មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជិត ៣០ស្ថាប័ន គ្រោង​ប្រារព្ធ​កម្មវិធី​ទិវា​សិទ្ធិ​មនុស្ស ១០ធ្នូ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធ​មនុស្ស

ដោយ យ៉ង ចាន់តារា
2023.12.01
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជិត ៣០ស្ថាប័ន គ្រោង​ប្រារព្ធ​កម្មវិធី​ទិវា​សិទ្ធិ​មនុស្ស ១០ធ្នូ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធ​មនុស្ស (រូបឯកសារ) ក្រុម​អង្គការ សមាគម​ មន្ត្រី​ទូតប្រចាំនៅ​កម្ពុជា ចូលរួម​អបអរ​សាទរ​​ទិវា​សិទ្ធិ​មនុស្ស ១០ធ្នូ ខួប​លើក​ទី៧​៤ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកសមាគមការពារ​សីត្ធិមនុស្ស ADHOC

ក្រុម​អង្គការ សមាគម​ជិត ៣០​ស្ថាប័ន​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធ​មនុស្ស ១០ធ្នូ ដើម្បី​ជំរុញ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិ​មនុស្ស និង​ធានា​ការពារ​ដល់​ពលរដ្ឋ ដែល​អនុវត្ត​សិទ្ធ​ស្រប​តាម​ច្បាប់។ ពួកគាត់​យល់​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ លើ​សកម្មជន​សង្គម និង​នយោបាយ​នៅ​តែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់។

ក្រុម​អង្គការ សមាគម​ជិត៣០​ស្ថាប័ន​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ក្រោម​ប្រធាន​បទ «ការ​ធានា​សេចក្ដី​ថ្លៃថ្នូរ សេរីភាព និង​យុត្តិធម៌​ដល់​ពលរដ្ឋ​គ្រប់រូប» ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​សិទ្ធ​នយោបាយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃ​ទី១ ធ្នូ​ថា គោលបំណង​នៃ​ការ​ប្រារព្ធ​កម្មវិធី​នេះ គឺ​ដើម្បី​ជំរុញ​រដ្ឋាភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់ កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​គ្មាន​តម្លាភាព​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​រង​ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​ជា​ដើម ដែល​បញ្ហា​នេះ​រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​ជាក់លាក់​ដើម្បី​ដោះស្រាយ និង​ធានា​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ។

លោក រស់ សុដ្ឋា៖ «តែ​បើ​យើង​ក្រឡេក​មក​មើល​បញ្ហា​សិទ្ធិ​មនុស្ស​ជា​សកល គេ​មាន​បទដ្ឋាន​របស់​គេ​ត្រឹមត្រូវ ដែល​មាន​គណៈកម្មាធិការ​ឯករាជ្យ ដែល​មាន​អង្គការ​សហប្រជាជាតិ​ហ្នឹង។ អ៊ីចឹង គណៈកម្មាធិការ​ទាំង​នោះ សុទ្ធតែ​ជា​អ្នក​ឯករាជ្យ មិន​ទទួល​បាន​ផល​កម្រៃ​ពី​ស្ថាប័ន​ណា​មួយ​ទេ។ដូច្នេះ​ហើយ រាល់​មតិយោបល់ ដែល​លើក​ឡើង​របស់​អ្នក​ជំនាញ សុទ្ធតែ​ជា​ព័ត៌មាន ដែល​ឯករាជ្យ​ទាំងអស់។ ដូច្នេះ ស្ថាប័ន​រដ្ឋាភិបាល​ត្រូវ​ឆ្លើយ​ជាមួយ​អង្គការ​សហប្រជាជាតិ​ហ្នឹង​ទៅ។ ប៉ុន្តែ យើង​សង្គម​ស៊ីវិល​និយាយ​ទៅ វា​ចេះ​តែ​ជះ​ទឹក​ដាក់​គ្នា»

ការ​រំលឹក​ខួបលើកទី៧៥ នៃ​ទិវា​សិទ្ធិ​មនុស្ស ១០ធ្នូ ខាងមុខ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​រៀបចំ​កម្មវិធី​ចំនួន​ដូចជា ការ​ធ្វើ​ធម្មយាត្រា​ផ្សព្វផ្សាយ​ពី​សិទ្ធិ​មនុស្ស និង​សីល៥​ចេញ​ពី​ខេត្ត​សៀមរាប មក​រាជធានី​ភ្នំពេញ ដោយ​ចាប់​ផ្ដើម​ពីថ្ងៃទី០៦ ដល់​ថ្ងៃ១០ធ្នូ ។  ដោយ​ឡែក​កម្មវិធី​មួយ​ទៀត​គឺ ការ​ដង្ហែ​ក្បួន​ពី​រដ្ឋសភា ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹកថ្ងៃទី១០ធ្នូ ដោយ​ភ្ជាប់​ជាមួយ​សារ​ស្ដីពី​សិទ្ធិ​មនុស្ស និង​មាន​អ្នក​ចូលរួម​ប្រមាណ៣ពាន់នាក់ (៣០០០) ។ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​អ្នក​ការពារ​សិទ្ធិមនុស្ស ពលរដ្ឋ​រង​ការ​រំលោភបំពាន​សិទ្ធិ ក្រុម​អ្នក​តស៊ូ​មតិ និង​តំណាង​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ឡើង​សំដែង​មតិ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន។

ក្រុម​អង្គការ សមាគម ទាំង​នោះ​រួម​មាន អង្គការ​សមធម៌​កម្ពុជា (EC) សមាគម​សម្ព័ន្ធ​​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) សហភាព​ការងារ​កម្ពុជា (CLC) និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ (CENTRAL) ព្រម​ទាំង​ស្ថាប័ន​ផ្សេងៗ​មួយ​ចំនួន​ទៀត។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅថ្ងៃទី០១ ខែធ្នូ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ឃើញ​ថា​កម្ពុជា​នៅ​ពុំ​ទាន់ បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​សិទ្ធិ​បាន​ពេញ​លេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​ការ​ចាប់ចង និង​គំរាមកំហែង​នៅ​ពេល​ពលរដ្ឋ​អនុវត្ត។ លោក​ថា​កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ២០ភាគរយ​ពី​កម្ពុជា។

លោក កើត សារ៉ាយ៖ «មក​ដល់​ពេល​នេះ​យើង​បាន​ធ្វើ​ការ​កត់សំគាល់​ថា​កម្ពុជា​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នៃ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​មនុស្ស ជាពិសេស​លទ្ធិប្រជាធិបតេយ្យ​តែ​ម្ដង​នេះ​ហើយ​ជា​ការ​ពិត​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ប្រកែក​បាន​ហើយ​ខ្ញុំ​ជឿជាក់​ថា​រដ្ឋាភិបាល​ខ្លួនឯង​ក៏​ដឹង​យ៉ាង​ច្បាស់​ដែល​ថា​ខ្លួន​កំពុង​ធ្វើ​អី​កំពុង​ដើរ​ទៅ​ណា»

កាល​ពី​ថ្ងៃទី២១ វិច្ឆិកា  គណៈកម្មការ​អឺរ៉ុប​បាន​ចេញ​របាយការណ៍  បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​ត្រូវ​តែ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ពិត និង​គួរ​ឱ្យ​ជឿជាក់ ដើម្បី​កែ​លំអ​ឡើង​វិញ ជុំវិញ​ក្ដី​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​សហភាព​អឺរ៉ុប ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពេញ​លេញ​ឡើង​វិញ ជាពិសេស គឺ​ពាក់ព័ន្ធ​នឹង​ក្ដី​កង្វល់​ជុំវិញ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ រួម​ទាំង​បញ្ហា​ដីធ្លី​បង្ក​ឡើង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សិទ្ធិ​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាក្រុង​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហែ​ក្បួន​បាតុកម្ម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។