សង្គម​ស៊ីវិល​មិន​ហ៊ាន​ធ្វើ​ទិវា​សិទ្ធិមនុស្ស​ទ្រង់ទ្រាយ​ធំ​ព្រោះ​ខ្លាច​ការ​​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល

ដោយ មាន ឫទ្ធិ
2017-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Pry Neru

អង្គការ​សង្គម​ស៊ីវិល រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប​ទី​៦៩ រៀងៗ​ខ្លួន​នៅ​តាម បណ្ដា​ខេត្ត​ផ្សេងៗ ខណៈ​ដែល​រដ្ឋាភិបាល ប្រារព្ធ​ទិវា​នេះ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។ អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី រាប់​រាយ​នាក់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​គោរព​សិទ្ធិមនុស្ស លើកស្ទួយ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួបជុំ ព្រមទាំង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​អ្នកកាសែត​ជាដើម។ រីឯ​រដ្ឋាភិបាល​ថា សិទ្ធិមនុស្ស និង​វឌ្ឍនភាព​មាន​ពេញ​បរិបូរណ៍ ក្រោយ​ផ្ដួល​រំលំ​របប​ប៉ុលពត។

ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំនេះ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព ភ័យខ្លាច​បំផុត ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល ដោយ​ពួកគេ ពុំ​ហ៊ាន​ប្រារព្ធ​ទិវា​នេះ ទ្រង់ទ្រាយ​ធំ ដូច​រាល់​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ ពោល​គឺ​ពួកគេ ប្រារព្ធ​ទិវា​នេះ​ទ្រង់ទ្រាយ​តូច​នៅ តាម​បណ្ដា​ខេត្ត​ផ្សេងៗ​តែ​រៀងៗ​ខ្លួន។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា សមាគម​របស់​លោក បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ នៅ​ខេត្ត​ព្រះវិហារ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម ប្រមាណ ជិត ១​ពាន​នាក់ ក្រោម​ការ​ឃ្លាំមើល របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ហាម​ដាច់​ខាត​មិន​អោយ​ហែ​ក្បួន​តាម​ដង​ផ្លូវ។

លោក សឹង សែនករុណា បន្ត​ថា ក្នុង​ទិវា​នេះ អ្នក​ចូលរួម​បាន​ស្រែក​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​នូវ​ក្តី​កង្វល់​របស់​ពួកគាត់ រួមមាន ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ជួប​ប្រជុំ រំលោភ​ដីធ្លី​ដោយ​ក្រុមហ៊ុន និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ លើស​ពី​នេះ ពួកគេ​ក៏​ទាមទារ​ឲ្យ​ដោះលែង​អតីត អ្នកសារព័ត៌មាន អាស៊ីសេរី សកម្មជន​មាតា​ធម្មជាតិ សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស ទម្លាក់ ចោលការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​ជាដើម«វា​មិន​មាន​យុត្តិធម៌​សម្រាប់​ពួកគេ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​នឹង​ពួកគាត់​នៅ​ក្រៅ​ឃុំ​ដែល​មិន​ទាន់​ទម្លាក់​បទ​ចោទ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ការងារ​អោយ​បាន​ដូច​ដើម ដូច្នេះ​សូម​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​រដ្ឋាភិបាល ត្រូវ​ធ្វើ​យ៉ាង​ណា ពង្រឹង​ឲ្យ​មាន​យុត្តិធម៌​សង្គម​ឡើង​វិញ​ហើយ ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​​ការ​​​​គោរព​សិទ្ធិមនុស្ស។មនុស្ស​ត្រូវ​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ មិនមែន​អនុវត្ត​ច្បាប់​តែ​ទៅ​លើ​ជន​ទន់ខ្សោយ ជន​ស្លូតត្រង់ ឬ​អ្នក​ដែល​ខ្លួន​មិន​ពេញចិត្ត ឬ​អ្នក​ដែល​មតិ​​ជំទាស់​នោះ​ទេ»

លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ពុំ​មាន​ធ្វើ​ទិវា​នេះ​រួមគ្នា ឲ្យ​បាន​ទូលំទូលាយ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​នេះ មិន​អំណោយផល​ដល់​ការ​ជួប​ប្រជុំ និង​ពិបាក​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។ ជាពិសេស​នៅមុន​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​មកដល់ គឺ​រដ្ឋាភិបាល​បាន​រឹតត្បិត​សេរី​ជួប​ប្រជុំ​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ខ្លាំង។

រីឯ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុងភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ប្រមាណ ២​រយ​នាក់ ក្រោម​ប្រធានបទ​សិទ្ធិ​ទទួល​បាន ប្រាក់ខែ​សមរម្យ និង​កិច្ច​គាំពារ​សង្គម​សមរម្យ។ លោក​បាន​ស្នើ​ចំនួន ១៨​ចំណុច​ទៅ​រដ្ឋាភិបាល និង​រដ្ឋសភា ដើម្បី​ជួយ​ដោះស្រាយ​រួមមាន៖ ការ​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ ស្នើ​រៀបចំ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ជូន​កម្មករ​ឲ្យ​បាន​ភាគច្រើន និង​ស្នើ​បញ្ឈប់​ការ​រឹតត្បិត​សហជីព និង​ប្តឹង​ផ្ដល់​សហជីព ព្រមទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យមើល​រោងចក្រ ដែល​បិទទ្វារ​មិន​បើក​លុយ​ជូន​កម្មករ ព្រម​ទាំង​ធ្វើ​កិច្ចសន្យា​ខ្លីៗ​ជាដើម«ការ​ដំឡើង​ប្រាក់ខែ​នេះ​វា​នៅ​មិន​ទាន់​សមរម្យ​នៅ​ឡើយ​ទេ ដូច្នេះ​សូម​អោយ​ពិចារណា​ថែម​ទៀត។ មួយ​ទៀត​គឺ​យើង​សុំ​អោយ​ដំឡើង និង​កំណត់​ប្រាក់​ឈ្នួល​ដល់​វិស័យ​ផ្សេងៗ​ដូច​ជា​ទេសចរណ៍ សេវាកម្ម សំណង់ កសិកម្ម គឺ​ការ​ផ្ដល់​ប្រាក់​ឈ្នួល​ទៅ​តាម​ការ​នឹក​ឃើញ​របស់​និយោជក។ពាក់ព័ន្ធ​នឹង​សន្តិសុខ​សង្គម គឺ​មាន​ការ​វិវត្ត​ច្រើន​ដែរ​ឆ្នាំ​នេះ តែ​យើង​ឃើញ​ថា សេវា​សន្តិសុខ​សង្គម ការ​ប្រើប្រាស់​មន្ទីរពេទ្យ ការ​យក​ចិត្ត​ទុក​ដាក់​របស់​មន្ទីរពេទ្យ វា​នៅ​មាន​ចំណុច​ឧបសគ្គ​ច្រើន»។

លោក​បាន​ចាត់ទុកថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ឆ្នាំ ២០១៧​នេះ អាក្រក់​ខ្លាំង​បំផុត​ដោយសារ​ការ​ជួប ប្រជុំ​ម្តងៗ​ត្រូវ​បាន​រារាំង​គ្រប់​ពេល និង​ចោទប្រកាន់​ផ្ដេសផ្ដាស​តាម​អំពើ​ចិត្ត​ពី​អាជ្ញាធរ​រដ្ឋាភិបាល។

ក្នុង​ទិវា​សិទ្ធិមនុស្ស​នេះ យុវជន​ក៏បាន​ជួប​ប្រជុំ​គ្នា​ដែរ ដោយ​ពួកគេ​បាន​ទាមទារ​ថា យុវជន​ត្រូវការ សេរីភាព​បញ្ចេញមតិ និង​ការ​ជួបជុំ។

ដោយឡែក​រដ្ឋាភិបាល បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិមនុស្ស​នេះ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្រោម​ប្រធានបទ «សន្តិភាព គឺ​ជា​មូលដ្ឋានគ្រឹះ នៃ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ»

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មិន​បាន​ចូលរួម​កម្មវិធី​នោះ​ទេ ប៉ុន្តែ​លោក​បាន​រំលេច​នូវ​សារ​ខ្លី​មួយ នៅ​លើ​ហ្វេសប៊ុក (Facebook) ថា រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ១៩៧៩ នៃ​របប​វាល​ពិឃាដ គឺ​ពលរដ្ឋ​ខ្មែរ គ្មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់ រួម​ទាំង​សិទ្ធិ​រស់រាន​មាន​ជីវិត និង​សិទ្ធិ​ទទួលទាន​អាហារ​គ្រប់គ្រាន់។ លោក​បន្ត​សំណេរ​ថា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ១៩៧៩ គឺ​លោក​បាន​នាំមក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​វឌ្ឍនភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​រហូត មក​ដល់​សព្វថ្ងៃ។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក សឹង សែន​ករុណា ថា លោក​មិន​បដិសេធ​នូវ​អ្វី​ដែល​រដ្ឋាភិបាល​លើកឡើង​នោះ​ទេ ប៉ុន្តែ​សន្តិភាព​កម្ពុជា​មិនមែន​កើតឡើង​ដោយ​ក្រុម​ណាមួយ​ទេ គឺ​កើតឡើង​ដោយ សារ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ការ​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រាន់ នោះ​គឺ​មិនបាន​ឆ្លុះ​បញ្ចាំ​ពី​ការពិត​ឡើយ «បើ​យើង​និយាយ​ពី​សន្តិភាព មិន​អាច​លើក​ឡើង​តែ​ភាគី​ណា​ម្ខាង​បាន​ទេ គឺ​ត្រូវ​និយាយ​គ្រប់​​​​​​ភាគី​ទាំងអស់ ហើយ​ដើម្បី​បន្ត​នៅ​និរន្តរភាព​នៃ​សន្តិភាព​នេះ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិ​គ្រប់​ភាគី​ទាំងអស់ មិនមែន​សន្តិភាព​ដោយ​គិត​មាន​តែ​ក្រុម​ម្ខាង​បាន​សេចក្ដី​សុខ រី​ឯ​ម្ខាង​ទៀត​ទទួល​រង​នូវ​ភាព​អយុត្តិធម៌ ការ​គំរាមកំហែង ការ​រឹតត្បិត ហើយ​មិន​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ផ្លូវ​ចិត្ត​ផ្លូវ​កាយ​ជាដើម​នោះ​ទេ»។

ក្នុង​រយៈកាល ៥​ឆ្នាំ​កន្លង​មក​នេះ ការ​រំលោភ​សិទ្ធិមនុស្ស​លើ​សកម្មជន​ដីធ្លី ទៅ​លើ​កម្មករ យុវជន អ្នកកាសែត ពិសេស​អ្នកការពារ​សិទ្ធិមនុស្ស​មានការ​គំរាមកំហែង​ខ្លាំង រហូត​ទៅ​មានការ​បាញ់សម្លាប់ ចាប់​ដាក់​ពន្ធនាគារ និង​ជាប់​បណ្ដឹង​ជាច្រើន​នៅ​តុលាការ ដោយសារ​ការ​តវ៉ា និង​ការសម្ដែង​មតិ។

អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត​នានា សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប សុទ្ធតែ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ។ សហគមន៍​អន្តរជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ការ​ពិត ហើយ​ដោះស្រាយ​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ គេ​នឹង​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ក្រោយ​សហរដ្ឋអាមេរិក បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ មិន​អោយ​ចូល​ទឹកដី​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

កូនកម្ពុជា

ការពិត បើគ្មានអត់ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ប្រជាពលរដ្ឋ នឹងត្រូវស្លាប់ក្នុងផែនការ ក៥ របស់ហ៑ុនសែន វៀតណាម ជាដដែល .

Dec 11, 2017 09:24 PM

អ្នក​អាន​អនាមិក

សូមជំរាប លោកហ៑ុនសែន : សភាពការ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១
ផែនការវៀតណាម គឺ = យកជ័យភ័ណ្ឌ ទ្រព្យសម្បត្តិជាតិកម្ពុជា ដឹកទាំងយប់ទាំងថ្ងៃ ជញ្ជូនយកទៅប្រទេសវៀតណាម ផង និងសម្លាប់ប្រជាពលរដ្ឋកម្ពុជា តាមផែនការ ក5 ដោយប្រយោលផង !
ដូច្នេះ វៀតណាមចំណេញ ទាំងអស់់ !

Dec 10, 2017 10:45 PM

កូនកម្ពុជា

ការពិត បើគ្មានអត់ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ប្រជាពលរដ្ឋ នឹងត្រូវស្លាប់ក្ុងផែនការ ក៥ របស់ហ៑ុនសែន វៀតណាម ជាដដែល .

Dec 10, 2017 09:20 PM

គេហទំព័រ​ទាំងមូល