សមត្ថកិច្ច​បដិសេធ​ការ​ឃាត់​រថយន្ត​សកម្មជន​ដីធ្លី​ជិះ​ទៅ​កម្សាន្ត​បុណ្យ​សមុទ្រ

ដោយ ថន ថារ៉ូ
2018-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

សមត្ថកិច្ច​ការពារ​ពិធីបុណ្យ​សមុទ្រ​បដិសេធ​ថា មិន​បាន​ឃាត់​រថយន្ត​ឈ្នួល ដែល​សកម្មជន​ដីធ្លី ជិះ​ទៅ​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ទេ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ស្ត្រី​ជា​សកម្មជន​ដីធ្លី នៅ​ស្រុក​ស្រែអំបិល​ម្នាក់​អះអាង​ថា សមត្ថកិច្ច​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​១៤ ធ្នូ បាន​ឃ្លាំមើល សកម្មភាព​រូប​គាត់ តាំងពី​ចេញ​ពី​ផ្ទះ រហូត​ដល់​ចំណុច​រូបសំណាក​តំណាង​ខេត្ត​កោះកុង (រូប​បេះដូង) ហើយ​បាន​ឃាត់​រថយន្ត​គាត់​ជាច្រើន​ម៉ោង មិន​ឲ្យ​បន្ត​ទៅមុខ។

ស្ត្រី​សកម្មជន​ដីធ្លី នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ឹង អះអាង​ថា ក្រៅ​ពី​ឃាត់​ឡាន​នៅ​ពេល​យប់ ក៏​មាន​សមត្ថកិច្ច​បាន​ទៅ​សួរនាំ​អ្នក​បើកឡាន ដល់​កន្លែង​ស្នាក់នៅ ពី​ដំណើរ​របស់​អ្នកស្រី ក្នុង​ការ​ទៅ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​កាលពី​ថ្ងៃ​ទី១៤ ធ្នូ។ វិធានការ​នេះ ចំ​ពេល​តែមួយ ជាមួយ​វត្តមាន​មេដឹកនាំ​របប​ក្រុងភ្នំពេញ ចូលរួម​ពិធី​បើក​កម្មវិធី​បុណ្យ​សមុទ្រ។ លោកស្រី ផាវ ញ៉ឹង ចាត់ទុកថា សកម្មភាព​បែបនេះ ជា​ការ​គំរាមកំហែង​និង​រឹតត្បិត​សេរីភាព​របស់​ជនរងគ្រោះ​ដីធ្លី៖ «វា​ឲ្យ​ខ្ញុំ​អរគុណ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អី​ណា តែ​ដល់ពេល​ឥលូវ មក​តាមដាន​មើល​ដូច​ខ្ញុំ​នឹង​ចោរ​អ៊ីចឹង បើ​លោក​ឯង​ខ្លាំង​ម៉េច​មិន​ព្រម​ការពារ​ដី​ពួក​ខ្ញុំ​ដែល​ក្រុមហ៊ុន​បំពាន ប្លន់​ដីធ្លី ផ្ទះសម្បែង​ពួក​ខ្ញុំ​ហ្ន! ហេតុ​អី​មិន​ឃើញ​មុខ? មិន​ជួយ​មក​យាម​ផ្ទះ ដីធ្លី​ពួក​ខ្ញុំ ឥលូវ​ម៉េច​នាំគ្នា​មក​អង្គុយ​យាម​មុខ​ផ្ទះ​ខ្ញុំ​ទៅវិញ នៅ​ពេល​ដែល ព័ត៌មាន​បាន​ចាក់​ផ្សាយ​ទៅ សូម​លោកនាយក​រដ្ឋមន្ត្រី​លោក​មេត្តា​ស្ដាប់​!»

អ្នកស្រី ផាវ ញ៉ឹង ជា​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ឈ្មោះ កោះកុងស៊ូហ្គ័រ ភ្លេនថេសិន (Koh kong Sugar Plantation) លី យ៉ុងផាត់។ កាល​ពី​ចុង​ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​សម្រេច​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ឲ្យ​ពលរដ្ឋ​ទាំងនោះ​អស់ហើយ។ ប៉ុន្តែ អ្នកស្រី ផាវ ញ៉ឹង អះអាង​ថា តាំងពី​កំឡុង​នោះ​មក អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ស្រុកស្រែ​អំបិល បាន​ចុះ​តាមដាន​សកម្មភាព​របស់​អ្នកស្រី​ជាប់​ជាប្រចាំ និង​បាន​បោះតង់ ឬ​ដាក់​ប៉ុស្តិ៍​ប៉ូលិស​ប្រចាំការ​មុខ​ផ្ទះ​អ្នកស្រី​តែម្ដង។

ប្រធាន​គណៈកម្មការ​ការពារ​ពិធីបុណ្យ​សមុទ្រ និង​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ ទូច ណារ៉ុថ ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​មិន​បាន​ឃាត់​រថយន្ត​របស់​ស្ត្រី​សកម្មជន​ដីធ្លី​ទេ និង​អះអាង​ថា ពលរដ្ឋ​ទាំងអស់​អាច​ចូលរួម និង​ដើរ​កម្សាន្ត ដោយ​សេរី​ក្នុង​បុណ្យ​សមុទ្រ៖ «គ្រាន់តែ​គាត់​មក​ដើរ លេង​កម្សាន្ត​សប្បាយ ដើរលេង​សប្ដិ​ពិធី​បុណ្យ​សមុទ្រ ខាង​ខ្ញុំ​គ្មាន​ឃាត់​គាត់​អី​ណា អត់​ឃាត់​ទេ ពួកគាត់​ដើរលេង ឲ្យ​សប្បាយ​ទៅ ! អត់​ឃាត់​ទេ​!»

អ្នក​សម្របសម្រួល​ស្ដីទី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន យល់​ថា សមត្ថកិច្ច​ហាក់​បារម្ភ​ជ្រុល​ដោយ​គ្រាន់តែ​ឃើញ​វត្តមាន​របស់​ស្ត្រី​សកម្មជន​ដីធ្លី ទៅ​ចូលរួម​ពិធីបុណ្យ​សមុទ្រ ស្រប​ពេល​វត្តមាន​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ក៏​នៅ​ក្នុង​កម្មវិធី​នោះ កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ។ សង្គម​ស៊ីវិល​រូប​នេះ ចាត់​ទុក​សកម្មភាព​រារាំង​ពលរដ្ឋ​បែបនេះ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ពលរដ្ឋ៖ «សមត្ថកិច្ច​ហាក់​បារម្ភ​ជ្រុល​ពេក​ហើយ មាន​សិទ្ធិ​អី​ទៅ​រារាំង​គាត់​គ្រាន់តែ​គាត់​ឡើង​មក​ដើរលេង​កម្សាន្ត​សោះ យើង​មាន​តួនាទី​ការពារ​សណ្ដាប់ធ្នាប់​ជូន​ពួកគាត់។ហេតុ​អី​បានជា​អាជ្ញាធរ​សួរនាំ​គាត់ រារាំង​គាត់​ពួកគាត់​អ៊ីចឹង ពេល​ដែល​ពួកគាត់ ឡើង​មក​ពី​ទី​រួម​ខេត្ត​ម្តងៗ?»

លោកស្រី ផាវ ញ៉ឹង អះអាង​ថា លោក​អ្នក​ស្រី មិន​បាន​យក​ញត្តិ​ទាមទារ​ដីធ្លី ទៅ​ដាក់​ជូន​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ទេ គឺ​គ្រាន់តែ​ទៅ​ចូលរួម​លេង​កម្សាន្ត ដូច​ពលរដ្ឋ​ដទៃ​ប៉ុណ្ណោះ។ លោកស្រី​ទាមទារ​ឲ្យ​ប្រធាន​គណៈកម្មការ​ការពារ​ពិធីបុណ្យ​សមុទ្រ និង​លោក ហ៊ុន សែន ពិនិត្យមើល​ករណី​នេះ ឡើងវិញ និង​ទទូច​ឲ្យ​ដក​សមត្ថកិច្ច​ចេញពី​មុខ​ផ្ទះ អ្នកស្រី ហើយ​បញ្ឈប់​សកម្មភាព​ឃ្លាំមើល​អ្នកស្រី​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល