មេធាវី​គ្រោង​ជួប​លោក រ៉ាត់ រត្នមុនី ដើម្បី​ជជែក​រឿង​បណ្ដឹង​ឧទ្ធរណ៍

ដោយ យន់ សាមៀន
2019-07-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី

សហ​មេធាវី​លោក រ៉ាត់ រត្នមុនី គ្រោង​ជួប​កូន​ក្តី​របស់​ពួក​គេ នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ជជែក​អំពី​ការ​ប្ដឹង​ទាស់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​សម្រេច​ឱ្យ​លោក​ជាប់​ពន្ធនាគារ ២ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ជួយ​​ផលិត​ភាព​យន្ត​ឯកសារ​អំពី​ការ​ជួញ​​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ មន្ត្រី​សិទ្ធិមនុស្ស​ហាក់​មិន​សូវ​មាន​ជំនឿ​លើ​សាលា​ឧទ្ធរណ៍​ឡើយ ព្រោះ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​តែង​តែ​សម្រេច​តាម​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​សំណុំ​រឿង​នយោបាយ ឬ​អ្នក​ទោស​មនសិការ។

មេធាវី​ការពារក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក និង​សហការី​មួយ​រូប​ទៀត នឹង​ចូល​ជួប​កូន​ក្តី​នៅ​ពន្ធនាគារ​ព្រៃ នៅថ្ងៃទី០១ កក្កដា ដើម្បី​បញ្ជាក់​ជាមួយ​កូន​ក្ដី​​អំពី​ការ​ប្ដឹង​ទាស់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ប្រសិន​បើ​កូន​ក្ដី​ព្រមព្រៀង​ប្ដឹង​ឧទ្ធរណ៍ នោះ​ពួក​លោក​​នឹង​រៀប​ចំ​ដាក់​បណ្ដឹង​នេះ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​អំឡុង​សប្ដាហ៍​ទី​មួយ នៃ​ខែ​កក្កដា។

លោក​មាន​ប្រសាសន៍​ថា សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ក្រុងភ្នំពេញ​ មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​សម្រាប់​កូន​ក្ដី​របស់​លោក​ ព្រោះ​គាត់​​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ថែម​ថា ​កូន​ក្ដី​របស់​លោក​គួរ​តែ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ និង​មាន​ការ​លើក​លែង​​បទ​ចោទ​ក្នុង​សំណុំ​​រឿង​ព្រហ្មទណ្ឌ​នេះ៖ «ទី​មួយ ដូច​ជា​គ្មាន​ព្យសនកម្ម​ណាមួយ​ដែល​ទៅ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​បុគ្គល​ណាមួយ​ទេ។ ហើយ​ទីពីរ មុន​នឹង​ថត​ភាព​យន្ត​នោះ គឺ​គាត់​មាន​ការ​សួរ​នាំ​ មាន​ការ​ព្រមព្រៀង​ពី​សាមី​ខ្លួន​ទៀត ប៉ុន្តែ​មិន​ដឹង​ថា គាត់​យល់​យ៉ាង​ម៉េច​បាន​ជា​គាត់​ទៅ​ជា​ប្រែ​ក្រឡាស់ ហើយ​បែរ​ជា​ចោទ​ប្រកាន់​វិញ។ ​អ៊ីចឹង​ខ្ញុំ​គិត​ថា ករណី​នៃ​ការ​សម្រេច​របស់​សាលាដំបូង​ គឺ​វា​ហាក់​ធ្ងន់ធ្ងរ​សម្រាប់​គាត់»

កាល​ពី​ថ្ងៃទី២៦ មិថុនា កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​ លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់ពន្ធនាគារ ២ឆ្នាំ ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ។ តុលាការ​បាន​សម្រេច​ឱ្យ​លោក​ជាប់​​ទោស​ពេញ​ទាំង ២ឆ្នាំ ដោយ​គ្មាន​ការ​បន្ធូរ​បន្ថយ ស្រប​ពេល​ដែល​បទ​ចោទ​នេះ​មាន​កម្រិត​ទោស​អតិបរមា​រយៈ​ពេល ៣ឆ្នាំ ក្នុង​ពន្ធនាគារ។ ក្រៅ​ពី​នេះ តុលាការ​ក៏បាន​បង្គាប់​ឱ្យ​លោក​បង់​សំណង​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៧០លាន​រៀល ឬ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក​ទៀត​ផង​ដែរ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន ដូច​ជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporter Without Borders) ជាដើម ​បាន​ថ្កោលទោស​ចំពោះ​សាលក្រម​ផ្ដន្ទាទោស​នេះ និង​បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​វិញ​ជា​បន្ទាន់។ អង្គការ​ទាំងនេះ​មើល​ឃើញ​ថា តុលាការ​បាន​​កាត់​ក្តី​រឿង​នេះ ​បែប​បាយ​ឡុក​បាយ​ឡគួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់ខ្ពើម ហើយ​សាលក្រម​នេះ​បាន​ធ្វើ​ឱ្យ​បាត់​បង់​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ។ អង្គការ​ទាំងនេះ​សង្កត់​ធ្ងន់​ថា នេះ​ជា​រឿង​គួរ​ឱ្យ​សោកសង្រេង​ដែល​អ្នក​ហ៊ាន​ជួយ​ឈឺ​ឆ្អាល​បញ្ហា​សង្គម​ និង​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សង្គម​ ត្រូវ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​អយុត្តិធម៌​បែបនេះ​ទៅវិញ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា ប្រសិន​បើ​តុលាការ​ឈរ​លើ​គោលការណ៍​វិជ្ជាជីវៈ​នោះ លោក រ៉ាត់ រត្នមុនី នឹង​មិន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​ហាក់​មិន​សូវ​មាន​ជំនឿ​លើ​សាលា​ឧទ្ធរណ៍​ប៉ុន្មាន​ឡើយ ព្រោះ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ច្រើន​តែ​កាត់​ក្តី​​ទៅ​តាម​​​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដោយ​គ្មាន​ការ​កែ​ប្រែ។ ក៏​ប៉ុន្តែ លោក​អះអាង​ថា លោក​នឹង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​បន្ថែម​ទៀត​ពី​ភាគី​អន្តរជាតិ ដើម្បី​ជួយ​ដល់​សហការី​របស់​លោក​រូប​នេះ៖ «យើង​មាន​សង្ឃឹម​តិច​តួច​ណាស់​ក្នុង​ការ​ផ្ដល់​នូវ​សេរីភាព​ជូន​លោក រ៉ាត់ រត្នមុនី ពី​ព្រោះ​ជា​រឿយៗ​ ឱ្យ​តែ​រឿង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ដែល​​មាន​អ្នកមាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​​ សាលាឧទ្ធរណ៍​ហ្នឹង​តែង​តែ​តម្កល់​នូវ​រាល់​ការ​សម្រេច​របស់​តុលាការ​ដំបូង​។ ប៉ុន្តែ​ទៅ​តាម​នីតិវិធី​របស់​មេធាវី យើង​ត្រូវ​តែ​តស៊ូ​បន្ត​ទៅ​ទៀត​ ទោះបី​ជា​តុលាការ​នោះ​បែប​ម៉េច​ក៏​ដោយ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត៧ ខែ​មក​ហើយ បន្ទាប់​ពី​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី។

អាជ្ញាធរ​របប ហ៊ុន សែន ​​បាន​អះអាង​ថា ភាពយន្ត​ឯកសារ​នេះ​​ជា​​រឿង​ប្រឌិត​ ​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​កិត្តិយស​​​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា។ អាជ្ញាធរ​បាន​ចោទ​លោក រ៉ាត់ រត្នមុនី ​ថា ​បាន​បាន​ឱ្យ​លុយ​ប្រភព ដើម្បី​ឱ្យ​ពួកគេ​និយាយ​ប្រឌិត​អំពី​ដំណើរ​ជីវិត​របស់​ខ្លួន​ នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​មិន​មាន​ចំណាត់​ការ​ណាមួយ​ទៅលើ​ស្ថាប័ន​ព័ត៌មាន​ RT ដែល​ជា​ម្ចាស់​ស្នាដៃ​នោះ​ឡើយ ប៉ុន្តែ​បែរជា​មក​ចាត់​ការ​លោក រ៉ាត់ រត្នមុនី ដែល​មាន​តួនាទី​ត្រឹម​តែ​ជា​អ្នក​បកប្រែ​ទៅវិញ។

ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​ជុំ​វិញ​ការ​​ផ្ដន្ទាទោស​ លោក រ៉ាត់ រត្នមុនី នេះ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ។ ស្ថាន​ទូត​ដដែល​គូស​បញ្ជាក់​ថា ការ​កាត់​ទោ​ស​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ថែម​ទៀត។ ស្ថាន​ទូត​អាមេរិក​បាន​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ អនុញ្ញាត​ឱ្យ​មនុស្ស​គ្រប់រូប​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​បាន ​ដោយ​មិន​រង​ការ​គំរាម​កំហែង​ពី​ការ​សងសឹក​ឡើយ ពីព្រោះ​សិទ្ធិ​នេះ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល