អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនចាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ
2020.04.22
ចំណាត់ថ្នាក់កម្ពុជាថយចុះមួយលេខក្នុងផ្នែកសេរីភាពសារព័ត៌មាន នេះបើតាមចំណាត់ថ្នាក់ថ្មី ដែលចាត់ថ្នាក់ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនReporters Without Border នៅក្នុងឆ្នាំ២០២០នេះ។ អង្គការសារព័ត៌មានមួយនេះនៅតែចាត់ទុកថាសេរីភាពសារព័ត៌មាននៅកម្ពុជាបន្តស្ថិតក្រោមការរឹតត្បិត ដោយការគំរាមកំហែង ការចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារពីបទព្រហ្មទណ្ឌ និងការបង្កើតច្បាប់ថ្មីស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្នជាដើម។ មន្ត្រីរដ្ឋាភិបាលចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជានេះ គឺពុំឈរលើការពិតនៅកម្ពុជាទេ ហើយអះអាងថា រាល់ការចាត់វិធានការលើស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាននាពេលកន្លងទៅគឺជាការអនុវត្តច្បាប់។
ក្នុងរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខ១៤៤ ក្នុងចំណោមប្រទេសសរុបចំនួន ១៨០ប្រទេស ដោយទទួលបានពិន្ទុ៤៥,៤៦។ ក្នុងនោះបង្ហាញថា ចំណាត់ថ្នាក់កម្ពុជាបានថយចុះមួយលេខពីលេខ១៤៣ នៅក្នុងការវាយតម្លៃកាលពីឆ្នាំ២០១៩ ចំណែកពិន្ទុដែលកម្ពុជាទទួលបានក៏ថយចុះពីឆ្នាំមុនដែរ គឺថយចុះចំនួន០,៤៤ ពិន្ទុ។ ការដាក់ចំណាត់ថ្នាក់ថយចុះនេះជាការឆ្លើយតបនឹងសកម្មភាពរបស់អាជ្ញាធរនៃរដ្ឋាភិបាលក្រុងភ្នំពេញ ដែលបន្តរឹតត្បិតសេរីភាពសារព័ត៌មាន ដោយការចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារ ការគំរាមកំហែង និងការប្រើប្រាស់ច្បាប់ ដែលអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនចាត់ទុកថា រឹតត្បិតសេរីភាពសារព័ត៌មាន។
នៅមុនពេលចេញរបាយការណ៍បន្ថយចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជានេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានទាមទារឱ្យស្ថាប័ននីតិប្បញ្ញត្តិកែប្រែសេចក្ដីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន ដោយលុបចោលចំណុចទី១០ និងទី១១ នៃមាត្រា៥ នៃច្បាប់នេះដែលចែងថា នៅពេលប្រទេសជាតិត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។ រដ្ឋាភិបាលមានសិទ្ធិ ហាមឃាត់ ឬកម្រិត ការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬចលាចល ឬដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពអាសន្ន។ បើពុំនោះសោតច្បាប់នេះនឹងត្រូវរដ្ឋាភិបាលប្រើប្រាស់ ដើម្បីរំលោភបំពានធ្ងន់ធ្ងរដល់សេរីភាពនៃការផ្តល់ព័ត៌មាន និងសេរីភាពនៃការទទួលបានព័ត៌មាន។
ជាមួយគ្នានេះអង្គការដែលមានមូលដ្ឋាននៅប្រទេសបារាំងនេះបានកត់សម្គាល់ពីការចាប់ឃុំខ្លួននាយកការផ្សាយទូរទស្សន៍ហ្វេសប៊ុកTVFB គឺលោក សុវណ្ណ រិទ្ធី ដោយចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះការផ្សាយទៅតាមសម្ដីរបស់លោក ហ៊ុន សែន កាលពីពេលថ្មីៗ។
បើតាមអង្គការដដែលនេះគណបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន ដែលខ្លាចចាញ់ការបោះឆ្នោតក្នុងឆ្នាំ២០១៨ បាន បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកមានសំឡេងមិនស្របរដ្ឋាភិបាល ហើយយុទ្ធនាការបង្ក្រាបនេះមិនបានបញ្ចប់ឡើយ ពោលគឺនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងនោះមានអង្គការដដែលនេះថា ពេលនេះនៅកម្ពុជាគេទទួលបានព័ត៌មានតែពីអង្គភាពFresh News ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន។
ឆ្លើយតបនឹងការលើកឡើងនេះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ចាត់ទុករបាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ពុំបានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា។ លោកថាវិធានការរបស់អាជ្ញាធរកន្លងមកនោះគឺជាការអនុវត្តច្បាប់ពុំមែនជាយុទ្ធនាការបង្ក្រាបណាមួយឡើយ។ ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នវិញលោកថា គឺការធានាស្ថិរភាពសង្គម និងអាយុជីវិតពលរដ្ឋនៅក្នុងគ្រាមានអាសន្ន ហើយបណ្ដាប្រទេសជាច្រើនក៏គេមានវិធានការមិនខុសពីកម្ពុជាដែរ៖ «សេរីភាពសារព័ត៌មាននៅកម្ពុជា មានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំខុសពីអ្វី ដែលគាត់បានលើកឡើង គាត់លើកឡើងតែពីគំនិតតែមួយជ្រុងតាមការវាយតម្លៃរបស់គាត់»។
ចាប់តាំងពីឆ្នាំ២០១៧មកចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់ចុះ ក្នុងពេលនោះកម្ពុជាបានចំណាត់ថ្នាក់គឺធ្លាក់ចុះ១០លេខ ពីឆ្នាំចាស់ហើយធ្លាក់ចុះ ១លេខទៅលេខ១៤២ ក្នុងឆ្នាំ២០១៨ និងទៅលេខ១៤៣ ក្នុងឆ្នាំ២០១៩ ក្នុងចំណោមប្រទេសសរុបចំនួន១៨០ប្រទេស។ ក្នុងរយៈពេលនោះហើយដែលរដ្ឋាភិបាលទីក្រុងភ្នំពេញត្រូវគេមើលឃើញថា បានវាយបង្ក្រាបឥតប្រណី និងខ្ទប់មាត់ប្រព័ន្ធផ្សព្វផ្សាយ ដោយពីដំបូងបានបិទការផ្សាយរបស់វិទ្យុផ្សាយបន្តជាង ៣០ ដែលផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក្រោមហេតុផលថា ម្ចាស់ស្ថានីយទាំងនោះមិនគោរពកិច្ចសន្យាជាមួយក្រសួង។ ក្រោយមកទៀត របបនេះបានបិទកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅដើមខែកញ្ញា ក្រោមហេតុផលថា កាសែតនេះជំពាក់ពន្ធរដ្ឋជាង ៦លានដុល្លារអាមេរិក។ បន្ទាប់មកអាស៊ីសេរីបានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ បន្ទាប់ពីរបបក្រុងភ្នំពេញបានបន្តធ្វើទុក្ខបុកម្នេញលើរឿងបង់ពន្ធ និងបញ្ហាអាជ្ញាប័ណ្ណ មានការចាប់ឃុំខ្លួនអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក្នុងសំណុំរឿងចោទប្រកាន់ចារកម្ម។ ការចាប់ឃុំខ្លួនសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី អ្នកបកប្រែឱ្យសារព័ត៌មានRT (Russia Today) ក្នុងការផលិតវីដេអូស៊ើបអង្កេត ម្ដាយខ្ញុំលក់ខ្ញុំ ។ ការបន្តចោទប្រកាន់ និងអូសបន្លាយរឿងក្ដីប្រឆាំងអ្នកសារព័ត៌មាន២រូប គឺ លោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor)ពីបទញុះញង់តាមក្រមព្រហ្មទណ្ឌ។ ជាមួយគ្នានេះក៏មានការចាប់ខ្លួនអ្នកបង្ហោះតាមហ្វេសប៊ុក និងការគំរាមកំហែងជាច្រើនទៀត នៅពេល ដែលការផ្សព្វផ្សាយព័ត៌មានបានងាកទៅប្រើប្រាស់បណ្ដាញនេះជំនួសឱ្យការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានលើកឡើងថា សារព័ត៌មានក្នុងស្រុកគឺវិទ្យុសំឡេងប្រជាធិបតេយ្យបានតស៊ូផ្សព្វផ្សាយតាមអនឡាញ និងហ្វេសប៊ុក នៅពេលរដ្ឋាភិបាលបិទមិនឱ្យមានវិទ្យុផ្សាយបន្ត។ សារព័ត៌មានឯករាជ្យភ្នំពេញប៉ុស្ដិ៍ជាចុងក្រោយក៏ត្រូវលក់ទៅឱ្យអ្នកជំនួញជនជាតិម៉ាឡេស៊ី ដែលស្និតនឹងមេដឹកនាំរដ្ឋាភិបាលកម្ពុជា ហើយធ្វើឱ្យអ្នកសារព័ត៌មានជាច្រើននាក់បានលាលែងពីការងារដោយសារតែការដាក់កំហិតសេរីភាពនៃការតែងនិពន្ធរបស់ពួកគេ។នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CAMBO-JA) លោក ណុប វី លើកឡើងថា មកដល់ពេលនេះគឺមានការប្រែប្រួលខ្លះដែរ ចំពោះផ្នែកសេរីភាពសារព័ត៌មាននេះ ដូចជាការបើកឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិកអាចមានការិយាល័យនៅកម្ពុជា វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌីអាចផ្សាយបន្តទៅវិទ្យុអេហ្វអឹម ការដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរីឱ្យនៅក្រៅឃុំជាដើម ប៉ុន្តែលោកថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាគឺនៅតែមិនទាន់ល្អប្រសើរឡើយ។ លោកថា រដ្ឋាភិបាលគួរតែពិចារណាកែលម្អទៅតាមអ្វីដែលជាការចាត់ថ្នាក់របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននេះ៖ «គួរតែយករបាយការណ៍ទាំងអស់ហ្នឹងយកមកពិចារណាឆ្លុះបញ្ចាំង ពិនិត្យមើលថា តើចំណុចអីដែលយើងគួរតែធ្វើឱ្យមានភាពប្រសើរឡើង ហើយចំណុចណាដែលយើងគួរតែអនុញ្ញាតឱ្យមានការចូលរួមចាប់ដៃគូរវាងអ្នកសារព័ត៌មាន សមាគម អង្គការ អ្នកសារព័ត៌មានផ្សេងៗទៀត ដើម្បីចូលរួមធ្វើឱ្យស្ថានភាពនឹងវាបានកាន់តែប្រសើរឡើងសម្រាប់ប្រទេសយើង»។
ទាក់ទិនដល់សេចក្ដីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន លោក ណុប វី ស្នើថាគួរតែរដ្ឋាភិបាលធ្វើយ៉ាងណាធានាសេរីភាពអ្នកសារព័ត៌មានក្នុងកម្រិត ដែលពួកគេនៅតែអាចរាយការណ៍ព័ត៌មានពីតម្រូវការរបស់ពលរដ្ឋ អ្នកងាយរងគ្រោះ និងការរិះគន់កែលម្អនានា ដ្បិតតួនាទីនេះនឹងជួយទៅដល់ការផ្តល់ព័ត៌មាន និងទទួលបានព័ត៌មានពិតក្នុងសង្គម ហើយនឹងជួយទៅដល់ការរក្សាភាពនឹងនរក្នុងសង្គម និងបញ្ជៀសចលាចលក្នុងសង្គមបានដែរ។
សន្ទស្សន៍សេរីភាពសារព័ត៌មានរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានផ្ដល់ចំណាត់ថ្នាក់ឱ្យប្រទេស
ន័រវែស(Norway) បានស្ថិតនៅចំណាត់ថ្នាក់ល្អលើគេ ហើយប្រទេសកូរ៉េខាងជើង ស្ថិតនៅបាតតារាង៕