ពលរដ្ឋ​ថា​វិបត្តិ​នយោបាយ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​អនុវត្ត​សិទ្ធិ​បាន​ពេញលេញ

ដោយ សេក បណ្ឌិត
2017.12.11
ទេព វន្នី ៨៥៥ ២០១៦ ពី​ឆ្វេង៖ ស្ត្រី​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី បូវ សោភា លោកស្រី សុង ស្រីលាភ និង​លោកស្រី ទេព វន្នី ក្នុង​ចំណោម​ស្ត្រី ១៣​នាក់ ដែល​ជាប់​ចោទ​ពី​បទ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

ប្រជាពលរដ្ឋ​ព្រួយបារម្ភ ពី​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​សព្វថ្ងៃ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ទៅៗ​ពួកគាត់​ថា វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​គណបក្ស​កាន់អំណាច​នេះ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​កំពូល​របស់​ជាតិ​នោះ​ឡើយ។ ការ​លើកឡើង​ពី​សំណាក​ពលរដ្ឋ​បែបនេះ ខណៈ​ប្រទេស​កម្ពុជា កំពុង​ប្រារព្ធ​ទិវា​សិទ្ធិ​១០ ធ្នូ លើក​ទី៦៩ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ ក្នុង​ឆ្នាំ​២០១៧​នេះ គឺ​ធ្វើ​ឡើង​បែប​ឆក់​កន្ដៀត ដោយ​ស្ថិត​ក្នុង​សង្គ្រាម​នយោបាយ​ផ្ទុះឡើង​យ៉ាង​ក្តៅ​គគុក​ទូទាំង​ប្រទេស ព្រមទាំង​មានការ​រឹតត្បិត​ខ្លាំង​លើ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ និង​សម្ដែង​មតិ។

ទាំង​ពលរដ្ឋ និង​អង្គការ សង្គម​ស៊ីវិល បាន​បង្ហាញ​ថា ពលរដ្ឋ​មាន​សិទ្ធិ និង​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ក្ដី ប៉ុន្តែ វិបត្ត​នយោបាយ​ដែល​កំពុងតែ​អូស​បន្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ នាំ​ឲ្យ​សិទ្ធិ​ទាំងអស់​របស់​ពួកគាត់ ដូចជា​សិទ្ធិ​ប្រមូល​ផ្តុំ ឬ​សិទ្ធិ​ធ្វើ​បាតុកម្ម​ទាមទារ​អ្វីមួយ ត្រូវ​អាជ្ញាធរ​រាំង​ខ្ចប់​មិន​ឲ្យ​ពលរដ្ឋ ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​នោះ​ឡើយ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា សង្គម​កម្ពុជា​សព្វថ្ងៃ មិន​អនុញាត​ឲ្យ​ពលរដ្ឋ​បញ្ចេញមតិ​បាន​នោះ​ទេ។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ដូចជា​ខ្លួន​គាត់​ផ្ទាល់​តែងតែ​រង​ការ​បង្ក្រាប​ពេល​គាត់​ចេញមុខ​តវ៉ា ឬ​ទាមទារ​ម្តងៗ ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ខ្លួន​ព្រួយបារម្ភ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន។ «»

ពលរដ្ឋ​ម្នាក់ទៀត​និយាយ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ គឺជា​ការរំលោភ​សិទ្ធិ​ពលរដ្ឋ ព្រោះ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សំឡេង​ជិត​ពាក់​កណ្ដាល នៅ​ក្នុង​សភា ប៉ុន្តែ​បែរជា​ការ​មានការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ចោល ដោយ​មិន​គិត​ពី​ថា គណបក្ស​នេះ​មាន​ពលរដ្ឋ​ជាង​៣​លាន​នាក់​បាន​បោះឆ្នោត​ឲ្យ​កាលពី​ឆ្នាំ​២០១៣​នោះ​ឡើយ។ លោក​ថា សព្វថ្ងៃ​នេះ កុំថាឡើយ​សិទ្ធិ​ជួបជុំ​ធ្វើ​បាតុកម្ម​ទាមទារ​អ្វី សូម្បី​ការ​បញ្ចេញមតិ​នៅ​សាធារណៈ ក៏​ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញមតិ​ដែរ។ «»

រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ ស្ថានភាព​ឯទៀត​ឡើយ។

មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ។ សេចក្ដីស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

មាត្រា ៣៧ ចែងថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ ដែល​សកម្ម​ក្នុង​ការ​ទាមទារ​កន្លង​មក ប្រាប់​ថា សិទ្ធិ​ដែល​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ កញ្ញា​មិន​អាច​ប្រើប្រាស់​បាន​នោះ​ទេ។ កញ្ញា​បន្ត​ថា ដោយសារ​កម្ដៅ​នយោបាយ​ធ្វើ​ពលរដ្ឋ​សហគមន៍​របស់​កញ្ញា មិន​អាច​ជួបជុំ​បញ្ចេញមតិ អាច​ប្រើប្រាស់​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី មិនបាន​ទទួល​សិទ្ធិ​ទទួល​ព័ត៌មាន និង​បាត់បង់​សិទ្ធិ​ផ្សេងៗ​ទៀត។ ពលរដ្ឋ​រូប​នេះ ស្នើ​ទៅ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពួកគេ អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឡើង ឲ្យ​ស័ក្ដិសម​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ «»

វិបត្តិ​នយោបាយ​ដែល​បាន​អូស​បន្លាយ​តាំងពី​ដើម​ឆ្នាំ​២០១៥ រហូតដល់​ពេលនេះ រដ្ឋាភិបាល​លោក រង​ការ​ចោទប្រកាន់​ថា កំពុង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​បិទទ្វារ​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​រួច​ទៅ​ហើយ ក្នុង​នោះ​មាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យNDI អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​មាតា​ធម្មជាតិ​ជាដើម។ បិទ​កាសែត និង​វិទ្យុ​ឯករាជ្យ និង​វិទ្យុ​ក្នុងស្រុក​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​បន្ត​របស់​វិទ្យុ អាស៊ីសេរី និង​វីអូអេ រហូត​មានការ​ចាប់ខ្លួន​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប​ថែមទៀត​ផង។

សេចក្ដីថ្លែងការណ៍​របស់​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៣​ស្ថាប័ន លើកឡើង​ក្នុង​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ លើក​ទី​៦៩ ស្នើ​ដោយ​ទទូច​ទៅ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិ និង​ក្រុម​សង្គម​ស៊ីវិល រួម​ទាំង​បញ្ឈប់​ការ​រឹត​បន្តឹង​ដោយ​មិន​សម​ហេតុផល​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន។ សង្គម​ស៊ីវិល​សង្ឃឹម​ថា អាជ្ញាធរ​នឹង​គោរព​រដ្ឋធម្មនុញ្ញ និង​គ្មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ជាដើម។

មន្ត្រី​ជាន់ខ្ពស់​នៃ​ការ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ឯកភាព​នឹង​ការ​លើកឡើង​របស់​ពលរដ្ឋ​ដែល​ថា សិទ្ធិ​របស់​ពួកគេ​កំពុង​រឹតត្បិត​ព្រោះ​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ។ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា ពលរដ្ឋ​ត្រូវ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ពី​រដ្ឋាភិបាល ព្រោះ​គ្មាន​នរណា​ម្នាក់​យក​សិទ្ធិ​សេរីភាព​ដាក់​លើ​ជើង​ទាន​ឲ្យ​ពលរដ្ឋ​នោះ​ទេ ក្រៅពី​ពលរដ្ឋ​ទាមទារ​ដោយ​ខ្លួនឯង។ «»

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត លើកឡើង ថា អ្នកស្រី​មានការ​ព្រួយបារម្ភ ដោយសារ​រដ្ឋាភិបាល​កំពុង​យក​នីតិរដ្ឋ មក​ធ្វើជា​ឡប់ឡែ ដើម្បី​ជា​លេស​បិទបាំង បន្លំ​ការ​បង្ក្រាប​នេះ។

អ្នកស្រី លើកឡើង​បន្ថែម​ទៀត ថា ពាក្យ​ថា នីតិរដ្ឋ គឺ​មិនមែន​ត្រឹមតែ​យក​ច្បាប់​មក​អនុវត្ត​តែប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ ត្រូវ​គោរព​សិទ្ធិមនុស្ស និង​បង្ហាញ​ឲ្យ​ឃើញ​ពី​គោលការណ៍​នៃ​ភាព​ត្រឹមត្រូវ យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។