ការ​សិក្សា​បង្ហាញ​ថា​កុមារ​ប្រកប​របរ​តាម​ចិញ្ចើម​ផ្លូវ​ខ្លះ​គ្មាន​សង្ឃឹម​បាន​សិក្សា​ខ្ពង់ខ្ពស់

ដោយ រាជ វិញ្ញូ
2017-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារ​ដើរ​សុំ​ទាន​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥។
កុមារ​ដើរ​សុំ​ទាន​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Uon Chhin

គម្រោង​ស្រាវជ្រាវ​សន្តិភាព​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT) បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​កុមារ​ប្រកប​មុខ​របរ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ ចំនួន ៦៨​នាក់ គឺ​មាន​កុមារ​ជិត ៣០​នាក់ មិន​បាន​រៀន​សូត្រ និង​បោះបង់​ការ​សិក្សា​របស់​ពួកគេ​វិញ។ ការ​សិក្សា​នេះ​ក៏​បង្ហាញ​ថា កុមារ​កំពុង​បន្ត​ការ​សិក្សា គឺ​ពួកគេ​ខ្លះ​គ្មាន​សង្ឃឹម​នឹង​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ ឬ​វិទ្យាល័យ​ឡើយ។

ជីវភាព​ទីទ័លក្រ​ខ្លាំង​ដែល​ពុំ​អាច​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ប្រចាំ​ថ្ងៃ​គឺ​ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត ដែល​គេ​រក​ឃើញ​ថា នាំ​ឱ្យ​កុមារ​កម្ពុជា​ខ្លះ ត្រូវ​ប្រកប​មុខ​របរ​តាម​ដង​ផ្លូវ។ ក្នុង​ចំណោម​កុមារ​ប្រកប​មុខ​របរ​តាម​ដង​ផ្លូវ​ចំនួន ៦៨​នាក់ ដែល​ព្រម​ផ្ដល់​បទសម្ភាសន៍​ឱ្យ​គម្រោង​ស្រាវជ្រាវ​សន្តិភាព បាន​ឱ្យ​ដឹង​ថា កុមារ​ទាំង​នេះ​មាន​ចំនួន ៥០% បាន​ធ្វើ​ការងារ​ណា​ក៏ដោយ ឱ្យ​តែ​បាន​លុយ ដូចជា​អ្នក​លក់​ផ្កា ជូត​កញ្ចក់​ឡាន លក់​ចំណី​សត្វ និង​រើស​សំរាម ដោយសារ​តែ​ឪពុក​ម្ដាយ​ពួកគេ​ភាគ​ច្រើន គឺ​ជា​បុគ្គលិក​អនាម័យ កម្មករ​សំណង់ និង​សន្តិសុខ​ក្នុង​ក្រុមហ៊ុន​ឯកជន។ បើ​និយាយ​អំពី​កម្រិត​សិក្សា​របស់​កុមារ​ទាំង​ចំនួន ៦៨​នាក់​នេះ​វិញ គឺ​មាន ២២,០៥% មិន​បាន​ចូល​រៀន និង​ជាង ១៤% បាន​បោះបង់​ការ​សិក្សា ហើយ​នៅ​សល់​ចំនួន ៥៣​នាក់ កំពុង​បន្ត​ការ​សិក្សា​ចាប់​ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី​៩។ ប៉ុន្តែ​ពួកគេ​ខ្លះ​ប្រាប់​ថា នឹង​គ្មាន​សង្ឃឹម​អាច​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ ឬ​វិទ្យាល័យ​ឡើយ។

​លទ្ធ​ស្រាវជ្រាវ​ដដែល​នេះ​បន្ថែម​ថា កត្តា​ជីវភាព​ប្រាក់​ចំណូល​រក​បាន​ប្រចាំថ្ងៃ​ចាយ​មិន​គ្រប់គ្រាន់ កុមារ​ខ្លះ​រស់​នៅ​ជាមួយ​ជីដូន និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ដែល​មាន​បងប្អូន​ច្រើន​ត្រូវ​រក​ស៊ី​ចិញ្ចឹម និង​ឪពុក​ម្ដាយ​ជំពាក់​បំណុល​គេ និង​ថែម​ទាំង​ឧស្សាហ៍​មាន​ជំងឺ គឺ​ជា​បញ្ហា​នាំ​ឱ្យ​កុមារ​ទាំង​នោះ ត្រូវ​ឆ្លៀត​ពេល​បាន​តិចតួច​ទៅ​សិក្សា និង​ត្រូវ​ចេញ​មក​លក់​ដូរ​ជូត​កញ្ចក់​ឡាន ឬ​ដើរ​សុំទាន​គេ ដើម្បី​ជួយ​រក​ចំណូល​សម្រាប់​ហូប​ចុក​ប្រចាំ​ថ្ងៃ បង់​ថ្លែង​បន្ទប់​ជួល និង​សេវា​ប្រើប្រាស់​ទឹក​ភ្លើង​ជាដើម។

នាយិកា​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ កញ្ញា ស្រី សុធាវី ថ្លែង​បន្ទាប់​ពី​កម្មវិធី​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​របស់​គម្រោង​ស្រាវជ្រាវ​សន្តិភាព​នេះ នៅ​ថ្ងៃ​ទី​២ កញ្ញា ថា ខាង​អង្គការ​របស់​កញ្ញា​មិន​មាន​កញ្ចក់​ថវិកា​ដើម្បី​ជួយ​កុមារ​ទាំង​នេះ​ទេ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​មក​នេះ នឹង​ដាក់​ជូន​ទៅ​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​ដើម្បី​ចេញ​វិធានការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​កុមារ​ប្រកប​មុខ​របរ​តាម​ដង​ផ្លូវ​ទាំង​នេះ«សូម​ឲ្យ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ផ្ដល់​ការ​សុខុមាលភាព​ដែល​ត្រឹមត្រូវ ពីព្រោះ​នៅ​ពេល​គាត់ (រដ្ឋាភិបាល) ប្រមូល ចង់​ឲ្យ​មាន​ភាព​ត្រឹមត្រូវ ស្អាតស្អំ និង​សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង ប៉ុន្តែ​គាត់ (រដ្ឋាភិបាល) ប្រមូល​ដាក់​មួយ​ដុំ​ដោយ​មិន​ផ្ដល់​សុខុមាលភាព​ត្រឹមត្រូវ គឺ​វា​នៅ​តែ​មាន​បញ្ហា»

​នាយិកា​រូប​នេះ​បន្ត​ថា កម្មវិធី​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​ការ​ប្រឈម​របស់​កុមារ​ប្រកប​របរ​តាម​ដង​ផ្លូវ ក៏​បាន​អញ្ជើញ​តំណាង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​នីតិសម្បទា និង​តំណាង​គណបក្ស​កាន់​អំណាច​ចូល​រួម​ដែរ ប៉ុន្តែ​ពួកគេ​បដិសេធ​ដោយ​លើក​ហេតុផល​ថា​រវល់។

​ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ថ្លែង​ថា មាន​តែ​ការ​កំណត់​ជា​គោលនយោបាយ​ថ្នាក់​ជាតិ​ដើម្បី​ស្ដារ​នីតិសម្បទា និង​ចំណេះ​ដឹង​ទៅ​ដល់​កុមារ​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ក្រីក្រ និង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន។ លោក​ថា គណបក្ស​ប្រឆាំង​របស់​លោក​បាន​កំណត់​គោលនយោបាយ​មួយ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ«ប៉ុន្តែ​យើង​គិតគូរ​មិន​អាច​ដោះស្រាយ​មួយ​កន្លែង​តូច​ណា​មួយ​ទេ គឺ​យើង​ត្រូវ​ដោះស្រាយ​ឲ្យ​ដល់​ឫស​វា​តែ​ម្ដង តាម​រយៈ​គោល​នយោបាយ​ថ្នាក់​ជាតិ»

​កុមារ​លក់​ពោត​ស្ងោរ​ម្នាក់​នៅ​ម្ដុំ​មុខ​វាំង និយាយ​ថា រូបគេ​ត្រូវ​ម្ដាយ​បង្ខំ​ឱ្យ​មក​លក់ ទើប​ធ្វើ​ឱ្យ​គេ​មិន​សូវ​មាន​ពេល​ចេញ​ទៅ​រៀន​សូត្រ​ដូច​ក្មេង​ដទៃ​ទៀត។ កុមារ​នេះ​បន្ត​ថា នៅ​ថ្ងៃ​អនាគត គឺ​មាន​បំណង​រៀន​ឱ្យ​ចប់​វិទ្យាល័យ និង​ចង់​ក្លាយ​ជា​បុគ្គលិក​ក្រុមហ៊ុន«គេ​វ៉ៃ​គេ​ជេរ​ម៉ែ នៅ​ពេល​ខ្ញុំ​លក់​ឲ្យ​ម៉ូយ​របស់​គេ»

​លទ្ធ​ស្រាវជ្រាវ​ពី​គម្រោង​សន្តិភាព​ឱ្យ​ដឹង​ទៀត​ថា កុមារ​លក់​តាម​ផ្លូវ​ចំនួន ៦៨​នាក់ គឺ​មាន ៦​នាក់ ត្រូវ​បាន​គេ​លួងលោម​ឱ្យ​ប្រើ​ប្រាស់​គ្រឿងញៀន ដើម្បី​ដោះដូរ​នឹង​ប្រាក់​ដែល​កុមារ​ទាំង​នោះ​រក​បាន។ ក្រៅ​ពី​នេះ កុមារ​ខ្លះ​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​គ្មាន​ពេល​សម្រាក ធ្លាប់​ត្រូវ​គេ​គំរាមកំហែង​ទារ​ប្រាក់ ធ្លាប់​ឡាន ម៉ូតូ​ប៉ះទង្គិច ធ្លាប់​អាជ្ញាធរ​ដេញ​មិន​ឱ្យ​លក់​ដោយសារ​ខូច​សណ្ដាប់ធ្នាប់ ការ​បៀតបៀន​រាងកាយ ការ​ជួញដូរ​កុមារ និង​ការ​បើ​ហិង្សា​ផ្លូវ​ចិត្ត និង​រាងកាយ​ផង​ដែរ។

​ទន្ទឹម​នឹង​នេះ កុមារ​ចំនួន​ជាង ៦៤% នៃ​កុមារ​បាន​សម្ភាសន៍ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​កង្វះ​អាហារូបត្ថម្ភ ចំណី​អាហារ​មិន​គ្រប់គ្រាន់ និង​មិន​ទៀងទាត់ និង​ការ​ហូប​ចុក​គ្មាន​អនាម័យ។ កុមារ​ខ្លះ​ទៀត​និយាយ​ថា ក្នុង​មួយ​ថ្ងៃ ពួកគេ​បាន​បរិភោគ​អាហារ​បាន​ពីរ​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល