សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកំពុងធ្វើយុទ្ធនាការ ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ដែលកំពុងចង់សុំធ្វើសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តបីឆ្នាំពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា វៀតណាមកំពុងរំលោភសិទ្ធិមនុស្ស ជាពិសេសខ្មែរកម្ពុជាក្រោម ដែលជាម្ចាស់ស្រុក ដូច្នោះវៀតណាមនេះមិនអាចក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានទេ។
សហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងដើរប្រមូលការគាំទ្រពីអង្គការសិទ្ធិមនុស្សអន្តរជាតិនិងអង្គការផ្សេងៗទៀតនៅជុំវិញពិភពលោកដើម្បីប្រឆាំងការសុំធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរបស់វៀតណាម។
នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ ប្រាប់វិទ្យុអាស៊ីសេរី កាលពីសប្តាហ៍មុនថា វៀតណាមមានកំណត់ត្រាអាក្រក់បំផុតផ្អែករំលោភសិទ្ធិមនុស្ស និងជនជាតិដើមដែលកំពុងរស់នៅវៀតណាម ដូច្នោះវៀតណាម មិនសាកសមនឹងក្លាយជាក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះទេ៖ «ចំណុចទី១គឺការគាបសង្កត់ជនជាតិដើមខ្មែរក្រោមនិងជនជាតិដើមផ្សេងៗទៀតសូម្បីតែយួនគ្នាគេដែលប្រកាន់គំនិតសេរីហ្នឹងក៏គាបសង្កត់គេខ្លាំងដែរ។នេះជារឿងទីមួយចំណែករឿងទីពីរនៅពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនពេលនោះប្រទេសសេរីពិសេសអាមេរិកក៏បានបោះឆ្នោតប្រឆាំងផ្ទុយទៅវិញវៀតណាមមិនបានបោះឆ្នោតដូចសហរដ្ឋអាមេរិកទេ។ គាត់ (វៀតណាម) គាំទ្ររុស្ស៊ីវិញ។ រឿងហ្នឹងសុំឲ្យអង្គការសហប្រជាជាតិពិនិត្យឡើងវិញ»។
ការលើកឡើងរបស់លោក ប្រាក់ សេរីវុឌ្ឍ នេះធ្វើឡើងក្រោយពេលក្រសួងការបរទេសវៀតណាមប្រកាសថាវៀតណាមចង់ក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តពីរឆ្នាំពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ វៀតណាមអះអាងថារដ្ឋាភិបាលកុម្មុយនីស្តមួយនេះនឹងប្តេជ្ញាការពារជនងាយរងគ្រោះ បំបាត់អំពើហិង្សាលើកតម្កើងសមភាពយេនឌ័រនិងដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក។ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក ប៊ូយ ថាញ់ សឺន (Bui Thanh Son) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិមួយកាលពីខែមីនាថា វៀតណាមបានត្រៀមរួចជាស្រេចហើយដើម្បីធ្វើការងារនឹងសមាជិកផ្សេងទៀតដើម្បីពង្រឹងនិងលើកតម្លើងធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិនិងពង្រឹងស្ថាប័នក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈកិច្ចសហការសន្ទនា និងគោរពគ្នាទៅវិញទៅមក។វៀតណាមធ្លាប់ក្លាយជាសមាជិកក្រុមប្រឹក្សានេះម្តងរួចហើយកាលពីចន្លោះឆ្នាំ២០១៤ និង២០១៦។ បច្ចុប្បន្ន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានសមាជិក១៥ប្រទេសដែលបានចាប់ផ្តើមអាណត្តិតាំងពីដើមឆ្នាំ២០២១។
ទោះបីវៀតណាមអះអាងថាប្រទេសនះចង់ចូលរួមអនុវត្តការគោរពសិទ្ធិមនុស្សក៏ដោយ ក៏អង្គការសិទិ្ធមនុស្សនិងប្រទេសសេរីមួយចំនួនមិនមានជំនឿលើប្រទេសវៀតណាមដែរដោយសារតែសព្វថ្ងៃនេះវៀតណាមបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ សហព័ន្ធខ្មែរកម្ពុជាអះអាងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម។ជាក់ស្តែង វៀតណាមបានរឹបអូស និងឃាត់ខ្លួន យុវជនខ្មែរក្រោមជាច្រើននាក់ពីមូលហេតុដែលពួកគេបានចែកសេចក្តីប្រកាសអង្គការសហប្រជាជាតិឯកសារស្តីពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម។ វៀតណាមចោទយុវជនខ្មែរក្រោមថាការដែលពួកគេចែកចាយឯកសារសិទ្ធិមនុស្សនេះមានគោលបំណងបំបែកបំបាក់សាមគ្គីវៀតណាម។ ត្រង់នេះសហព័ន្ធខ្មែរកម្ពុជាក្រោមចោទសួរថាទង្វើរបស់វៀតណាមនេះតើអាចឲ្យប្រទេសវៀតណាមអាចក្លាយជាគំរូសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីលើកតម្កើងសិទ្ធិមនុស្សដែរឬទេ? ថ្មីៗនេះទៀតសោតវៀតណាមក៏បន្តឃាត់ខ្លួនយុវជនខ្មែរក្រោមជាច្រើនរូបដោយគ្រាន់តែពួកគេពាក់អាវយឺត ដែលមានសរសេរអក្សរថាខួប៧៣ឆ្នាំក្រោមអាណានិគមយួននិងដាក់ទង់ជាតិខ្មែរក្រោមជាដើម។ ចំណែកស្រ្តីខ្មែរក្រោម៥នាក់ក៏ត្រូវវៀតណាមបណ្តេញចេញពីការងារដោយសារតែពួកគេពាក់អាវយឺតនេះដែរ។
នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ទៀតថា បើវៀតណាម ងាកមកគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម សហព័ន្ធនឹងពិចារណា យុទ្ធនាការនេះឡើងវិញ៖ « សព្វថ្ងៃយើងទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង ហើយសិទ្ធិដែលយើងបាត់បង់យើងនឹងទាមទារជាលំដាប់លំដោយរហូតដល់គ្រប់នូវអ្វីដែលយើងចង់បានជាពលរដ្ឋមួយរស់នៅដោយត្រឹមត្រូវ ជាម្ចាស់ដើមនៃទឹកដី » ។
ទោះបីជាយ៉ាងណា សហព័ន្ធលើកឡើងថាដើម្បីបង្ហាញថាវៀតណាមពិតជាចង់ចូលរួមលើកស្ទួយវិស័យសិទ្ធិមនុស្សមែននោះប្រទេសនេះត្រូវធ្វើការងារមួយចំនួនសិន មុននឹងត្រូវបានគេអនុញ្ញាតឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការងារសំខាន់ៗរួមមានការអនុវត្តដោយស្មោះត្រង់នូវរាល់អនុសញ្ញាទាំងឡាយណាដែលវៀតណាម បានចុះនឹងអង្គការសហប្រជាជាតិដើម្បីធានាថាពលរដ្ឋទូទៅរស់នៅវៀតណាម ទទួលបានសិទ្ធិជាមូលដ្ឋានដោយគ្មានការធ្វើទុក្ខបុកម្នេញប្រឈមនឹងការធ្វើទារុណ្ឌកម្មជាប់ពន្ធនាគារនៅពេលដែលពួកគេងើបឡើងទាមទារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។