តើ​បទ​ចោទ “ផលិត​រូបភាព​អាសអាភាស”ប្រឆាំង​​អតីត​បុគ្គលិក​អាស៊ីសេរី​២​រូប​ត្រូវ​ច្បាប់​ទេ?

ដោយ ជី វិតា
2018.05.14
អ៊ួន ឈិន ៦២២ អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។
Photo: RFA

គិត​មកដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីររូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឃុំខ្លួន​អស់​រយៈពេល ៦​ខែ​ហើយ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្តី​ពី​បទ «​ផ្ដល់​ព័ត៌មាន ដែល​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ទៅ​អោយ​រដ្ឋ​បរទេស»

នៅ​ខណៈ​បទចោទប្រកាន់​ចាស់ មិន​ទាន់​បាន​កាត់​សេចក្ដី​ផង ទំនង​ដោយសារ​គ្មាន​ភស្តុតាង​គួរ​អោយ​ជឿជាក់​បាន​នោះ ស្រាប់តែ​សាលាដំបូង​ក្រុងភ្នំពេញ​ដដែល បាន​ចេញ​បទចោទប្រកាន់​ថ្មី​មួយ​បន្ថែម​ទៀត គឺ “ការផលិត​រូបភាព​អាសអាភាស” ប្រឆាំង​នឹង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

តើ​បទ​ចោទ​ប្រកាន់​ថ្មី​នេះ មាន​សុពលភាព​ស្របច្បាប់​ដែរ​ឬទេ?

គិត​មក​ដល់​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក​អ៊ួន ឈិន និង​លោក យាង សុធារិន្ធ ហៅ​យាង សុជា​មេត្តា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្មំ​ពេញ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៦ខែ​ហើយ​ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្តី ពីបទ «ផ្តល់​ព័ត៌មាន​ដែល​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ទៅ​អោយ​រដ្ឋ​បរទេស»។

នៅ​ខណៈ​បទ​ចោទ​ប្រកាន់​​ចាស់​មិន​ទាន់​បាន​កាត់​សេចក្តី​ផង គឺ​ទំនង​ដោយ​សារ​គ្មាន​ភស្តុតាង​គួរ​អោយ​គេជឿ​បាន​នោះ ស្រាប់តែ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​​ដ​ដែល​​បាន​ចេញ​បទ​ចោទ​ប្រកាន់​​ថ្មី​មួយ​ថែម​ទៀត គឺ “ការ​ផលិត​រូបភាព​អាសអាភាស” ប្រឆាំង​លោក​អ៊ួន ឈិន និង​លោក យាង សុធារិន្ធ។

តើបទ​ចោទ​ប្រកាន់​​ថ្មី​នេះ​មាន​សុពលភាព​ស្រប​ច្បាប់​ឬ​ទេ?

ថ្មីៗ​នេះ​ព្រះ​រាជអាជ្ញា​ក្រុង​ភ្នំពេញ​​បាន​ចោទ​ប្រកាន់​​បទ​ល្មើស​​ថ្មី​មួយ​ទៀត​ប្រឆាំង​លោក​អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ទាក់​ទង​នឹង​ការ​ផលិត​រូបភាព​អាសអាភាស ដែល​នគរបាល​អះអាង​ថា បាន​រក​ឃើញ​នៅ​ក្នុង​ម៉ា​ស៊ី​ន​កំព្យូទ័រ​របស់​លោក​អ៊ួន ឈិន។

ឥឡូវ​យើង​សាកល្បង​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ទាក់​ទង​នឹង​បទ​ចោទ​ប្រកាន់​​ថ្មី​មួយ​នេះ ។

ឧបមាថា លោក អ៊ួន ឈិន មាន​រូបភាព​អាសអាភាស ឬ​ខ្សែ​វីដេអូ​អាសអាភាស ក្នុង​ម៉ា​ស៊ី​ន​កុំព្យូទ័រ​របស់​គាត់​ទៅ​ចុះ តើ​គាត់​ប្រព្រឹត្ត​ខុស​ច្បាប់​ឬ​ទេ? នៅ​ក្នុង​សង្គម​ប្រជាធិតេយ្យ​ដែល​យក​ច្បាប់​ជា​ធំ បទ​ល្មើស​អាច​កើត​មាន​ទៅ​បាន​លុះត្រាតែ​មាន​ការ​រំលោភ​ច្បាប់។

ច្បាប់​ស្តីពី «ការ​បង្រ្កាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ» មិន​បាន​ផ្តន្ទា​ទោស​ជនណា​ដែល​គ្រាន់​តែ​មាន ឬ​កាន់​កាប់​រូបភាព ឬ​វីដេអូ​អាស អាភាស​ឡើយ ដរាប​ណា​ជន​នោះ​មិន​បាន​យក​រូបភាព ឬ​វីដេអូ​អាស អាភាស​នោះ​ទៅ​ដាក់​តាំង​បង្ហាញ ផ្សព្វ​ផ្សាយ ឬ​យក​ទៅ​ធ្វើ​អាជីវកម្ម។

បច្ចុប្បន្ន ក្នុង​សម័យ​ហ្វេសប៊ុក​(Facebook) មាន​មនុស្ស​ជា​ច្រើន​រំភើប​នឹង​ទូរស័ព្ទ​ដៃ​ទំនើប​ដែល​អាច​ថតផ្តិត​រូបភាព​ឃើញ​ភ្លាមៗ រហូត​ដល់​អ្នក​ខ្លះ​រពឹស​ដៃ​ថត​រូបភាព​អាសអាភាស​ខ្លួន​ឯង​ឬ​មិត្ត​ភ័ក្ត រួម​ទាំង​សកម្មភាព​រួម​ភេទ។ ហើយ​អ្នក​ខ្លះ​ក៏​បាន​បង្ហោះបង្អួតរូប​វីដេអូ​រួម​ភេទ​អាសអាភាស​ទាំង​នោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថែម​ទៀត​ផង។

ច្បាប់​គ្រប់​គ្រង​សកម្មភាព​អាសអាភាស​អាច​ខុស​ប្លែក​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។

សំរាប់​កម្ពុជា បើ​គ្រាន់​តែថត​ឬ​ផលិត​រូបភាព​អាសអាភាស​ហើយ​ទុក​ក្នុង​ម៉ា​ស៊ី​ន​ឯកជនសំរាប់​មើល​ខ្លួន​ឯង ដោយ​គ្មាន​បំណង​យក​ទៅ​ចែក​ចាយ​លក់​ដូរទេ​នោះ មិន​មាន​ទោសទណ្ឌ​នោះ​ឡើយ។

ច្បាប់​ស្តីពី ការបង្រ្កាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ មាត្រា៣៩ចែងថា៖

សម្លេង៖ ជនណា​ចែក​ចាយ លក់ ជួល ដាក់​តាំង បញ្ចាំង ឬ​បង្ហាញ​នៅ​ទី​សាធារណៈ​នូវ​រូបភាព​និង​សម្ភារ​ៈអាសអាភាស ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី៧(ប្រាំ​ពីរ) ថ្ងៃ​ដល់​១ (មួយ) ខែ និង​ពិន័យជា​ប្រាក់​ពី១០០.០០០ (មួយ​សែន)​រៀល ដល់​២០០.០០០ (ពីរ​សែន)​រៀល។

ជនណា​កាន់​កាប់ ដឹក​ជញ្ជូន នាំ​ចូល ឬ នាំ​ចេញ​នូវ​រូបភាព និង​សម្ភារ​ៈអាស អាភាស​ក្នុង​គោល​ដៅយក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​​ខាង​លើ ត្រូវ​ផ្តន្ទា​ទោសដូច​គ្នា​នឹង​កថាខណ្ឌទី១​ខាង​លើ។

ជនណា​ផលិត​រូបភាព និង​សម្ភារ​ៈអាសអាភាស​ក្នុង​គោល​ដៅយក​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ ដូច​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌទី១ និង​ទី២​នៃ​មាត្រា​នេះ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី១ (មួយ) ខែ ដល់​១ (មួយ) ឆ្នាំ និង​ពិន័យជា​ប្រាក់​ពី២០០.០០០ (ពីរ​សែន) រៀល ដល់​២០០០.០០០ (ពីរ​លាន)​រៀល។

ពាក្យ​គន្លឹៈ​ក្នុង​មាត្រា៣៩​នេះ គឺ​ចែក​ចាយ លក់ ជួល ដាក់​តាំង បញ្ចាំង ឬ​បង្ហាញ​នៅ​ទី​សាធារណៈ និង​ពាក្យ​គោល​ដៅ ឬ​គោល​បំណង ។

ក្នុង​ន័យ​នេះ ឧបមាថា លោក​អ៊ួន ឈិន ពិត​ជា​បាន​ផលិត​វីដេអូ​អាសអាភាស​មែន​ទៅ​ចុះ ប៉ុន្តែ​ដរាបណា​គាត់​មិន​បាន​យក​ទៅ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ ឬ​មាន​គោល​បំណង​ធ្វើ​អាជីវកម្ម​ទេ​នោះ លោក​អ៊ួន ឈិន មិន​មាន​ទោស​ទណ្ឌ​នោះ​ទេ។ ក្នុង​បរិបទ​ឧទាហរណ៍​នេះ លោក អ៊ួន ឈិន មិន​បាន​យក​រូបភាព​អាសអាភាស​ដែល​គាត់​បាន​ថត​នោះ​ទៅ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​ឯណា គឺ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ណា​មួយ​ឯណោះ​ទៅ​វិញ​ទេ​ដែល​លួច​បញ្ចេញ​ផ្សព្វ​ផ្សាយ​រូបភាព​អាសអាភាស​នោះ​ជា​សាធារណៈ។ វា​មិន​ខុស​គ្នា​នឹង​ការ​លួច​ថតសម្លេង​សន្ទានាឯកជន​តាម​ទូរស័ព្ទ​របស់​គេ​នោះ​ទេ គឺគេ​និយាយ​គ្នា​តែ​ពីរ​នាក់ មិន​ចង់​អោយ​អ្នក​ណា​ឮ​សោះ ប៉ុន្តែ​យើង​បែរជា​លួច​ថតសម្លេង​របស់​គេយក​ទៅ​ផ្សព្វ​ផ្សាយ​ទាំង​ខុស​ច្បាប់​ទៅ​វិញ។

លោក​មេធាវី កែវ វ៉ាន់នី ក៏​យល់​ស្រប​តាម​ការ​បក​ស្រាយ​មាត្រា៣៩​នៃ​ច្បាប់​ស្តីពី​ការបង្រ្កាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ខាង​លើ​នេះ​ដែរ។

សម្លេង​មេធាវី៖ ប្រសិន​បើ​យើង​ដាក់​តាំង ចែក​ចាយ រូបភាព​អាសអាភាស អាហ្នឹង​វាជា​បទ​ល្មើស​​ហើយ។ ប្រសិន​បើ​យើង​ផលិត​ក្នុង​គោល​បំណង​យក​ទៅ​ដាក់​តាំង យក​ទៅ​ចែក​ចាយ​បន្ត យក​ទៅ​ផ្សព្វ​ផ្សាយ អាហ្នឹង​បាន​មាន​ទោស។ ប្រសិន​បើ​យើង​គ្រាន់​តែ​ផលិត​ដើម្បី​យកទុក​មើល​ជាឯកជន អត់​មាន​ទោសទេ។

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អង្គការ​អន្តរជាតិ​​ធំៗ មាន​អង្គការ​អ្នក​សារ​ព័ត​មាន​គ្មាន​ព្រំដែន (Reporter Without Border​ប្រសិន) អង្គការ​សិទ្ធិ​មនុស្ស​យូ​មែន​រ៉ៃវ៉ច្ឆ (Human Rights Watch) អង្គការ អេមណេស្ទីអេនថឺណេសិនណាល់ (Amnesty International) ជា​ដើម​ បាន​ហៅ​លោក​អ៊ូន ឈិន និង​លោក យាង សុធារិន្ទ ថា ជា​អ្នក​ទោស​មនសិការ និង​បាន​ទាមទារ​អោយ​ដោះលែង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។