សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

សង្គម​ស៊ីវិល​មើល​ឃើញ​ថា សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា មាន​ការ​លាក់លៀម ជា​ពិសេស​ព័ត៌មាន​ពី​ខាង​រាជ​រដ្ឋាភិបាល ដែល​នាំ​ឲ្យ​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​ពី​អំពើ​ពុក​រលួយ ឬ​ពី​ប្រាក់​ចំណូល ប្រាក់​ចំណាយ ឬ​គម្រោង​អភិវឌ្ឍន៍​ជាដើម។
ដោយ អ៊ុក សាវបូរី
2013.05.30
សន្និសីទ​ថ្នាក់​ជាតិ​សិទ្ធិ​ទទួល​ព័ត៌មាន ៦១០ (ពី​ស្តាំ) រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ថាច់ ផែន ឯកអគ្គរដ្ឋទូត​ស៊ុយអែត (Sweden) ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អាន ហូហ្លាន់ (Anne Hoglund) និង​តំណាង​យូណេស្កូ (UNESCO) ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អាន ឡឺម៉ែស្រ្ត (Anne Lemaistre) ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Ouk Savborey

នៅ​ថ្ងៃ​ទី៣០ ឧសភា អង្គការ​យូណេស្កូ (UNESCO) សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (Cambodian Center for Independent Media = CCIM) ប្រារព្ធ​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​លើក​ឡើង​អំពី​វិធាន​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន។

តំណាង​យូណេស្កូ ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អាន ឡឺម៉ែស្រ្ត (Anne Lemaistre) ថ្លែង​ថា សិទ្ធិ​ទទួល​ព័ត៌មាន គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដែល​ធានា​ការ​បើក​ចំហ​ដំណឹង ជា​ផ្នែក​សំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ និង​តម្លាភាព សម្រាប់​លើក​ស្ទួយ​អភិបាល​កិច្ច​ល្អ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ។ អង្គការ​យូណេស្កូ សង្ឃឹម​ថា​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា ចំនួន ២​ថ្ងៃ នឹង​រក​ឃើញ​នូវ​វិធី​កែប្រែ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ព័ត៌មាន​បើក​ចំហ​បាន។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ថ្លែង​ថា សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក​ទាំងអស់ ដើម្បី​ជេរ​ប្រមាថ​គណបក្ស​ប្រឆាំង សម្រាប់​ទាក់ទាញ​រក​សំឡេង​អ្នក​គាំទ្រ​មុន​បោះឆ្នោត៖ «យើង​ជា​គណបក្ស​ប្រឆាំង​នោះ គេ​បាន​ចាត់​ទុក​យើង​ជា​ខ្មាំង ជា​សត្រូវ​ហើយ អត់​ដែល​បាន​គិត​ថា យើង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទទួល​ខុស​ត្រូវ​ការពារ​ប្រជាពលរដ្ឋ ការពារ​ទឹកដី ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ គេ​តែង​ចោទ​ប្រកាន់​យើង មួល​បង្កាច់​យើង»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែង​ថា សិទ្ធិ​ទទួល​ព័ត៌មាន​ពិស្ដារ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​វិនិយោគ​នានា និង​ចំណូល​ចំណាយ ពន្ធ ឬ​ធនធាន​រ៉ែ មិន​ត្រូវ​បាន​លាត​ត្រដាង​ឡើយ៖ «ព័ត៌មាន​ឯករាជ្យ និង​មិន​លម្អៀង​ទៅ​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​បទ​ពិសោធន៍​ជាង ១០​ឆ្នាំ​នេះ ខ្ញុំ​យល់​ថា សិទ្ធិ​ទទួល​ព័ត៌មាន គឺ​ជា​តម្រូវ​ការ​ចាំបាច់​ដែល​ខ្វះ​នៅ​ច្បាប់​ធានា​នៅ​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ។ ខ្ញុំ​បាទ និង​សហការី​នៅ​ក្នុង​ការ​ព្យាយាម​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ប្រជាពលរដ្ឋ គឺ​យើង​ជួប​ប្រទះ​នូវ​បញ្ហា​ជាច្រើន»

ឯកអគ្គរដ្ឋទូត​ស៊ុយអែត (Sweden) ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អាន ហូហ្លាន់ (Anne Hoglund) ថ្លែង​ថា ទាំងអស់​គ្នា​កំពុង​រស់នៅ​ក្នុង​យុគសម័យ​ដែល​មាន​ការ​វិវឌ្ឍន៍​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​យ៉ាង​ឆាប់​រហ័ស ដែល​មនុស្ស​ជាតិ​មិន​ធ្លាប់​មាន​កន្លង​មក។ បច្ចុប្បន្ន ចំនួន​ឧបករណ៍​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ច្រើន​ជាង​ចំនួន​មនុស្ស។ សិទ្ធិ​ទទួល​បាន​ព័ត៌មាន កំពុង​ផ្តល់​ភាព​អង់អាច​ដល់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក។ នៅ​ប្រទេស​ស៊ុយអែត សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ចាប់​ផ្ដើម​ពី​ឆ្នាំ​១៧៦៦ មក។ ចំណែក​នៅ​កម្ពុជា ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ស្ទើរ​តែ​ជាប់​ឯតទគ្គកម្ម​ពិភពលោក សម្រាប់​ប្រើប្រាស់​អ៊ីនធឺណិត​ទទួល​យក​ព័ត៌មាន​កើន​ឡើង​រាល់​ថ្ងៃ។ ទាំង​នេះ​ជា​ឧបករណ៍​សំខាន់​សម្រាប់​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​ទាំង​នេះ​ដោយ​សេរី និង​ឯករាជ្យ ត្រូវ​តែ​ទទួល​បាន​ការ​ការពារ។ អ្នកស្រី​បន្ថែម​ថា សន្និសីទ​ថ្នាក់​ជាតិ​នេះ​ក្លាយ​ជា​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ដែល​នាំ​ឲ្យ​មាន​ការ​ពង្រឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់ និង​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា ដែល​នឹង​បង្កើត​នូវ​លក្ខខណ្ឌ​កាន់​តែ​ប្រសើរ សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​នេះ។

ពាក់ព័ន្ធ​បញ្ហា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា នេះ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ថាច់ ផែន ថ្លែង​ថា ពលរដ្ឋ​កម្ពុជា បាន​ទទួល​ព័ត៌មាន​តាម​រយៈ​វិទ្យុ ទូរទស្សន៍ ទស្សនាវដី្ត កាសែត អ៊ីនធឺណិត ហ្វេសប៊ុក ខ្សែ​កាប និង​ឯកសារ​ពី​ក្រសួង​នានា​ជាច្រើន​រយ​ស្ថាប័ន។ ប៉ុន្តែ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រក្សា​សិទ្ធិ​មិន​បញ្ចេញ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​សន្តិសុខ​ប្រទេស​ជាតិ​ឡើយ៖ «ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ធាតុ​ពិត​គឺ​ថា​មិន​ទាន់​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ ព្រោះ​ថា ការងារ​កសាង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នេះ មិន​មែន​ស្ថិត​នៅ​ជា​សមត្ថកិច្ច​របស់​ក្រសួង​ព័ត៌មាន​ទេ វា​ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​មួយ​ផ្សេង»

នៅ​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ឡើយ។ កាល​ពី​ឆ្នាំ​២០០៤ រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​ភាព​ចាំបាច់ ដើម្បី​បង្កើត​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ។

សេចក្តី​ព្រាង​ច្បាប់​ក្របខ័ណ្ឌ​គោល​នយោបាយ​ច្បាស់​លាស់​សម្រាប់​ប្រទេស​កម្ពុជា ទាក់ទង​ជាមួយ​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច នៅ​ក្នុង​ឆ្នាំ​២០០៧។ ប៉ុន្តែ តាំង​ពី​ឆ្នាំ​២០០៧ មក​ទល់​បច្ចុប្បន្ន គោល​នយោបាយ​នេះ​មិន​ទាន់​បាន​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។