សមត្ថកិច្ច​ខេត្ត​រតនគិរី​បន្ត​ស្វែងរក​ជនជាតិ​ម៉ុងតាញ៉ា​១៣​នាក់​ដែល​លាក់​ខ្លួន​ក្នុង​ព្រៃ

ដោយ រដ្ឋា វិសាល
2014.11.26

ក្រុម​សមត្ថកិច្ច​ខេត្ត​រតនគិរី បន្ត​ស្វែងរក​កន្លែង​លាក់​ខ្លួន​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ឬ​ក្រុម​ម៉ុងតាញ៉ា ១៣​នាក់ ខណៈ​មាន​សេចក្តី​រាយការណ៍​ថា ពួក​គេ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ក្នុង​ហេតុផល​នយោបាយ។

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា សមត្ថកិច្ច​ខេត្ត​រតនគិរី មិន​ទាន់​រក​ឃើញ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា ១៣​នាក់ ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី នៅ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ដែល​បាន​ដឹង​ពី​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ម៉ុងតាញ៉ា ឲ្យ​ដឹង​ថា ពួក​គេ​បី​នាក់​ក្នុង​ចំណោម ១៣​នាក់ កំពុង​មាន​ជំងឺ​គ្រុន​ចាញ់។

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ងួន គឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​កំពុង​ស្វែងរក​កន្លែង​លាក់​ខ្លួន​របស់​ពួក​គេ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ប្រាកដ​ថា ប្រសិន​សមត្ថកិច្ច​រក​ពួក​គេ​ឃើញ ឬ​មួយ​ជន​ភៀស​ខ្លួន​ទាំង​នោះ​មក​បង្ហាញ​ខ្លួន​ជូន​សមត្ថកិច្ច តើ​ពួក​គេ​នឹង​ប្រឈម​មុខ​បែប​ណា​ខ្លះ​នៅ​ឡើយ? លោក​ថ្លែង​ថា «បញ្ហា​សំខាន់ គឺ​រក​ជន​ភៀស​ខ្លួន​ឲ្យ​ឃើញ បន្ទាប់​មក​ទើប​រាយការណ៍​សុំ​ការ​សម្រេច​ពី​ថ្នាក់​ជាតិ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អំពាវនាវ​ឲ្យ​ជនជាតិ​ចារ៉ាយ-វៀតណាម ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​បង្ហាញ​ខ្លួន​ដល់​អាជ្ញាធរ​ខេត្ត​រតនគិរី ដើម្បី​ជៀស​ផុត​ពី​ការ​ស្លាប់​ដោយសារ​ដាច់​ស្បៀង​អាហារ និង​ជំងឺ​តម្កាត់​ផ្សេងៗ។ ជាមួយ​គ្នា​នោះ លោក​អះអាង​ថា​នឹង​បញ្ជូន​ក្រុម​ការងារ​ចុះ​មក​ពិនិត្យ និង​វាយ​តម្លៃ​ពី​ស្ថានភាព​ជន​ភៀស​ខ្លួន​ទាំង​នោះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ដែល​ដឹង​ពី​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ម៉ុងតាញ៉ា សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​អះអាង​ថា ក្រុម​ម៉ុងតាញ៉ា ១៣​នាក់​នោះ បាន​លាក់​ខ្លួន​ជា​ពីរ​ក្រុម​ផ្សេង​គ្នា ហើយ​ពួក​គេ​នៅ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​មន្ត្រី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR)។ ប្រជាពលរដ្ឋ​ដដែល​កត់​សម្គាល់​ថា «ពួក​គេ​ទទួល​បាន​អាហារ​តិចតួច​បំផុត ពី​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ខ្មែរ​អ្នក​ធ្វើ​ចម្ការ​ក្នុង​ព្រៃ ជា​អ្នក​ផ្តល់​ឲ្យ។ ការ​ផ្តល់​ស្បៀង​អាហារ​មិន​បាន​គ្រប់គ្រាន់ គឺ​មួយ​ថ្ងៃ​ហូប​បាន​មួយ​ពេល ចំណែក​ថ្ងៃ​ខ្លះ​មិន​មាន​អាហារ​បរិភោគ ដោយសារ​អ្នក​ផ្តល់​អាហារ​មិន​ហ៊ាន​ចូល​ទៅ​កន្លែង​លាក់​ខ្លួន​ពួក​គេ ព្រោះ​សមត្ថកិច្ច​មូលដ្ឋាន​ដាក់​កម្លាំង​ឃ្លាំ​មើល»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ។

ទាក់ទិន​ករណី​នេះ​ដែរ ប្រភព​ព័ត៌មាន​មួយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា មន្ត្រី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កំពុង​ខ្នះខ្នែង​រក​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​ក្រុម​ម៉ុងតាញ៉ា​ទាំង​នោះ​ហើយ។

ក្រុម​ម៉ុងតាញ៉ា-វៀតណាម ១៣​នាក់ បាន​ភៀស​ខ្លួន​ពី​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម មក​សំងំ​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី ជាង​បី​សប្ដាហ៍​កន្លង​មក​ហើយ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​កម្ពុជា ក្នុង​ហេតុផល​ថា ពួក​គេ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដោយសារ​ពួក​គេ​ប្រតិបត្តិ​សាសនា​គ្រឹះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។