ម៉ុងតាញ៉ា-វៀតណាមមួយចំនួនភៀសខ្លួនបន្តទៅថៃ

ជនជាតិដើមភាគតិចម៉ុងតាញ៉ា-វៀតណាម មួយចំនួនបានរត់ភៀសខ្លួនចេញពីកម្ពុជា ដោយបន្តឆ្លងដែនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បដិសេធសំណើសុំសិទ្ធិជ្រកកោន។ រីឯឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងមន្ត្រីក្រសួងមហាផ្ទៃ ថា មិនទាន់ទទួលព័ត៌មាននេះនៅឡើយទេ។
ដំណើររសាត់តែលតោលផ្សងព្រេងស្វែងរកទីជម្រករបស់ក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា-វៀតណាម នេះ គឺដោយសារពួកគេមិនចង់ត្រឡប់ទៅប្រទេសវៀតណាម វិញឡើយ។
ជនជាតិម៉ុងតាញ៉ា ម្នាក់ឈ្មោះហៅថា អាមាធ្វីន ដែលទើបទៅដល់ប្រទេសថៃ កាលពីថ្ងៃទី១ ខែមេសា រៀបរាប់ថា ឥឡូវនេះមានជនភៀសខ្លួនប្រមាណ ២០ ទៅ ៣០នាក់ បានលួចរត់ចេញពីភ្នំពេញ មកទៅដល់ប្រទេសថៃ ហើយ។ រីឯចំនួនអ្នកដែលនៅភ្នំពេញ វិញ គឺនគរបាលខ្មែរបានរឹតបន្តឹងខ្លាំង និងតាមឃ្លាំមើលពួកគេមិនឲ្យពួកគាត់ចេញចូលទៅណាទេ។ ពួកគេបានធ្វើដំណើរតាមឡានក្រុងឆ្ពោះទៅកាន់ព្រំដែន រួចហើយឲ្យអ្នកម៉ូតូឌុប ដឹកឆ្លងទៅថៃ ហើយមានជនភៀសខ្លួនចាស់ចាំទទួលនៅទីនោះ។
ជនជាតិម៉ុងតាញ៉ា រូបនេះ ថ្លែងប្រាប់តាមទូរស័ព្ទទៀតថា ការផ្សងព្រេងឆ្លងទៅថៃ នេះ គឺដើម្បីពឹងពាក់ឲ្យអង្គការសហប្រជាជាតិនៅទីនោះ ជួយពួកគាត់ បន្ទាប់ពីក្រសួងមហាផ្ទៃ បដិសេធក្នុងការផ្ដល់ឋានៈ ឬសិទ្ធិជាជនភៀសខ្លួនដល់ពួកគាត់៖ «រឿងមកថៃ គ្រោះថ្នាក់គឺយើងដឹងច្បាស់ថា នឹងជួបគ្រោះថ្នាក់ហើយ តែស៊ូស្លាប់នៅស្រុកខ្មែរ ឬស្លាប់ក្នុងព្រៃស្រុកថៃ ក៏បាន។ ដាច់ខាតខ្ញុំមិនចង់ត្រឡប់ទៅវៀតណាម ឲ្យគេធ្វើបាបទៀតទេ។ យើងសុំភៀសខ្លួន ខាងខ្មែរឲ្យយើងធ្លាក់ និងថានឹងបញ្ជូនទៅវៀតណាម វិញ ទៅវៀតណាមវិញ ដឹងថានឹងស្លាប់ហើយ»។
ជាញឹកញាប់ជនជាតិម៉ុងតាញ៉ា តែងលួចឆ្លងចូលមកកម្ពុជា ដោយលើកឡើងថា ពួកគេត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់គុកធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាព សិទ្ធិនយោបាយ និងសាសនាជាដើម។ ពួកគេភាគច្រើនត្រូវអាជ្ញាធរកម្ពុជា បញ្ជូនទៅប្រទេសវៀតណាម វិញ ខណៈមានអ្នកខ្លះបានទទួលសិទ្ធិទៅរស់នៅប្រទេសទីបី។
ករណីជនជាតិម៉ុងតាញ៉ា រត់ភៀសខ្លួនទៅប្រទេសថៃនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក កែម សារិន ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផៃ្ទ ថា មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។
រីឯប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក តាន់ សុវិជ្ជា មិនទទួលទូរស័ព្ទទេ។
កាលពីខែធ្នូ ឆ្នាំ២០១៦ មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនជាតិដើមភាគតិចម៉ុងតាញ៉ា មានចំនួន ១៥៦នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ជនជាតិម៉ុងតាញ៉ា មួយចំនួនដែលបានឆ្លងកាត់ការសម្ភាសហើយ គឺពួកគាត់មិនជាប់នោះទេ ដោយសារចម្លើយ ឬលក្ខខណ្ឌរបស់ពួកគាត់មិនត្រូវតាមអនុសញ្ញាជនភៀសខ្លួន។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានប្រភពណាដែលអាចបញ្ជាក់បានថា តើជនជាតិម៉ុងតាញ៉ាប៉ុន្មាននាក់បានឆ្លងកាត់ការសម្ភាស ហើយនៅសល់ប៉ុន្មាននាក់ដែលមិនទាន់សម្ភាសឡើយ។
មន្ត្រីផ្នែកព័ត៌មានសាធារណៈប្រចាំតំបន់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យអាស៊ីសេរី ដឹងតាមសារអេឡិចត្រូនិក (Email) ថា ខាងអ្នកស្រីមិនអាចផ្ទៀងផ្ទាត់ថា ពួកគេទៅណា ឬមិនទៅណានោះទេ។
អ្នកស្រីបន្តថា តាមច្បាប់កម្ពុជា ប្រសិនបើការសុំសិទ្ធិជ្រកកោនរបស់នរណាម្នាក់ត្រូវបានបដិសេធក្នុងដំណាក់កាលដំបូង បុគ្គលនោះអាចតវ៉ាសុំឲ្យមានការពិនិត្យឡើងវិញ។ ចំពោះករណីដែលទទួលបានការបដិសេធ ហើយសម្រេចចិត្តត្រឡប់ទៅមាតុភូមិដោយស្ម័គ្រចិត្តវិញនោះ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសខ្លួន (UNHCR) នឹងសម្របសម្រួលការវិលត្រឡប់របស់ពួកគាត់ដូចដែលបានធ្វើជាមួយក្រុមផ្សេងទៀតនៅពេលថ្មីៗនេះ។
ជនជាតិម៉ុងតាញ៉ា លើកឡើងថា ប្រសិនបើ UNHCR និងរដ្ឋាភិបាលកម្ពុជា ស្រឡាញ់ និងគោរពសិទ្ធិមនុស្ស គោរពច្បាប់នោះ ពួកគាត់នឹងអាចត្រូវបានជួយសង្គ្រោះ ហើយត្រូវបានផ្ដល់ឲ្យឋានៈជាជនភៀសខ្លួនមិនខានឡើយ។ ទោះយ៉ាងណា ការសម្រេចចិត្តចាកចេញពីកម្ពុជា ទៅប្រទេសថៃ ពេលនេះ ពួកគាត់សង្ឃឹមថា ប្រទេសថៃ នឹងផ្ដល់ក្ដីសង្ឃឹមជាថ្មីជូនពួកគាត់៕