សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​៣១​មីនា

ដោយ ដែន អយុធ្យា
2014-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត រង​របួស​ក្នុង​ពេល​កម្លាំង​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​របស់​ក្រុម​បាតុករ​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​២៧ មករា ឆ្នាំ​២០១៤។
បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត រង​របួស​ក្នុង​ពេល​កម្លាំង​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​របស់​ក្រុម​បាតុករ​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​២៧ មករា ឆ្នាំ​២០១៤។
RFA/Van Vichar

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​មីនា ខាង​មុខ​ទេ។ ប៉ុន្តែ លោក ម៉ម សូណង់ដូ បាន​ប្រតិកម្ម​ថា លោក​នឹង​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តាម​ការ​គ្រោង​ទុក ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​វិទ្យុ​សម្បុក​ឃ្មុំ ដំឡើង​កម្លាំង​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត និង​សុំ​ហ្វ្រេកង់​សម្រាប់​បង្កើត​ទូរទស្សន៍។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មីនា លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ លោក ម៉ម សូណង់ដូ ស្ដីពី​សំណើ​សុំ​ធ្វើ​បាតុកម្ម និង​ការ​ដើរ​ហែ​ក្បួន​ទៅ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា។

លោក​បញ្ជាក់​ថា សំណើ​យក​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម និង​ដើរ​ហែ​ក្បួន ថ្នាក់​ដឹក​នាំ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ទេ ដោយសារ​តែ​បញ្ហា​អសន្តិសុខ៖ «ទាក់ទង​ទៅ​នឹង​បញ្ហា​ហិង្សា​កន្លង​មក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង គឺ​យើង​ទុក​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង​ឲ្យ​ផ្នែក​ខាង​ស្ថាប័ន​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត នៅ​ក្នុង​បរិយាកាស​មួយ​ស្ងប់ស្ងាត់​សិន។ អ៊ីចឹង បាន​ជា​យើង​មិន​ទាន់​ឲ្យ​គាត់​ធ្វើ​បាតុកម្ម​នៅ​ឡើយ​ទេ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ដាក់​លិខិត​ជូន​ដំណឹង​ជូន លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ធ្វើ​បាតុកម្ម នៅ​ថ្ង​ទី​៣១ ខែ​មីនា នា​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​មនុស្ស​ចូល​រួម​ប្រមាណ ២០០​នាក់។

ប្រតិកម្ម​ចំពោះ​ការ​ហាម​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ លោក ម៉ម សូណង់ដូ ថ្លែង​ថា ទោះ​បី​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ក៏ដោយ ប្រជាពលរដ្ឋ​នឹង​រក្សា​ជំហរ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​តាម​ការ​គ្រោង​ទុក។ លោក​បន្ត​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​វិទ្យុ​សម្បុក​ឃ្មុំ ដំឡើង​កម្លាំង​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត និង​សុំ​ហ្វ្រេកង់​សម្រាប់​បង្កើត​ទូរទស្សន៍​ទៅ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

លោក ម៉ម សូណង់ដូ៖ «រដ្ឋាភិបាល​ណា​ក៏ដោយ​មិន​មែន​ចង់​បិទ​សិទ្ធិ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ស្តាប់​វិទ្យុ​ទេ គឺ​មាន​តែ​ចង់​អប់រំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ចេះ​ដឹង ដើម្បី​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​រដ្ឋាភិបាល។ ប៉ុន្តែ​ឃើញ​ថា ការ​ចែក​ចាយ​អាជ្ញា​ប័ណ្ណ​ទៅ​ក្រុមហ៊ុន​ផ្សេងៗ ដោយ​ក្រសួង​ព័ត៌មាន ហ្នឹង គឺ​ឃើញ​ថា មាន​ភាព​អយុត្តិធម៌។ ពីព្រោះ​អ្វី​ដែល​ខ្ញុំ​ទាមទារ​ដំឡើង​កម្លាំង​ផ្សាយ​ហ្នឹង តាំង​ពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ ហើយ​មក​ដល់​សព្វថ្ងៃ គឺ​គេ​ផ្តល់​អាជ្ញា​ប័ណ្ណ​ទៅ​ដល់​ក្រុមហ៊ុន​ផ្សេងៗ ក៏​ដូច​ជា​អាជ្ញា​ប័ណ្ណ​ទូរទស្សន៍​ផង​ដែរ»

មិន​ទាន់​មាន​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន ជុំវិញ​សំណើ​របស់ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ស្នើ​ដំឡើង​កម្លាំង​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត និង​សុំ​ហ្វ្រេកង់​សម្រាប់​បង្កើត​ទូរទស្សន៍​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មីនា។

លោក ម៉ម សូណង់ដូ ថ្លែង​ថា សំណើ​ស្នើសុំ​ហ្វ្រេកង់​សម្រាប់​បង្កើត​ទូរទស្សន៍ រូប​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ក្រសួង​ព័ត៌មាន តាំង​ពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ ប៉ុន្តែ​លោក​ថា ថ្នាក់​ដឹក​នាំ​ក្រសួង​ព័ត៌មាន បាន​ឆ្លើយ​ថា មិន​មាន​ហ្វ្រេកង់​ទូរទស្សន៍​សម្រាប់​ផ្តល់​ជូន​តាម​ការ​ស្នើសុំ​របស់​លោក​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល