មេឃុំ​ប៉ាតាង​ ​ខេត្ត​រតនគិរី​រង​ការចោទ​ថា​ ​រឹតត្បិត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​​បណ្តុះបណ្តាល​​សហគមន៍

មេឃុំ​ប៉ាតាង​ស្រុក​លំផាត់ ​ខេត្ត​រតនគិរី​ រង​ការចោទ​ថា មាន​ចេតនា​រារាំង​​មន្ត្រី​សមាគម អាដហុក មិន​ឲ្យ​បណ្តុះបណ្តាល​សហគមន៍​មូលដ្ឋាន ទោះបីជា​ពួក​គេ​បាន​បង្ហាញ​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត​រតនគិរី​យ៉ាងណាក្តី។

មន្ត្រី​សមាគម អាដហុក ខេត្ត​រតនគិរី បណ្ដុះបណ្ដាល​ប្រជាសហគមន៍​ នៅ​ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្តរតនគិរី កាល​ពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០១៨។

មេឃុំ​ប៉ាតាង​ស្រុក​លំផាត់ ​ខេត្ត​រតនគិរី​ រង​ការចោទ​ថា មាន​ចេតនា​រារាំង​​មន្ត្រី​សមាគម អាដហុក មិន​ឲ្យ​បណ្តុះបណ្តាល​សហគមន៍​មូលដ្ឋាន ទោះបីជា​ពួក​គេ​បាន​បង្ហាញ​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត​រតនគិរី​យ៉ាងណាក្តី។ ការចោទប្រកាន់​នេះ​ ក្រោយ​ពី​មេឃុំ​ប៉ាតាង​ លោក​ កិត្ត ចេម ថ្មីៗ នេះ​បាន​បញ្ជារ​ឲ្យ​មេភូមិ​ផ្តល់​ដំណឹង​ប្រាប់​ពលរដ្ឋ​តាម​ផ្ទះ​ដោយ​ហាម​មិន​ឲ្យ​អ្នកភូមិ ​ចូលរួម​បណ្តុះបណ្តាល​ជាមួយ​សមាគម អាដហុក ដាច់ខាត បណ្តាល​ឲ្យ​ពលរដ្ឋ​លំបាក​ក្នុង​ការចូលរួម​ និង​ភ័យខ្លាច។

មន្ត្រី​ឃ្លាំមើល​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម អាដហុក ​ខេត្ត​រតនគិរី ​លោក​ ឌិន ​ខន្នី ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១០ កញ្ញា​ថា លោក​នឹង​ដាក់​លិខិត​ទៅ​រដ្ឋបាល​ខេត្ត​រន​គិរី ចម្លង​ជួន​ក្រសួង​មហាផ្ទៃ ដើម្បី​មាន​វិធានការ​រដ្ឋបាល​លើ​លោក​មេឃុំ​ប៉ាតាង​ ករណី​មិន​អនុវត្ត​តាម​តួនាទី​បម្រើ​ពលរដ្ឋ​មិន​គោរព​ឋានានុក្រម និង​មិន​អនុវត្ត​តាម​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ​ថា ក្នុង​ករណី​អាជ្ញាធរ​ខេត្ត​មិន​ដោះ​ស្រាយ​ទេ ​សមាគម អាដហុក ​នឹង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ​ទៀត ក្នុង​បំណង​ឲ្យ​ក្រសួង​សាមី ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល​ចំពោះ​មេឃុំ​រូប​នេះ​។ ​​លោក​ ឌិន ​ខន្នី ​ចាត់ទុក​ការ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​សហគមន៍​នេះ គឺជា​ការរំលោភ​សិទ្ធិ​ទទួលបាន​ការអប់រំ ​និង​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​ពលរដ្ឋ​ជា​មូលដ្ឋាន៖ «បើ​នៅ​តែ​ប្រើ​អំណាច​ផ្តាច់​ការ​ហ្នឹង​ទៀត​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ធ្ងន់ធ្ងរ។ ពលរដ្ឋ​ត្រូវ​តែ​ទទួល​បាន​សិទ្ធិអប់រំ យើង​មិន​ចង់​ឃើញ​មន្ត្រី​បែប​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍»

លោក​ ឌិន ​ខន្នី ​បន្ថែម​ថា មន្ត្រី​អាដហុក​បាន​ព្យាយាម​សុំ​កិច្ចសហការ​ផ្ទាល់​ ​ពី​លោក​មេឃុំ​ប៉ាតាង​ ​ចំនួន​ ៤ដង​មក​ហើយ​ថ្មីៗ នេះ​ តែ​មិន​ដែល​ឃើញ​មេឃុំ​ប៉ាតាង​ ​មាន​វត្តមាន​ក្នុង​សាលា​ឃុំ​នោះ​ទេ​ ​ហើយ​មន្ត្រី អាដហុក ​បាន​ទៅ​ជួប​ផ្ទាល់​នៅ​ផ្ទះ​របស់​លោក​មេឃុំ​ទៀត ក៏ប៉ុន្តែ​លោក​មេឃុំ​រូប​នោះ​បដិសេធ​មិន​ជួប ​ដោយ​សម្ងំ​ក្នុង​បន្ទប់។ លោក​ថា បើ​ទោះបីជា​មាន​ការរារាំង​ក្តី ក៏​សមាគម​ អាដហុក​ នៅតែ​បើក​វគ្គ​បណ្តុះបណ្តាល​បាន ​គ្រាន់​តែ​ពុំ​សូវ​មាន​ពលរដ្ឋ​ចូលរួម​បាន​ទួលំទួលាយ​ដោយសារ​ពលរដ្ឋ​ខ្លះ​ភ័យ​ខ្លាច​ និង​មាន​ពលរដ្ឋ​ខ្លះ​ទៀង​រង​ការគំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង៖ «ខ្ញុំគិត​ថា ពលរដ្ឋ​លំបាក​ទទួល​នូវ​សេវាកម្ម​ទាំង​អស់​ហ្នឹង ប្រសិន​ជា​មាន​មេឃុំ​បែប​ហ្នឹង។ ប្រសិន​ជា រដ្ឋាភិបាល​មាន​មន្ត្រី​បែប​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​រដ្ឋាភិបាល នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ពេញ​ចិត្ត»

សមាគម​អាដហុក​មាន​គម្រោង​ចុះ​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​ផ្សព្វផ្សាយ​អំពី​​ច្បាប់​សិទ្ធិ​មនុស្ស​ ជនជាតិ​ដើម​ភាគ​តិច​ ការចងក្រង​សហគមន៍​ ​វិមជ្ឃ​ការ សេវា​ធារណៈ​ច្បាប់​ភូមិបាល​ ឬសិទ្ធិ​ដីធ្លី​ និងអំពីធនធាន​ធម្មជាតិ​។ ​លើស​ពី​នេះ​លោក​​ថា ក្នុង​មួយ​ឆ្នាំ​សមាគម​របស់​លោក​ត្រូវ​បណ្តុះបណ្តាល​ចំនួន​ ៤ឃុំ ដោយ​ក្នុង​មួយ​ឃុំ​មាន ៤​ភូមិ ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​ស្វែង​យក​ពី​ច្បាប់​ចេះ​ការពារ​សិទ្ធិ​របស់​ខ្លូន និង​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​ឲ្យ​ចេះ​តស៊ូ​មតិ​ជាដើម​។​

មេឃុំ​ប៉ាតាង​ លោក​ កិត្ត ​ចេម ​ទទួល​ស្គាល់​ថា​ ​លោក​ពិត​ជា​បាន​រារាំង​មន្ត្រី​សហគមន៍​ អាដហុក ​មែន ដោយ​លោក​អះអាង​ថា ដោយសារ​តែ​មន្ត្រី​សមាគម​ អាដហុក ​ធ្លាប់​អុកឡុក​ពលរដ្ឋ​ឲ្យ​ស្អប់​អាជ្ញាធរ​ កាលពី​អំឡុង​ឆ្នាំ​ ២០០៥ ​និង​ឆ្នាំ​ ២០០៧ ​ដែល​​មាន​​លោក ប៉ែន ប៊ុណ្ណារ៍ ដឹកនាំ​ និង​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន រួមទាំង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ទៅ​តុលាការ​ទៀត​ផង។ លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ឃុំ​នឹង​មិន​អនុញ្ញាតឲ្យ​សមាគម​អាដហុក ​បណ្តុះបណ្តាល​នៅ​ឃុំ​ប៉ាតាង​នោះ​ទេ​ ​បើ​ទោះបីជា​មាន​ការ​អនុញ្ញាត​​ពី​​ថ្នាក់​​លើ​​ក្តី៖ «សាលា​ខេត្ត​អនុញ្ញាត​ក៏​ដោយ ព្រោះ​នៅ​ឃុំ​ប៉ាតាង​មាន​ច្រើន​រឿង​ណាស់​ពី​មុន ឃុំ​គេ​ច្រើន​ទៀត​អត់​ចូល​ទេ។ សមាគម អាដហុក នៅ​ប៉ាតាង អុកឡុក​កាល​ពី​ឆ្នាំ ២០១៥ ដល់ ២០០៧ មិន​ធម្មតា​ទេ លោក ប៉ែន ប៊ុណ្ណារ៍ ដឹក​នាំ។ ប្រជាជន​​ចង់​ឆ្កូត​សុទ្ធតែ​ចាត់តាំង​បណ្តាញ ចេញ​ចុះ។ និយាយ​ប្រាប់​ក៏​មិន​អស់​ដែរ»

កាលពី​ថ្ងៃ​ទី​៣ ​កញ្ញា​កន្លងទៅ​អភិបាល​ខេត្ត​រតនគិរី ​លោក ថង ​សាវុន ​និង​អភិបាល​ស្រុក​លំផាត់ ​លោក​ ​នូ ​ថេរ ​បាន​ឯកភាព​ឲ្យ​សមាគម​អាដហុក​បណ្តុះបណ្តាល​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ និង​ត្រូវ​ធ្វើ​ការទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទទួលបាន​កិច្ចសហការ។

ជនជាតិ​ដើម​ភាគ​តិច​ទំពូន​ រស់នៅ​ភូមិ​ប៉ាតាង​ ឃុំ​ប៉ាតាង​ លោក​ ស្វិន ​វ៉េវ ​អង្កេតឃើញ​ថា ការ​យល់​ដឹង​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​មូលដ្ឋាន​នៅ​មាន​កម្រិត​ ​ខណៈ​ដែល​អាជ្ញាធរ​ឃុំ ​តែងតែ​រារាំង​ ​អង្គការ​សង្គម​ស៊ីវិល​មិន​ឲ្យ​បណ្តុះបណ្តា​សហគមន៍ និង​​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម។ លោក​ថា លោក​ ​និង​ ​អ្នកភូមិ​ផ្សេងទៀត ក៏​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ឃុំ ​គំរាមកំហែង រើសអើង និង​រារាំង ​នៅពេល​ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សិទ្ធិ​អំណាច​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ​ដោយ​ចោទ​ប្រកាន់​ពួក​គាត់​​ថា​ ​ជា​ក្រុម​បក្ស​ប្រឆាំង៖ «ចំពោះ​ខ្ញុំ​ផ្ទាល់​ប្រឈម​មុខ​រើសអើង​ដែរ ខាង​អាជ្ញាធរ ដោយសារ​តែ​ខ្ញុំ​ប្រជុំ​អង្គការ គេ​ថា លាប​ពណ៍​អ្នក​ប្រឆាំង»

មន្ត្រី​សមាគម អាដហុក ខេត្ត​រតនគិរី​បន្ថែម​ថា ការ​រារាំង​នេះ​ពុំ​មែន​កើត​មាន​ឡើង​តែ​ឃុំ​ប៉ាតាង​នោះ​ទេ​ ​នៅ​ឃុំ​ខ្លះ​ទៀត​ក្នុង​ខេត្ត​រតនគិរី ​ក៏​មាន​អាជ្ញាធរ​បញ្ជា​ឲ្យ​នគ​បាល​រារាំង​ដែរ ក៏​ប៉ុន្តែ​មាន​ការ​ឯកភាព​ឲ្យ​ដំណើរការ​វិញ នៅ​គ្រា​ដែល​សមាគម អាដហុក បង្ហាញ​លិខិត​អនុញ្ញាត​ពី​សាលា​ខេត្ត និង​រដ្ឋបាល​ស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។