កូដករ​ណាហ្គា​វើលដ៍​ស្នើ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​ផ្ទាល់

ដោយ ខាន់ លក្ខិណា
2024.01.28
កូដករ​ណាហ្គា​វើលដ៍​ស្នើ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​ផ្ទាល់ សកម្មភាពតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍ នៅមុខក្រុមហ៊ុនបនល្បែង​ណាហ្គាវើលដ៍ (Naga World) នៅថ្ងៃទី២៨ មករា ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ក្រុម​កូដករ​ណាហ្គាវើលដ៍​នាំ​គ្នា​ចេញ​ធ្វើ​យុទ្ធនាការ​ទាមទារ​យុត្តិធម៌ និង​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​ផ្ទាល់​ដើម្បី​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​អូស​បន្លាយ​ប្រមាណ ៣​ឆ្នាំ​មក​នេះ។

ក្នុង​យុទ្ធនាការ​ស្វែង​រក​យុត្តិធម៌​ពី​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី២៨ មករា កូដករ​ណាហ្គាវើលដ៍ អ្នកនាង ម៉ម សុវឌ្ឍិន លើកឡើង​ថា អយុត្តិធម៌​ដែល​កើត​មាន​លើ​ក្រុម​កូដករ​រយៈពេល​ប្រមាណ បី ឆ្នាំ​មក​នេះ ធ្វើ​ឱ្យ​ប៉ះពាល់ ខ្លាំង​ណាស់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់។

អ្នកនាង ម៉ម សុវឌ្ឍិន៖ «ថ្ងៃនេះ​កម្មករ​បាន​ពាក់អាវ​ស ដែល​មាន​សរសេរ​ពាក្យ​«​អយុត្តិធម៌​» គឺ​ដោយសារ​កម្មករ​រង នូវ​ភាព​អយុត្តិធម៌​ហើយ​មិន​ទាន់​បាន​យុត្តិធម៌ ហើយ​គ្មាន​យុត្តិធម៌​សម្រាប់​កម្មករ​។ អ៊ីចឹង​ហើយ​ទើប​យើង​ចង់​បញ្ជាក់​ចំៗ​ថា យើង​មិនទាន់​បាន​យុត្តិធម៌​ទេ ទើប​យើង​សរសេរ​ពាក្យ​«​អយុត្តិធម៌​»​នៅ​លើ​ដងខ្លួន​។ បើសិនជា​ថៅកែ​ណាហ្គា​វើ​លដ៍ អាច​បញ្ឈប់​សហជីព​តាម​ទំនើងចិត្ត​បែប​ហ្នឹង​វា​នឹង​ជះឥទ្ធិពល​ទៅដល់​កន្លែង​ផ្សេង​ទៅ​ស្ថាប័ន​ផ្សេង​ទៅ​រោងចក្រ​ផ្សេង​ឱ្យ​គេ​យក​គំរូ​តាម​ណាហ្គាវើលដ៍ វា​ជា គំរូ​អាក្រក់ ដែល​យើង​អត់​អាច​ទទួលយក​បានទេ បើ​កម្មករ​នៅ​ក្រាញននៀល មិន​ព្រម​ទៅ​ណា​នៅ​តវ៉ា​ទាមទារ​យុត្តិធម៌​ពី​ណាហ្គាវើលដ៍​វិញ​ដាច់ខាត»

កូដករ​ណាហ្គាវើលដ៍​ម្នាក់ទៀត លោកស្រី សុខ រតនា លើកឡើង​ដែរ​ថា ដោយ​សារ​តែ​អយុត្តិធម៌ ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ការងារ​រង​សម្ពាធ​សេដ្ឋកិច្ច​គ្រួសារ។

លោកស្រី​ថា ការ​ទាមទារ​របស់​ពួកគាត់ ជា​រឿង​ត្រឹមត្រូវ ពី​ព្រោះ​ពួកគាត់​គ្រាន់​តែ​ចង់​បាន​អាហារ​បី​ពេល សិទ្ធិ​ការងារ សហជីព​ស្របច្បាប់​ប៉ុណ្ណោះ។

លោកស្រី សុខ រតនា៖ «យើង​តាម​នីតិវិធី​ច្បាប់​ចំនួន​ជិត ៣​ឆ្នាំ​ហើយ យើង​នៅ​ទទួល​រង​ភាព​អយុត្តិធម៌​ដដែល​អ៊ីចឹង​ថ្ងៃនេះ ខ្ញុំ​សូម​ចុច​ឱ្យ​ចំៗ​តែម្ដង​ទៅ ថា ខ្ញុំ​សង្ឃឹម​មាន​តែ​បុគ្គល​ម្នាក់​ទេ គឺ​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត សូម​ឱ្យ​គាត់​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ផង ព្រោះ​រយៈពេល​ជិត ៣​ឆ្នាំ​ហើយ ដែល​យើង​មិន​មាន​ការងារ​អី​ធ្វើ​ឱ្យ​ជាក់លាក់​ហើយ​សេដ្ឋកិច្ច​គ្រួសារ​ក៏​ពិបាក យើង​មានកូន យើង​មាន​ម៉ែឪ​ចាស់ យើង​មាន​ជំងឺ​ជាប់​ខ្លួន​ដូច​ខ្ញុំ​អ៊ីចឹង ហើយ​ចង់ឱ្យ​គាត់​ដោះស្រាយ​លឿនៗ​ទៅ ដើម្បី​ឱ្យ​ពួក​ខ្ញុំ​បាន​ចូល​ធ្វើ​ការ​វិញ​ដើម្បី​រកលុយ​ឱ្យ​រៀន​បន្ត»

លោកស្រី សុខ រតនា ថា ដោយសារតែ​ក្រសួង​ការងារ ក្រសួងយុត្តិធម៌ និង​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងៗ​ទៀត អត់​សមត្ថភាព​ដោះស្រាយ ទើប​កូដករ​សំណូមពរ​ឱ្យ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ចេញមុខ​ដោយ​ផ្ទាល់​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ឱ្យ​ពួកគាត់ ដោយសារ​ការ​រំលោភ​បំពាន​ពី​ថៅកែ ក្រុមហ៊ុន​ណាហ្គាវើលដ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។