សកម្មជន​​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​អ្នក​​​រាយការណ៍​​​ពិសេស​​ជំរុញ​​រដ្ឋាភិបាល​ឲ្យ​​ស្ដារ​​សិទ្ធិ​មនុស្ស​និង​​លទ្ធិប្រជាធិបតេយ្យ

0:00 / 0:00

សកម្មជន​​សិទ្ធិ​មនុស្ស ព្រំដែន យុវជន​សង្គម និង​បរិស្ថាន ស្នើ​ឲ្យ​អ្នក​​រាយការណ៍​​ពិសេស​​ស្ដីពី​​ស្ថានភាព​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន ជំរុញ​ទៅ​រដ្ឋាភិបាល​​កម្ពុជាឲ្យ​ស្ដារ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

មន្ត្រី​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (ADHOC) និង​​ជា​​អតីត​​អនុ​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរលោក មាន ព្រហ្មមុនី បាន​ជួប​ជាមួយ​រាយការណ៍​​ពិសេស​​នៃ​អង្គការ​សហប្រជាជាតិ ស្ដីពី​​ស្ថានភាព​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន​ (Vitit Muntarbhorn)​ តាម​​ប្រព័ន្ធ​​អន​ឡាញ​ ​(Online) កាល​​​ពី​​ពេល​​ថ្មីៗ​​នេះ។

លោក​ថ្លែង​នៅ​យប់​ទី​១២ ខែមករាថា បញ្ហា​ដែល​ពួកគាត់​បាន​លើក​ឡើង​ទៅ​អ្នក​រាយការណ៍​ពិសេស គឺ​ជា​កង្វល់​រួម​ទាក់ទង​និង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កំពុង​ធ្លាក់​ចុះ។ ជាង​នេះ​ទៅ​ទៀត ពួក​លោក​ក៏​ស្នើ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​បទ​ចោទ​ដ៏​ពេញ​និយម គឺ​បទ​ញុះញង់ ដែល​អាជ្ញាធរ​តុលាការ​ប្រើប្រាស់​លើ​អ្នក​មាន​សំឡេង​ប្រឆាំង​រដ្ឋាភិបាល ដោយ​រង​ការ​គំរាមកំហែង និង​​ការ​ធ្វើ​ទុក្ខបុកម្នេញ បង្ក្រាប បំបិទ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។ រីឯ​បញ្ហា ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​សំណុំ​រឿង​កកស្ទះ ក៏​ត្រូវ​បាន​លើក​ឡើង ដោយ​ពួកគាត់​​ស្នើ​ឲ្យ​មន្ត្រី​អង្គការ​សហប្រជាជាតិ យក​ចិត្ត​ទុក​ដាក់​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែលម្អរ​ហើយ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​ស្រុង​​ពី​ពួកគេ​តាម​ផ្លូវ​តុលាការ​ផង​ដែរ។

លោក មាន ព្រហ្មមុនី រំពឹង​ថា នេះ​ជា​ឱកាស​ល្អ និង​ជា​ក្ដី​សង្ឃឹម​មួយ ថា​អាច​នឹង​មាន​ដំណោះស្រាយ​ជា​វិជ្ជមាន៖ « គាត់​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ តែ​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា និង​ឆន្ទៈ​ស្ដារ​ប្រជាធិបតេយ្យ និង​ស្ដារ​សិទ្ធិ​មនុស្ស​ដែរ​ឬ​អត់ ? តែ​គាត់​ខិតខំ​ប្រឹងប្រែង​ក្នុង​អាណត្តិ​ការងារ​របស់​គាត់ ហើយ​នឹង​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ពី​យើង​ខ្ញុំ​ផង​ដែរ។ យើង​មាន​ក្ដី​សង្ឃឹម​ពី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស គាត់​ធ្វើ​របាយការណ៍​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហ្នឹង​ហើយជា​អង្គការ​មួយ​មាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អាច​មាន​ឥទ្ធិពល​លើ​រដ្ឋ​នីមួយៗ​អាច​ដាក់​ទណ្ឌកម្ម ឬ​សម្ពាធ​លើ​រដ្ឋ​នីមួយៗ សំខាន់​ភាគី​រដ្ឋ​ត្រូវ​គោរព​តាម​គោលការណ៍​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នីមួយៗ »

1. 15, 17 and 20 – the months, metres and number of other detainees that 's defender Rong Chhun lived for, in and with during his imprisonment on incitement charges. He and six other HRDs met with Special Rapporteur on Cambodia Vitit Muntarbhorn

ការ​លើក​ឡើង​នេះ បន្ទាប់​ពីសកម្មជន​សិទ្ធិ​មនុស្ស ព្រំដែន យុវជន​សង្គម និង​បរិស្ថាន បាន​ជួប​ជាមួយ​អ្នក​​រាយការណ៍​​ពិសេស​​នៃ​អង្គការ​សហប្រជាជាតិ ស្ដីពី​​ស្ថានភាព​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន​ (Vitit Muntarbhorn)​ ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ មក តាម​ប្រព័ន្ធ​អនឡាញ។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន​ (Vitit Muntarbhorn) ​ធ្លាប់​បង្ហាញ​ក្ដី​បារម្ភ​​ក្នុង​​របាយការណ៍​របស់​ខ្លួន ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ថា កម្ពុជា​កំពុង​តែ​ដើរ​ថយក្រោយ ដោយ​ងាក​ចេញ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​គន្លង​ប្រជាធិបតេយ្យ។

ថ្មីៗ​នេះ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ចំនួន ៣ រូប ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​ផ្ដន្ទាទោស​លើ​អ្នក​ហ៊ាន​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ។

ក្រុម​អ្នក​ជំនាញ រិះគន់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​មធ្យោបាយ​កាត់បន្ថយ​វិសាលភាព​នៃ​សកម្មភាព​របស់​ពលរដ្ឋ។ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ទាំងនេះ គូស​បញ្ជាក់​ថា ពួកគេ​ព្រួយបារម្ភ​ជា​ខ្លាំង និង​ភ្ញាក់ផ្អើល​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​តុលាការ​ជា​មធ្យោបាយ​ជា​ថ្មី​ទៀត​ក្នុង​ការ​បំបិទ​សំឡេង​រិះគន់​របស់​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់ រួម​ទាំង​សកម្មភាព​អហិង្សា ដែល​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។