សង្គម​ស៊ីវិល​សាទរ​ទិសដៅ​បញ្ចប់​ពលកម្ម​កុមារ តែ​ទាមទារ​ឱ្យ​មាន​ការអនុវត្ត​ត្រឹមត្រូវ


2019.06.13
កុមារ​ឡឥដ្ឋ សកម្មភាព​កុមារ​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នា​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ២០១៧។
RFA

សង្គម​ស៊ីវិល​លើកស្ទួយ​សិទ្ធិ​ស្ត្រី និង​កុមារ​សាទរ​ការ​បង្កើត​ឱ្យ​មាន​វិធានការ​សម្រេច​បញ្ចប់​ពលកម្ម​កុមារ​នៅ​ត្រឹម​ឆ្នាំ​២០២៥ របស់​រដ្ឋាភិបាល ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​គួរ​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ដ៏​ត្រឹមត្រូវ​មួយ​បន្ថែម​ទៀត។

នាយក​អង្គការ​ជំនួយ​ផ្លូវច្បាប់​ដល់​ស្ត្រី និង​កុមារ លោក មុំ សុខចា ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ចំណុច​ដែល​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ឱ្យ​ការអនុវត្ត​បាន​ដើរ​ស្របគ្នា​នឹង​គម្រោង​ផែនការ​នេះ គឺ​ការ​ពង្រឹង​ធនធាន​ទាំង​ធនធានមនុស្ស និង​ថវិកា៖ «ការ​ជំរុញ​ប្រតិបត្តិ​ឱ្យ​បាន​ហ្នឹង យើង​ទាមទារ​នូវ​អី​? ទាមទារ​នូវ​ធនធាន​ទាំង​ធនធានមនុស្ស​ទាំង​ធនធាន​ហិរញ្ញវត្ថុ ហើយក៏​ទាមទារ​នូវ​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​លប់​បំបាត់​ហ្នឹង ព្រោះថា​ពលកម្ម​កុមារ​មិនមែន​ជា​រឿង​ថ្មី​ទេ វា​កើតមាន​យូរ​មក​ហើយ ហើយ​វា​ពាក់ព័ន្ធ​ដល់​បញ្ហា​ជាច្រើន​ទៀត វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រីក្រ វា​ពាក់ព័ន្ធ​នឹង​បំណុល​ដែល​គ្រួសារ​ជំពាក់​គេ​។ អ៊ីចឹង​ពេល​យើង​ដោះស្រាយ​បញ្ហា​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​វា​មានរឿង​ជាច្រើន​ត្រូវ​ដោះស្រាយ»

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១២ ខែ មិថុនា ជា​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​នេះ បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​ដើម្បី​សម្រេច​ទិសដៅ​បញ្ចប់​ពលកម្ម​កុមារ​នៅ​ត្រឹម​ឆ្នាំ​២០២៥​។ ប្រធានបទ​ស្ដីពី​កុមារ​ត្រូវ​សម្រេច​សុបិន​របស់​ខ្លួន ដោយ​មិន​ត្រូវ​ធ្វើជា​ពលកម្ម​កុមារ​នៅ​កន្លែង​ការងារ​ណាមួយ​ឡើយ​ត្រូវ​បាន​គេ​លើកឡើង​សម្រាប់​ឱកាស​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ឆ្នាំ​២០១៩ និង​១២​មិថុនា​នេះ ដើម្បី​រំលឹក​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ​។ មន្ត្រី​ក្រសួង​ការងារ​បាន​លើកឡើង​ពី​ផែនការ​ដើម្បី​សម្រេច​ទិសដៅ​បញ្ចប់​ពលកម្ម​កុមារ​នេះ​ដែរ ដែល​ក្នុង​នោះ​រួមមាន​ពង្រឹង​វិធានការ​អធិការកិច្ច​ការងារ ផ្ដោត​ទៅ​លើ​កម្មករ​ការងារ​ផ្ទះ សិប្បកម្ម និង​សេវាកម្ម​ដទៃ​ទៀត​ពង្រឹង​សមត្ថភាព​គ្រប់​ភាគី និង​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ ព្រមទាំង​ស្វែងរក​ការ​គាំទ្រ​ពី​សាធារណជន​ចូលរួម​ប្រឆាំង​ពលកម្ម​កុមារ​ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​កន្លង​ទៅ​នេះ បាន​ចេញ​របាយការណ៍​ពី​ផល​ប៉ះពាល់​ទៅលើ​កុមារ​នៅ​ក្នុង​ផ្នែក​ផលិត​ឥដ្ឋ។ កុមារ​ជាច្រើន​ត្រូវ​ធ្វើ​ការងារ​ជួយ​ម្ដាយ​ឪពុក ដើម្បី​ដោះ​បំណុល​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ទៅដល់​សុខុមាលភាព ប្រឈម​នឹង​ពិការភាព និង​ពេលខ្លះ​អាច​នឹង​បាត់​បង់ជីវិត នៅ​គ្រប់​ដំណាក់កាល​នៃ​សង្វាក់​ផលិតកម្ម​ផលិត​ឥដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។