សាច់ញាតិជនរងគ្រោះដែលបាត់បង់ជីវិត និងបាត់ខ្លួនក្នុងការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤ ទទូចឲ្យសមត្ថកិច្ចស្រាវជ្រាវផ្ដល់យុត្តិធម៌ដល់ពួកគេដែលបានបាត់បង់កូន ស្វាមី ក្នុងហេតុការណ៍ផ្ទុះអាវុធនោះ។ មន្ត្រីរដ្ឋាភិបាលអះអាងថា ពួកគេបានបិទសំណុំរឿងនោះ ហើយរកមិនឃើញថាមានមនុស្សបាត់ខ្លួនទេ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលថា យុត្តិធម៌របស់សាច់ញាតិអ្នកស្លាប់ដោយអំពើហិង្សាបាញ់ប្រហារនៅផ្លូវវ៉េងស្រេង គឺនៅឆ្ងាយដូចជើងមេឃ។
បើទោះជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ក្រសួងបានបញ្ចប់ការស្រាវជ្រាវករណីស្លាប់ និងបាត់ខ្លួនក្មេងប្រុសម្នាក់ក្នុងករណីបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរមកលើបាតុកម្មនៅផ្លូវវ៉េងស្រេង ក្តី ប៉ុន្តែ ៤ឆ្នាំមកហើយ ឪពុកម្ដាយយុវជនម្នាក់ដែលបាត់ខ្លួនក្នុងករណីហិង្សានៅផ្លូវវ៉េងស្រេង នៅតែមិនដឹងថា កូនរបស់ខ្លួនត្រូវបាត់បង់ជីវិត ឬបាត់ខ្លួនទៅនោះទេ។ សាច់ញាតិជនរងគ្រោះគ្មានសង្ឃឹមថា នឹងបានជួបមុខកូនប្រុសរបស់ខ្លួនឡើយ ហើយពួកគេបានបង្ខំចិត្តធ្វើបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកូនប្រុសដែលបានបាត់ខ្លួនអស់ ៤ឆ្នាំមកនេះ៖ «»។
នេះជាការរៀបរាប់ពីការបាត់ខ្លួនប្រុសរបស់អ្នកស្រី អ៊ិន លក្ខិណា ជាពលរដ្ឋរស់នៅខេត្តស្វាយវៀង។ អ្នកស្រីជាម្ដាយរបស់កម្មកររោងចក្រម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល ៤ឆ្នាំក្នុងករណីបាញ់សម្លាប់នៅផ្លូវវ៉េងស្រេង។ កូនប្រុសរបស់អ្នកស្រី គឺយុវជន ខឹម សុផាត ជាកម្មកររោងចក្រម្នាក់ដែលបានចូលរួមតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលក្នុងព្រឹត្តិការណ៍នៃការទាមទារដ៏ធំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កន្លងទៅ។ លោកថា កាលពីកូនអ្នកស្រីនៅរស់តែងតែផ្ញើប្រាក់ទៅអ្នកស្រីក្នុងមួយខែៗជិត ២០០ដុល្លារ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។ ប៉ុន្តែពេលនេះអ្នកស្រីត្អូញត្អែរថា ចាប់ពីបាត់បង់កូនប្រុសរបស់លោកស្រី ជីវភាពគ្រួសារក៏ធ្លាក់ដុនដាប ព្រោះបាត់បង់ជនបង្គោលដែលជាអ្នករកប្រាក់៖ «»។
មានមុខរបរជាកសិករ លោក ខឹម សឿន ជាឪពុករបស់យុវជន ខឹម សុផាត និយាយថា ព្រោះតែគ្មានសង្ឃឹមថា កូនប្រុសរបស់លោកនៅមានជីវិត លោកធ្វើពិធីរំឭកខួបឲ្យកូនប្រុសនៅថ្ងៃនេះ។ បុរសដែលមានសម្បុរខ្មៅ ចិញ្ចើមក្រាស់ រៀបរាប់ដោយសំឡេងមួយៗថា កាលពីឆ្នាំ២០១៤ បន្ទាប់ពីទទួលដំណឹងថា កូនរបស់លោកបាត់ខ្លួន លោកបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ អង្គការលីកាដូ (LICADHO) និងអង្គការសិទ្ធិមនុស្សមួយចំនួន ដើម្បីស្វែងរកកូនប្រុសរបស់លោក ប៉ុន្តែគ្មានស្ថាប័នណាបញ្ជាក់ថា កូនប្រុសរបស់លោកនៅទីណា ឬបាត់បង់ជីវិតឡើយ៖ «»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កម្មករកម្មការិនីរាប់ម៉ឺននាក់នៅតាមបណ្ដារោងចក្រនានា ស្ទើរទូទាំងប្រទេស ជាពិសេសគឺក្រុងភ្នំពេញ បានផ្ទុះការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។ ជាការឆ្លើយតបការទាមទារ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលប្រើសប្រាស់កងកម្លាំងចម្រុះរបស់ខ្លួនឆ្លើយតបយ៉ាងហិង្សាដោយបើកការបង្ក្រាប រួមមាន វាយដោយដំបងដែកទីប បោកគ្រាប់បែកផ្សែង និងបាញ់គ្រាប់កាំភ្លើងពិតលាន់ឮកងរំពងពេញផ្លូវវ៉េងស្រេង ក្នុងភ្នំពេញ៖ «»។
ការបង្ក្រាបយ៉ាងហិង្សានេះ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៤នាក់ បាត់ខ្លួនម្នាក់ និងរបួសជិត ៤០នាក់។ កងកម្លាំងរបស់រដ្ឋាភិបាលក៏បានចាប់ខ្លួនមនុស្ស ២៣នាក់ផ្សេងទៀតពីបទបង្កហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្នុងនោះមានអ្នកការពារសិទ្ធិមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក្ដិ។
ក្រោយពីព្រឹត្តិការណ៍ផ្ទុះឡើងភ្លាមបានបន្សល់ទុកនូវការភ័យខ្លាច ឈឺចាប់ និងក្ដីរន្ធត់នៃជនរងគ្រោះ និងកម្មករដទៃទៀត។ ដោយឡែកនៅអមសងខាងផ្លូវឯណេះវិញ គេសង្កេតឃើញខ្សែភ្លើងដាច់រញ៉េរញ៉ៃ ដុំថ្មតូចធំនៅរាយប៉ាយពាសពេញផ្លូវ និងអគារមួយចំនួនត្រូវបាក់បែកជាដើម។ យូរៗម្ដងគេសង្កេតឃើញអណ្ដាតភ្លើងបានឆាបឆេះឡើងនៅលើកំណាត់ផ្លូវវ៉េងស្រេង ផងដែរ។
ឪពុករបស់យុវជន ខឹម សុផាត គឺលោក ខឹម សឿន ដែលកូនប្រុសលោកបានបាត់ខ្លួនក្នុងការបង្ក្រាបនោះថា លោកគ្មានសង្ឃឹមថា កូនរបស់លោកនៅមានជីវិតឡើយ ព្រោះសាក្សីដែលនៅក្នុងហេតុការណ៍បានប្រាប់លោកថា កូនរបស់លោកត្រូវសមត្ថកិច្ចបាញ់ចំដើមទ្រូង ហើយបានដេកស្លាប់នៅនឹងកន្លែងបាត់ទៅហើយ៖ «»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធការចោទប្រកាន់នេះ។ លោកថា គណៈកម្មការដែលរដ្ឋាភិបាលបង្កើតដើម្បីស្រាវជ្រាវករណីនេះ បានបញ្ចប់ការងាររបស់ខ្លួនទៅហើយ។ លោកអះអាងថា សមត្ថកិច្ចរកមិនឃើញថា មានករណីបាត់ខ្លួនទេ។ លោក ខៀវ សុភ័គ ថែមទាំងចោទប្រកាន់ថា មូលហេតុនៃការទាមទារ និងករណីហិង្សានេះ គឺដើម្បីផ្ដួលរំលំរដ្ឋាភិបាលថែមទៀតផង៖ «»។
ករណីហិង្សាដែលកើតឡើងនៅឆ្នាំ២០១៤ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ធ្ងន់ធ្ងរនៃការរំលោភសិទ្ធិមនុស្ស។ របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សលើពិភពលោកក្នុងឆ្នាំ២០១៤ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឆ្នាំ២០១៤ បង្ហាញថា បញ្ហារំលោភសិទ្ធិមនុស្សជាច្រើនកំពុងកើតនៅក្នុងប្រទេសកម្ពុជា។
ក្នុងពេលនោះដែរ លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ដែលមានទីតាំងនៅប្រទេសអង់គ្លេស តំណាងឲ្យដើមបណ្ដឹងប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះនៃការរំលោភបំពាន និងបង្ខំបណ្ដេញចេញពីផ្ទះសម្បែង និងដីធ្លី បានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីករណីសមត្ថកិច្ចប្រើហិង្សាលើអ្នកតវ៉ានៅផ្លូវវ៉េងស្រេង និងក្បែររោងចក្រយ៉ាកជីន។ នៅក្នុងពាក្យបណ្ដឹងនោះចោទប្រកាន់មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តក្នុងរយៈពេលជាង ១២ឆ្នាំចុងក្រោយនេះ។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះដោយករណីហិង្សានេះ នៅឆ្ងាយដូចជើងមេឃ។ មន្ត្រីអង្គការសង្គមស៊ីវិលដដែលស្នើទៅរដ្ឋាភិបាលប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីរកយុត្តិធម៌ជនរងគ្រោះ។ លោកថា បើសិនរដ្ឋាភិបាលរកការពិតនៃរឿងនេះឃើញ គឺរដ្ឋាភិបាលបានផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះផង និងបានបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនក្នុងករណីហិង្សានោះផង៖ «»។
ខណៈវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរទៅពីមួយថ្ងៃទៅមួយថ្ងៃ ពិធីប្រារព្ធខួប ៤ឆ្នាំនៃការបាញ់សម្លាប់នៅផ្លូវវ៉េងស្រេង មិនត្រូវបានសាច់ញាតិជនរងគ្រោះ ធ្វើអ្វីនៅកន្លែងកើតហេតុទេ គឺត្រឹមបង្ហាញការឈឺចាច់តាមបណ្ដាញសង្គមហ្វេសប៊ុក របស់ពួកគេប៉ុណ្ណោះ។ រីឯលោក ហ៊ុន សែន ឯណោះវិញបានបង្ហាញការសោកស្ដាយ ព្រោះមិនបានសម្លាប់អ្នកតវ៉ាកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ឲ្យអស់ ខណៈលោកចោទប្រកាន់សកម្មភាពតវ៉ានៅពេលនោះថា ជាការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ ប៉ុន្តែលោកស្រី អ៊ិន លក្ខិណា ម្ដាយរបស់យុវជន ខឹម សុផាត ថា លោកស្រីមិននឹកស្មានថា កូនលោកស្រីត្រូវសមត្ថកិច្ចបាញ់សម្លាប់ចោលដូច្នេះទេ៖ «ខ្ញុំនឹកកូនខ្ញុំ។ មិននឹកស្មានថាដល់ថ្នាក់ហ្នឹង មិនគួរណាកូនខ្ញុំដូចសត្វធាតុ...មិនគួរ កូនខ្ញុំនៅក្មេងសោះ!»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។