អ្នករាយការណ៍ពិសេសអ.ស.បថាបញ្ហារំលោភសិទ្ធិមនុស្សនៅតែមាននៅកម្ពុជា
2016.10.19
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងបេសកកម្មរយៈពេល ១០ថ្ងៃនៅកម្ពុជា បានរកឃើញថា មានបញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាសង្គមជាច្រើនទៀតដែលជាក្តីកង្វល់របស់អ្នកស្រី និងសហគមន៍អន្តរជាតិ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា គេមិនគួរវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយផ្តោតតែទៅលើបញ្ហានយោបាយមួយមុខទេ។
អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត កាលពីថ្ងៃពុធ ទី១៩ ខែតុលា សម្ដែងការសោកស្ដាយដោយសារឃើញស្ថានការណ៍នយោបាយកាន់តែធ្លាក់ដុនដាបតាំងពីខែមីនា ពេលគាត់ចាប់ផ្ដើមបេសកកម្មការងារគាត់។ អ្វីដែលគាត់សោកខ្លាំង គឺការដែលគណបក្សធំៗទាំងពីរលែងទុកចិត្តគ្នា។ អ្នកស្រីបានទទូចសុំឲ្យគណបក្សជាប់ឆ្នោតទាំងពីរ រិះរកឱកាសធ្វើការជាមួយគ្នាដើម្បីជាឧត្ដមប្រយោជន៍របស់ម្ចាស់ឆ្នោត។
ចំពោះការមិនចុះសម្រុងគ្នានេះ គណបក្សទាំងពីរកំពុងចង្អុលដាក់គ្នាទៅវិញទៅមក។ លោក ប្រាក់ សុខុន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកវប្បធម៌សន្ទនាជាមួយគណបក្សប្រឆាំងមានសារសំខាន់ ព្រោះនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកផ្តួចផ្តើមឲ្យមានវាឡើង។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការចរចា ព្រោះចង់ឲ្យមានការរួបរួមជាតិ។ ទោះបីមានការអះអាងពីមន្ត្រីរដ្ឋាភិបាលអំពីការផ្ដល់តម្លៃលើវប្បធម៌សន្ទនាយ៉ាងនេះក្តី ក៏រហូតមកដល់ពេលនេះ គណបក្សធំៗទាំងពីរមិនទាន់បានជួបចរចាគ្នានៅឡើយ។
អ្នកស្រីថ្លែងក្នុងសន្និសីទបញ្ចប់បេសកម្មរបស់អ្នកស្រីថា បើចាំបាច់ គួររកអ្នកនៅកណ្តាលណាមួយដើម្បីសម្របសម្រួលឲ្យបក្សទាំងពីរអាចជួបពិភាក្សាគ្នាបាន។ អ្នកស្រីបន្តថា រាស្ត្រខំទុកចិត្តទើបពួកគាត់បោះឆ្នោតឲ្យបក្សទាំងពីរកាលពីឆ្នាំ២០១៣។
ថ្មីៗនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រខ្មែរ ដើម្បីសុំព្រះរាជទានការលើកលែងទោស ប៉ុន្តែត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធជំនួស។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នកស្រីរម្លឹកថា ប្រទេសកម្ពុជា មានកាតព្វកិច្ចត្រូវតែរៀបចំប្រទេសនេះឲ្យក្លាយជាប្រទេសប្រជាធិបតេយ្យសេរី មានប្រព័ន្ធតុលាការឯករាជ្យ និងត្រូវគោរពសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀតសម្រាប់ពលរដ្ឋកម្ពុជា។ អ្នកស្រីបន្តថា កម្ពុជា ឆ្នាំ២០១៦ មិនមែនដូចកម្ពុជា ឆ្នាំ១៩៩១ ទៀតទេ។ ដូច្នេះរដ្ឋាភិបាលល្មមឈប់លើកឡើងថា កម្ពុជានៅមានបញ្ហា ដោយសារតែកម្ពុជា ធ្លាប់ហែលឆ្លងកាត់រឿងរ៉ាវអាក្រក់ពីអតីត។ រដ្ឋាភិបាលមានសិទ្ធិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ដូច្នេះ រដ្ឋាភិបាលត្រូវទទួលខុសត្រូវក្នុងការអនុវត្តឲ្យបានពេញលេញនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានដទៃទៀតដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិជាច្រើន ដែលរដ្ឋាភិបាលបានចុះហត្ថលេខាដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសទទួលបានសិទ្ធិទាំងនេះ។
ចំណែកឯកិច្ចការសង្គមស៊ីវិល អ្នកស្រីលើកឡើងថា សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលអាចជួយកិច្ចការរដ្ឋាភិបាលបានច្រើនណាស់ក្នុងផ្នែកសិទ្ធិមនុស្ស។ ដូច្នេះ រដ្ឋាភិបាលត្រូវគាំទ្រសកម្មភាពអង្គការទាំងនេះ ដោយមិនត្រូវចាត់ទុកកិច្ចការការពារសិទ្ធិមនុស្សថា ជាសកម្មភាពនយោបាយប្រឆាំងរដ្ឋាភិបាលនោះឡើយ។ ក្រសួងយុត្តិធម៌គួរគិតគូរឡើងវិញ ដោយគួរចាត់ទុកបទ “បរិហារកេរ្តិ៍” ថាជាករណីរដ្ឋប្បវេណីជាជាងកំណត់វាថា ទៅជាបទល្មើសព្រហ្មទណ្ឌដូចសព្វថ្ងៃ។ ដោយសារតែច្បាប់នេះ ទើបធ្វើឲ្យមន្ត្រីការពារសិទ្ធិមនុស្សកាន់តែច្រើនត្រូវរងគ្រោះ”។ អ្នកស្រីក៏មិនភ្លេចអំពាវនាវឲ្យមានការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី ដោយឯករាជ្យ មិនលម្អៀង និងមានតម្លាភាព។
ក្នុងករណីបាតុកម្មដោយអហិង្សា អ្នកស្រីស្នើឲ្យដ្ឋាភិបាលត្រូវគោរពច្បាប់បាតុកម្មដោយអហិង្សាដោយត្រូវគាំទ្រពលរដ្ឋណាដែលនាំគ្នាធ្វើបាតុកម្មដោយសន្តិវិធី។ ប៉ុន្តែកន្លងមករដ្ឋាភិបាលបានហាមឃាត់ការធ្វើបាតុកម្មគ្រប់ទម្រង់ ទោះជាបាតុកម្មដោយសន្តិវិធីក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីយោធាជាន់ខ្ពស់បានបញ្ចេញសារគំរាមកម្ចាត់អ្នកធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ និងពិន័យជាប្រាក់ដោយសារអ្នកស្រី និងសកម្មជនសហគមន៍បឹងកក់ ដទៃទៀតតវ៉ាដោយសន្តិវិធីសុំឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារំលោភដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់។
បញ្ហាដីធ្លីមិនត្រឹមតែកើតមានចំពោះពលរដ្ឋទូទៅនោះទេ ជនជាតិដើមភាគតិច ជាពិសេសជនជាតិសួយ ប្រឈមការបាត់បង់ដីធ្លី ប៉ះពាល់ដល់ជីវភាពរស់នៅ និងកេរដំណែលវប្បធម៌របស់ខ្លួនដោយសារគម្រោងសម្បទាន និងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ អ្នកស្រីបានសម្តែងការខកចិត្តផងដែរ ដោយសារតែរដ្ឋាភិបាលបន្តខកខានមិនបានរាយការណ៍ជូនស្ថាប័នអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រីអះអាងថា ការខកខានក្នុងការរាយការណ៍ជូនសហគមន៍អន្តរជាតិបែបនេះ បង្ហាញអំពីការខ្វះឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសិទ្ធិមនុស្ស។ អ្នកស្រីស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការគ្នាជាមួយក្រសួងផ្សេងៗ ដើម្បីរៀបចំរបាយការណ៍លម្អិតដើម្បីរាយការណ៍ជូនស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ។
ឆ្លើយតបទៅនឹងការរិះគន់ចំពោះការរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា អះអាងថា រដ្ឋាភិបាលគោរពសិទ្ធិមនុស្សទៅតាមបទដ្ឋានអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន និងថា កម្ពុជាប្រៀបបីដូចជាឋានសួគ៌ានៃសេរីភាព។
ចំពោះផ្នែកនីតិវិធី និងយុត្តិធម៌ អ្នកស្រីរកឃើញថា លក្ខខណ្ឌនៃវិធានភស្តុតាងតែមួយត្រូវបានចៅក្រមអនុវត្តខុសៗគ្នា ពាក់ព័ន្ធនឹងបទដ្ឋានបង្ហាញភស្តុតាង។ អ្នកស្រីស្នើឲ្យក្រសួងរៀបចំគោលការណ៍ណែនាំដើម្បីចៅក្រមបានរៀនសូត្រគ្រប់គ្នា។ ដើម្បីផ្សព្វសេចក្ដីសម្រេចតុលាការមុនៗ ស្នើឲ្យក្រសួងយុត្តិធម៌ រៀបចំវគ្គបណ្តុះបណ្តាលនៅសាលារាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងតម្រូវឲ្យចៅក្រមបិទផ្សាយសម្អាងហេតុក្នុងការសម្រេចក្តីនីមួយៗ។ ក្រសួងត្រូវដាក់បង្ហាញតារាងថ្លៃសេវាតុលាការដើម្បីឲ្យសាធារណជនបានជ្រាប។
ពាក់ព័ន្ធនឹងការរៀបចំបោះឆ្នោត អ្នកស្រីក៏កត់សម្គាល់ឃើញថា ការចុះឈ្មោះអ្នកបោះឆ្នោតបានប្រព្រឹត្តទៅរលូតគូួរឲ្យកត់សម្គាល់។ ប៉ុន្តែអ្នកស្រីព្រួយបារម្ភ ដោយសារពលករចំណាកស្រុកមិនទាន់បានចុះឈ្មោះច្រើននៅឡើយ។ ម្យ៉ាងទៀត មិនទាន់មានយន្តការច្បាស់លាស់ដើម្បីសម្រួលឲ្យពលករចំណាកស្រុកអាចចុះឈ្មោះបាននៅឡើយ។ អ្នកស្រីក៏លើកឡើងអំពីពលរដ្ឋខ្មែរក្នុងស្រុកដែលរហូតមកដល់ពេលនេះ នៅមិនទាន់មានអត្តសញ្ញាណប័ណ្ណគ្រប់គ្នានៅឡើយ។ ការកាត់ទោសលោក នី ចរិយា ដែលជាមន្ត្រី គ.ជ.ប ក៏ជាការព្រួយបារម្ភមួយផងដែរ។
ទោះជាយ៉ាងនេះក្តី អ្នកស្រីមិនទាន់អស់សង្ឃឹមទេ ព្រោះអ្នកស្រីសង្កេតឃើញក្រសួងផ្សេងៗ បង្ហាញឆន្ទៈចង់លើកស្ទួយស្ថានការណ៍សិទ្ធិមនុស្សនេះដែរ។ ដូច្នេះ អ្នកស្រីសូមបញ្ជាក់ជាថ្មីថា អ្នកស្រីសន្យាជួយផ្ដល់ជាឱវាទ ជួយឃ្លាំមើល និងជួយរាយការណ៍អំពីស្ថានការណ៍សិទ្ធិមនុស្សបន្តនៅកម្ពុជា៕