គ្រួសារ​លោក រ៉ាត់ រត្នមុនី តវ៉ា​ជា​ថ្មី​ទៀត​នៅ​មុខ​ទូត​រុស្ស៊ី ខណៈ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​កំពូល​រឿង​សុំ​នៅ​ក្រៅ​ឃុំ

2019-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រួសារ​លោក រ៉ាត់ រត្នមុនី តវ៉ា​នៅ​មុខ​ទូត​រុស្ស៊ី​លើក​ទី៧ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០១៩ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដោះ​លែង​លោក​នៅ​ក្រៅ​ឃុំ។
គ្រួសារ​លោក រ៉ាត់ រត្នមុនី តវ៉ា​នៅ​មុខ​ទូត​រុស្ស៊ី​លើក​ទី៧ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០១៩ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដោះ​លែង​លោក​នៅ​ក្រៅ​ឃុំ។
រូបថត៖ ហ្វេសប៊ុក Long Kimheang

ក្រុមគ្រួសារ និង​អ្នក​គាំទ្រ​លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​ពុធ ទី២៧ កុម្ភៈ​នេះ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ជា​លើក​ទី៧ ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ។
ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា មន្ត្រី​ស្ថានទូត​រុស្ស៊ី​មិន​បាន​ចេញ​មក​ជួប​ពួក​អ្នកស្រី ដូច​កាល​ពី​លើក​មុនៗ ដដែល ក៏​ប៉ុន្តែ​អ្នកស្រី​អះអាង​ថា នឹង​មិន​បោះ​បង់​ចោល​ការ​តវ៉ា​នេះ​ជា​ដាច់​ខាត ដរាប​ណា​ស្វាមី​មិន​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​ទេ​នោះ។ អ្នកស្រី​បញ្ជាក់​ថា ក្រុម​គ្រួសារ​កំពុង​រង់ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី៖ «ភាគ​ច្រើន​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​គាត់​ដឹង​ណាស់ ខុស​ត្រូវ ល្អ​អាក្រក់ ជា​ពិសេស គឺ​រឿង​អយុត្តិធម៌ ដែល​កើត​ឡើង​លើ​ប្តី​ខ្ញុំ​នេះ។ ខ្ញុំ​នៅ​តែ​បន្ត ព្រោះ​ខ្ញុំ​បាន​ទាមទារ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ចំនួន ៧ដង​ហើយ ហើយ​ពួក​ខ្ញុំ​កំពុង​ជជែក​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​សកម្មភាព ឬ​យុទ្ធនាការ​ផ្សេង​ទៀត»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​លោក​មាន​ទោស។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចោទ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ថា បាន​ឱ្យ​លុយ​ប្រភព ដើម្បី​និយាយ​ប្រឌិត​សាច់​រឿង​ក្នុង​ភាពយន្ត​ឯកសារ​ជួញ​ដូរ​ផ្លូវ​ភេទ ដែល​មាន​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ដែល​លោក​បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។
គិត​ត្រឹម​ចុង​ខែ​កុម្ភៈ​នេះ លោក​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល​ជិត ៣ខែ​មក​ហើយ ហើយ​តុលាការ​របប​លោក ហ៊ុន សែន ក៏​មិន​ទាន់​ឃើញ​កោះ​ហៅ​សាក្សី និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឱ្យ​មក​បំភ្លឺ​ជុំវិញ​សំណុំរឿង​នេះ​នៅ​ឡើយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល