ក្រុមគ្រួសារនៃជនរងគ្រោះឥណ្ឌូណេស៊ី (Indonesia) ឲ្យដឹងថា សមាជិកគ្រួសាររបស់ពួកគេ បានរងទារុណកម្ម និងការបង្ខំឲ្យធ្វើការច្រើនម៉ោង ដោយពុំទទួលបានប្រាក់កម្រៃ ឬទទួលបានប្រាក់បន្តិចបន្តួច នៅប្រទេសកម្ពុជា។ ជនរងគ្រោះទាំងនោះ ត្រូវបានសន្យាថា ផ្តល់ការងារឲ្យធ្វើជាបុគ្គលិកកាស៊ីណូ និងមន្ត្រីផ្នែកហិរញ្ញវត្ថុ ដែលបានប្រាក់បៀវត្សក្នុងមួយខែចន្លោះពី ១ពាន់ដុល្លារ ដល់ ១.១០០ ដុល្លារ ក៏ប៉ុន្តែមកដល់កម្ពុជា ពួកគេត្រូវបានក្រុមជនល្មើសបង្ខាំងទុក និងបង្ខំឲ្យធ្វើការនៅកន្លែងក្រុមហ៊ុនឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានម្ចាស់ជាជនជាតិចិនទៅវិញ។
ការបញ្ជាក់ប្រាប់នេះធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានអនឡាញ (Online) កាលពីថ្ងៃទី១ ខែសីហា រៀបចំឡើងដោយអង្គការតស៊ូមតិសំរាប់ជនចំណាកស្រុក (Migrant Care) នៅប្រទេសឥណ្ឌូណេស៊ី ដោយបានបង្ហាញរូបភាពពីស្ត្រីរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ ដែលត្រូវបានគេដាក់ច្រវ៉ាក់ធ្វើបាប ក្រោយពីពួកគេបានចាញ់បោកមេខ្យល់យកពួកគេឲ្យទៅធ្វើការនៅកន្លែងក្រុមហ៊ុនឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន នៅខេត្តព្រះសីហនុ។
ក្រសួងការបរទេសឥណ្ឌូណេស៊ី (Indonesian Foreign Ministry ) បានប្រាប់សារព័ត៌មាន BenarNews កាលពីថ្ងៃទី១ ខែសីហា ថា អាជ្ញាធរកម្ពុជា បានជួយរំដោះជនជាតិឥណ្ឌូណេស៊ី ចំនួន ៦២នាក់ ចេញពីអគារបង្ខាំងពួកគេរបស់ក្រុមហ៊ុនចិនរកស៊ីបោកប្រាស់តាមប្រព័ន្ធអនឡាញ (online) នៅខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដាកន្លងមកនេះ។
បងប្រុសរបស់ជនរងគ្រោះម្នាក់ ដែលគ្រាន់តែប្រាប់ឈ្មោះយ៉ាងខ្លីថា Y.T. បាននិយាយថា ប្អូនប្រុសរបស់ខ្លួនដែលបានមកដល់កម្ពុជា កាលពីដើមខែកក្កដា ត្រូវបានក្រុមហ៊ុមចិន ចាប់បង្ខាំងទុក ២ថ្ងៃ ដោយគ្មានអាហារហូបចុក ដោយសារដេកលក់នៅកន្លែងធ្វើការ ព្រោះហត់នឿយខ្លាំងនិងធ្លាក់ខ្លួនឈឺ ដោយធ្វើការ ១៦ម៉ោង ក្នុងមួយថ្ងៃ។ ចំណែក ជនរងគ្រោះម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ដែលត្រូវបានអាជ្ញាធរកម្ពុជា បញ្ជូនត្រឡប់ទៅឥណ្ឌូណេស៊ីវិញ កាលពីខែឧសភា ក៏បានបញ្ជាក់ប្រាប់ផងដែរថា គ្នាគាត់៣នាក់ ត្រូវបានគេវាយដំឆក់ខ្សែភ្លើង និងដកហូតលិខិតឆ្លងដែន ដោយសារមិនអាចបំពេញការងារ តាមតម្រូវការរបស់ក្រុមហ៊ុនបោកប្រាស់នោះបាន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសមត្ថកិច្ច និងក្រសួងការបរទេសកម្ពុជា ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ កាលពីថ្ងៃទី១ ខែសីហា។ ស្ថានទូតឥណ្ឌូណេស៊ី ឲ្យដឹងដែរថា ក្នុងអំឡុងឆ្នាំ២០២១ ស្ថានទូតបានបញ្ជូនជនរងគ្រោះឥណ្ឌូណេស៊ីចំនួន ១១៩នាក់ ដែលចាញ់បោកគេ មកធ្វើការនៅកម្ពុជាឲ្យត្រឡប់ទៅប្រទេសដើមកំណើតវិញ។ ប៉ុន្តែក្នុងអំឡុង៧ ខែ ដើមឆ្នាំ២០២២នេះ ចំនួនជនរងគ្រោះបានកើនឡើដល់ទៅជិត ៣រយនាក់ (២៩១) ក្នុងនោះជិត ២រយនាក់ បានបញ្ជូនត្រឡប់ទៅវិញហើយដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី អ្នកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) ប្រាប់អ្នកសារព័ត៌មានថា អ្នកស្រី គ្រោងជួបពិភាក្សាទ្វេភាគី ស្ដីពីបញ្ហាជួញដូរមនុស្សនៅកម្ពុជា ជាមួយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន នៅពេលអ្នកស្រីមកចូលរួមកិច្ចប្រជុំចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។