នគរបាល​ផ្សារ ដេប៉ូ ថា ការ​ប្រើ​ហិង្សា​លើ​យុវជន​ម្នាក់ ព្រោះ​ដើម្បី​ការពារ​ខ្លួន

0:00 / 0:00

មន្ត្រីនគរបាលផ្សារដេប៉ូ១ សារភាព​ថា​ ពួក​គាត់​ពិត​ជា​បាន​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​ម្នាក់ ដូច​ការ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) មែន ប៉ុន្តែ​ការ​ប្រើ​ហិង្សា​នោះ លោក​អះអាង​ថា ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ការ​ដែល​សមត្ថកិច្ច​ប្រើ​អំពើ ហិង្សា​លើ​ពលរដ្ឋ​បែប​នេះ គឺ​ជា​ទង្វើ​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់ ដែល​ថ្នាក់​លើ​មិន​គួរ​មើល​រំលង​នោះ​ឡើយ ព្រោះ​វា​អាច​ផ្ដល់​គំរូ​អាក្រក់​ដល់​នគរបាល​ដទៃ​ទៀត។

នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ១ អះអាង​ថា មូលហេតុ​ដែល​នគរបាល​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​ម្នាក់ ហើយ​កំពុង​ល្បី​ក្នុង​បណ្ដាញ​សង្គម​នោះ ព្រោះ​យុវជន​នោះ​មាន​បំណង​ត​ដៃ​ជាមួយ​នគរបាល ដូច្នេះ ការ​បើ​អំពើ​ហិង្សា​នោះ គ្រាន់​តែ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ។ លោក​បន្ត​ថា លោក​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ដែរ​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​បែប​នេះ គឺ​ខុស​ច្បាប់ ប៉ុន្តែ​យុវជន​នោះ មាន​កាំបិត​ក្នុង​ដៃ ម្ល៉ោះ​ហើយ​បើ​មិន​វាយ​ដំ​ខ្លះ​ទេ គឺ​មិន​អាច​ចាប់​ជាប់​នោះ​ទេ ហើយ​យុវជន​នោះ នឹង​យក​កាំបិត​កាប់​ចាក់ លើ​នគរបាល​វិញ ដោយ​គ្មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​មិន​ខាន​ឡើយ៖ «ម្ដាយ​វា​មក​ប្ដឹង​យើង​ថា វា​រក​រឿង​ក្នុង​ផ្ទះ ប្ដឹង​ឲ្យ​ជួយ​ចាប់​ដាក់​មណ្ឌល​ផង ហើយ​យប់​ម៉ោង ១១ និង ៣០នាទី​ហើយ​ហ្នឹង យើង​អត់​មាន​ពេល​ណា​ទៅ​កន្លែង​នោះ​យក​ឡាន​មក​ដឹក​កើត​ទេ មាន​តែ​ដឹក​តាម​ម៉ូតូ ហើយ​ដឹក​ម៉ូតូ​វា​គ្រោះថ្នាក់។ ពេល​យើង​ទៅ​ឃាត់​វា​ទៅ វា​ដេញ​កាប់​គេ មាន​កាំបិត​ប្រវែង​ណា​ណី​ឯ​នោះ។ខ្ញុំ​មាន​ឯកសារ​ថត​បាន​អស់​ហើយ។ យើង​ទៅ​ឃាត់ តែ​ធម្មតា​វា​មាន​កាំបិត បើ​វា​រើ​វា​ត​ដៃ​យើង អ៊ីចឹង​កូន​ចៅ​ខ្ញុំ ក៏​វា​វាយ​ខ្លះ​អី​ខ្លះ​អ៊ីចឹង​ទៅ ដើម្បី​ការពារ​ខ្លួន។ បើ​វា​រើ​រួច​ចាក់​យើង​ងាប់​ទៅ តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ»

នាយ​ប៉ុស្តិ៍​នគរបាល​រូប​នេះ ​បញ្ជាក់​ថា ហេតុការណ៍​នេះ កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១៤ មករា។ យុវជន​ដែល​រង​អំពើ​ហិង្សា​នោះ ឈ្មោះ ឆាយ ហេង អាយុ ២៤ឆ្នាំ​រស់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

នៅថ្ងៃទី១៧ ខែ​មករា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែកចាយ​ព្រោងព្រាត​នូវ​វីដេអូ​ឃ្លីប​រយៈ​ពេល ១៧វិនាទី បង្ហាញ​ពី​សមត្ថកិច្ច​នគរបាល​ម្នាក់​ចាប់​ដៃ​យុវជន​ម្នាក់​ក្រពាត់​មក​ក្រោយ​ខ្នង ហើយ​នគរបាល ២នាក់​ទៀត ព្រួត​វាយ​ដំ​យុវជន​នោះ​យ៉ាង​ដំណំ ដោយ​ប្រើ​ដំបង​ផង ឡើង​ជង្គង់​ផង កែង​ផង និង​កណ្ដាប់​ដៃ​ផង។ ចំណែក​នគរបាល​ម្នាក់​ទៀត​ស្ពាយ​កាំភ្លើង​ឈរ​ការពារ​ក្បែរ​អំពើ​ហិង្សា​នោះ។ បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​រួច ក្រុម​នគរបាល​បាន​វាយ​ខ្នោះ​យុវជន​នោះ​ទាំង​បែក​ឈាម ហើយ​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ ដេប៉ូ១ និង​ក្រោយ​មក មាន​អ្នក​កាសែត​ចុះ​ទៅ​យក​ព័ត៌មាន ទើប​នគរបាល​ទាំង​នោះ ជួយ​ជូត​ឈាម​ចេញ។

នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ១ អះអាង​បន្ថែម​ថា ទោះ​បី​ជា​លោក និង​កូន​ចៅ​លោក ប្រើ​អំពើ​ហិង្សា​ក្ដី ក៏​យុវជន​នោះ ពុំ​មាន​របួស​ធ្ងន់​ដែរ៖ «ឪពុក​ម្ដាយ​វា គ្រាន់​តែ​ឲ្យ​យើង​ហៅ​វា​មក​អប់រំ​សិន ហើយ​យើង​អត់​មាន​សិទ្ធិ​អី​ទៅ​ឃាត់​ខ្លួន​គេ​ដែរ ហើយ​វា​ក៏​អត់​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ​ដែរ វា​គ្រាន់​តែ​កំញើញៗ គេ​អ៊ីចឹង​ហ្អា»

ឪពុក​យុវជន​រូប​នោះ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ទោះ​បី​ជា​សមត្ថកិច្ច​នគរបាល ប្រើ​អំពើ​ហិង្សា​លើ​កូន​លោក ក្តី ក៏​លោក​មិន​បន្ទោស​សមត្ថកិច្ច​នោះ​ទេ ព្រោះ​លោក​បាន​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​កូន​ប្រុស​របស់​លោក​ដែល​រក​រឿង​អុកឡុក និង​បំផ្លាញ​សម្ភារៈ​ក្នុង​គ្រួសារ កាល​ពី​ពាក់​កណ្ដាល​យប់ ថ្ងៃទី១៤ ខែ​មករា ។ លោក បន្ថែម​ថា កូន​ប្រុស​របស់​លោក មាន​សតិ​មិន​សូវ​ល្អ​នោះ​ទេ ព្រោះ​កាល ពី​តូច​មាន​ជំងឺ​រលាក​ស្រោម​ខួរ ហើយ​យូរៗ ម្ដង តែង​តែ​អុកឡុក​គ្រួសារ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ពលរដ្ឋ​ប្រព្រឹត្ត​ខុស​អ្វី​ក៏​ដោយ ក៏​កម្លាំង​សមត្ថកិច្ច ឬ​អ្នក​អនុវត្ត​ច្បាប់ មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ដែរ។ ការ​ប្រើ​អំពើ​ហិង្សា​បែប​នេះ គឺ​បង្ហាញ​ថា ក្រុម​សមត្ថកិច្ច​ទាំង​នោះ ពុំ​បាន​យល់​ដឹង​អំពី​ផ្លូវ​ច្បាប់​នោះ​ទេ ឬ​ក៏​យល់​ដឹង​ពី​ច្បាប់​ហើយ ប៉ុន្តែ​នៅ​តែ​បំពាន​ច្បាប់​ថែម​ទៀត។ លោក​ពន្យល់​ថា គោល​ការណ៍​ធម្មានុរូប ឬ​គោល​ការណ៍​ការពារ​ខ្លួន​ស្រប​ច្បាប់ គឺ​ជា​ការពារ​មួយ​ដោយ​សមស្រប ឬ​ដោយ​កម្លាំង​សមាមាត្រ​គ្នា ប៉ុន្តែ​ក្នុង​វីដេអូ​ឃ្លីប​នោះ គឺ​សមត្ថកិច្ច​មាន​កម្លាំង​លើសលប់ និង​បាន​ចាប់​ខ្លួន​យុវជន នោះ​រួច​ទៅ​ហើយ។ ដូច្នេះ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ៖ «បើ​យក​គោល​ការណ៍​ការពារ​ខ្លួន​មក​និយាយ​នៅ​ក្នុង​ករណី​នេះ គឺ​អត់​សម​ហេតុ​សម​ផល​ទេ ព្រោះ​គោល​ការណ៍​ការពារ​ខ្លួន​ស្រប​ច្បាប់ គេ​អត់​ធ្វើ​ក្នុង​កម្រិត​នេះ​ទេ ហើយ​បើ​និយាយ​ថា អ្នក​ណា​ទទួល​ខុស​ត្រូវ​នោះ គឺ​យើង​ជា​សមត្ថកិច្ច ត្រូវ​មាន​សមត្ថ​ភាព​គ្រប់គ្រាន់ មាន​កាយ​សម្បទា និង​មាន​បច្ចេកទេស​ក្នុង​ការ​ចាប់​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស។ រូបភាព​នៅ​ក្នុង​វីដេអូ គឺ​យើង​ឃើញ​ថា មិនមែន​ជា​ការ​ការពារ​ខ្លួន​ស្រប​ច្បាប់​ទេ យើង​ឃើញ​មាន​សមត្ថកិច្ច​ជា​ច្រើន បាន​ចាប់​ក្លេ​បុរស​នោះ​ជាប់​រួច​ទៅ​ហើយ ទើប​នាំ​គ្នា​សំពង​ឡើង​ជង្គង់ និង​មាន​ដំបង​ផង។ យើង​ឃើញ​រូបភាព​នោះ វា​អាក្រក់​មើល​ណាស់ វា​ដូច​ជា​ក្មេង​ពាល​វាយ​ដំ​គ្នា​អ៊ីចឹង​ដូច​ជា មិន​មែន​បច្ចេកទេស​សមត្ថកិច្ច​ដែល​គេ មាន​ជំនាញ​ច្បាស់លាស់​នោះ​ទេ»

លោក ស៊ឹង សែនករុណា បន្ត​ថា ករណី​បែប​នេះ ទោះ​បី​ជា​គ្រួសារ​មិន​ប្ដឹង ឬ​មិន​រករឿង​សមត្ថកិច្ច ដែល​ប្រើ​អំពើ​ហិង្សា​លើ​កូន​ប្រុស​ពួក​គាត់​ក្តី ព្រះរាជអាជ្ញា ដែល​ដឹង​ពី​អំពើ​ខុស​ច្បាប់​បែប​នេះ គួរ​តែ​ចាត់​វិធានការ​តាម​បណ្ដឹង​អាជ្ញា ព្រោះ​ក្រុម​ប៉ូលិស​ទាំង​អស់​នោះ​ធ្វើ​ខុស​ច្បាប់​រដ្ឋ ដូច្នេះ​ព្រះរាជអាជ្ញា ដែល​តំណាង​ឲ្យ​រដ្ឋ ត្រូវ​ចាត់​វិធានការ​ការពារ​ច្បាប់​រដ្ឋ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​អំពើ​បំពាន​ច្បាប់ និង​កុំ​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃរ៍​ចំពោះ​ជន​ល្មើស​កើត​មាន​តទៅ​ទៀត។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់ ទទួល​បាន​ករណី​នេះ​នៅ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​ករណី​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សមត្ថកិច្ច​នគរបាល គឺ​ខាង​លោក​នឹង​ចាត់​វិធានការ​ច្បាប់៖ «ពាក់ព័ន្ធ​ជាមួយ​បញ្ហា​កិត្តិយស នៃ​ប្រតិបត្តិការ​របស់​យើង គឺ​យើង​ខ្ញុំ​ត្រូវ​តែ​ស្រាវជ្រាវ​ការ​ពិត​ហើយ »

លោក ស៊ឹង សែនករុណា ជំរុញ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ចាត់​វិធានការ​តាម​នីតិវិធី​លើ ករណី​នេះ​ឲ្យ​បាន​តឹងរ៉ឹង ដោយ​មិន​ត្រូវ​ការពារ​នោះ​ទេ ព្រោះ​អាច​ផ្ដល់​គំរូ​អាក្រក់​ដល់​សមត្ថកិច្ច​ផ្សេង​ទៀត ពេល​ចុះ​អនុវត្ត​ច្បាប់ ហើយ​ប្រជាជន​បាត់បង់​ជំនឿ​លើ​អ្នក​អនុវត្ត​ច្បាប់។

មាត្រា ២១០ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ទារុណកម្ម ឬ​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ឆ្នាំ​ដល់ ១៥ឆ្នាំ។ លើស​ពី​នេះ ប្រសិន​បើ​ការ​ប្រព្រឹត្ត​អំពើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​បែប​នេះ លើ​បុគ្គល​ទន់​ខ្សោយ​ដោយ​មូលហេតុ​នៃ​អាយុ លើ​ស្ត្រី​មាន​គភ៌ ឬ​លើ​បុគ្គល​ទន់​ខ្សោយ ពិសេស​ដោយ​ហេតុ​នៃ​ជំងឺ ឬ​ពិការភាព អាច​ផ្ដន្ទាទោស​ចាប់​ពី ១០ឆ្នាំ​ទៅ ២០ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។