សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទទូច​ឲ្យ​តុលាការ​វៀតណាម​ទម្លាក់​ចោល​សាលក្រម​ផ្ដន្ទាទោស​កសិករ​ខ្មែរ​ក្រោម​បី​នាក់

ដោយ យន់ សាមៀន
2021.05.13
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទទូច​ឲ្យ​តុលាការ​វៀតណាម​ទម្លាក់​ចោល​សាលក្រម​ផ្ដន្ទាទោស​កសិករ​ខ្មែរ​ក្រោម​បី​នាក់ កសិករ​ខ្មែរ​ក្រោម ពេល​តុលាការ​បើក​សវនាការ​នៅ​ខេត្ត​ក្រមួន​ស
រូប៖ សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

សហព័ន្ធ និង​កសិករ​ខ្មែរ​ក្រោម​ទទូច​ឲ្យ​តុលាការ​វៀតណាម​ទម្លាក់​ចោល​សាលក្រម​ផ្ដន្ទាទោស​ឲ្យ​ពួកគេ​ឲ្យ​ជាប់ពន្ធនាគារ​ករណី​ជម្លោះ​ដីធ្លី។ ចំណែក​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ព្រមាន​ថា​ ​សាលក្រម​អយុត្តិធម៌​របស់​វៀតណាម​នឹង​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​វៀតណាម​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត។

សហព័ន្ធ និង​កសិករ​ខ្មែរ​ក្រោម​ថ្កោលទោស​តុលាការ​នៅ​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​ប្ដូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​គៀន យ៉ាង (Kien Giang) ដែល​បាន​បន្ត​តម្កល់​សាលក្រម​ផ្ដន្ទាទោស​កសិករ​ខ្មែរ​ក្រោម​បី​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ពីរ​ឆ្នាំ​ដល់ ប្រាំបួន​ខែ។ ទាំង​មន្ត្រី​សហព័ន្ធ និង​កសិករ​ខ្មែរ​ក្រោម​អះអាង ដូច​គ្នា​ថា សាលក្រម​នេះ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ប្លន់​ដី​ខ្មែរ​ក្រោម​ឲ្យ​ទៅ​លក់​ចែក​លុយ​គ្នា។

ការ​ថ្កោលទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ថ្នាក់​ខេត្ត​វៀតណាម កាល​ពី​ថ្ងៃ​ទី៦ ឧសភា បាន​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​ស្រុក ប្រឆាំង​នឹង​កសិករ​ខ្មែរ​ក្រោម ៣រូប ទុក​ជា​បាន​ការ ប៉ុន្តែ​បាន​សម្រាលទោស​កសិករ​ខ្មែរ​ក្រោម​ខ្លះ។ កសិករ​ដែល​ត្រូវ​តុលាការ​សម្រាល​ទោស​នោះ​រួម​មាន លោក ហ្វិន វ៉ាំងឌែប ពី​ជាប់​ពន្ធនាគារ ២ឆ្នាំ ៦ខែ ពេល​នេះ​នៅ ២ឆ្នាំ​លោក តៀន ដាម ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ៣ខែ មក​នៅ ២ឆ្នាំ និង​លោក តៀន ណាម​ផ្ដន្ទាទោស ១ឆ្នាំ មក​នៅ ៩ខែ​វិញ។

កសិករ​ខ្មែរ​ក្រោម លោក ហ្វិន វ៉ាំងឌែប ដែល​ជា​អ្នកស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី៨ ឧសភា​ថា សាលក្រម​តុលាការ​វៀតណាម មាន​លក្ខណៈ​អយុត្តិធម៌ ចំពោះ​លោក និង​ខ្មែរ​ពីរ​នាក់​ផ្សេង​ទៀត ពីព្រោះ​ពួក​គេ​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​យក​ដី​កេរ្តិ៍​ដូនតា ពី​សំណាក់​អាជ្ញាធរ​វៀតណាម៖ «ដីទឹកហ្នឹងរបស់អ្នកភូមិតាំងពីណាមនោះ។ និយាយរួមមកពួកអាជ្ញាធរហ្នឹងវាយចែកគ្នា។ ប្អូនជាកសិករស៊ីឈ្នួល​គេ ហើយប្អូនក៏អត់បង្ករបួសស្នាមដែរ»

លោក ហ្វិន វ៉ាំងឌែប ស្នើ​ឲ្យ​តុលាការ​វៀតណាម ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ប្រឆាំង​លោក និង​កសិករ​ខ្មែរ​ក្រោម​ផ្សេង​ទៀត ពីព្រោះ​លោក​គ្មាន​កំហុស​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​វៀតណាម​នោះ​ទេ។

លោក ហ្វិន វ៉ាំងឌែប ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈ ៣ខែ កាល​ពី​ឆ្នាំ២០២០ ក្រោយ​អាជ្ញាធរ​វៀតណាម​បាន​ប្រើប្រាស់​អំពើ​ហិង្សា​បង្ក្រាប​កសិករ​ខ្មែរ​ក្រោម ដែល​កំពុង​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​កេរ្តិ៍​ដូនតា​របស់​ពួក​គេ។ អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ធ្វើ​ស្រែ​ចម្ការ​ដោយ​អះអាង​ថា ដី​របស់​ខ្មែរ​ក្រោម ជា​ដី​រដ្ឋ​វៀតណាម។

ពាក់ព័ន្ធ​នឹង​សាលក្រម​តុលាការ​វៀតណាម​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ទោះ​បី​តុលាការ​វៀតណាម​បន្ធូរបន្ថយ​ទោស​កសិករ​ខ្មែរ​ក្រោម​ក៏​ដោយ ក៏​រឿង​នេះ​ជា​រឿង​អយុត្តិធម៌​ដោយសារ​តែ​កសិករ​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​យក​ដីធ្លី​ពីសំណាក់​អាជ្ញាធរ​វៀតណាម៖ «នៅ​តែជាអំពើអយុត្តិធម៌ចំពោះកសិករខ្មែរ​ក្រោម ពីព្រោះថា កសិករខ្មែរ​ក្រោមជាម្ចាស់ស្រុក ជាជន​ជាតិដើម។ ពួកគាត់បានប្រកបរបរ​ចិញ្ចឹម​ជីវិតនៅលើដីស្រែ​ចម្ការរបស់ពួកគាត់ប៉ុន្តែត្រូវបានអាជ្ញាធរវៀតណាម រារាំងហាមឃាត់ និងប្រើអំពើហិង្សាទៅលើកសិករខ្មែរ​ក្រោម»

សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​គ្រោង​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សាលក្រម​តុលាការ​វៀតណាម​ដើម្បី​ធានា​ថា កសិករ​ខ្មែរ​ក្រោម​ទាំង​បី​នាក់​នឹង​មិន​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។ ដោយ​ឡែក មេធាវី​ខ្មែរ​ក្រោម​ទាំង​បី​នាក់ ក៏​កំពុង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ខេត្ត​វៀតណាម​នេះ​ដែរ។

ពាក់ព័ន្ធ​នឹង​សាលក្រម​ប្រឆាំង​កសិករ​ខ្មែរ​ក្រោម​នេះ​ដែរ មន្រ្តី​សិទ្ធិមនុស្ស​អន្តរជាតិ​ស្វាគមន៍​ចំពោះ​ការ​បន្ធូរបន្ថយ​ទោស​នេះ ប៉ុន្តែ​ចាត់​ទុក​ថា សាលក្រម​នេះ គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។ លោក ហ៊្វីល រ៉ូបឺតសុន (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ (Human Rights Watch) ប្រាប់​អាស៊ី​សេរី​តាម​រយៈ​អ៊ីម៉េល​ថា ប៉ូលិស​វៀតណាម​បាន​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ ទើប​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា ហើយ​សវនាការ​គ្មាន​យុត្តិធម៌​នោះ​ទេ ដោយសារ​តែ​តុលាការ​មិន​ឯករាជ្យ ដូច្នោះ​វា​បង្ហាញ​ថា សាលក្រម​ប្រឆាំង​នឹង​កសិករ​ខ្មែរ​ក្រោម​បី​នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រៀបចំ​ឡើង។ លោក ហ៊្វីល រ៉ូបឺតសុន ព្រមាន​ថា ការ​ចាប់​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ នឹង​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​បាន​ទេ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​ក្រោម កាន់​តែ​មាន​កំហឹង​ថែម​ទៀត ដោយសារ​តែ​ពួក​គេ​គិត​ថា រដ្ឋាភិបាល​វៀតណាម​ជា​អ្នក​បង្ក​ហិង្សា និង​បាន​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម។ លោក​បន្ថែម​ទៀត​ថា សិទ្ធិ​ដីធ្លី​ជន​ជាតិ​ដើម​តែងតែ​រង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដែល​បដិសេធ​មិន​ទទួល​ស្គាល់​សិទ្ធិ​នេះ។ ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ធ្លាប់​បង្ក​បង្កើន​ផល​លើ​ដី​របស់​ពួក​គេ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់បង់​ដីធ្លី និង​រង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។