លីកាដូ​ខេត្ត​កំពង់ធំ​និង​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ច្បាប់​អង្គការ​សមាគម

ដោយ សូត សុខប្រាថ្នា
2015-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​បង្ហោះ​ប៉ោងៗ និង​ការ​សម្ដែង​មតិ​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ដែល​កំពុង​ប្រតិបត្តិ​ការងារ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
សកម្មភាព​បង្ហោះ​ប៉ោងៗ និង​ការ​សម្ដែង​មតិ​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ដែល​កំពុង​ប្រតិបត្តិ​ការងារ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Chin Chetha

អង្គការ​លីកាដូ (Licadho) នៅ​ខេត្ត​កំពង់ធំ និង​សហគមន៍​មាន​បញ្ហា​ដីធ្លី​ជាច្រើន​នៅ​ខេត្ត​ត្បូងឃ្មុំ នឹង​រៀបចំ​យុទ្ធនាការ​ប្រឆាំង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២២ កក្កដា។

ការ​រៀបចំ​យុទ្ធនាការ​នេះ ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រឹទ្ធសភា ទម្លាក់​ចោល​ច្បាប់​នេះ ដោយ​ពិចារណា​ឡើង​វិញ​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ទទួល​សេវា​ពី​អង្គការ​សមាគម​ទាំង​នោះ។

ក្នុង​យុទ្ធនាការ​ប្រឆាំង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល អង្គការ និង​ប្រជា​សហគមន៍​ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ត្បូងឃ្មុំ នឹង​ជួប​ប្រជុំ​គ្នា​ថ្លែង​ពី​ក្ដី​បារម្ភ និង​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅ​លើ​ពួក​គេ។ ស្រប​គ្នា​នេះ ក៏​មាន​ការ​ចែក​ចាយ​ខិត្តប័ណ្ណ ឬ​ស្ទីកឃ័រ (Sticker) ដែល​មាន​ពាក្យ​ថា "ទេ" ចំពោះ​ច្បាប់​មួយ​នេះ​ទៀត​ផង។

មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​កំពង់ធំ លោក ឈួម រុណ មាន​ប្រសាសន៍​ថា ខាង​លោក​នឹង​ធ្វើ​យុទ្ធនាការ​បដិសេធ​ច្បាប់​នេះ ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២២ កក្កដា។ លោក​បន្ត​ថា គោល​បំណង​សំខាន់ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្ញើ​សារ​ជូន​រាជ​រដ្ឋាភិបាល​ឲ្យ​គិត​បន្ថែម​ទៀត ចំពោះ​ច្បាប់​មួយ​នេះ៖ «ការ​មិន​ពេញ​ចិត្ត​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ហ្នឹង រដ្ឋាភិបាល​ហាក់​មិន​អើពើ​ចំពោះ​ច្បាប់​ហ្នឹង។ និយាយ​ចំ​ទៅ ច្បាប់​ហ្នឹង​វា​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ផង វា​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ផង ដូចជា កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ស្ដីពី​នយោបាយ​អី»

យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ច្បាប់​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨​រូប បើ​ទោះ​បី​ជា​ច្បាប់​នេះ​មាន​ភាព​ចម្រូងចម្រាស​ក៏ដោយ។

អង្គការ​លីកាដូ ខេត្ត​កំពង់ធំ នឹង​រៀបចំ​យុទ្ធនាការ​នេះ​នៅ​មុខ​ទីស្នាក់ការ​របស់​ពួក​គេ។ លោក ឈួម រុណ អំពាវនាវ​ឲ្យ​ស្ថាប័ន​ព្រឹទ្ធសភា​ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​ការ​អនុម័ត​ច្បាប់​អង្គការ និង​សមាគម​មិន​មែន​រដ្ឋាភិបាល គប្បី​ច្រាន​ចោល​ចំពោះ​ច្បាប់​មួយ​នេះ ជៀសវាង​ប៉ះពាល់​ដល់​ពលរដ្ឋ​ទូទៅ។

ចំណែក​ឯ​នៅ​ខេត្ត​ត្បូងឃ្មុំ វិញ ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ជាច្រើន គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅ​ក្បែរ​សាលា​ស្រុក​មេមត់ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​ចែក​ចាយ​ស្ទីកឃ័រ​ដែល​មាន​ពាក្យ​ថា "ទេ" ចំពោះ​ច្បាប់​មួយ​នេះ​នៅ​ថ្ងៃ​ទី​២២ កក្កដា។

តំណាង​ប្រជា​សហគមន៍​នៅ​ឃុំ​ត្រមូង ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ អ្នកស្រី ព្រំ ដាណែត មាន​ប្រសាសន៍​ថា ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អង្គការ​សាមី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវ​ការ​សេវា​ផ្នែក​ច្បាប់ ឬ​យោបល់​ពី​ខាង​អង្គការ​សមាគម​ទាំង​នោះ នឹង​ត្រូវ​ជួប​ឧបសគ្គ​ដូច​គ្នា​ដែរ។ អ្នកស្រី​បន្ត​ថា ប្រជា​សហគមន៍​បដិសេធ​ចំពោះ​រាល់​ច្បាប់​ណា​ដែល​ប្រាសចាក​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​កុំ​ទាន់​អាល​ចេញ​ច្បាប់​ហ្នឹង បើ​ចេញ​គួរ​ណា​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ គឺ​ថា​ច្បាប់​ហ្នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​អត់? អា​ហ្នឹង​ពួក​ខ្ញុំ​មិន​អី​ទេ ដើម្បី​ប្រទេស​ជាតិ តែ​ប៉ះពាល់​ដល់​ពួក​ខ្ញុំ​ជា​ជន​រងគ្រោះ​ហ្នឹង ខ្ញុំ​ប្រឆាំង ខ្ញុំ​អស់​សង្ឃឹម​ហ្មង»

យ៉ាង​ណា ប្រជា​សហគមន៍​ទាំង​នោះ​មិន​បាន​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ ដោយ​យល់​ថា នេះ​គ្រាន់​តែ​ជា​ការ​សម្ដែង​មតិ​តូច​មួយ​របស់​ពួក​គាត់។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ផុស​ចេញ​ពី​ការ​ព្រួយ​បារម្ភ​ផ្ទាល់​ខ្លួន​របស់​ប្រជា​សហគមន៍​មាន​ទំនាស់​ដីធ្លី និង​ប្រជា​សហគមន៍​មាន​បញ្ហា​ផ្សេងៗ​ទៀត។

បន្ថែម​លើ​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ប្រជា​សហគមន៍​ទាំង​នោះ គឺ​ពួក​គេ​នាំ​គ្នា​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ស្រប​ពេល​អង្គការ​លីកាដូ ទាំង ១៣​រាជធានី​ខេត្ត គឺ​គេ​រៀបចំ​យុទ្ធនាការ​នេះ​ដែរ។ លោក​បន្ត​ថា ចំពោះ​យុទ្ធនាការ​ប្រឆាំង​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​អង្គការ​លីកាដូ ខេត្ត​កំពង់ចាម មាន​តួនាទី​ជា​អ្នក​ចូលរួម​ផង និង​ជា​អ្នក​ឃ្លាំ​មើល​សកម្មភាព​របស់​ប្រជា​សហគមន៍​ទាំង​នោះ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល