សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ ចុះអប់រំប្រជាពលរដ្ឋខ្មែរដែលរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំមួយចំនួននៅស្រុកមេមត់ អំពីសិទ្ធិ និងសកម្មភាពចូលរួមការបោះឆ្នោត។ ក្រៅពីនេះ ពួកគេបានពន្យល់ពីសារសំខាន់ក្នុងការទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទើបធ្វើឱ្យពលរដ្ឋមានសិទ្ធិចូលរួមបោះឆ្នោតបាន។ ចំណែកអាជ្ញាធរមូលដ្ឋានវិញ បញ្ជាក់ថា ពួកគាត់នឹងផ្សព្វផ្សាយបន្តឱ្យពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាដើម្បីមានសិទ្ធិជ្រើសរើសមេដឹកនាំល្អនៅក្នុងសង្គម។
យុទ្ធនាការអប់រំប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម អំពីសិទ្ធិចូលរួមការបោះឆ្នោត គឺមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែសីហា។ យុទ្ធនាការនេះមានការចូលរួមពីពលរដ្ឋជាង ២០០នាក់ មកពីតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកមេមត់ ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានផង។ អ្នកភូមិហាក់យល់កាន់តែច្បាស់បន្ថែមទៀតអំពីសិទ្ធិសេរី និងសារសំខាន់នៃការចុះឈ្មោះបោះឆ្នោតថ្មី។
ប្រជាពលរដ្ឋនៅភូមិងាវ ឃុំជាំ ស្រុកមេមត់ អ្នកស្រី ស៊ឹម ផុន ឱ្យដឹងថា ក្រោយពេលសមាគមអាដហុក (ADHOC) ផ្សព្វផ្សាយអំពីសិទ្ធិអ្នកបោះឆ្នោត និងភារកិច្ចរបស់អ្នកបោះឆ្នោតត្រូវបំពេញធ្វើឱ្យពួកគាត់យល់កាន់តែច្បាស់ថា ការចូលរួមបោះឆ្នោតពិតជាសំខាន់ ពិសេសសម្រាប់ពលរដ្ឋក្រីក្រ។ អ្នកស្រីបន្តថា គាត់ ព្រមទាំងសមាជិកក្រុមគ្រួសារនឹងទៅចូលរួមចុះឈ្មោះបោះឆ្នោតថ្មីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ឱ្យបានគ្រប់ៗគ្នា៖ «យល់ហើយ ម្យ៉ាងទៀតខំតស៊ូដើម្បីក្មេងជំនាន់ក្រោយ កូនចៅជំនាន់ក្រោយ កុំឱ្យមានបាត់បង់។ ដូចថា ទឹកដីអីហ្នឹងឱ្យមានការរីកចម្រើនឡើង»។
ស្រដៀងគ្នានេះ ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម មួយរូបទៀត លោក ហ៊ន ឌុល ឱ្យដឹងថា ការចុះឈ្មោះបោះឆ្នោត គឺរឹតតែមានសារសំខាន់ថែមទៀត ពីព្រោះអាចឱ្យពួកគាត់មានសិទ្ធិចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដើម្បីជ្រើសរើសអ្នកដឹកនាំល្អសម្រាប់សង្គមជាតិទាំងមូល៖ «ខ្ញុំសប្បាយចិត្តដែលទទួលបានការយល់ដឹង ការបណ្ដុះបណ្ដាលរបស់គាត់ខាងសមាគមអាដហុក គាត់មិនមែនអង្គការបក្សណាទេ។ គាត់ជាអង្គការឯករាជ្យ បានយល់ដឹងក្នុងការបោះឆ្នោត»។
ជាមួយគ្នានេះ មេឃុំជាំ ដែលបានចូលរួមក្នុងវេទិកាសិទ្ធិអ្នកបោះឆ្នោត លោក ប្រាក់ វន្នី មានប្រសាសន៍ថា សិទ្ធិចូលរួមបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជារឿងសំខាន់សម្រាប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។ លោកបន្តថា អាជ្ញាធរឃុំនឹងណែនាំពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះឆ្នោតឱ្យពួកគាត់បានទៅចុះឈ្មោះគ្រប់ៗគ្នា៖ «បើនិយាយពីសិទ្ធិបោះឆ្នោត និងសិទ្ធិពលរដ្ឋដែលត្រូវជ្រើសរើសនេះ គឺវាមានសារសំខាន់ ដោយផ្ដោតទៅលើជម្រើសថ្នាក់ដឹកនាំ ពីថ្នាក់មូលដ្ឋានឡើងទៅថ្នាក់ជាតិ។ អ៊ីចឹងឃើញថា ពលរដ្ឋម្នាក់ៗ គាត់ទន្ទឹងរង់ចាំអ្នកដឹកនាំល្អៗ អ្នកដឹកនាំគិតពីផលប្រយោជន៍របស់គាត់»។
ប្រតិទិនកំណត់ការចុះឈ្មោះបោះឆ្នោតថ្មី គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដែលមានពលរដ្ឋគ្រប់អាយុចុះឈ្មោះជាង ៩លាននាក់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា កាលណាពលរដ្ឋយល់កាន់តែច្បាស់អំពីសិទ្ធិជាម្ចាស់ឆ្នោត គឺធ្វើឱ្យអ្នកនយោបាយមិនអាចបោកប្រាស់ពួកគាត់បាន។ បន្ថែមពីនេះ ធ្វើឱ្យពលរដ្ឋកាន់តែសកម្មក្នុងការចូលរួមសកម្មភាពនយោបាយនៅក្នុងសង្គម និងអាចឱ្យពួកគាត់ជ្រើសរើសមេដឹកនាំល្អគិតគូរប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈមរបស់អ្នកស្រុក៖ «ហៅពួកគាត់មក ដើម្បីឱ្យពួកគាត់យល់ឱ្យគាត់ដឹងថា ទោះបីជាពួកគាត់មានឈ្មោះក្នុងបញ្ជីសារមុនក៏ដោយ ប៉ុន្តែពេលនេះត្រូវតែចុះឈ្មោះម្ដងទៀតនៅថ្ងៃទី១ហ្នឹង។ សំខាន់ណាស់»។
មន្ត្រីសង្គមស៊ីវិលដដែលបន្ថែមថា ខាងលោកនឹងបន្តជំរុញការងារចុះឈ្មោះរបស់ពលរដ្ឋ ព្រមទាំងនឹងរៀបចំឱ្យមានជាវេទិកាសាធារណៈរវាងម្ចាស់ឆ្នោតជាមួយតំណាងគណបក្សនយោបាយដែលមានឈ្មោះក្នុងការប្រកួតប្រជែងនៅតំបន់ពួកគាត់រស់នៅ ដើម្បីឲ្យពលរដ្ឋយល់ដឹង និងចេះគិតពិចារណាថា តើគណបក្សនយោបាយណាដែលអាចដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។