ្យ​និយមន័យ​នេះ​ឲ្យ​ច្បាស់។ តើ​អ្នកណា​ក្បត់​ជាតិ​ឲ្យ​ច្បាស់? ហេតុ​អី​ចូល​ចិត្ត​បន្លំ ? ដល់​ពេល​ធ្វើ​រឿង​អំពើខុស ទៅ​កៀរគរ​ពលរដ្ឋ​ដែល​គ្នា​អត់​យល់​អត់​ដឹង​​ទៅ​សម្លុត​គំរាម​ឲ្យ​គេ​បង្ហាញ​តាម​ហ្វេសប៊ុក តើ​គេ​ល្ងង់​ណាស់​ឬ? គេ​ជឿ​ណាស់ ឬ? គេ​មាន​ខួរក្បាល​គិត​ដែរ​អ្នកណា​ស្រលាញ់​ជាតិ អ្នក​ក្បត់​ជាតិ គេ​ដឹង​ច្បាស់​ណាស់​»

ជាមួយគ្នា​នេះ ប្រធាន​គណបក្ស​ភ្លើងទៀន​ប្រចាំ​អូស្ត្រាលី​ លោក ម៉ែន វណ្ណា​ បាន​បញ្ចេញ​មតិ និង​កង្វល់​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ទឹកដី ជាពិសេស​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ (CLV) ដែល​លោក​ ចោទ​ថា ​លោក ហ៊ុន សែន នឹង​ធ្វើឲ្យ​កម្ពុជា​ នឹង​បាត់បង់​ទឹកដី​ចំនួន​៤​ខេត្ត រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌល​ទៅ​វៀតណាម​នៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា បញ្ហា​ទឹកដី​​គឺជា​បញ្ហា​រួម  ដូច្នេះ​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ទាំងអស់ ត្រូវ​រួមគ្នា​ប្រឆាំង​នឹង​​គម្រោង​អភិវឌ្ឍ​តំបន់​ត្រី​កោណ​ពិសេស​នេះ។

លោក ម៉ែន វណ្ណា៖ «កុំ​ភ្លេច​ថា ដីសម្បទាន​ទល់ដែន​យួន​សឹងតែ​គ្រប់​កន្លែង​ទាំង​អស់​៩៩​ឆ្នាំ​។ តើ​ពលរដ្ឋ​យើង​បាន​ចំណេញ​អី សូម្បី​តែ​ចូលព្រៃ​ទីនោះ មិន​បាន​ផង។ យើង​គិត​មើល ហើយ​តើ​ចាំបាច់​អី​ដែល​យើង​ត្រូវ​សហការ​ជាមួយ​យួន និង​ឡាវ ដើម្បី​អភិវឌ្ឍ​។ EBAដែល​គេ​ឲ្យ​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​រាប់​លាននាក់​នៅ​ខាងក្នុង​ បែរ​ជា​គាត់ (ហ៊ុន សែន ) បំបិទ​ចោល​តែម្តង។ សួរ​គាត់​មើល តើ​គាត់​អភិវឌ្ឍ​ស្អី​? ប្រជាពលរដ្ឋ​ពី​មុន​ធ្វើការ​នៅ​ស្រុក​ខ្មែរ ឥឡូវ​នេះ ទៅ​ថៃ ប៉ុន្មាន​​លាន​នាក់ ទៅ​កូរ៉េ​ប៉ុន្មាន​លាន ទៅ​ជប៉ុន​ប៉ុន្មាន ទៅ​ម៉ាឡេស៊ី​ប៉ុន្មាន?»។ ​​​

កន្លងមក រដ្ឋាភិបាល​ក្រុងភ្នំពេញ ព្យាយាម​បកស្រាយ​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន គឺជា​ការ​អនុវត្ត​ច្បាប់។ ចំណែក​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​កម្ពុជា ឡាវ និង​វៀតណាម​វិញ លោក ហ៊ុន សែន​ កាលពីថ្ងៃទី២៣ កក្កដា បាន​ប្រើ​ពេល​វេលា​២ម៉ោង​ដើម្បី​បកស្រាយ​ផង និង​គំរាមកំហែង​ពលរដ្ឋ​ដែល​ឈឺ ឆ្អាល​រឿង​ទឹកដី​ផង។​ បុរស​ខ្លាំង​រូប​នេះ អះអាង​ថា ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​ពិសេស​​ដែល​ផ្តួច​ផ្តើម​ដោយ​គំនិត​របស់​លោក​នេះ នឹង​មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​ខ្មែរ​ទៅ​វៀតណាម​​នោះទេ។ លោក បាន​បញ្ជា​ឱ្យ​គ្រប់​អំណាច​រដ្ឋ​ទាំងអស់ បើក​ការ​បង្ក្រាប​លើ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស តាមរយៈ​ការ​ចាប់​ដាក់​គុក និង​សម្លុត​គំរាម​គ្រួសារ​របស់​ពួកគាត់ បើ​ពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ​រឿង​ទឹកដី​នេះ​តទៅ​ទៀត។

ទោះ​ជា​យ៉ាងណា​ តំណាង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី មិន​ខ្លាច​ការ​គំរាម​របស់​លោក ហ៊ុន សែន ឡើយ និង​នៅតែ​បារម្ភ​ថា ជោគ​វាសនា​ទឹកដី​ខ្មែរ​ទាំង៤ខេត្ត ​នឹង​ធ្លាក់​ទៅ​វៀតណាម​នៅ​ពេល​អនាគត បើ​រដ្ឋាភិបាល មិន​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍ​តំបន់ត្រីកោណ​ទេ​នោះ​។

អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក អ៊ឹង ប៊ុនអាង លើក​ឡើង​ថា ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ និង​ភាព​ពុតត្បុត​របស់ លោក ហ៊ុន សែន នេះ គឺ​ទឹកដី​ខ្មែរ ទាំង៤ ខេត្ត​មិន​គង់វង្ស​ឡើយ។

លោក អ៊ឹង ប៊ុនអាង៖ «ប្រសិន​បើ​យើង​មាន​លុយ​ យើង​អាច​ខ្ចី​លុយគេ​បាន​មក​ អាច​ធ្វើ​ឲ្យ​ខេត្ត​យើង​រីកចម្រើន​ហេតុ​អី​បាន​យើង​ហៅ​គេ​មក​ជួយ​គ្រប់គ្រង​។ របៀប​គិត និង​មធ្យោបាយ​របស់​លោក ហ៊ុន សែន គឺ​គាត់​ចង់​សងគុណ​ទៅ​លើ​វៀតណាម​ដែល​បាន​លើក​បន្តុប​គាត់​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទល់​ម៉ោង​នេះ។ គាត់​ប្រាប់​ហើយ​ថា ត្រូវ​ដឹង​គុណ​វៀតណាម​និង​ដឹង​គុណ​គាត់​រហូត»។​​

ងាក​មក​ពិធី​បុណ្យ​ផ្កា​ប្រាក់​វិញ សមាគម​ខ្មែរ ​រៃអង្គាស​លុយ​ពី​អ្នកចូលរួម​បាន​ជាង​១ម៉ឺន​២​ពាន់​ដុល្លារ​ដើម្បី​ប្រគល់​ជូន​គ្រួសារ​និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់ឃុំ។ ដោយឡែក នៅថ្ងៃទី២៥ ខែសីហា អង្គការ​មូលនិធិសង្គ្រោះ​បន្ទាន់​កម្ពុជា នឹង​រៀប​ចំ​ពិធី​បុណ្យ​ផ្កាប្រាក់​មួយ​ទៀត​នៅ​វត្ត​ពុទ្ធរង្សីម៉ែលប៊ន ដើម្បី​ប្រមូល​លុយ​ជួយ​ដល់​ជនរងគ្រោះ​ជា​សកម្មជន​នយោបាយ សកម្មជន​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ជាដើម៕ ​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។