អ្នក​សិក្សា​ផ្នែក​ច្បាប់​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​ដក​អភិបាលខេត្ត​ដែល​មិន​អាច​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស

ដោយ សេក បណ្ឌិត
2024.03.29
អ្នក​សិក្សា​ផ្នែក​ច្បាប់​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​ដក​អភិបាលខេត្ត​ដែល​មិន​អាច​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។
រូប​៖ ហ្វេសប៊ុក លោក ស សុខា

អ្នក​សិក្សា​ផ្នែក​ច្បាប់​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព ក្រសួង​មហាផ្ទៃ​គួរតែ​ដក​អភិបាលខេត្ត ដែល​មិនអាច​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ការ​លើកឡើង​បែប​នេះ ក្រោយ​ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ស្នើ​ឱ្យ​ស្នងការ​រាជធានី ខេត្ត​ទាំងអស់ ត្រួតពិនិត្យ​ទីតាំង​ខារ៉ាអូខេ បៀហ្គាឌិន និង​កាស៊ីណូ ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន។

អ្នក​សិក្សា​ផ្នែក​ច្បាប់​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ គួរ​ដក​តួនាទី​អភិបាលខេត្ត និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទីតាំង​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ជាជាង​ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រួត​ពិនិត្យ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ទាំង​នោះ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា យុទ្ធនាការ​បង្ក្រាប​ទីតាំង​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​នៅ​តាម​កាស៊ីណូ KTV និង​បៀហ្គាឌិន ដោយ​មិនអាច​ស្វែងរក​មន្ត្រី​ដែល​ពាក់ព័ន្ធ ឬ​ឈរ​កាង​ទីតាំង​ទាំង​នោះ​មក​ដាក់​ពិន័យ​នោះ​ទេ នោះ​រដ្ឋាភិបាល​នឹង​មិន​អាច​កាត់បន្ថយ​បទឧក្រិដ្ឋ​ទាំងនេះ​បាន​ឡើយ​។ លោក​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ គួរ​ដក​តួនាទី​អភិបាលខេត្ត​ដែល​អសមត្ថភាព បណ្ដោយ​ឱ្យ​មាន​ទីតាំង​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ជាជាង​ចុះ​បង្ក្រាប​ទីតាំង​ដែល​បង្កប់​បទល្មើស​ម្ដង​ម្កាល។ «»
ការ​លើកឡើង​របស់​អ្នក​សិក្សា​ផ្នែក​ច្បាប់​រូប​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា លើកឡើង​ថា តាមរយៈ​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខារ៉ាអូខេ​មួយចំនួន​កន្លងមក អាជ្ញាធរ​បាន​រក​ឃើញ​ស្ត្រី​ខ្មែរ និង​បរទេស​មួយចំនួន​ត្រូវ​បាន​មេការ​លក់​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ផ្សេងទៀត​។ លោក​បន្ត​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ទាំងអស់ ជាពិសេស​ខេត្ត​នៅ​តាម​ព្រំដែន ត្រូវ​ចុះ​ត្រួតពិនិត្យ​ទីតាំង​កាស៊ីណូ KTV និង​រង្គសាល ដោយ​ត្រូវ​សហការ​ជាមួយ​ម្ចាស់​ទីតាំង និង​អាជ្ញាធរ​នៅ​មូលដ្ឋាន។

លោក ស សុខា បាន​ថ្លែង​បែប​នេះ​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​ជួញដូរ​មនុស្ស កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ ប៉ុន្តែ​ទើបតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ថ្ងៃ​ទី២៩ ខែ​មីនា។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ (UN) ចេញផ្សាយ​កាលពី​ចុងខែ​សីហា កន្លង​ទៅ​បង្ហាញ​ថា មនុស្ស​ប្រមាណ ១​សែន​នាក់​កំពុង​រងគ្រោះ បង្ខំ​ឱ្យធ្វើ​ការ​ជា​អ្នក​បោក​ប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា​។ ជនរងគ្រោះ​ប្រឈមមុខ​នឹង​ការបំពាន​គំរាមកំហែង​ដល់​សុវត្ថិភាព ទទួលរង​ការ​ធ្វើ​ទារុណកម្ម​ដោយ​អំពើ​ឃោរឃៅ​អមនុស្សធម៌ ការ​ឃុំខ្លួន​ដោយ​បំពាន អំពើ​ហិង្សា​ផ្លូវភេទ ការ​ធ្វើ​ការ​ដោយ​បង្ខំ និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត គាំទ្រ​ចំពោះ​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅលើ​មន្ត្រី និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ និង​ទទួលផល​ពី​ទីតាំង​ដែលមាន​បង្កប់​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​។ លោក​បន្ត​ថា ក្រៅពី​ទីតាំង​កាស៊ីណូ បៀហ្គាឌិន KTV និង រង្គសាល​ហើយ​នោះ ក្រសួងមហាផ្ទៃ​ក៏​គួរ​ចុះ​ត្រួតពិនិត្យ​អគារ ឬ​ខុន​ដូរ​ដែល​សង្ស័យ​ថា មាន​បទល្មើស​ជួញដូរ​មនុស្ស​ផង​ដែរ។

កន្លង​មក បើ​ទោះ​បី​ជា​អាជ្ញាធរ​បង្ក្រាប​ទីតាំង​បង្ខាំង​មនុស្ស និង​គ្រឿងញៀន​រាប់​តោន​ក្ដី ប៉ុន្តែ​សមត្ថកិច្ច​ពុំបាន​ស្វែងរក​មេខ្លោង​ធំៗ​ដែល​សង្ស័យ​នឹង​ការប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន បង្ហាញ​ឱ្យ​មហាជន​បាន​ឃើញ​នោះ​ទេ​។ អ្នក​សិក្សា​ផ្នែក​ច្បាប់​លើកឡើង​ថា ដើម្បី​ទប់ស្កាត់​បទឧក្រិដ្ឋ​ទាំងនេះ​បាន រដ្ឋាភិបាល​គួរ​បើក​ការស៊ើបអង្កេត និង​ចាត់វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅលើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ជាជាង​គ្រាន់តែ​បង្ហាញ​ឆន្ទៈ តែ​បណ្ដោយ​ឱ្យ​ទីតាំង​បង្កប់​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​នៅតែ​អាច​បន្ត​អាជីវកម្ម​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។