ក្រសួង​ការងារ​ព្រមាន​ចាត់​វិធានការ​លើ​ថ្នាក់ដឹកនាំ​សហជីព​ដែល​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម

ដោយ អ៊ុំ រង្សី
2016-08-31
Share
អ៊ិត សំហេង ៨៥៥ ២០១៦ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ ស្ដីពី​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៦។
RFA/San Sel

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​ជន​ណា​ម្នាក់ ពិសេស​ថ្នាក់ដឹកនាំ​សហជីព​ណា​ដែល​បាន​ដឹកនាំ​ឲ្យ​កម្មករ​រាប់​ពាន់​នាក់​ឈប់​ធ្វើ​ការ ហើយ​បះបោរ​ធ្វើ​បាតុកម្ម ដោយ​មិន​បាន​សួរ​នាំ​យោបល់​កម្មករ​ជា​មុន។ ចំណែក​ថ្នាក់​នាំ​សហជីព​លើក​ឡើង​ថា មូលហេតុ​នាំ​ឲ្យ​កើត​មាន​បាតុកម្ម ភាគ​ច្រើន​បណ្ដាល​មក​ពី​ថៅកែ ឬ​និយោជក​មិន​គោរព​ច្បាប់​ការងារ។

​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាង​ថា ការ​ព្រមាន​ចាត់​វិធានការ​លើ​ថ្នាក់ដឹកនាំ​សហជីព​ដែល​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ក្នុង​បំណង​រក្សា​សណ្ដាប់​សង្គម ពិសេស​លើក​ទឹក​ចិត្ត​ទៅ​ដល់​ថ្នាក់ដឹកនាំ​សហជីព ឬ​និយោជក​ណា​ដែល​គោរព​ច្បាប់​បាន​ត្រឹមត្រូវ។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ការ​ចុះ​បញ្ជី​សហជីព និង​សមាគម​និយោជក នា​ទីស្ដីការ​ក្រសួង​ការងារ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។

ថ្លែង​ក្នុង​សិក្ខាសាលា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង មាន​ប្រសាសន៍​ថា កម្ពុជា​រីកចម្រើន​បាន អាស្រ័យ​លើ​ការ​ពង្រឹង​ស្ថិរភាព​តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។ លោក​បន្ត​ថា ចាប់​ពី​ពេល​នេះ​ទៅ ក្រសួង​ការងារ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ក៏ដោយ ពិសេស​មេដឹកនាំ​សហជីព​ណា​ដែល​ល្មើស​ច្បាប់​នៅ​កម្ពុជា។

​លោក​បញ្ជាក់​ដែរ​ថា ការ​ចាត់​វិធានការ​នេះ មិន​មែន​ជា​ការ​គំរាមកំហែង ឬ​បំភិតបំភ័យ​ថ្នាក់ដឹកនាំ​សហជីព​ណា​មួយ​នោះ​ទេ៖ «សហជីព​មួយ​ដែល​ធ្វើ​កូដកម្ម​មិន​បាន​សួរ​យោបល់​កម្មករ អា​ហ្នឹង​ត្រូវតែ​ចាត់​ការ ពេល​ហ្នឹង​ធ្វើ​ត្រូវ​តែ​ទទួល​ចរចា​ទទួល​ដោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា ប៉ុន្តែ​ក្រោយ​ពី​ហ្នឹង​មេ​សហជីព​ហ្នឹង គឺ​មិន​ឲ្យ​រួច​ខ្លួន​ទេ មេដឹកនាំ​ហ្នឹង​ត្រូវ​តែ​ចាត់​វិធានការ​តាម​ច្បាប់ បើ​មិន​ធ្វើ​ដូច​នោះ​ទេ គ្មាន​អ្នក​ណា​គោរព​ច្បាប់​ទេ គ្មាន​អ្នក​ណា​រៀង​ចាល ហើយ​ប្រទេស​យើង​ហ្នឹង​អនាធិបតេយ្យ អ៊ីចឹង​យើង​ត្រូវតែ​ចាត់​វិធានការ»

​ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន យល់​ថា ការ​ព្រមាន​ចាត់​វិធានការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ គឺ​ជា​ការ​រឹត​បន្តឹង​សិទ្ធិ​របស់​សហជីព ពិសេស​ក្រុម​សហជីព​ឯករាជ្យ​នៅ​កម្ពុជា។ លោក​ថា ការ​រឹត​បន្តឹង​នេះ មិន​ស្មើ​ភាព​គ្នា​រវាង​ក្រុម​សហជីព និង​ក្រុម​និយោជក។

​បន្ថែម​ពី​នេះ​ទៀត លោក​ឲ្យ​ដឹង​ថា ជាង ៩០% នៃ​ជម្លោះ​រវាង​កម្មករ និង​និយោជក ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​រក​ឃើញ​កន្លង​ទៅ រហូត​ឈាន​ទៅ​ការ​ធ្វើ​បាតុកម្ម​កើត​ឡើង​នោះ មក​ពី​ថៅកែ ឬ​និយោជក មិន​បាន​គោរព​ច្បាប់​ការ និង​គាបសង្កត់​សិទ្ធិ​កម្មករ។

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ ស្នើ​ទៅ​ក្រសួង​ការងារ គួរ​ចាត់​វិធានការ​ឲ្យ​បាន​ស្មើ​ភាព​មិន​មែន​រឹត​បន្តឹង​តែ​អ្នក​ការពារ​សិទ្ធិ​កម្មករ​នោះ​ទេ៖ «ជាង ៩០% នៃ​ជម្លោះ​រវាង​កម្មករ និង​និយោជក កើត​ឡើង​ដោយសារ​និយោជិត​រំលោភ ហើយ​កើត​ឡើង​កម្មករ​មាន​តែ ១០% ទេ កម្មករ​ដែល​មិន​គោរព​ច្បាប់​នោះ តែ​ប្រសិនជា​ថៅកែ​គោរព​ហើយ គាត់​មិន​ចង់​ធ្វើ​ទេ ហេតុ​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​លុបបំបាត់​សហជីព​ដែល​ខុស​ច្បាប់ ក្រសួង​គួរ​តែ​ចាត់​វិធានការ​ទៅ ពិសេស​និយោជក​ដែល​មិន​គោរព​ច្បាប់​កម្មករ​វិញ​ទៅ»

​ក្រៅ​ពី​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ថ្នាក់ដឹកនាំ​សហជីព​ហើយ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ក៏​បាន​ព្រមាន​ចាត់​វិធានការ​លើ​មន្ត្រី​ក្រសួង​ការងារ​ណា​ដែល​បណ្ដោយ​ឲ្យ​មាន​បាតុភាព​មិន​ប្រក្រតី​ណា​មួយ​នៅ​កន្លែង​ដែល​ខ្លួន​ទទួល​ខុសត្រូវ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល