ស្ថានទូតរុស្សី​​មិន​ទទួល​​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​គ្រួសារ​លោក​​​ រត្នមុនី

ដោយ ថន ថារ៉ូ
2018.12.18
ករណី​លោក រ៉ាត់ រត្នមុនី ៦២២ គ្រួសារ​​លោក​ រ៉ាត់ រត្នមុនី និង​អ្នក​គាំទ្រ​​លោក​លើក​បដា​ស្វែងរក​អន្តរាគមន៍​ពី​​ស្ថានទូតរុស្សី​នៅ​រាជ​ធានី​ភ្នំពេញ ​នៅថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៨។
រូបថត៖ អ្នកស្រី ឡុង គីមហ៊ាង

គ្រួសារ​​លោក​ រ៉ាត់ រត្នមុនី សម្តែង​ការ​ខក​ចិត្ត​នឹង​ស្ថានទូតរុស្សីនៅក្រុង​ភ្នំពេញ ដែល​មិន​ទទួល​យក​ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួក​គាត់ នៅថ្ងៃទី ១៨ ធ្នូ។ គ្រួសារ​លោក រត្នមុនី និង​សកម្មជន​មួយ​ចំនួន​ទៀត បាន​ព្យាយាម​​​ដាក់​ញត្តិទៅ​ស្ថានទូតរុស្សី ដើម្បី​​សុំ​ឱ្យ​ប្រទេស​មហាអំណាច​មួយ​នេះ​ជួយ​អន្តរគមន៍​ឱ្យ​មាន​ការ​ដោះលែង​ លោក​ រត្នមុនី ដែល​ជា​អ្ន​ក​ជួយ​ផលិត​វីដេអូឯកសារ​ជួញ​ដូរ​ផ្លូវ​ភេទនៅកម្ពុជា ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្សី។

ភរិយាលោក​ រត្នមុនី អ្នក​ស្រី ឡុង​ គីមហ៊ាង ឱ្យ​អាស៊ីសេរីដឹង​ថា អ្នក​ស្រី​ និង​សហគមន៍​មួយ​ចំនួន​បាន​ទៅ​ឈរ​លើក​បដា​នៅ​មុខ​ស្ថានទូត​រុស្សី​អស់​រយៈ​ពេល​ជាង ៣ម៉ោង ប៉ុន្តែ​មិន​មាន​មន្ត្រី​ស្ថានទូត​រូប​ណា​ចេញ​មក​ទទួល​យក​ញត្តិ​ ឬ​សួរ​នាំ​ពួក​គាត់​ឡើយ​។ អ្នកស្រី​ថ្លែង​ថា សមត្ថកិច្ច​បាន​ប្រាប់​ថា មន្ត្រី​ស្ថានទូត​មិន​អាច​​ចេញ​មក​ទទួល​យក​ញត្តិ​នេះ​បាន​ទេ ​ដោយ​សារ​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ស្រី​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។

ថ្វី​ដ្បិត​តែ​គម្រោង​ដាក់​ញត្តិ​ទៅ​ស្ថានទូត​រុស្សី​នេះត្រូវ​បរាជ័យ​ក្តី ​ក៏អ្នកស្រី​អះអាង​ថា នឹង​ផ្ញើរ​ញត្តិ​​ និង​ឯកសារ​ពាក់ព័ន្ធ​នានា ​ទៅ​ស្ថានទូត​រុស្សី​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (E-mail) ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ ជួយ​​អន្តរាគមន៍​ឱ្យ​របប​ក្រុង​ភ្នំពេញ​​ដោះ​​លែង​​ស្វាមី​អ្នក​ស្រី​ឱ្យ​មាន​សេរីភាព​វិញ៖ «ពួក​ខ្ញុំ​ត្រឡប់​មក​វិញ ពួក​ខ្ញុំ​ផ្ញើរញត្តិរបស់​យើង​ទៅតាម​សារ​អេឡិច​ត្រូនិក​ ហើយយើង​នឹង​ចាំមើល​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​រុស្សីយ៉ាងណា​ទៀត​ហ្នឹង យើង​នឹង​ធ្វើ​សេចក្តី​សម្រេច​ជុំ​គ្នាក្នុង​ក្រុម​គ្រួសារ​ថា តើ​យើង​នឹង​ទៅ​តវ៉ា​ដាក់​ញត្តិនៅ​ទូត​រុស្ស៊ី​ដោយ​ផ្ទាល់​​ទៀត ឬ​មួយ​ក៏​យ៉ាង​ណា? យើង​ទៅ​ទូត​ថៃ​ទៀត ឬ​ក៏​យ៉ាងណា? នោះ​យើង​នឹង​ជជែក​គ្នាបន្ថែម​ទៀត ប៉ុន្តែ​គ្រាន់​តែ​ចង់​បញ្ជាក់​​ថា ពួក​ខ្ញុំ​មិន​បោះបង់​ មិន​បញ្ឈប់​ការ​​តស៊ូ​របស់​ពួក​ខ្ញុំ​ទេ ប្រសិន​បើ​គ្មាន​ការ​ដោះ​លែង​ប្តីខ្ញុំ​ត្រឡប់​មក​វិញ»

អ្នក​ស្រី​បញ្ជាក់​ថា ការ​ស្នើសុំ​អន្តរាគមន៍​ពី​ស្ថានទូត​រុស្សី​នេះ គឺ​ដោយសារ​ភាពយន្ត​ឯកសារ "ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ" ត្រូវ​​បាន​ផលិត​ដោយ​សារ​ព័ត៌មាន​ RT ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​រុស្សី។ អ្នក​ស្រី​ស្នើឱ្យ​ប្រជា​ពលរដ្ឋ​ និង​សហគមន៍​ដែល​ធ្លាប់​ស្គាល់​អ្នក​ស្រី និងស្គាល់​​ស្វាមីរបស់​អ្នក​ស្រី ចូល​រួម​ទាម​ទារ​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​នេះ៖ «បើយល់​ថា នេះ​ជារឿង​អយុត្តិធម៌ សូម​អ្នក​ទាំងអស់​គ្នា​មក​ចូល​រួម​ជួយ​គាំទ្រ​ជា​កម្លាំង​ចិត្ត កម្លាំង​កាយដល់​ខ្ញុំ​ ដើម្បី​ចូល​រួម​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​ប្តី​ខ្ញុំ​ផង។ ខ្ញុំ​សុំ​ឱ្យ​តែមាន​ការ​ដោះលែង​ប្តីខ្ញុំ ហើយ​និង​សុំ​ឱ្យ​រដ្ឋាភិបាល​ ឬក៏​តុលាការ​កម្ពុជា​ហ្នឹង​ធ្វើ​ការ​សាកសួរ ឬ​កោះ​ហៅ​រដ្ឋាភិបាល​រុស្សី ឬក៏​កាសែត​រុស្ស៊ី​ហ្នឹង​មក​បំភ្លឺ​មក បើ​ចង់​ដឹង​ខ្សែ​ភាពយន្ត​ហ្នឹង​គេ​ផលិត​បែប​ណា គេ​ធ្វើ​យ៉ាង​ម៉េច (ឱ្យ) លម្អិត»

អាស៊ីសេរី​បាន​ទាក់ទង​ទៅស្ថានទូត​រុស្សី​ប្រចាំ​នៅ​កម្ពុជា​រួច​ហើយ​នៅ​ថ្ងៃ​ទី១៨ ធ្នូ  ដើម្បី​សាកសួរ​អំពី​ករណី​នេះ ក៏​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ ដូច្នេះ​គ្មាន​​ភាគី​ណា​មួយ​អាច​ដាក់​សម្ពាធ​ឱ្យ​តុលាការ​ដោះ​លែង​ជន​សង្ស័យ​បាន​ឡើយ។ លោក​បន្ត​ថា ការ​ប្រមូល​ផ្តុំ​តវ៉ា​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ រត្នមុនី គឺ​ជា​សិទ្ធិ​របស់​ក្រុម​គ្រួសារ ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់។ លោក​​​ជំរុញ​ឱ្យ​ក្រុម​គ្រួសារ​លោក​ រត្នមុនី ប្រឹង​ប្រែង​រក​ភស្តុតាង​ដោះ​បន្ទុក​ឱ្យ​រូប​លោក​​ និង​ចូល​រួម​គ្រប់​ដំណាក់​​កាល​នៃការ​អនុវត្ត​នីតិវិធី​តុលាការ ដើម្បី​ជួយ​ដល់​សកម្មជន​​​សិទ្ធិ​ការងារ​រូប​នេះ៖ «ប្រសិន​បើ​រក​ឃើញ​ថា មាន​ពិរុទ្ធក្នុង​ការ​ចោទ​ប្រកាន់​ ឬក៏​មាន​ធាតុផ្សំ​នៃ​បទល្មើស ឬក៏​មាន​ការ​ពាក់ព័ន្ធ​ទៅនឹង​ការ​ប្រព្រឹត្ត​បទល្មើសកើត​ឡើង នោះ​តុលាការ​នឹង​ដំណើរការ​នីតិវិធី​បន្ត​ទៀត ហើយ​ប្រសិន​បើ​តុលាការ​រក​ទៅ​ (ឃើញ) ថា គាត់​មិន​មាន​ការ​ពាក់ព័ន្ធ​អ្វីនោះ​ទេ មិ​នមាន​ចេតនាទុច្ចរឹត ឬក៏​មិ​នមាន​ធាតុ​ផ្សំ​នៃ​បទល្មើស​គ្រប់​គ្រាន់​ក្នុង​ចោទ​ប្រកាន់​នោះ​ទេ មិន​មាន​ពិរុទ្ធភាព​អ្វីនោះ​ទេ ផ្អែក​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់ គេ​នឹង​ដោះ​លែង (គាត់) មក​វិញ​ហើយ។ អ៊ីចឹង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ ហើយ​មិន​មាន​ភាគី​ណា​មួយ​អាច​អន្តរាគមន៍ ឬ​ក៏​ដាក់​សម្ពាធឱ្យ​មាន​ការ​ដោះ​លែង ឬ​មិន​ដោះលែង​នោះ​បាន​ទេ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៣ឆ្នាំ។

អាជ្ញាធរ​របប​លោក ហ៊ុន សែន ​បាន​ចោទ​លោក​ រត្នមុនី ថា បាន​ផលិត​វីដេអូ​បែប​ប្រឌិត​ប៉ះពាល់​ដល់​កិត្តិយស​​​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា។ ភាពយន្ត​ឯកសារ​នោះ មាន​ចំណង​ជើង​ថា "ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ" បង្ហាញ​ពី​ស្តី្រ​វ័យ​ក្មេ​ង ៣នាក់ ត្រូវ​បាន​លក់​​ឱ្យ​​បម្រើ​ផ្លូវ​ភេទ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ រត្នមុនី លោក​ សំ ទិត្យសីហា បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​សុំ​ការ​ពារ​ក្តី​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ និង​បាន​ថត​ចម្លង​សំណុំ​រឿង​នេះ​រួច​រាល់​ហើយនៅ​ថ្ងៃ​ទី១៨ ធ្នូ។ លោក​គ្រោង​នឹង​ដាក់​ពាក្យ​ស្នើសុំឱ្យ​លោក​ រត្នមុនី បាន​នៅ​ក្រៅឃុំ​ នៅ​អំឡុង​សប្តាហ៍នេះ បន្ទាប់​ពី​ទទួល​បាន​សំណុំ​រឿង​ទាំង​មូល​ពី​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។