ពលរដ្ឋ និងអ្នកការពារសិទ្ធិមនុស្សធ្វើធម្មយាត្រាពីក្រុងកំពតមកភ្នំពេញ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស
2024.12.06
ពលរដ្ឋ និងអ្នកការពារសិទ្ធិមនុស្សធ្វើដំណើរធម្មយាត្រា ក្រុមអ្នកការពារសិទ្ធិមនុស្សប្រមាណ ៥០នាក់ ធ្វើដំណើរធម្មយាត្រា និងសិទ្ធិយាត្រា ពីក្រុងកំពតមកភ្នំពេញ ដើម្បីរំលឹកទិវាសិទ្ធិមនុស្ស ១០ធ្នូ។ ក្រុមអ្នកធ្វើធម្មយាត្រា និងសិទ្ធិយាត្រា នាំគ្នាផ្សព្វផ្សាយអំពីខ្លឹមសារសិទ្ធិមនុស្សដល់ពលរដ្ឋ និងស្នើដល់រដ្ឋាភិបាលឱ្យគោរពសិទ្ធិមនុស្ស ជាពិសេស ដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពឡើងវិញ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សហៅកាត់ថាច្រាក់ (CHRAC) និងអង្គការសង្គមស៊ីវិល ១៧ស្ថាប័នទៀត នៅថ្ងៃទី៦ ខែធ្នូ បានប្រារព្ធធ្វើធម្មយាត្រាសិទ្ធិយាត្រ ក្រោមប្រធានបទ «ជ្រោងតម្លៃមនុស្សជាតិ និងសិទ្ធិមនុស្ស»។
សកម្មភាពថ្ងៃនេះអ្នកចូលរួមដើរក្បួន សមាធិ ដោយមានសំលៀកបំពាក់អាវយឺតពណ៌សភ្ជាប់ជាមួយសារ ១០ធ្នូ គោរពស្រឡាញ់ ការពារមនុស្សជាតិ អ្នកចូលរួមខ្លះទៀតកាន់ទង់ជាតិ និងទង់សាសនា និងអ្នកចូលរួមខ្លះកាន់បដា ដែលមានខ្លឹមសារដូចជា «ការពារសិទ្ធិមនុស្ស លើកកម្ពស់សិទ្ធិមនុស្ស លើកកម្ពស់ប្រជាធិបតេយ្យធ្វើឱ្យជីវិតមានន័យ» ឬឱវាទរបស់ព្រះសម្មាសម្ពុទ្ធ «ស្គាល់ទុក្ខខ្លួនយើង ស្គាល់ទុក្ខអ្នកដទៃ» ជាដើម។ ការដើរក្បួនសមាធិនេះ ត្រូវបានកម្លាំងអាជ្ញាធរប្រមាណ ២០នាក់ តាមឃ្លាំមើល និងថតរូបអ្នកចូលរួម។
និស្សិតផ្នែកកសិកម្ម កញ្ញា ជិន ឆវិន ដែលចូលរួមបានចូលរួមក្នុងធម្មយាត្រានេះលើកឡើងថា រដ្ឋាភិបាលបានរឹតត្បិត និងចាប់ខ្លួនពលរដ្ឋ និងយុវជន ដែលលើកឡើងពីបញ្ហាសង្គម និងបរិស្ថានរហូតចោទពួកគាត់ពីបទក្បត់ជាតិ ឬបទញុះញង់ជាដើម។ កញ្ញាទទូចដល់រដ្ឋាភិបាលដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាព ហើយរដ្ឋាភិបាលត្រូវតែធានាថា ពលរដ្ឋគ្រប់រូបអាចអនុវត្តសិទ្ធិសេរីភាពបានពេញលេញ។
កញ្ញា ជិន ឆវិន៖ «ការគោរពសិទ្ធិមនុស្សនៅកម្ពុជានៅមានកម្រិតខ្លាំង ហើយមួយទៀត នៅពេលដែលយើងមានមតិអី ត្រូវបានរាជរដ្ឋាភិបាលចោទថា ក្បត់ជាតិ រួមគំនិតក្បត់ ចោទថា ញុះញង់»។
ចំណែកនិស្សិតប្រវត្តិវិទ្យា លោក ថន ធន កត់សម្គាល់ឃើញថា សិទ្ធិសេរីភាពរបស់ពលរដ្ឋរងការរំលោភបំពានកាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាល ដែលធ្វើឱ្យពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាល។ លោកចង់ឃើញតុលាការបង្ហាញភាពឯករាជ្យ និងបញ្ឈប់ការកាត់ទោសមកលើពលរដ្ឋស្លូតត្រង់។
លោក ថន ធន៖ «សម្រាប់ខ្ញុំជាយុវជនចង់ឱ្យស្ថាប័នតុលាការហ្នឹង មានភាពឯករាជ មានភាពជាម្ចាស់ការលើខ្លួនឯង មិនស្ថិតក្រោមឥទ្ធិពលនយោបាយណាមួយ មិនស្ថិតក្រោមឥទ្ធិពលអ្នកមានអំណាចណាមួយទេ ចង់ឱ្យស្ថាប័នតុលាការមានភាពឯករាជ្យ ហើយឱ្យពួកគាត់ហ្នឹងទម្លាក់បទចោទមកលើយុវជន ដែលធ្វើការងារសង្គម មិនថា សកម្មជននយោបាយ សង្គម ឬក៏បរិស្ថានដែរទេ»។
ជុំវិញករណីនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដែលចូលរួមដើរក្បួនសមាធិ លោក នី សុខា មានប្រសាសន៍ថា ការធ្វើធម្មយាត្រា ដើម្បីចូលរួមផ្សព្វផ្សាយដល់ពលរដ្ឋពីខ្លឹមសារនៃសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលមានអត្ថន័យដូចគ្នានឹងខ្លឹមសារសិទ្ធិមនុស្ស។
លោក នី សុខា ថា ការធ្វើធម្មយាត្រាក៏ដើម្បីផ្ញើសារទៅកាន់រដ្ឋាភិបាលឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរួមមានដោះលែងអ្នកទោសមនសិការទាំងអស់ បើកឱ្យពលរដ្ឋអាចបញ្ចេញមតិដោយពុំមានការភ័យខ្លាច និងធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវនឹងយុត្តិធម៌។ លោកថា ក្នុងនាមជាសង្គមស៊ីវិលមិនចង់ឃើញឱ្យបណ្ដាប្រទេសប្រជាធិបតេយ្យដាក់ទណ្ឌកម្មមកលើកម្ពុជា ដោយសារតែបញ្ហាសិទ្ធិមនុស្ស ហើយពលរដ្ឋខ្មែរជាអ្នករងគ្រោះនោះទេ។
លោក នី សុខា៖ «ធ្វើនេះក៏ជាការផ្ញើសារទៅដល់រដ្ឋាភិបាលផងដែរ ព្រោះរដ្ឋាភិបាល គឺជាតួអង្គសំខាន់មួយ នៅក្នុងការធ្វើឱ្យមានការគោរពសិទ្ធិមនុស្សប្រសើរឡើង ពីព្រោះរដ្ឋាភិបាល គឺជាភាគីនៃហត្ថលេខីនៃកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្សទាំងអស់។ ដូច្នេះ យើងផ្ញើសារជូនរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលងាកមកស្ដារបញ្ហាសិទ្ធិមនុស្សនេះ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា និងលោក ស្រ៊ាង ចិន្តា បានទេ នៅថ្ងៃទី៦ ខែធ្នូ។
ចាប់តាំងពីឡើងកាន់អំណាចរយៈពេលមួយឆ្នាំមក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស ដោយយកតាមគំរូឪពុកលោក គឺលោក ហ៊ុន សែន ដោយវិធីបង្ក្រាបអ្នករិះគន់ រួមមាន អ្នកនយោបាយ សហជីព សង្គមស៊ីវិល យុវជន សកម្មជន រហូតដល់ពលរដ្ឋសាមញ្ញ។ មកទល់ពេលនេះ មានអ្នកជាប់ឃុំដោយសារប្រើសិទ្ធិស្របច្បាប់ជិត ១រយនាក់ហើយ ក្នុងនោះ មានទាំងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកទោសនយោបាយសំខាន់ៗ ជាច្រើនទៀត សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ជាដើម។ អ្នកឃ្លាំមើលសង្គមថាប្រជាពលរដ្ឋខ្មែរ នឹងកាន់តែប្រឈមផលប៉ះពាល់ធំធេង ប្រសិនបើសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។