ប្រតិកម្ម​របស់​អង្គការ​អន្តរជាតិ​និង​ស្ថានទូត​នានា​លើ​រឿង​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស

ដោយ ឡេង ម៉ាលី
2016-05-03
Share
នី ចរិយា ៨៥៥ ២០១៦ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា លើក​បង្ហាញ​ដៃ​ជាប់​ខ្នោះ ក្នុង​ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។
Photo provided

រឿងរ៉ាវ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) យក​ទៅ​ផ្ដន្ទាទោស​នៅ​តុលាការ​ពេល​នេះ ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​យល់​ថា ជា​ស្ថានការណ៍​នយោបាយ​វឹកវរ​មួយ ដែល​គេ​ត្រូវ​តាមដាន​យ៉ាង​ដិតដល់​បំផុត។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ហៅ​ការ​ចាប់​ខ្លួន​នេះ​ជា​យុទ្ធនាការ​រារាំង​ការងារ​សិទ្ធិមនុស្ស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ចេញ​សេចក្ដី​ថ្លែងការណ៍​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​យុទ្ធនាការ​កាត់​បន្ថយ​ការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា។ អង្គការ​នេះ​ចាត់​ទុក ការ​ចាប់​ផ្ដន្ទាទោស​អ្នក​ការពារ​​សិទ្ធិមនុស្ស ៦​នាក់ ដោយ​ហេតុផល​នយោបាយ ថា​ជា​ការ​គំរាម​កំហែង​ដល់​រាល់​ការងារ​សិទ្ធិមនុស្ស។

នាយក​ប្រតិបត្តិ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ករណី​នេះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «សូម​កុំ​ច្រឡំ​ចំពោះ​ការ​ផ្ដន្ទាទោស​នេះ​ទៅ​លើ​រឿង​អ្វី​ឱ្យ​សោះ។ រឿង​នេះ គឺ​ជា​កិច្ចប្រឹងប្រែង​របស់​លោក ហ៊ុន សែន ដើម្បី​បំបាត់​សមិទ្ធផល​ការងារ​របស់​អង្គការ​ខ្មែរ និង​អង្គការ​សហប្រជាជាតិ ដែល​ខំ​ធ្វើ​រាប់​ទសវត្ស​កន្លង​មក ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស​របស់​កម្ពុជា​គ្រប់រូប»

ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​លោក ប៊្រែដ អាដាម មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា រាជរដ្ឋាភិបាល​មិន​បាន​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​ណា​មួយ​ទេ៖ «យើង​អត់​បាន​ចាប់​អង្គការ​ផង។ យើង​ចាប់​បុគ្គលិក​របស់​អង្គការ​ ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ស៊ុមគ្រលុំ​ដើម្បី​បិទបាំង​អំពើ​ខុស​ឆ្គង​របស់​បក្ស​ពួក​របស់​ពួក​គេ សូក​ប៉ាន់ ដើម្បី​បំផ្លាញ​នូវ​សមិទ្ធកម្ម​នៃ​ការងារ​យុត្តិធម៌»

ទន្ទឹម​គ្នា​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ស្ថានទូត​អន្តរជាតិ​នៅ​ភ្នំពេញ មួយ​ចំនួន ក៏​បញ្ចេញ​ប្រតិកម្ម និង​ជំហរ​របស់​ខ្លួន​ដែរ​ក្នុង​បញ្ហា​នេះ។

ឯក​អគ្គរាជទូត​ស៊ុយអែត ប្រចាំ​កម្ពុជា អ្នកស្រី អែនណា ម៉ាច ហ៊ុលហ្កាដ (Ms. Anna Maj Hultgard) ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ថា ស្ថានទូត​ស៊ុយអែត កំពុង​តាម​ដាន​មើល​ករណី និង​ស្ថានការណ៍​បច្ចុប្បន្ន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត៖ «ខ្ញុំ​គិត​ថា នេះ​ជា​ពេល​វឹកវរ​មួយ​ដែល​យើង​ត្រូវ​តាមដាន​ឱ្យ​បាន​ដិតដល់។ យើង​នឹង​ព្យាយាម​ជួប​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​ឱ្យ​យល់​កាន់​តែ​ប្រសើរ និង​ដើម្បី​ប្រមូល​គំនិត​យោបល់​ល្អៗ ថា​តើ​យើង​អាច​មាន​តួនាទី​អ្វី​ខ្លះ​នៅ​ក្នុង​បញ្ហា​ហ្នឹង»

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ លោក ជេ រ៉ាម៉ាន (Jay R. Raman) ថ្លែង​តាម​សារ​អេឡិចត្រូនិក​ថា ស្ថានទូត​សហរដ្ឋអាមេរិក កំពុង​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​បទ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រឆាំង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក ទាំង​កំពុង​បំពេញ​ការងារ និង​អតីត​មន្ត្រី​នៃ​អង្គការ​នេះ។ លោក ជេ រ៉ាម៉ាន បញ្ជាក់​បន្ថែម​ថា ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​រាជធានី​ភ្នំពេញ នឹង​ឃ្លាំមើល​ករណី​ទាំង​នេះ​ឱ្យ​បាន​ដិតដល់​បំផុត។

ដូច​គ្នា​នេះ​ដែរ ស្ថានទូត​សាធារណរដ្ឋ​បារាំង នៅ​ភ្នំពេញ ឱ្យ​ដឹង​ថា ខ្លួន​ក៏​កំពុង​តាម​ដាន​ស្ថានការណ៍​បច្ចុប្បន្ន​យ៉ាង​ដិតដល់ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​បុគ្គលិក និង​អតីត​បុគ្គលិក​សិទ្ធិមនុស្ស​មិន​មែន​រដ្ឋាភិបាល​នេះ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សាធារណរដ្ឋ​បារាំង នៅ​ភ្នំពេញ លោក នីកូឡាស បូដ្វីន (Nicolas Baudouin) សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​ថា ស្ថានទូត​បារាំង បញ្ជាក់​ជំហរ​គាំទ្រ​របស់​ខ្លួន​ដដែល​ចំពោះ​ការងារ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ដៃគូ​សំខាន់​មួយ​របស់​ស្ថានទូត​សម្រាប់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ។

ដោយឡែក​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អូស្ត្រាលី នៅ​ភ្នំពេញ លោក ស៊ីម៉ុន ហ្វែលឡូស៍ (Simon Fellows) ថ្លែង​ថា អូស្ត្រាលី​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​កម្ពុជា ហើយ​ស្ថានទូត​អូស្ត្រាលី នៅ​ភ្នំពេញ តែង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ជា​ទៀងទាត់ អំពី​បញ្ហា​សិទ្ធិមនុស្ស។

ឯក​អគ្គរាជទូត​ស៊ុយអែត ប្រចាំ​កម្ពុជា អ្នកស្រី អែនណា ម៉ាច ហ៊ុលហ្កាដ យល់​ឃើញ​ថា ស្ថានការណ៍​ដូច​បច្ចុប្បន្ន​នេះ អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

អ្នកស្រី​បន្ត​ថា អ្នកស្រី​បាន​ជួប​សហការី​របស់​អ្នកស្រី ដើម្បី​គិតគូរ​អំពី​បញ្ហា​នេះ ប៉ុន្តែ​​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​អ្វី​ច្រើន​ទេ៖ «ជា​ធម្មតា អ្វី​ដែល​យើង​ធ្វើ​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប គឺ​យើង​ធ្វើ​ជា​សមូហភាព ឬ​រួម​គ្នា។ ដូច្នេះ យើង​មិន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​សាធារណៈ​ជា​ទ្វេ​ភាគី​ទេ នៅ​ពេល​នេះ​ទេ។ ដូច្នេះ​បញ្ហា​នេះ ខ្ញុំ​សុំ​ឱ្យ​លោក​ទាក់ទង​ទៅ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ធ្វើ​សេចក្ដី​ថ្លែងការណ៍​អំពី​ទស្សនៈ​រួម​របស់​ប្រទេស​ជា​សមាជិក»

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី អែនណា ថ្លែង​ថា ខាង​អ្នកស្រី​នៅ​តែ​ពិនិត្យ​មើល​ថា តើ​​អ្នកស្រី​អាច​ជួយ​ជ្រោមជ្រែង​យ៉ាង​ម៉េច​បាន​នៅ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ល្អ និង​មាន​សន្តិភាព​នៃ​ប្រទេស​នេះ។

អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ជា​អង្គការ​សកល​នាំ​មុខ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​មួយ​ដែរ ដោយ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​យាយី​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល ហើយ​ឈប់​យាយី និង​គំរាម​កំហែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស។ អង្គការ​នេះ អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​គោរព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។

អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​តម្លាភាព​អន្តរជាតិ អ្នកស្រី អេលេណា ប៉ានហ្វីឡូវ៉ា (Elena Panfilova) ថ្លែង​ថា អង្គការ​តម្លាភាព​អន្តរជាតិ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នូវ​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ និង​ការ​គំរាមកំហែង​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ប្រឆាំង​អំពើ​ពុករលួយ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​គួរ​អនុវត្ត​តួនាទី​ខ្លួន ដើម្បី​យាយី និង​ព្យាយាម​បំបិទ​សំឡេង​សកម្មជន​សង្គម​ស៊ីវិល​ឡើយ។ ការ​អនុវត្ត​បែប​នេះ ជា​ការ​បញ្ជូន​សារ​អវិជ្ជមាន​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក។ អង្គការ​សង្គម​ស៊ីវិល ត្រូវ​ការ​ការ​ការពារ ដើម្បី​ឱ្យ​ពួក​គេ​អាច​បំពេញ​ការងារ​ជួយ​គាំពារ​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល