ក្រសួង​ព័ត៌មាន​គ្រោង​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ដើម​ខែ​ឧសភា

ដោយ សេក បណ្ឌិត
2015.04.24
ក្រសួង​ព័ត៌មាន ៦១០ ក្រសួង​ព័ត៌មាន
RFA/Mom Sophon

ក្រសួង​ព័ត៌មាន កោះ​អញ្ជើញ​មន្ត្រី​សិទ្ធិ​មនុស្ស និង​តំណាង​អ្នក​សារព័ត៌មាន ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ចូលរួម​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ទៅ​ពិភាក្សា​គ្នា​ជា​ថ្មី​ទៀត​នៅ​ដើម​ខែ​ឧសភា ខាង​មុខ​នេះ។

កិច្ច​ពិភាក្សា​នោះ អាច​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​នេះ មុន​នឹង​ក្រសួង​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន ទទួល​បន្ទុក​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ មេសា ថា សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​លេច​ចេញ​ជា​រូបរាង​ហើយ បន្ទាប់​ពី​មន្ត្រី​ក្រសួង​បាន​ចំណាយ​ពេល​ជាច្រើន​ខែ​លើ​កិច្ចការ​នេះ។

ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ លោក អ៊ុក គឹមសេង។ លោក​មាន​ប្រសាសន៍​ថា រហូត​ដល់​ពេល​នេះ សេចក្តី​ព្រាង​ច្បាប់​បាន​ចែក​ចេញ​ជា ៩​ជំពូក និង ៣៤​មាត្រា ហើយ​គ្រោង​ដាក់​ឲ្យ​ភាគី​ពាក់ព័ន្ធ រួម​មាន​តំណាង​អ្នក​សារព័ត៌មាន អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចូលរួម​ពិភាក្សា​យោបល់​គ្នា​ជា​លើក​ទី​៣ នៅ​ដើម​ខែ​ឧសភា ខាង​មុខ​នេះ៖ «យើង​មាន​គ្រោង​មាន​មែក​មាន​ធាង​ទៅ​តាម​ក្បួន​ខ្នាត​ត្រឹមត្រូវ នៃ​ការ​រៀបចំ​ច្បាប់​នោះ មាន​គ្រប់​អស់​ហើយ។ ចំពោះ​ខ្លឹមសារ​នៅ​ក្នុង​សេចក្តី​ព្រាង​នៃ​មាត្រា​នីមួយៗ តើ​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា ឬ​ក៏​ត្រូវ​បន្ថែម​បន្ថយ​យ៉ាង​ណា​ទៀត​នោះ គឺ​ជា​ការ​សម្រេច​របស់​ក្រុម​បច្ចេកទេស​ជា​អ្នក​រៀបចំ​តាក់តែង​នោះ​ឯង»

លោក​បន្ត​ថា សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ក្លាយ​ជា​សេចក្តី​ព្រាង​ចុង​ក្រោយ បន្ទាប់​ពី​ឆ្លង​កិច្ច​ប្រជុំ​លើក​ទី​៣ ខាង​មុខ​នេះ ដោយ​មាន​ដាក់​បញ្ចូល​នូវ​មតិ​យោបល់​របស់​ភាគី​ពាក់ព័ន្ធ និង​ក្រុម​អ្នក​ច្បាប់​នានា មុន​នឹង​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពិនិត្យ​សម្រេច។

កាល​ពី​ថ្ងៃ​ទី​២៣ មេសា ក្រសួង​ព័ត៌មាន បាន​បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​មួយ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​លើ​ការ​រៀបចំ​ឯកសារ​នៃ​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​តាក់តែង​ដោយ​ក្រុម​ការងារ​ក្រសួង​ព័ត៌មាន មុន​នឹង​ដាក់​ឲ្យ​មាន​កិច្ច​ពិភាក្សា​លម្អិត​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ។

ទាក់ទង​បញ្ហា​នេះ​ដែរ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ លោក ណែប ស៊ីនថៃ មាន​ប្រសាសន៍​ថា អង្គការ​លោក​ក៏​ត្រូវ​បាន​ក្រសួង​កោះ​អញ្ជើញ​ឲ្យ​ចូលរួម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ពី​របៀបវារៈ​ជុំវិញ​កិច្ច​ពិភាក្សា​នោះ​នៅ​ឡើយ ប៉ុន្តែ​លោក​គិត​ថា ចំណុច​សំខាន់​ដែល​ត្រូវ​ពិភាក្សា​នោះ គឺ​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​អនុសាសន៍​ពី​សង្គម​ស៊ីវិល​នានា ដែល​ក្រុម​ការងារ​អន្តរ​បច្ចេកទេស​បាន​ផ្ញើ​ទៅ​ក្រសួង​កន្លង​មក​នោះ៖ «តែ​គ្រាន់​តែ​ដឹង​ថា នឹង​មាន​បទ​បង្ហាញ​មួយ​ក្នុង​ការ​រៀបចំ​ដាក់​បញ្ចូល​នូវ​មតិ​យោបល់​ទាំងអស់ នៅ​ក្នុង​ជំពូក​ទី​១ និង​ទី​២ ដែល​បាន​ដាក់​ចេញ​ឲ្យ​សមាជិក​ផ្សេងៗ​ចូលរួម​ហ្នឹង ធ្វើ​ការ​ផ្តល់​យោបល់ ហើយ​យោបល់​ទាំង​នោះ​បាន​ផ្ញើ​ទៅ​ក្រសួង​រួច​ហើយ។ ក្រសួង​នឹង​ច្របាច់​បញ្ចូល​ឲ្យ​ចេញ​ជា​រូបរាង​ថ្មី​មួយ»

សិទ្ធិ​ទទួល​ព័ត៌មាន គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដែល​ធានា​ដល់​ការ​បើក​ចំហ​ដំណឹង​ដោយ​តម្លាភាព និង​ជា​ផ្នែក​សំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ បាន​ស្វាគមន៍​ចំពោះ​ការ​លេច​ចេញ​នូវ​រូបរាង​ពិត​ប្រាកដ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ។ លោក​ថា កម្ពុជា ល្មម​ដល់​ពេល​មាន​ច្បាប់​នេះ​ហើយ ព្រោះ​ច្បាប់​នេះ​ប្រទេស​ម្ចាស់​ជំនួយ​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​បង្កើត​ឡើង​នោះ​មាន​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ ចំណែក​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់ ក្នុង​ការ​បង្កើត​ច្បាប់​នេះ ដើម្បី​ស​បញ្ជាក់​ថា ប្រទេស​មួយ​នេះ​មាន​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន​ពិត​ប្រាកដ ប៉ុន្តែ​កិច្ចការ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​រហូត​មក៖ «ទោះ​បី​ការ​រង់ចាំ​នេះ​យូរ​យ៉ាង​ណា​ក៏ដោយ ក៏​យើង​នៅ​តែ​ស្វាគមន៍ ហើយ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ច្បាប់​នេះ​មាន​ផល​ប្រយោជន៍​ចំពោះ​ស្ថាប័ន​ទាំងអស់ រួម​ទាំង​សារព័ត៌មាន រដ្ឋាភិបាល ទាំង​សាធារណជន​ទូទៅ​តែ​ម្តង»

ការ​វិវឌ្ឍ​ចុង​ក្រោយ ក្រសួង​ព័ត៌មាន បាន​សម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឬ​ហៅ​ថា អិមអូយូ (MOU) ជាមួយ​អង្គការ​យូណេស្កូ (UNESCO) កាល​ពី​ដើម​ឆ្នាំ​២០១៤ ដើម្បី​ដឹក​នាំ​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ឲ្យ​បាន​ក្នុង​រយៈពេល​ប្រមាណ​ជា ៣​ឆ្នាំ​ខាង​មុខ។ ស្រប​ពេល​គ្នា​នោះ​ដែរ ប្រទេស​ស៊ុយអែត (Sweden) ក៏​បាន​ផ្តល់​ទឹក​ប្រាក់​ប្រមាណ ១​លាន​ដុល្លារ សម្រាប់​ឲ្យ​ធ្វើ​ការងារ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។