មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​បន្ថែម​ករណី​បណ្ឌិត កែម ឡី

ដោយ តាំង សារ៉ាដា
2017-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
រូបថត​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
Photo: RFA

ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧ គឺជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​វា​ក៏​ជា​គម្រប់​ខួប ១៧​ខែ នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ផង​ដែរ។ លោក​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី​ថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅ​ហាង​កាហ្វេ​ក្នុង​ស្តារម៉ាត កាលតិច ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ រយៈពេល ១ ឆ្នាំ ៥​ខែ​កន្លង​ទៅ​នេះ ពន្លឺ​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ ស្ថិតនៅ​ឆ្ងាយ​នៅឡើយ ដោយសារ​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ។ មន្ត្រី​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ទាមទារ​យ៉ាង​ទទូច​ឱ្យ​តុលាការ​ពន្លឿន​ករណី​នេះ ដើម្បី​វែកមុខ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់។

ដោយសារតែ​កម្ដៅ​នយោបាយ​កើតឡើង​ឥត​ឈប់ឈរ ដូចជា ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ហាម​មិន​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ធ្វើ នយោបាយ​រយៈពេល ៥ឆ្នាំ ជាដើម​នោះ បាន​ធ្វើឱ្យ​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ហាក់​ស្ងប់​ស្ងាត់បាត់​ឈឹង។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​ដែល​សំណុំ​រឿង​នេះ​ត្រូវ​ស្ងប់ស្ងាត់ មិន​សូវ​មាន​ការ​លើក​យក​មក​ជជែក​គ្នា​ផុលផុស​ដូច​កាលពី​ពេល​មុន ហើយ​តុលាការ​ទៀតសោត​ក៏​មិនបាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​បន្ថែម​ណាមួយ ចំពោះ​សំណុំរឿង​នេះ​ដែរ តែ​ផ្ទុយទៅវិញ តុលាការ​បែរជា​ប្រញាប់ប្រញាល់​ចាត់ការ​បណ្ដឹង​ប្រឆាំង​នឹង​គណៈកម្មការ​បុណ្យ​សព បណ្ឌិត កែម ឡី ជុំវិញ​រឿង​កិបកេង​បច្ច័យ​បុណ្យ​ទៅវិញ។

លោក​បន្ត​ថា ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នកធ្វើ​កិច្ចការ​សង្គម​ដ៏​សកម្ម​នោះ គឺជា​ករណី​ដ៏​ធំ​ដែល​សាធារណជន​ចង់​ដឹង​ចង់​លឺ ដូច្នេះ​តុលាការ​គួរតែ​បង្ហាញ​ការទទួលខុសត្រូវ​របស់​ខ្លួន​ក្នុង​សំណុំរឿង​ដ៏​កក្រើក​មួយ​នេះ មិន​អាច​គ្រាន់តែ​លើក​ហេតុផល​ថា កំពុង​បន្ត​នីតិវិធី ហើយ​មិន​បង្ហាញ​លទ្ធផល​បែបនេះ​ឡើយ។ «»

កាលពី​ចុងខែ​មីនា​កន្លងទៅ តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​កាត់ទោស​ជន​ជាប់ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត តាម​មាត្រា ២០០ និង ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។ តុលាការ​ក៏បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់ ក៏ប៉ុន្តែ​ជាច្រើន​ខែ​មកនេះ តុលាការ​មិនទាន់​បើក​ការ​ជំនំ​ជម្រះ ឬ​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​លើ​សំណុំរឿង​ដែល​ត្រូវ​បាន​បំបែក​នោះ​ឡើយ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ជាច្រើន​ដង​តាម​មធ្យោបាយ​ទំនាក់ទំនង​សង្គម ដូចជា តេឡេក្រាម (Telegram) និង​វាត់ស៍​អេប (Whatsapp) ជាដើម ក៏ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​រូប​នេះ​ឡើយ។ កាល​ពី​ពេល​កន្លង​ទៅ លោក លី សុផាណា តែង​ឆ្លើយ​ថា តុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​ករណី​នេះ ហើយ​តុលាការ​មិន​អាច​បញ្ចេញ​ព័ត៌មាន​ណាមួយ​បាន​ឡើយ ព្រោះ​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ក្ដី។

អ្នកគ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ការ​អូសបន្លាយ មិន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​បែបនេះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ ហើយ​វា​ក៏​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ។ លោក​សំណូមពរ​យ៉ាង​ទទូច​ឱ្យ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការស៊ើបអង្កេត​រឿង​ក្តី​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​សព​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ។ «»

ការ​កាត់ទោស​ទណ្ឌិត អឿត អាង ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​តុលាការ​ក្រុងភ្នំពេញ ជុំវិញ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ មិន​បាន​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ស្ងប់ចិត្ត​នោះ​ទេ ត្បិត​សំណុំ​រឿង​នេះ​នៅ​មាន​ភាព​មន្ទិល និង​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ជាច្រើន​ចំណុច ជាពិសេស​ជុំវិញ​រឿង​លុយ ៣​ពាន់​ដុល្លារ ដែល ជួប សម្លាប់ អះអាង​ថា បាន​ឱ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ។

អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ បាន​សារភាព​ប្រាប់​តុលាការ​ថា ដើមហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ គឺ​ដោយសារ​ខ្លួន​ខឹង​នឹង​បណ្ឌិត កែម ឡី ដែល​ឆបោក​លុយ ៣​ពាន់​ដុល្លារ និង​មិន​គោរព​តាម​ពាក្យសន្យា​សង់ផ្ទះ​ឱ្យ​ខ្លួន​នៅ​តំបន់​បឹង​ត្រកួន​ជាប់​ព្រំដែន​ថៃ។ លុយ ៣ ពាន់​ដុល្លារ​នោះ អឿត អាង អះអាង​ថា បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​នៅ​ភូមិ​ចំការគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

ក៏ប៉ុន្តែ​ចម្លើយ​សារភាព​នេះ​ត្រូវ​បាន​រក​ឃើញ​ថា មិនមែន​ជា​ការពិត​ឡើយ។ ក្រុម​ការងារ​អាស៊ីសេរី​ដែល​បាន​ចុះទៅ​សាកសួរ និង​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ភូមិ​ចម្ការគ អ្នក​ធ្លាប់​ស្គាល់ ជួប សម្លាប់ និង​ជាពិសេស​ក្រុម​គ្រួសារ​របស់ ជួប សម្លាប់ ផ្ទាល់ បាន​រក​ឃើញ​ថា ជន​នេះ​មិន​មាន​ប្រវត្តិ​រស់នៅ និង​មាន​ដីធ្លី​ទ្រព្យសម្បត្តិ ឬ​កេរអាករ​អ្វី​នៅ​តំបន់​ចម្ការ​គរ​ជាប់​ព្រំដែន​ថៃ​ឡើយ។

ហើយ​កាន់តែ​ជាក់ស្ដែង​ជាង​នេះ គឺ​ប្រពន្ធ​របស់ អឿត អាង ផ្ទាល់ បាន​អះអាង​ថា ប្តី​របស់​គាត់​ក្រីក្រ​ស្ទើរ​រក​បាយ​ហូប​គ្មាន និង​មិន​ដែល​មាន​លុយ​ជាប់​នឹង​ខ្លួន​ផង ដូច្នេះ​ជន​នេះ​មិន​អាច​មាន​លុយ​ឱ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ​ទេ។

ដូច្នេះ​មាន​ន័យថា អំពើ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ អាច​មាន​មូលហេតុ​ផ្សេង​នៅ​ពីក្រោយ ដែល​មិនមែន​ជា​រឿង​លុយ ៣​ពាន់​ដុល្លារ​នោះ​ទេ។ នៅ​ត្រង់​ចំណុច​នេះ សំណួរ​ដែល​ត្រូវ​បាន​សាធារណជន​ចោទឡើង ថា​តើ​ហេតុអ្វី​បានជា​មានតែ ជួប សម្លាប់ ម្នាក់​គត់​ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស? តើ​ការស៊ើបអង្កេត​បន្ត​របស់​តុលាការ នឹង​អាច​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដូចជា អ្នកលក់​កាំភ្លើង​ឱ្យ ជួប សម្លាប់ អ្នក​ទទួល​ឱ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុងភ្នំពេញ ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង ជួប សម្លាប់ យក​មក​ផ្ដន្ទាទោស​បាន​ដែរ ឬ​យ៉ាងណា?

ទាំងនេះ​សុទ្ធសឹងតែ​ជា​ចម្ងល់​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ ហើយ​ប្រសិនបើ​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ នៅតែ​បន្ត​ស្ងប់ស្ងាត់​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទៀត នោះ​តុលាការ​អាច​នឹង​រង​នូវ​ការ​រិះគន់​ថា អសមត្ថភាព ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ និង​បណ្ដែតបណ្ដោយ​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បើមេក្លោងឃាតករ នៅក្បែរច្រមុះ តាចាស់ ហ៑ុន សែន តើគឹតយ៉ាងម៉េចទៅ !

Dec 10, 2017 10:52 PM

គេហទំព័រ​ទាំងមូល