អ្នក​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា សិទ្ធិ​ពលរដ្ឋ នយោបាយ ត្រូវ​បាន​រឹតត្បិត​ធ្ងន់ធ្ងរ

ដោយ ទីន ហ្សាការីយ៉ា
2019-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក​មេធាវី សុក សំអឿន (ឆ្វេង) និង​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤។
នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក​មេធាវី សុក សំអឿន (ឆ្វេង) និង​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤។
Photo: RFA

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល មើល​ឃើញ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ផ្ទុយ​ពី​ការ​អះអាង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ថា ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ល្អ​ប្រសើរ​នោះ។ ការ​អះអាង​ផ្ទុយគ្នា​នេះ នៅ​ស្រប​ពេល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​បាន​បញ្ជូន​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ហើយ​តំណាង​រដ្ឋាភិបាល​នឹង​ទៅ​ឆ្លើយ​ការពារ​របាយការណ៍​នេះ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ពេល​ខាងមុខ។

អ្នកការពារ​សិទ្ធិមនុស្ស​នៃ​អង្គការក្រៅរដ្ឋាភិបាល អះអាង​ថា សិទ្ធិ​ពលរដ្ឋ នយោបាយ ត្រូវ​បាន​រឹត​ត្បិត និង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​ប្រឆាំង​តាំង​ពី​ឆ្នាំ​២០១៧​មក។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ដូច​ការ​អះអាង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ឡើយ ពិសេស​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ លោក​បញ្ជាក់​ថា ក្រៅពី​សិទ្ធិ​នយោបាយ​នោះ គឺ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ជួបជុំ​ត្រូវ​បាន​រឹតត្បិត។ លោក អំ សំអាត ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤ មេសា ថា ទោះជា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​សរសេរ​អំពី​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​ល្អ​ក្ដី ប៉ុន្តែ បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅតែ​គេ​មើល​ឃើញ ដូចជា​អំពើ​ហិង្សា បាញ់​បង្ក្រាប​ទៅលើ​អ្នក​តវ៉ា​ដីធ្លី និង​ការ​ចាប់ចង​ទៅលើ​អ្នក​បញ្ចេញមតិ​រិះគន់​ជាដើម៖ «សេរីភាព​សារព័ត៌មាន ជួបជុំ សម្ដែង​មតិ សេរីភាព​សង្គម​ស៊ីវិល ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ហ្នឹង​ធ្លាក់​ចុះ ការ​ធ្លាក់​ចុះ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​អឺរ៉ុប​ដាក់​លក្ខខណ្ឌ​EBA»

គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល បាន​ដាក់​របាយការណ៍​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ជូន គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​១​មេសា។ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កក្តា អ៊ុន អះអាង​ថា កម្ពុជា ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ល្អ ហើយ​ការ​រំលាយ​បក្ស​ប្រឆាំង និង​ការ​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នោះ គឺ​មិនមែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ទូទៅ​កម្ពុជា​នោះ​ទេ។ លោក​បន្ថែម​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​គឺ​ល្អ​ប្រសើរ​៖ «តាមរយៈ​ការ​បោះឆ្នោត មាន​គណបក្ស​២០​ចូលរួម ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ជាង​៨០% គណបក្ស​ផ្សេងៗ​មាន​សេរីភាព​ធ្វើ​សកម្មភាព និង​គ្មាន​ការ​រឹតត្បិត»

គណៈកម្មាធិការ​សិទ្ធិមនុស្ស​របប​លោក ហ៊ុន សែន បាន​បដិសេធ​អនុសាសន៍​ចំនួន​២៥ ក្នុងចំណោម​អនុសាសន៍​១៩៨​ចំណុច។ អនុសាសន៍​ទាំងនេះ គេ​បានសម្រេច នៅ​ក្រោយ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ចុងខែ​មករា ឆ្នាំ​២០៩ ក្នុង​នោះ​មាន​ទាំង​ការ​ស្នើ​ឱ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ឱ្យ​គណបក្ស​នេះ បាន​ដំណើរការ​ឡើងវិញ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ កាលពី​ចុង​ឆ្នាំ​កាលពី​ខែ​មករា​នេះ មានប្រសាសន៍ថា របាយការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ដែល​ដាក់​ជូន​អង្គការសហប្រជាជាតិ​នេះ ការ​ដាក់​របាយការណ៍​នេះ គឺជា​ការ​ឆ្លើយតប និង​ពន្យល់​ទៅ​អង្គការ​សហប្រជាជាតិ អំពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ មាន​ដូចជា ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ដើម្បី​រក្សា​ស្ថិរភាព សង្គម និង​សន្តិសុខ​សាធារណៈ​។ ទោះបីជា​យ៉ាង​នេះ​ក្ដី​លោក ជិន ម៉ាលីន ទទួល​ស្គាល់​ថា ការ​អនុវត្ត​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​ច្បាប់​កន្លង​មក​នេះ គឺ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ​៖ «ការរៀបចំ​ត្រួតពិនិត្យ​គតិយុត្តិ​មួយ​ចំនួន និង​កម្រិតយល់ដឹង​របស់​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត បាន​ន័យ​ថា មន្ត្រី​អនុវត្ត​ច្បាប់​របស់​យើង គាត់​មិនទាន់​យល់ដឹង​អំពី​ច្បាប់​អន្តរជាតិ​នៅឡើយ​ទេ»

នៅ​ក្នុង​កិច្ចប្រជុំ​ជុំ​ទី​៣​នោះ តំណាង​ប្រទេស​ប្រជាធិបតេយ្យ ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ដែល​របប​នេះ បាន​វាយកម្ទេច កាលពី​ឆ្នាំ​២០១៧​ឡើងវិញ និង​ត្រូវ​បើកផ្លូវ​ឱ្យ​មាន​ការពិភាក្សា​បញ្ចប់​បញ្ហា​នយោបាយ។ នៅ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់​ហៅ​កាត់​ថា UPR ជុំ​ទី​២ កាលពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​សម្រេច​ទទួល​យក​អនុសាសន៍​ចំនួន​១៦៣ មក​អនុវត្ត​។ សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ចំណុច​ទាំង​១៦៣ ដែល​របប​ក្រុងភ្នំពេញ​ទទួលយក មិន​ត្រូវ​បាន​អនុវត្ត​ល្អ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល