មេ​ប៉ូលិស​ពាក់​ផ្កាយ​៣​ម្នាក់ រង​ការ​ចោទប្រកាន់​ថា បាន​ទះកំផ្លៀង​លើ​មន្ត្រី​គណបក្ស​ភ្លើងទៀន

ដោយ ម៉ៅ សុធានី
2022.04.24
មេ​ប៉ូលិស​ពាក់​ផ្កាយ​៣​ម្នាក់ រង​ការ​ចោទប្រកាន់​ថា បាន​ទះកំផ្លៀង​លើ​មន្ត្រី​គណបក្ស​ភ្លើងទៀន ឧត្តមសេនីយ៍​ឯក ប្រាក់ ណារ៉ុង។
Photo Courtesy

ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​ត្បូងឃ្មុំ អះអាង​ថា មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ពាក់​ផ្កាយ​៣​ម្នាក់​បាន​ទះកំផ្លៀង​លោក ខណៈ​រូបលោក​កំពុង​បំពេញការងារ​នៅ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ករណី​ប្រើ​អំពើ​ហិង្សា​នេះ​ថា ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ចាត់​វិធានការ​លើ​ជន​ដៃដល់​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ជា​គ្រូបង្រៀន នៅ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិត្យសភា​នគរបាល​​កម្ពុជា លោក អេង ស្រូយ ត្រូវ​បាន​មេ​របស់​គាត់ គឺ​ឧត្តមសេនីយ៍​ឯក ប្រាក់ ណារ៉ុង ទះកំផ្លៀង​មួយ​ដៃ​ក្នុង​ពេល​កំពុង​ប្រជុំ​ក្នុង​អង្គភាព​កាល​ពី​ថ្ងៃទី​២២ ខែ​មេសា ដោយសារ​រឿង​និន្នាការ​នយោបាយ។

លោក អេង ស្រូយ រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ មេសា​ថា មេ​របស់​លោក គឺ​ឧត្តមសេនីយ៍​ឯក ប្រាក់ ណារ៉ុង និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិតសភា​នគរបាល​កម្ពុជា បាន​កោះហៅ​លោក​ចូល​ប្រជុំ​ក្រោយពី​ចប់​កម្មវិធី​វគ្គ​សិក្សា​មួយ​នៅ​កន្លែង​អង្គភាព​កាល​ពី​ថ្ងៃទី​២២ មេសា។

ក្រោយមក​លោក​ថា ដើមចម​ដែល​បណ្ដាល​ឱ្យ​កើតមាន​ករណី​ប្រើ​ហិង្សា​លើ​លោក គឺ​ដោយសារតែ លោក ប្រាក់ ណារ៉ុង បាន​ហាមឃាត់​រូបលោក​មិន​ឱ្យ​ថតរូប​ក្នុង​កម្មវិធី​វគ្គ​សិក្សា​នោះ ដោយ​ចោទ​ថា​លោក​បាន​យក​ម៉ោង​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​ទៅ​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ផ្សេង៖ «ខ្ញុំ​បាន​ប្រាប់​ទៀត​ថា បើ​មាន​ឯកសារ​ភស្តុតាង​រូបភាព​ណា​ដែល​ខ្ញុំ​យក​ម៉ោង​រដ្ឋ ទៅ​បម្រើ​ការងារ​គណបក្ស ចាត់​វិធានការ និង​ដក​ក្របខណ្ឌ​ខ្ញុំ​ចោល​ចុះ​។ ខ្ញុំ​ស្នើ​សុំ​លោក ប្រាក់ ណារ៉ុង សុំ​និយាយ​ម្តង តែ​លោក​ប្រើ​ភាសា​ច្រឡោងខាម ប្រើ​ភាសា​បែប​មនុស្ស​ព្រៃ គ្មាន​សម​ជា​អ្នក​អប់រំ​អី​បន្តិច​។ គាត់​ចង្អុលមុខ​ខ្ញុំ ថា​លោក​ឯង​គ្មាន​អំណាច​ទេ​។ គាត់​ថា​ខ្ញុំ​មាន​តួនាទី​បក្ស​ប៉ុន្មាន​? ខ្ញុំ​ជា​មេ​លោក​ឯង​។ រួចហើយ​ស្ទុះ​មក​ទាំង​កម្រោល​ទះកំផ្លៀង​ខ្ញុំ​មួយ​ដៃ​។ តែ​ខ្ញុំ​អត់​តបត»

ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​រូប​នេះ ចាត់ទុក​ទង្វើ​របស់​មេ​ប៉ូលិស​ផ្កាយ​៣​នេះ​ជាម​ន្ត្រី​អនុវត្ត​តួនាទី​គ្មាន​វិជ្ជាជីវៈ និង​បាន​ប្រើ​អំណាច​តួនាទី ដើម្បី​គាបសង្កត់​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្សកាន់អំណាច​។ លោក​បញ្ជាក់​ថា លោក​មិន​ខ្លាច​បាត់បង់​តួនាទី​ជា​មន្ត្រី​នគរបាល​នេះ​ទេ ដោយសារតែ​យល់ថា​ទង្វើ​របស់​លោក​ធ្វើ​ដោយ​ស្របច្បាប់ និង​មាន​ការធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ៖ «ខ្ញុំ​ស្នើ​ដល់​សម្ដេច​ក្រឡា​ហោ ស ខេង ចាត់​វិធានការ​លើ​បុគ្គល​នេះ​។ បើ​ទុក​បុគ្គល ច្រឡោងខាម គ្មាន​វិជ្ជាជីវៈ​ក្នុង​ខ្លួន​បែបនេះ​ថ្ងៃក្រោយ​នឹង​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។ នេះ​គាត់​ដៃ​ទទេ បើ​គាត់​មាន​កាំភ្លើង​វិញ កំហឹង​ក្រេវក្រោធ ទាញ​កាំភ្លើង​បាញ់​គេ​ស្លាប់​គិត​ម៉េច​? គាត់​និយាយ​ទៀត ថា​នឹង​គំរាម​ខ្ញុំ​ទៀត​។ លោក ប្រាក់ ណារ៉ុង និយាយ​ថា​គាត់​នៅក្នុង​អង្គភាព​ស្លូត​ទេ បើ​នៅ​ក្រៅ​កន្លែងធ្វើការ​ខ្លាំង​ជាង​នេះ​ទៀត​។ គាត់​នឹង​គំរាម គាប​សង្កត់​ខ្ញុំ​តទៅទៀត​នៅក្នុង​អង្គភាព​ហ្នឹង»

លោក អេង ស្រូយ គឺជា​មន្ត្រី​នគរបាល​មួយរូប និង​ជា​គ្រូបង្រៀន​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ​នៃ​បណ្ឌិត​នគរបាល​កម្ពុជា​។ លោក ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​ពី​ការងារ​ក្របខណ្ឌ​រដ្ឋ ឬ​ចំ​ថ្ងៃ​ពី​ធី​បុណ្យទាន លោក​តែង​ចុះ​ជួយ​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​ជំរុញ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ ដោយសារតែ​លោក​បាន​ចុះចូល​ជាមួយ​គណបក្ស​ភ្លើងទៀន​បែប​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់លើ​របស់​លោក​ខឹង​សម្បារ និង​គំរាមកំហែង​ជា​បន្តបន្ទាប់ រហូត​មាន​ការ​ទះកំផ្លៀង​រូបលោក​ទាំង​នៅ​កន្លែង​អង្គភាព។

ទាក់ទង​ករណី​នេះ ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិតសភា​នគរបាល​កម្ពុជា លោក ប្រាក់ ណារ៉ុង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ចុច​ផ្តាច់​ទូរស័ព្ទ នៅ​ពេល​វិទ្យុ​អាស៊ីសេរី​សាកសួរ​អំពី​រឿង​នេះ។

លោក អេង ស្រូយ ថា​លោក​មិនទាន់​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​ស្ថាប័ន​ណាមួយ​នោះ​ទេ ដោយ​លោក​កំពុង​ពិចារណា​នៅឡើយ​។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​ស្ទាក់ស្ទើរ​គឺ​ដោយសារ​ប្រព័ន្ធ​តុលាការ​ខ្វះ​ភាព​ឯករាជ្យ ក្នុង​ការ​ជួយ​រក​យុត្តិធម៌​សម្រាប់​អ្នក​ទន់ខ្សោយ។

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​នៅឡើយ​នៅ​ថ្ងៃទី​២៣​មេសា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធ​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​លើ​ជីវភាព នយោបាយ​ជាមួយ​គណបក្ស​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត ដោយ​គ្មាន​ការ​បង្ខំ៖ «មន្ត្រីរាជការ​ទាំងអស់ ក៏​ជា​ពលរដ្ឋ​លោក​មាន​សិទ្ធ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ និង​គាំទ្រ​នយោបាយ​។ គ្រាន់តែ​មិន​អាច​អនុញ្ញាត​ឱ្យ​យក ពេលវេលា​នៃ​ការងារ​របស់​រដ្ឋ​ហ្នឹង ទៅ​បម្រើ​រាល់​គណបក្ស​នយោបាយ​។ ជាពិសេស គណបក្ស​កាន់អំណាច យើង​ឃើញ​មាន​អ្នកគាំទ្រ​ច្រើន ជា​មន្ត្រីរាជការ រហូត​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ គាត់​អាច​ចូលរួម និង​គាំទ្រ​បាន តែ​ក្នុង​ក្របខណ្ឌ​មួយ មិន​អាច​យក​ពេល​វេលា ឬ​ម៉ោង​ក្របខណ្ឌ​រដ្ឋ បម្រើ​គណបក្ស​នយោបាយ»

មន្ត្រី​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា ករណី​ប្រើ​អំពើ​ហិង្សា​គំរាមកំហែង​លើ​លោក អេង ស្រូយ ដោយ​ចេតនា​បែបនេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវតែ​មាន​ការ​ចាត់វិធានកា​រលើ​ជន​ដៃដល់​នោះ​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ករណី​លោក ប្រាក់ ណារ៉ុង ប្រើ​ហិង្សា​លើ​មន្ត្រី​គណបក្ស​ភ្លើងទៀន​នេះ គឺជា​ការអនុវត្ត​ផ្ទុយ​ពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ដែល​អំពាវនាវ​ជាថ្មី​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្ក​បរិយាកាស​នយោបាយ​ល្អ ជៀសវាង​ការប្រើ​ហិង្សា​លើ​រាងកាយ និង​ពាក្យ​សម្តី​ព្រមទាំង​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ទោះបីជា​យ៉ាងណា មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ភ្លើងទៀន​ចំនួន ៦​នាក់​ហើយ ក្នុង​នោះ​រួម​ទាំង​សាច់ញាតិ​របស់​ពួកគេ​ផង ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​ដាក់​ពន្ធនាគារ ហើយ​សកម្មជន​ជិត ១០​នាក់​ទៀត ត្រូវ​តុលាការ​កោះហៅ​ទៅ​បំភ្លឺ​ពី​បទ​ញុះញង់ និង​បទ​ក្លែង​ឯកសារ​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ ទន្ទឹម​នឹង​នេះ អនុប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ លោក ជឿន សារឹម បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​គ្រួសារ​ជនរងគ្រោះ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ។

ក្រៅ​ពី​នេះ​សកម្មជន និង​បេក្ខជន​បក្ស​នេះ​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប៉ុនប៉ង​ធ្វើ​បាប​ដោយ​គប់​ដុំ​ថ្ម​ចូលក្នុង​ផ្ទះ ការប្រើ​អំពើ​ហិង្សា និង​ដេញ​ធាក់​ផ្ដួល​ម៉ូតូ​គំរាមកំហែង និង​រារាំង​បេក្ខជន​បក្ស​ភ្លើងទៀន​គ្រប់​រូបភាព​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សង្កេតការណ៍​បោះឆ្នោត​វាយតម្លៃ​ថា បើ​បរិយាកាស​នយោបាយ​នៅតែ​ស្ថិត​ក្នុង​ភាព​អាប់អួ​បែបនេះ នឹង​មិនអាច​ធានា​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។