យូណេស្កូ​និង​អ្នក​កាសែត​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​នៅ​ភ្នំពេញ

នៅ​ក្នុង​ឱកាស​ទិវា​សេរីភាព​អ្នក​សារព័ត៌មាន ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១៣ នេះ អង្គការ​អប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) និង​អង្គភាព​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន រៀបចំ​ការ​ជួបជុំ​អ្នក​កាសែត​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សេរីភាព​អ្នក​កាសែត​ផង និង​ដើម្បី​ពិភាក្សា​អំពី​សុវត្ថិភាព​អ្នក​កាសែត​ផង។
ដោយ កែវ និមល
2013.04.30
យូណេស្កូ UNESCO ៣០៥ រូប​សញ្ញា​អង្គការ​យូណេស្កូ (UNESCO)។
UNESCO Screenshot

ប្រធានបទ​ដែល​លើក​ឡើង​នៅ​ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន នៅ​ឆ្នាំ​២០១៣ នេះ គឺ​សុវត្ថិភាព​ក្នុង​ការ​និយាយ និង​បញ្ចេញ​មតិ។ នៅ​ក្នុង​គម្រោង​ជួប​ជុំ​នោះ មាន​បើក​ឲ្យ​អ្នក​កាសែត និង​ភ្ញៀវ​ចូល​រួម​ពិភាក្សា​លើ​សេរីភាព​ក្នុង​ការ​និយាយ និង​សរសេរ​របស់​អ្នក​កាសែត​ខ្មែរ និង​ចំណុច​មួយ​ទៀត ទាក់ទង​ទៅ​នឹង​ច្បាប់ និង​បទប្បញ្ញត្តិ​ផ្សេងៗ តើ​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុង​កិច្ច​ការពារ​អ្នក​កាសែត​ខ្មែរ ឬ​ទេ?

អ្នក​កាសែត​មួយ​ចំនួន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣០ មេសា ថា ច្បាប់ និង​គោលការណ៍​មួយ​ចំនួន​ទាក់ទង​ជាមួយ​ការ​ការពារ​សុវត្ថិភាព​អ្នក​កាសែត​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​ការពារ​អ្នក​កាសែត​ខ្មែរ​នៅ​ឡើយ​ទេ។

លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត ភ្នំពេញ ប៉ុស្តិ៍ ដែល​ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស មាន​ប្រសាសន៍​ថា បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​កន្លង​ទៅ អ្នក​កាសែត​ខ្មែរ​នោះ​មាន​សេរីភាព​ក្នុង​ការ​និយាយ និង​សរសេរ​នោះ​ច្រើន​ជាង​មុន​ហើយ ប៉ុន្តែ​វា​នៅ​មិន​ទាន់​ល្អ​ទាំង​អស់​នោះ​ទេ៖ «និយាយ​រួម ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​វា​ល្អ​ច្រើន ប៉ុន្តែ​វា​មិន​មែន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ វា​នៅ​មាន​លក្ខណៈ​មិន​ល្អ​ខ្លះ យើង​ត្រូវ​កែប្រែ។ យើង​ឃើញ​ហើយ​កន្លង​មក​នេះ ករណី​លោក ម៉ម សូណង់ដូ គឺ​មាន​ការ​កាត់​តម្រឹម​ពី ២០​ឆ្នាំ មក​ត្រឹម ៨​ខែ​វិញ។ សេរីភាព​ក្នុង​ការ​និយាយ​ស្តី​វា​មិន​ទាន់​ពេញ​លេញ»

ទាក់ទង​រឿង​ច្បាប់ និង​គោលការណ៍​ខ្លះ​នៅ​កម្ពុជា នោះ លោក កៃ គឹមសុង មាន​យោបល់​ថា ច្បាប់​និង​គោលការណ៍​ទាំង​នោះ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​អ្នក​កាសែត​បាន​គ្រប់គ្រាន់​នៅ​ឡើយ៖ «ច្បាប់​នៅ​ខ្វះ​ខាត មិន​ទាន់​គ្រប់គ្រាន់ សង្គម​មិន​ទាន់​ឲ្យ​តម្លៃ​អ្នក​កាសែត។ អាជ្ញាធរ​នៅ​មិន​ទាន់​យល់​តម្លៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ នៅ​តាម​ក្រសួង​មន្ទីរ​នានា នៅ​បិទ​បាំង​សារព័ត៌មាន។ គិត​ថា អ្នក​សារព័ត៌មាន​គិត​តែ​ពី​សរសេរ​អាក្រក់។ អ៊ីចឹង​នៅ​មាន​រឿង​ខ្លះ​ដែល​ត្រូវ​កែប្រែ»

លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​យោបល់​ថា នៅ​ក្នុង​ច្បាប់​ខ្លះ​មាន​ពាក្យ​ខ្លះ​មាន​ភាព​ស្រពិចស្រពិល ដែល​អនុញ្ញាត​ឲ្យ​ចៅក្រម​អាច​បក​ស្រាយ​ខ្លឹមសារ​ច្បាប់​ទៅ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​មិន​ត្រឹមត្រូវ​ច្បាស់លាស់ ហើយ​គេ​អាច​ប្រើ​ពាក្យ​ចែង​ក្នុង​ច្បាប់​នោះ ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​កាសែត​បាន៖ «ទី១​ បទ​ញុះញង់ ទី​២ បទ​ថត​សំឡេង ទី​៣ អាច​មាន​បទល្មើស​ថត​រូប ហើយ​ថត​សំឡេង​តាម​ទូរស័ព្ទ​នោះ ក៏​អត់​សូវ​ច្បាស់​ដែរ។ ដូច្នេះ​បើ​មើល​លើ​ទិដ្ឋភាព​ច្បាប់ មិន​ទាន់​មាន​សុវត្ថិភាព​សម្រាប់​អ្នក​កាសែត​នៅ​ឡើយ​ទេ»

លោក សុក សំអឿន មាន​ប្រសាសន៍​ថា បើ​មាន​ច្បាប់​ល្អ ហើយ​តុលាការ​មិន​ឯករាជ្យ ក៏​ធ្វើ​ឲ្យ​គេ​ងាយ​ចោទ​ប្រកាន់​អ្នក​កាសែត​បាន​ដែរ។

តាម​ការ​គ្រោង​ទុក គណៈអធិបតី​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នោះ មាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តំណាង​អង្គការ​យូណេស្កូ នៅ​កម្ពុជា គឺ​លោកស្រី អាន ឡេម៉ែសស្រ៊ី (Anne Lemaistre) និង​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ជេម ហ៊ីណាន់ (James Heenan)។

នៅ​ក្នុង​របាយការណ៍​បូក​សរុប​សន្និបាត​របស់​ក្រសួង​ឆ្នាំ​២០១២ និង​ទិស​ដៅ​ឆ្នាំ​២០១៣ បាន​សរសេរ​ថា នៅ​ក្នុង​ឆ្នាំ​២០១២ ប្រទេស​កម្ពុជា មាន​កាសែត​ទស្សនាវដ្ដី​ព្រឹត្តិបត្រ​បោះ​ពុម្ព​ជា​ភាសា​ខ្មែរ​ចំនួន ៦៥៦​អង្គភាព។ មាន​វិទ្យុ អេហ្វអ៊ឹម (FM) ផ្សាយ​សំឡេង ១១៧​អង្គភាព មាន​ទូរទស្សន៍​ជាតិ និង​ឯកជន សរុប ២០​អង្គភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។