ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម និង​ដាំបាយ​ធ្វើ​ម្ហូប​មុខ​ក្រុមហ៊ុន ដើម្បី​រង់ចាំ​ថៅកែ​ចេញមុខ​ដោះស្រាយ

ដោយ ថា ថៃ
2022.09.10
ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម និង​ដាំបាយ​ធ្វើ​ម្ហូប​មុខ​ក្រុមហ៊ុន ដើម្បី​រង់ចាំ​ថៅកែ​ចេញមុខ​ដោះស្រាយ ​​ទិដ្ឋភាព​កូដករ​ណាហ្គាវើលដ៍​ ​ធ្វើ​អាហារ​ហូប​មុខ​ក្រុមហ៊ុន ដើម្បី​តវ៉ា​រក​ដំណោះស្រាយ នៅ​យប់​ថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដលឱ្យ

ក្រុម​កូដករ​ណាហ្គាវើលដ៍​ប្រមាណ​រយ​នាក់​(១០០) បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ បើទោះ​បីជា​រង​ការ​គំរាមកំហែង​បែប​ណា​ក្តី​។ ស្ថានភាព​តវ៉ា​នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ចាប់ផ្តើម​តាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​ក្រុម​កូដករ ក៏បាន​យក​ចាន​ឆ្នាំ ដាំបាយ​ធ្វើ​ម្ហូប និង​បរិភោគ​ជុំគ្នា​នៅ​ខាងមុខ​ក្រុមហ៊ុន​ដែរ ដែល​​​ជា​សកម្មភាព​តស៊ូ​មតិ​ដោយ​សន្តិវិធី​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់​។ ក្រៅ​ពី​នេះ ពួកគាត់ នាំគ្នា​ទូង​ស្គរ ផ្លុំត្រែ លើក​បដា និង​ស្រែក​តវ៉ា​ដោយ​ហៅ​ឈ្មោះ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លោក តាន់ ស្រ៊ី ឲ្យ​ចេញមុខ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ពួកគាត់​។

ទោះជា​យ៉ាងណា​មក​ទល់​ពេលនេះ ថៅកែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ប៉ុន្តែ​បាន​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ជាច្រើន និង​បិទ​បារ៉ាស់​នៅ​ខាងមុខ ដើម្បី​រារាំង​កុំ​ឲ្យ​ក្រុម​កូដ​ករ ចូល​ខាងក្នុង​ក្រុមហ៊ុន។ អាជ្ញាធរ ក៏បាន​ចុះទៅ​ព្រមាន​ឲ្យ​ក្រុម​កូដ​ករ​ឲ្យ​បញ្ឈប់​ដាំ​ស្ល​នៅ​ខាងមុខ​ក្រុមហ៊ុន​ដែរ បើ​ពុំ​នោះ​ទេ នឹង​ត្រូវ​រឹបអូស​ចានឆ្នាំង។

តំណាង​កូដករ​ម្នាក់ អ្នកនាង ម៉ម សុវឌ្ឍិន រៀបរាប់​ទាំង​ទួញ​សោក​ថា ការ​ព្រងើយ​កន្តើយ​របស់​ក្រុម ហ៊ុន និង​អាជ្ញាធរ​ពាក់​ព័ទ្ធ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់ គឺជា​ការរំលោភ​សិទ្ធិ​របស់​ពួកគាត់ និង​ការ​ជាន់ឈ្លី​ច្បាប់​ការងារ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ អ្នកនាង​រៀបរាប់​ថា អាជ្ញាធរ និង​ជន​ស្លៀកពាក់​ស៊ីវិល នៅតែ​បន្ត​គំរាមកំហែង​រួប​គាត់ និង​កូដ​ករ​ដទៃទៀត​ពី​ការ​ប៉ុនប៉ង់​ធ្វើបាប និង​ការ​ចាប់ខ្លួន​ជាដើម៖ «មិញ​នេះ ជន​ស៊ីវិល វា​ធាក់ ហើយ​ថា ខ្ញុំ​នេះ ជិត​ត្រូវ​គេ ចាប់ខ្លួន​ហើយ។ ជន​ស៊ីវិល​ដែល​តាម​ថត​ពួក​ខ្ញុំ​នោះ​ថា ឲ្យ​ត្រៀមខ្លួន​ទៅ ត្រៀម​ចិត្ត​ទៅ​។ ព្រឹក​មិញ​នេះ ក៏​មាន​ក្រុម​អាជ្ញាធរ​ខណ្ឌចំការមន សំណូមពរ​ឲ្យ​យើង​នេះ អត់​អាច​ដាំបាយ​នៅ​ទីនេះ​ទៀត​ទេ​។​គ្រាន់តែ​ពួក​ខ្ញុំ​ដាំបាយ​ទាមទារ​ដំណោះស្រាយ រង់ចាំ​ថៅកែ​មក​ដោះស្រាយ ក៏​អត់​បាន​ដែរ​។ តាំងពី​ម្សិលមិញ ហើយ​ថ្ងៃនេះ​ទៀត ចង់​រឹបអូស​ឆ្នាំង​បាយ​ពួក​ខ្ញុំ»

ទាក់ទង​នឹង​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ដែរ ថ្នាក់ដឹកនាំ​សហជីព និង​សមាគម​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​ការងារ​សរុប ៤​រយ​នាក់ (៤០០)​នឹង​ជួបជុំ​នៅមុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ដើម្បី​ស្នើសុំ​ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​ទទួល​យក​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ជាង​១៥០​នាក់​ចូល​ធ្វើ​ការងារ​ជាមួយ​ប្រាក់​រំលឹក​ទូទាត់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ព្រមទាំង​លុបចោល​បទចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​និង​សកម្មជន​សហជីព​ចំនួន​១៥​នាក់​ផង​ដែរ​។ ក្រៅ​ពី​នេះ ថ្នាក់ដឹកនាំ​សហជីព និង​សមាគម​ទាំងនោះ ក៏​ស្នើសុំ​ឲ្យ​ដោះស្រាយ​សំណុំរឿង​ថ្នាក់ដឹកនាំ​សហជីព​ចំនួន​៣១​ករណី​ផ្សេងទៀត​ដែល​កើតឡើង​នៅ​តាម​ស្ថាប័ន​ផ្សេងៗ​។

គិត​មកទល់​ពេល នេះ ក្រុម​កូដករ បាន​ធ្វើ​កូដកម្ម​៩​ខែ​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញាធរ និង​ក្រុមហ៊ុន បាន​រួមគ្នា​ចោទប្រកាន់ និង​ចាប់ខ្លួន​តំណាង ក្រុម​កម្មករ​ជាង​១០​នាក់ ដាក់​ពន្ធនាគារ ហើយ​ថែមទាំង​ប្រើ​ហិង្សា​ឥត​ឈប់ឈរ​លើ​ក្រុម​កូដករ​ភាគច្រើន​ជា​ស្ត្រី​បណ្តាល​ឲ្យ​របួសធ្ងន់ និង​ស្ត្រី​ម្នាក់​រលូត​កូន​ក្នុង​ផ្ទៃ​។ ក្រុម​កូដករ និង​អ្នកឃ្លាំមើល ចាត់ទុកថា ទង្វើ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​នេះ គឺជា​ការរំលោភ​សិទ្ធិ​ស្ត្រី​ផ្ទុយ​ពី​គោលនយោបាយ​រដ្ឋាភិបាល​។ លើស​ពី​នេះ ពួកគាត់ យល់ឃើញ​ថា រដ្ឋាភិបាល និង​ក្រុមហ៊ុន មាន​ផលប្រយោជន៍​រួមគ្នា ទើប​ខំ​ការពារ​គ្នា​ទៅវិញទៅមក​ដោយ​មិន​ខ្វល់​អំពី​ច្បាប់​ការងារ និង​ទុក្ខលំបាក​របស់​កូដ​ករ​ដែល​ភាគច្រើន​ជា​ស្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។