ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​លោក រ៉ាត់ រត្នមុនី ជុំវិញ​រឿង​ផលិត​វីដេអូ​ជួញដូរ​ផ្លូវ​ភេទ

ដោយ វ៉ែន សុមេធ
2018-12-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
Screenshot

ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​សកម្មជន​សិទ្ធិ​ការងារ​លោក លោក រ៉ាត់ រត្នមុនី បណ្ដោះអាសន្ន ពី​បទ​ញុះញង់​អោយ​មាន​ការរើសអើង ក្រោយ​បញ្ចប់​ការសាកសួរ​កាលពី​ល្ងាច​ថ្ងៃ​ទី ១៣ ធ្នូ។ សមត្ថកិច្ច​ស្នើ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ចូល​ឆ្លើយ​បំភ្លឺ​រឿង​នេះ​ដើម្បី​ឱ្យ​បាន​ដឹង​ការពិត ខណៈ​អ្នកការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​ការចោទប្រកាន់​ករណី​នេះ និង​ដោះលែង​លោក រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ។

សកម្មជន​ដីធ្លី និង​សិទ្ធិ​លំនៅឋាន អ្នកស្រី ឡុង គីមហ៊ាង សម្ដែង​ការ​មិន​ពេញចិត្ត​ដែល​អាជ្ញាធរ​ចាត់វិធានការ​លើ​ករណី​ស្វាមី​អ្នកស្រី​យ៉ាង​តក់ក្រហល់ និង​បិទបាំង​ព័ត៌មាន។ អ្នកស្រី​អះអាង​ថា មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​បាន​ប្រាប់​ទៅ​អ្នកស្រី​ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ទៅដល់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី១៣ ធ្នូ ក៏ប៉ុន្តែ​តុលាការ​មិនបាន​ទុក​ពេល​ឱ្យ​អ្នកស្រី​រក​មេធាវី​ឱ្យ​ស្វាមី​បាន​ត្រឹមត្រូវ​ស្រួលបួល​ឡើយ គឺ​អនុវត្ត​នីតិវិធី​សួរចម្លើយ​ស្វាមី​របស់​អ្នកស្រី​ផ្ទាល់ និង​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​តែម្ដង៖ «ខ្ញុំ​ឃើញ​តែ​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​ធ្វើបាប​តួអង្គ​ដែល​ផ្ដល់​បទសម្ភាសន៍​នៅ​ក្នុង​ខ្សែភាពយន្ត​ឯកសារ​ហ្នឹង និង​ប្តី​ខ្ញុំ​ដែល​ជា​អ្នកបកប្រែ ឬ​ជា​ផលិតករ​មួយ​នៅ​ក្នុង​ហ្នឹង​ដែល​ជា​ខ្មែរ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​លឺ​បាន​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ទាក់ទង​ទៅ​កាសែត RT ដែល​គេ​ជា​អ្នក​ផ្សាយ គេ​ជា​អ្នក​ផលិត​រឿង​ហ្នឹង​ទេ​។ ឬក៏​មិន​ហ៊ាន​ជាមួយ​គេ​ទេ​? ព្រោះ​គេ​ជា​ប្រទេស​ដទៃ ដែល​គេ​មានអំណាច គេ​ធំ​ជាង ហ៊ាន​តែ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ហ្នឹង ព្រោះ​យើង​អត់​មាន​ជម្រើស យើង​អត់​មានអំណាច អត់​មាន​ឥទ្ធិពល​ដូច​អស់លោក។ យើង​អត់​មាន​កាំភ្លើង​ដូច​អស់លោក អ៊ីចឹង​លោក​ហ៊ាន​ធ្វើបាប​តែ​ពួក​យើង ដែល​យើង​នៅ​ក្នុង​ស្រុក​ដែល​យើង​ជា​ប្រជាពលរដ្ឋ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អស់លោក​ហ្នឹង។ ប៉ុន្តែ​ជាមួយ​កាសែត RT ដែល​មកពី​ប្រទេស​រុស្សី តើ​លោក​បាន​ទាក់ទង​ឆ្លើយឆ្លង​ជាមួយ​គេ​បែប​ណា ហើយ​ឬ​នៅ​? ឱ្យ​គេ​បំភ្លឺ​ជា​ផ្លូវការ​ហើយ ឬ​នៅ?»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា​វិញ កាលពី​ថ្ងៃទី១២ ធ្នូ បន្ទាប់ពី​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប្រទេស​ថៃ ខណៈ​លោក និង​គ្រួសារ​បាន​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ទី​បី។ លោក​ត្រូវ​ជាប់​សង្ស័យ​ថា បាន​ផ្ដល់​លុយ​ដល់​តួអង្គ​ពី​នាក់​ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក ក្នុង​ភាពយន្ត​ឯកសារ​ជួញដូរ​ផ្លូវ​ភេទ​មួយ ដែល​មាន​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ។ អាជ្ញាធរ​បាន​ចោទប្រកាន់​ថា វីដេអូ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​បំណង​មិនល្អ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អះអាង​ប្រាប់​អាស៊ីសេរី​ថា ករណី​លោក រ៉ាត់ រត្នមុនី នេះ សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​របស់​តុលាការ ដែល​ត្រូវ​នាំ​ខ្លួន​គាត់​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ។ លោក​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការ​ផ្ដល់​ព័ត៌មាន​ជុំវិញ​រឿង​នេះ​ទៅ​អាជ្ញាធរ ដើម្បី​ឱ្យ​បាន​ដឹង​ការពិត៖ «រឿង​ហ្នឹង​ដើម្បី​ឱ្យ​ច្បាស់ អ្នក​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​បំភ្លឺ​មក​សមត្ថកិច្ច ហើយ​បើ​ថា ឱ្យ​យើង​ចុះ​ស្រាវជ្រាវ វា​ត្រូវការ​ពេលវេលា អ៊ីចឹង​កិច្ចសហការ​របស់​គាត់។ កុំ​ឱ្យ​គាត់​ដើរ​តែ​និយាយ​ថា សមត្ថកិច្ច​អសមត្ថភាព សមត្ថកិច្ច​បង្ខំ​គាត់។ យើង​ពិបាក​ណាស់​ស្ដាប់​តែមួយ​ចំហៀង​អ៊ីចឹង។ សមត្ថកិច្ច​ខំ​ដុតដៃដុតជើង​ណាស់ ប៉ុន្តែ​បើ​គាត់​អត់​សហការ ហើយ​គាត់​ចេះតែ​ឆ្លើយ​ផ្ដល់​ព័ត៌មាន​អវិជ្ជមាន​ពី​សមត្ថកិច្ច​អ៊ីចឹង វា​ពិបាក​ដែរ។ ធម្មតា​សំណុំរឿង​ហ្នឹង វា​ត្រូវតែ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​បំភ្លឺ ទើប​រឿង​ហ្នឹង​វា​ពិតប្រាកដ»

ទោះជា​យ៉ាងណា អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា ប្រសិនបើ​អាជ្ញាធរ​មានបំណង​ស្វែងរក​ការពិត​ក្នុង​រឿង​នេះ​មែន អាជ្ញាធរ​គួរ​កោះហៅ​ស្វាមី​របស់​អ្នកស្រី និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​តាម​នីតិវិធី​ឱ្យ​បាន​ត្រឹមត្រូវ មិនមែន​នៅ​សុខៗ​ស្រាប់តែ​ចេញ​ដីកា​ចាប់ខ្លួន​បែបនេះ​ឡើយ។ អ្នកស្រី​អះអាង​ថា នឹង​បន្ត​ការ​តស៊ូ​មតិ​គ្រប់​បែបយ៉ាង​ដើម្បី​រក​យុត្តិធម៌​ជូន​ស្វាមី៖ «ខ្ញុំ​នឹង​ធ្វើ​គ្រប់​សកម្មភាព តស៊ូ​ដើម្បី​ការពារ​ភាព​ពិត ភាព​ត្រឹមត្រូវ​របស់​ប្តី​ខ្ញុំ ព្រោះ​ប្តី​ខ្ញុំ​មិនបាន​ខុស​ទេ។ ការផលិត​ភាពយន្ត​ឯកសារ វា​ជា​រឿង​ពិត​។ បើ​លោក​ចង់​ដឹង​ពិត ឬ​មិន​ពិត លោក​ស៊ើបអង្កេត​ខ្លួនឯង​តាម​បែប​នីតិវិធី​ត្រឹមត្រូវ​ទៅ កុំ​មក​គំរាមកំហែង​ចាប់ចង​ប្ដី​ខ្ញុំ​បែប​ហ្នឹង។ ហើយ​លោក​និយាយ​ថា វា​ប៉ះពាល់​កិត្តិយស​ស្ត្រី​ខ្មែរ ប្រទេសជាតិ​អី​ណា ខ្ញុំ​អស់សំណើច​ណាស់ ព្រោះ​ដោយសារ​រឿង​ជួញដូរ​មនុស្ស​មិនមែន​កើតឡើង​តែ​នៅ​ក្នុង​ខ្សែភាពយន្ត​ហ្នឹង​ទេ។ នៅ​កម្ពុជា​ស្ទើរតែ​គ្រប់​ទីកន្លែង​ដែល​មាន​អំពើ​ជួញដូរ​មនុស្ស​ហ្នឹង អ៊ីចឹង​លោក​រកមើល​ស៊ើបអង្កេត ទប់ស្កាត់​វា​ទៅ»

កាល​ពី​ពេល​កន្លងទៅ សមត្ថកិច្ច​បាន​កោះហៅ​តួអង្គ​ម្ដាយ​កូន​ពីរ​នាក់ នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ទៅ​សាកសួរ និង​ក្រោយមក​អះអាង​ថា ពួកគេ​បាន​សារភាព​ថា ពួកគេ​បាន​ទទួល​លុយ​ពីរ​រយ​ដុល្លារ​ពី​លោក រ៉ាត់ រត្នមុនី ដើម្បី​ប្រឌិត​សាច់រឿង។ ទោះជា​យ៉ាងណា សមត្ថកិច្ច​មិនបាន​ហៅ​គ្រប់​តួអង្គ​នៅ​ក្នុង​រឿង​ទៅ​សាកសួរ​នោះ​ឡើយ ហើយ​ក៏បាន​ផ្ដើម​ស្វែងរក​ចាប់ខ្លួន​លោក រ៉ាត់ រត្នមុនី តែម្ដង។

តួអង្គ​ម្នាក់ទៀត​ក្នុង​សាច់រឿង កញ្ញា អ៊ុន ស្រីពេជ្រ អះអាង​ប្រាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​ភាពយន្ត​ឯកសារ​នេះ​ចេញផ្សាយ​មក នាង​មិនដែល​ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ​ពី​រឿង​នេះ​ឡើយ។ នាង​អះអាង​ថា នាង​មិន​ខ្លាច​ក្នុង​ការ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​នេះ​ឡើយ ព្រោះ​អ្វី​ដែល​នាង​បាន​រៀបរាប់​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺជា​រឿង​ពិត​ផ្ទាល់ខ្លួន។ នាង​បន្ថែម​ថា នាង​ស្ម័គ្រចិត្ត​ទម្លាយ​រឿង​ទាំងនេះ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​ទទួល​បាន​លុយកាក់​ពី​ក្រុម​អ្នក​ផលិត​នោះ​ឡើយ៖ «ខ្ញុំ​អត់​ខ្លាច​ការពិត​ទេ​បង។ ប្រសិនបើ​គាត់​ដាក់​ដីកា​ហៅ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​ទៅ ព្រោះ​លោកគ្រូ​ខ្ញុំ​ជាមួយ​នឹង​ខ្ញុំ​អត់​មាន​ត្រូវ​ខុស​អ្វី​នោះ​ទេ។ ចង់​ឱ្យ​អាជ្ញាធរ និង​ក្រុម​ប៉ូលិស​ដោះលែង​លោក​គ្រួ​ខ្ញុំ​វិញ​ទៅ ព្រោះ​គាត់​អត់​មាន​ធ្វើ​រឿង​ខុសឆ្គង ឬក៏​សូក​លុយ​ឱ្យ​គេ​ថត​រឿង​និយាយ​ប្រឌិត​ទេ។ រឿង​នេះ​ជា​រឿង​ការពិត»

ភាពយន្ត​ឯកសារ “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” មាន​រយៈពេល​ជាង ២៧ នាទី បង្ហាញ​ពី​នារី​វ័យក្មេង​មិនទាន់​គ្រប់​អាយុ ៣ នាក់ ត្រូវ​បាន​លក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក។ ភាពយន្ត​ឯកសារ​នេះ មាន​ចំនួន​ចូល​ទស្សនា​ជាង ១ លាន ៤ សែន​ដង លើ​បណ្ដាញ​យូធូប (Youtube) និង​ជាង ៥ សែន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ជា​វីដេអូ​សង្ខេប​ផ្ដោត​លើ​គ្រួសារ​អតីត​ពលរដ្ឋ​បឹងកក់​ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​មិន​ទទួល​បាន​សំណង។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន ថ្លែង​ថា លោក​បាន​ដាក់​លិខិត​ទៅ​សហជីព​អន្តរជាតិ​ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​នេះ ព្រោះ​លោក​អះអាង​ថា លោក រ៉ាត់ រត្នមុនី មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នេះ​ឡើយ។ លោក​ជឿជាក់​ថា ចំណាត់​ការ​លើ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ដោយសារ​ភាពយន្ត​ឯកសារ “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ប៉ះពាល់​ដល់​មុខមាត់​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ហើយ​របប​នេះ​ចង់​លាក់បាំង​ការពិត​ជុំវិញ​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា របប​នេះ​គួរតែ​ប្រឹងប្រែង​លុបបំបាត់​ការ​ជួញដូរ​ផ្លូវ​ភេទ​វិញ​ទើប​ត្រឹមត្រូវ មិនមែន​ចាត់វិធានការ​លើ​អ្នក​ហ៊ាន​លាតត្រដាង​ការពិត​ជុំវិញ​បញ្ហា​នេះ​ឡើយ៖ «នេះ​ជា​រឿង​ឆ្លុះបញ្ចាំង​ការពិត ហើយ​គាត់​ក៏បាន​សាកសួរ​មុននឹង​ថត​ដែរ អ៊ីចឹង​ខ្ញុំ​គិត​ថា អ្វី​ដែល​រដ្ឋាភិបាល​ចោទប្រកាន់​នេះ គឺ​ចោទប្រកាន់​មិន​ត្រឹមត្រូវ​ទេ​លើ​លោក រត្នមុនី នេះ។ សូម​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ពិនិត្យមើល​ឡើងវិញ និង​ត្រូវ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ»

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃ​របប​ក្រុងភ្នំពេញ ធ្លាប់​បាន​បង្ហាញ​របាយការណ៍​កាល​ពី​ពេល​កន្លង​ទៅ​ថា បទល្មើស​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ក្នុង​ឆ្នាំ​២០១៧ មានការ​កើន​ឡើង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ កន្លង​ទៅ។ មូលហេតុ​សំខាន់​ដោយសារ ឧក្រិដ្ឋជន​មាន​ល្បិចកល​ខ្ពស់ ការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ពលករ​ចំណាកស្រុក​មិនទាន់​បាន​ល្អ និង​អសមត្ថភាព​របស់​មន្ត្រី​មួយ​ចំនួន​ជាដើម។ ចំណែក​ក្រសួង​ការបរទេស​អាមេរិក​វិញ ក៏បាន​រក​ឃើញ​ដែរ​ថា របប​លោក ហ៊ុន សែន នៅ​មិនទាន់​អនុវត្ត​បាន​ពេញលេញ​នូវ​បទដ្ឋាន​អប្បបរមា​ស្ដីពី​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​នៅឡើយ ទោះបីជា​របប​នេះ​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដន្ទាទោស​អ្នក​ជួញដូរ​មនុស្ស និង​ជួយ​សម្របសម្រួល​ដល់​ជនរងគ្រោះ​យ៉ាងណាក៏ដោយ។ ឧបសគ្គ​ចម្បង គឺ​បញ្ហា​អំពើពុករលួយ និង​អសមត្ថភាព​របស់​មន្ត្រី​ជំនាញ​ដែល​ទទួលខុសត្រូវ​រឿង​នេះ។ ក្រសួងការបរទេស​អាមេរិក​ស្នើ​ឱ្យ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ស៊ើបអង្កេត និង​ផ្ដន្ទាទោស​ជនល្មើស និង​មន្ត្រី​ណា​ដែល​ឃុបឃិត​ក្នុង​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ផ្លូវ​ភេទ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល