ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន សោកស្តាយ ដែលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំទៅព្យាបាលជំងឺនៅប្រទេសថៃ។
លោក រ៉ុង ឈុន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែមករាថា មេធាវីការពារក្ដីឱ្យលោក គឺលោក សំ សុគង់ បានដាក់លិខិតសុំការអនុញ្ញាតពីតុលាការ កាលពីចុងខែធ្នូ ដើម្បីឲ្យលោក អាចចេញទៅព្យាបាលជំងឺនៅប្រទេសថៃ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ក៏ប៉ុន្តែព្រះរាជអាជ្ញា លើកហេតុផលថា លោកត្រូវស្វែងរកការព្យាបាលជំងឺឲ្យអស់លទ្ធភាព ជាពិសេសការវាយតម្លៃពីស្ថានភាពជំងឺលោករបស់មន្ទីរពេទ្យរដ្ឋក្នុងប្រទេសជាមុនសិន ៖ « យើងមានការសោកស្តាយមែនទែន ជុំវិញការសម្រេចនេះ ។ ខាងអយ្យការសាលាដំបូង បានឆ្លើយតបមកវិញថា សុំឲ្យខ្ញុំត្រូវព្យាបាលនៅស្រុកខ្មែរឲ្យអស់លទ្ធភាព បើមានលិខិតបញ្ជាក់ពីគ្រូពេទ្យស្រាប់ នឹងខាងតុលាការ នឹងពិនិត្យសំរេច ។ បើនិយាយពីជំហរខ្ញុំ ខ្ញុំមិនគេចវេសអ្វីទេ នៅក្នុងស្រុកទោះបីមានបញ្ហាប្រឈមអ្វីក៏ដោយ យើងសហការជាមួយតុលាការ បើត្រូវការខ្ញុំទៅឆ្លើយបំភ្លឺ ខ្ញុំនឹងទៅបំភ្លឺ ប៉ុន្តែ គួរឲ្យសោកស្តាយណាស់ »។
លោក រ៉ុង ឈុន ឲ្យដឹងថា គ្រូពេទ្យអង្គការលីកាដូ បានចេញលិខិតបញ្ជាក់ពីការវាយតម្លៃសុខភាពរបស់លោក ដោយផ្តល់អនុសាសន៍ឲ្យលោក ត្រូវទៅពិនិត្យសុខភាព ជាមួយគ្រូពេទ្យឯកទេស ដើម្បីពិនិត្យព្យាបាល ជាពិសេស ជំងឺជាតិស្ករខ្ពស់ក្នុងឈាម ដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ន និងក្រួសក្នុងថង់ប្រម៉ាត់ ជាដើម។
លោក រ៉ុង ឈុន បន្តថា បច្ចុប្បន្ន លោកមិនទាន់ទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋឬឯកជនណាមួយនៅឡើយទេ។ ប៉ុន្តែលោកនឹងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញអង្គការលីកាដូបន្ថែមទៀត។
តុលាការរាជធានីភ្នំពេញ បានកាត់ទោសឲ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមបទចោទ « ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខស ង្គម » ក្រោយពីលោកបានរិះគន់លើបញ្ហាការបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថា អាជ្ញាធរវៀតណាមបានរំលោភយកដីពួកគាត់។
ក្រោយពីជាប់ពន្ធនាគារជាង១ឆ្នាំ សាលាឧទ្ធរណ៍បានសម្រេចដោះលែងលោកចេញពីពន្ធនាគារកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទោសនៅសេសសល់ត្រូវព្យួរ និងត្រូវដាក់លោកឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការរយៈពេល៣ឆ្នាំផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។