សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​ តុលាការ​គ្រោង​ជំនុំ​ជម្រះ​​នៅ​ថ្ងៃ​ទី២៦ កក្កដា

ដោយ មួង ណារ៉េត
2019-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ សុជា មេត្តា ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ២០១៩។
អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ សុជា មេត្តា ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ២០១៩។
រូប៖ Radio Free Asia

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​នៅ​ចុង​ខែ​កក្កដា​នេះ បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ស៊ើបសួរ​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។ មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ ស្នើ​ឱ្យ​តុលាការ​លើក​លែង​បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំងពីរ ពីព្រោះ​ពួក​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។

តុលាការ​ក្រុង​ភ្នំពេញ​នឹង​លើក​យក​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប ទៅ​ជំនុំ​ជម្រះ​នៅ​ព្រឹក​​ថ្ងៃ​ទី២៦ កក្កដា​ខាង​មុខ។ សមាសភាព​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ មាន​ដូច​ជា ចៅក្រម អ៊ឹម វណ្ណៈ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ អម​ដោយ​ចៅក្រម​ពីរ​រូប​ផ្សេង​ទៀត តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សេង ហៀង និង​ក្រឡា​បញ្ជី​សវនាការ​លោក វុន សុជាតិ។

តុលាការ​នឹង​ជំនុំ​ជម្រះ​សំណុំ​រឿង​ទាំងពីរ​ដែល​បាន​ចោទប្រកាន់​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​តែ​មួយ​តែ​ម្ដង នោះ​គឺ​​សំណុំ​រឿង​ធ្វើ​ចារកម្ម និង​ការ​ផលិត​វីដេអូ​អាសអាភាស។ នេះ​បើ​តាម​លិខិត​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២ កក្កដា។ តុលាការ​បាន​បង្គាប់​ឱ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំងពីរ​រូប​ត្រូវ​បង្ហាញ​វត្តមាន​ឱ្យ​បាន​ទាន់​ពេល​វេលា និង​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ទាំងនេះ​ទៅ​ជា​មួយ​ផង ដើម្បី​ត​តាំង​ក្ដី​​តាម​ផ្លូវ​ច្បាប់។

អតីត​បុគ្គលិក​អាស៊ី​សេរី​លោក យាង សុធារិន្ទ ស្វាគមន៍​ចំពោះ​ការ​បើក​សវនាការ​នេះ ព្រោះ​លោក​បាន​ទន្ទឹង​រង់​ចាំ​នីតិវិធី​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ លោក​បញ្ជាក់​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​នៅ​ចំពោះ​មុខ​តុលាការ ក៏​ប៉ុន្តែ​លោក​បារម្ភ​ថា សវនាការ​តែ​មួយ​ព្រឹក​អាច​នឹង​មិន​គ្រប់​គ្រាន់​ឡើយ​ក្នុង​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្តី​ពីរ​បែប​នេះ៖ «ប្រសិន​បើសវនាការនៅថ្ងៃទី២៦ កក្កដា​ហ្នឹង ជា​សវនាការ​ដោយ​ផ្អែក​លើ​ភាព​យុត្តិធម៌​ត្រឹម​ត្រូវ យើង​ខ្ញុំ​ជឿ​ជាក់​ថា យើង​នឹង​ទទួល​បាន​យុត្តិធម៌ ហើយ​និង​ទទួល​បាន​សេរីភាព​ឆាប់ៗ»

អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​​ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ស្ទូឌីយោ​ថត​ចម្រៀង​ដោយ​គ្មាន​​ការ​អនុញ្ញាត។ ក៏​ប៉ុន្តែ​ក្រោយ​មក​ អាជ្ញាធរ​បែរ​ជា​​ចោទ​អ្នក​ទាំង២ ពី​បទ "ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ” ទៅ​វិញ ដែល​បទ​ចោទ​នេះ​​​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​ពួក​លោក​មាន​ទោស​មែន​នោះ។

ក្រៅពី​ចោទ​រឿង​ធ្វើ​ចារកម្ម​នេះ​ហើយ តុលាការ​​បាន​បន្ថែម​បទ​ចោទ​ថ្មី​មួយ​ទៀត​លើ​អ្នក​ទាំងពីរ គឺ​ការ​ផលិត​វីដេអូ​អាស​អាភាស បន្ទាប់​ពី​អាជ្ញាធរ​អះអាង​ថា ពួក​គេ​បាន​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេះ នៅ​ក្នុង​កុំព្យូទ័រ​របស់​លោក អ៊ូន ឈិន។ សំណុំ​រឿង​ទីពីរ​នេះ មាន​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ជា​អ្នក​បញ្ចេញ​ព័ត៌មាន និង​ផ្សាយ​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ ដែល​​ផ្ទុយ​ទៅ​នឹង​គោលការណ៍​រក្សា​ការ​សម្ងាត់​នៃ​សំណុំ​រឿង។ បទ​ចោទ​ទីពីរ​នេះ មាន​កម្រិត​ទោស​អតិបរមា​រយៈ​ពេល ១ឆ្នាំ ក្នុង​ពន្ធនាគារ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា បទ​ចោទ​ប្រកាន់​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ គឺ​ជា​រឿង​ដ៏​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​អ្នក​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ។ លោក​បន្ត​ថា ទាំង​លោក អួន ឈិន និង​លោក យាង សុធារិន្ទ បាន​រង​នូវ​ភាព​អយុត្តិធម៌​តាំងតែ​ពី​ដើម​ដំបូង​មក​ម្ល៉េះ ដូច្នេះ​លោក​រំពឹង​ថា សវនាការ​នៅ​ពេល​ខាង​មុខ​នេះ នឹង​អាច​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​អ្នក​ទាំង​ពីរ​វិញ៖ «តើ​ពួក​គាត់​បាន​ផ្សព្វផ្សាយ​អី​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ? ហើយ​ផ្ដល់​ព័ត៌មាន​អី​ទៅ​រដ្ឋ​បរទេស? អ៊ីចឹង​យើង​អត់​ឃើញ អត់​ដឹង​ថា រឿង​ទាំង​អស់​ហ្នឹង វា​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ចោទ​ហ្នឹង មិន​គួរ​ណា​អ្នក​ទាំងពីរ​ទទួល​នូវ​បទ​ចោទ​ប្រកាន់​រៀប​ហ្នឹង​ទេ។ ហើយ​អ្នក​ដែល​ចោទ​ប្រកាន់​ហ្នឹង គួរ​តែ​មាន​ការ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់ កុំ​ចេះ​តែ​ចោទ​ប្រកាន់​មនុស្ស ហើយ​ធ្វើ​ឱ្យ​គេ​បាត់​បង់​សេរីភាព​ ហើយ​ទទួល​នូវ​ការ​គំរាម​កំហែង​ក្នុង​ជីវភាព​ ឬក៏​វិជ្ជាជីវៈ​របស់​ខ្លួន»

សំណុំ​រឿង​របស់​អតីត​បុគ្គលិក​អាស៊ី​សេរី​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា ជា​រឿង​អយុត្តិធម៌ និង​មិន​សម​ហេតុ​ផល។

មិន​សម​ហេតុផល​នៅ​ត្រង់​ថា របប​ក្រុង​ភ្នំពេញ​បាន​ចោទ​ពួក​គេ​ទាំងពីរ​ថា បាន​ផ្ញើ​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​ស្ថាប័ន​អាស៊ី​សេរី នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋ​អាមេរិក។ តាម​ការ​ពិត​អាស៊ី​សេរី​មិន​មែន​ជា​រដ្ឋ​បរទេស​ឡើយ ប៉ុន្តែ​គឺ​ជា​ស្ថាប័ន​ព័ត៌មាន​វិជ្ជាជីវៈ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី ​ដែល​មាន​ការ​​រឹតត្បិត​សិទ្ធិ​សេរីភាព​​ប្រជា​ពល​រដ្ឋ។ រីឯ​ខ្លឹមសារ​នៃ​ការ​ចេញផ្សាយ​វិញ ​អាស៊ី​សេរី​មិន​ដែល​​ផ្សព្វផ្សាយ​ព័ត៌មាន​សម្ងាត់ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ​របស់​កម្ពុជា​ឡើយ ផ្ទុយ​ទៅវិញ​អាស៊ី​សេរី​ផ្សាយ​តែ​ព័ត៌មាន​ពិត​ដែល​កើត​ឡើង​នៅ​កម្ពុជា ដូច​​ស្ថាប័ន​ព័ត៌មាន​វិជ្ជាជីវៈ​ដទៃ​ទៀត​ដែរ។

ចំណែក​ឯ​ភាព​អយុត្តិធម៌​វិញ​នោះ គឺ​នៅត្រង់​ថា ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​លា​ឈប់​ពី​អាស៊ី​សេរី​ តាំង​ពី​ក្រោយ​ការ​បិទ​ការិយាល័យ​នៅ​ភ្នំពេញ​មក​ម្ល៉េះ។ ក៏​ប៉ុន្តែ​ ទោះ​ជា​គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដ៏​ដោយ ក៏​អាជ្ញាធរ​របប​លោក ហ៊ុន សែន នៅ​តែ​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំងពីរ​ជាង ៩ខែ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដដែល ហើយ​បាន​អូស​បន្លាយ​សំណុំ​រឿង​នេះ មក​ដល់​ពេល​បច្ចុប្បន្ន​ថែម​ទៀត។

ក្រុម​អ្នក​សារព័ត៌មាន​បាន​អះអាង​ថា ការ​ចោទប្រកាន់​លើ​អ្នក​ទាំង​ពីរ ​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។

អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក ស៊ុន ណារិន ថ្លែង​ថា ការ​ចោទ​ប្រកាន់​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប​ពី​បទ​ធ្វើ​ចារកម្ម​នោះ គឺ​ជា​រឿង​ជ្រុល​ហួសហេតុ ហើយ​រឿង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​​សារព័ត៌មាន​ចាប់​ផ្ដើម​រឹតត្បិត​ខ្លួន​ឯង​ក្នុង​ការ​សរសេរ​អត្ថបទ​ស៊ើប​អង្កេត ឬ​អត្ថបទ​បែប​ស៊ីជម្រៅ។ លោក​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ទាំងស្រុង​នូវ​បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំងពីរ៖ «យើង​ជា​អ្នក​កាសែត​មិន​មាន​ការ​ផ្ដល់​ព័ត៌មាន​ឱ្យ​បរទេស ព័ត៌មាន​សម្ងាត់​អី​ទេ។ បើ​តុលាការ​មាន​ការ​កាត់ទោស​គាត់​បែប​ហ្នឹង មានន័យថា វា​ជា​ករណី​មួយ​សម្រាប់​អ្នក​កាសែត​ផ្សេង​ទៀត ដែល​គាត់​កំពុង​ធ្វើការ​ ថ្ងៃ​ក្រោយ​ទៅ​អាច​ថា ប្រសិន​បើ​គាត់​សរសេរ​រឿង​អី​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត គាត់​គិត​ថា រឿង​ហ្នឹង​ជា​ការ​ផ្ដល់​ព័ត៌មាន​ឱ្យ​បរទេស​។ អ៊ីចឹង​ខ្ញុំ​គិត​ថា តុលាការ​មិន​គួរ​មាន​ការ​កាត់​ទោស​ឱ្យ​គាត់​ជាប់​ពី​បទ​ផ្ដល់​ព័ត៌មាន​ឱ្យ​បរទេស​ហ្នឹង​ទេ ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​កាសែត​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ចោទ​ប្រកាន់​លើ​បញ្ហា​ហ្នឹង»

សេរីភាព​សារព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ដុន​ដាប​ចាប់​តាំងពី​ចុង​ឆ្នាំ២០១៧ រហូត​មក ដោយសារ​ការ​បង្ក្រាប​ឥត​ឈប់​ឈរ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។ របប​នេះ​​បាន​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បិទ​ហ្វ្រេកង់​វិទ្យុ​ជាង​៣០ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ធ្វើ​ទុក​បុក​ម្នេញ​វិទ្យុ​អាស៊ី​រហូត​ដល់​បិទ​ការិយាល័យ​នៅ​ភ្នំពេញ ចាប់​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ដោយ​បំពាន ចាប់​ខ្លួន​អ្នក​បង្ហោះ​សារ​រិះគន់​តាម​ហ្វេសប៊ុក និង​ការ​ប៉ុន​ប៉ង​បង្កើត​ច្បាប់​គ្រប់​គ្រង​អ៊ិនធើណិត​ជាដើម។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​លោក លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា​ជា​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​ឥត​ស្រាកស្រាន្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​ស្ថាប័ន​ព័ត៌មាន ដែល​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល។ អង្គការ​នេះ​ ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សវនាការ​របស់​អ្នក​ទាំង​ពីរ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ក៏​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​នេះ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ស្ថាប័ន ព័ត៌មាន និង​អ្នក​កាសែត​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល