ក្រុមអង្គការ​សង្គមស៊ីវិល​បន្ត​ធ្វើយុទ្ធនាការ​រួមគ្នា​បង្ហោះ​ហ្វេសបុក​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ដោយ សន ចាន់រដ្ឋា
2022.12.19
ក្រុមអង្គការ​សង្គមស៊ីវិល​បន្ត​ធ្វើយុទ្ធនាការ​រួមគ្នា​បង្ហោះ​ហ្វេសបុក​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ស្លៀកពាក់​ដូច​អ្នកទោស ទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ នៅខួបមួយឆ្នាំនៃការធ្វើកូដកម្មកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ
ក្រុម​អង្គការ​សង្គមស៊ីវិលជាង ១០ ស្ថាប័ន បន្ត​ធ្វើ​យុទ្ធនាការ​ បង្ហោះសារ​តាម​បណ្តាញ​សង្គម​ហ្វេសបុក (Facbook) រាល់​សប្តាហ៍ ដើម្បី​ទាមទារ​​ឱ្យ​​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដែល​​កំពុង​​ជាប់ឃុំ​ក្នុង​​ពន្ធនាគារ​ ៣ សប្តាហ៍​​មក​​ហើយ។ ក្រុម​អង្គការ​​សង្គម​ស៊ីវិល​​ទាំង​នោះ​​រួមមាន​ សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដហុក (ADHOC) អង្គការ​​សង់ត្រាល់ ​(CENTRAL) ​និង​អង្គការ​លីកាដូ ​(Licadho) ​ជា​ដើម។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែធ្នូថា ការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ គឺ​ជា​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ ហេតុនេះ​ទើប​ក្រុម​អង្គការ​សង្គមស៊ីវិល បន្ត​ធ្វើ​យុទ្ធនាការ​នេះ ដើម្បី​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​សំណុំ​រឿង​នេះ​ឡើង​វិញ៖

«ការ​ឃុំ​ខ្លួន​នេះ​វា​ជា​បញ្ហា​បន្ថែម​បន្ទុក​លើ​ក្រុមហ៊ុន និង​ក្រុម​កូដករ​ទៅ​វិញ​ទេ មិនមែន​ជា​ដំណោះស្រាយ​ឡើយ។ កាល​ណា​បន្ថែម​បញ្ហា​ទៀត ដំណោះស្រាយ​អត់​អាច​កើត​មាន​ឡើយ ​សូម​ពិនិត្យ​មើល​ជា​ពិសេស​ក្រសួង​យុត្តិធម៌»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​បង្ហោះសារ ភ្ជាប់​រូបភាព ក្រុម​បាតុករ​កាន់​បដា ធ្វើ​កូដកម្ម​ ជំរុញ​ឱ្យ​តុលាការ ដោះលែង​កញ្ញា ស៊ីថរ តំណាង​សហជីព​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​កញ្ញា ឈឹម ស៊ីថរ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​អំពើ​កូដកម្ម​អហិង្សា​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍។ អាជ្ញាធរ​បាន​ចាប់​មេ​សហជីព​រូប​នេះ​ដាក់​ពន្ធនាគារ​លើក​ទី​មួយ កាល​ពី​ខែ​មករា ហើយ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែ​មីនា មុន​នឹង​ចាប់​ខ្លួន​នាង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​ថ្មីៗ នេះ។

ក្រុមអង្គការ​ទាំង​នោះ​ចាត់​ទុក​ការ​ចាប់​ខ្លួន​កញ្ញា ស៊ីថរ ដោយលើក​យក​មូលហេតុ​ថា កញ្ញា​មិន​បាន​គោរព​លក្ខខណ្ឌ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ នៅពេល​ដែល​កញ្ញា​មិន​ដែល​ទទួល​ការ​ជូនដំណឹង​ពី​អាជ្ញាធរ​តុលាការ អំពី​លក្ខខណ្ឌទាំង​នោះ គឺជាការ​រំលោភ​សិទិ្ធមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។ ពួកគេ​ទាមទារ​ឱ្យ តុលាការ​ដោះលែង​កញ្ញា ស៊ីថរ ជាបន្ទាន់​ដោយ​ឥតលក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។