កម្មករកម្មការិនីរោងចក្រ សិស្ស និងអ្នកភូមិឡពាង នៃខេត្តកំពង់ឆ្នាំង ប្រមាណ ២០០នាក់ ប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៧ នៅថ្ងៃទី៦ ខែធ្នូ។ ពិធីនេះ បានដើរក្បួនចម្ងាយប្រហែល ៥គីឡូម៉ែត្រ ចេញពីផ្សារថ្នល់ទទឹង តាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ប្រាសាទទួលក្រសាំង ឋិតនៅភូមិឡពាង ដើម្បីទៅជួបជុំគ្នានៅទីនោះ ដែលជាទីគោរពបូជារបស់អ្នកភូមិ។
បន្ទាប់ពីដង្ហែក្បួនរយៈពេលខ្លីតាំងពីព្រឹកព្រលឹម តំណាង និងអ្នកភូមិចាត់ចែងឲ្យមានពិធីលេងឆៃយ៉ាំ ចែកសម្ភារៈសិក្សាដល់សិស្ស ជួបជុំពិសានំបញ្ចុកសាមគ្គី និងដាក់ធុងបាសរាំកម្សាន្តពេញមួយថ្ងៃ។
តំណាងសហគមន៍ឡពាង និងជាអ្នកសម្របសម្រួលពិធីអបអរទិវាសិទ្ធិមនុស្ស ១០ ធ្នូ នេះ គឺលោកស្រី អ៊ុំ សុភី មានប្រសាសន៍ថា ត្បិតអាជ្ញាធរមិនឲ្យដង្ហែក្បួននៅមុនថ្ងៃកម្មវិធីចាប់ផ្ដើម ប៉ុន្តែរូបលោកស្រី និងអ្នកភូមិជាច្រើនទៀត ជម្នះដង្ហែក្បួនរយៈពេលខ្លី ដើម្បីបង្ហាញពីសិទ្ធិសេរីភាពរបស់ខ្លួន។ លោកស្រីថា ការដង្ហែក្បួនមុនធ្វើពិធីនៅក្នុងភូមិ មិនបង្កអសន្តិសុខ ឬសណ្ដាប់ធ្នាប់សាធារណៈនោះទេ៖ «ពួកខ្ញុំគិតថា ពួកខ្ញុំត្រូវតែមានសិទ្ធិ ព្រោះសិទ្ធិមានចែងនៅក្នុងច្បាប់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដើរហើរ មានសិទ្ធិដើរហើរ និងបញ្ចេញមតិយោបល់។ អ៊ីចឹងខ្ញុំត្រូវអនុវត្តសិទ្ធិខ្លួនឯង ហើយពួកខ្ញុំថា បើធ្វើទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដោយមិនបានហែក្បួន នោះយើងមិនបានផ្សព្វផ្សាយអំពីសិទ្ធិឲ្យប្រជាពលរដ្ឋផ្សេងទៀតដឹងទេ»។
ទាក់ទងបញ្ហានេះ មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដែលដឹកនាំកម្លាំងប្រមាណ ២០នាក់ផ្សេងទៀតចុះរក្សាសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា ក្រុមពលរដ្ឋដែលមាន លោកស្រី អ៊ុំ សុភី និងស្វាមីជាអ្នករៀបចំ បានជម្នះហែក្បួនតាមផ្លូវជាតិ។ លោកថា កន្លងទៅ ក្រុមពលរដ្ឋនេះលំបាកនិយាយគ្នា និងមិនសូវស្ដាប់ការណែនាំរបស់អាជ្ញាធរ។
នៅក្នុងចំណារចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ របស់អភិបាលស្រុកកំពង់ត្រឡាច លោក ឈឹម វុទ្ធា ឆ្លើយតបនឹងលិខិតស្នើសុំធ្វើពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិរបស់ក្រុមពលរដ្ឋ ដែលមានតំណាងឈ្មោះ អ៊ុំ សុភី និងឈ្មោះ កែវ វណ្ណៈ បានអនុញ្ញាតឲ្យមានការប្រារព្ធពិធីក្នុងបរិវេណខាងមុខប្រាសាទទួលក្រសាំង តែមិនអនុញ្ញាតឲ្យមានការដង្ហែក្បួននាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះទេ។
មន្ត្រីផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ឆ្នាំង លោក សៅ ភារៈ ដែលបានចុះឃ្លាំមើលដំណើរការប្រារព្ធពិធីរបស់ក្រុមអ្នកភូមិ ថ្លែងថា គេមិនអាចគូសវាស ឬកំណត់សិទ្ធិសេរីភាពរបស់ពលរដ្ឋបានទេ នៅគ្រាដែលទិវាសិទ្ធិមនុស្សបានទទួលស្គាល់នៅលើពិភពលោក ហើយកម្ពុជា ក៏ទទួលយកគោលការណ៍គោរពសិទ្ធិមនុស្ស និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទៀតផង៖ «តាមពិតទៅនៅពេលដែលធ្វើពិធីអ្វីផ្សេងៗ គាត់ (ប្រជាពលរដ្ឋ) គ្រាន់តែជូនដំណឹងទៅអាជ្ញាធរទេ ហើយអាជ្ញាធរមានតួនាទីសម្រួលចរាចរណ៍ ជួយសម្រួលដល់សកម្មភាពរបស់គាត់ ព្រោះការធ្វើពិធីបុណ្យ ១០ ធ្នូ នេះ ជាពិធីមួយដែលសកលលោកទាំងមូលប្រារព្ធជារៀងរាល់ឆ្នាំ»។
ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៧ ក្នុងឆ្នាំ២០១៥ នេះ ផ្ដើមធ្វើនៅតាមបណ្ដាខេត្តមួយចំនួនចាប់ពីថ្ងៃទី៦ ខែធ្នូ។ នៅឯខេត្តពោធិ៍សាត់ មនុស្សជិត ៦០០នាក់ បានចូលរួមធ្វើពិធីនេះ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន ឲ្យដឹងថា ក្រុមពលរដ្ឋ និងតំណាងសហគមន៍ដែលភាគច្រើនមកពីស្រុកក្រគរ បានដង្ហែក្បួន និងបន្តដំណើរទៅជួបជុំគ្នាជាមួយអង្គការ និងសមាគមនៅក្រុងពោធិ៍សាត់ ត្រង់ចំណុចផ្លូវបំបែកលាជ ដើម្បីរៀបចំបដា និងប៉េងប៉ោងដង្ហែឆ្ពោះទៅមុខសាលាខេត្ត ត្រើយខាងត្បូងស្ទឹងពោធិ៍សាត់ ចម្ងាយជាង ១គីឡូម៉ែត្រ ហើយថ្លែងសារ និងបង្ហោះប៉េងប៉ោង។
លោកថា កម្មវិធីបានបញ្ចប់នៅម៉ោងជាង ១១ព្រឹក បន្ទាប់ពីដំណើរការជាង ២ម៉ោង។ ក្រោយប្រកាសបញ្ចប់កម្មវិធីភ្លាម តំណាងសហគមន៍ និងអ្នកចូលរួមសរុប ៥៩០នាក់ មានបំណងទៅអុជធូបបួងសួងសុំសេចក្ដីសុខនៅបូជនីយកិច្ចឧកញ៉ា ឃ្លាំង មឿង ប៉ុន្តែត្រូវអាជ្ញាធរហាមឃាត់។ បន្តិចក្រោយមក អាជ្ញាធរបានអនុញ្ញាតឲ្យក្រុមពលរដ្ឋទៅអុជធូបតាមបំណង បន្ទាប់ពីមានការសម្របសម្រួលរបស់សង្គមស៊ីវិល ដោយតម្រូវឲ្យក្រុមពលរដ្ឋបិទមេក្រូស្រែកជយឃោសតាមផ្លូវឆ្ពោះទៅកាន់ទីគោរពសក្ការបូជានោះ និងតម្រូវឲ្យបើកឡានឃ្លាតឆ្ងាយៗពីគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។