ស្ថានទូត​រុស្ស៊ី​មិន​អើពើ​ចំពោះ​សំណើសុំ​របស់​ក្រុម​គ្រួសារ​លោក រ៉ាត់ រត្នមុនី ជា​លើក​ទី៣

ដោយ​ សន ចាន់រដ្ឋា
2019-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ឡុង គីមហ៊ាង និង​ក្រុម​សកម្មជន​ លើក​បដា​តវ៉ា​ទាម​ទារ​ឱ្យ​ស្ថានទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ករណី លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី ០៩ មករា ក្រោម​ការ​រឹតត្បិត​ពី​អាជ្ញាធរ។
អ្នកស្រី ឡុង គីមហ៊ាង និង​ក្រុម​សកម្មជន​ លើក​បដា​តវ៉ា​ទាម​ទារ​ឱ្យ​ស្ថានទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ករណី លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី ០៩ មករា ក្រោម​ការ​រឹតត្បិត​ពី​អាជ្ញាធរ។
រូប​ថត៖ ដោយ​អ្នកស្រី ឡុង គីមហ៊ាង

ក្រុម​គ្រួសារ​ និង​សកម្មជន​មួយ​ចំនួន​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​​ជា​លើក​ទី​បី នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ក្នុង​ក្រុង​ភ្នំពេញ​ នៅ​ពុធ ទី៩ មករា​នេះ ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ករណី​ ​លោក រ៉ាត់ រត្នមុនី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី។ ​អ្នក​ការពារ​សិទ្ធិមនុស្ស​រិះគន់​ថា ​ស្ថានទូត​រុស្ស៊ី​បង្ហាញ​ពី​ភាព​អមនុស្សធម៌​ដោយសារ​តែ​មិន​ព្រម​ជួយ​ដោះ​ស្រាយ​សំណូមពរ​របស់​គ្រួសារ​លោក រ៉ាត់ រត្នមុនី។

មន្ត្រី​ស្ថានទូត​រុស្ស៊ី​មិន​បាន​ចេញ​មក​ជួប​ក្រុម​គ្រួសារ​ និង​សកម្មជន​នោះ​ទេ ​ហើយ​អាជ្ញាធរ​ក៏​បាន​រារាំង និង​រឹតត្បិត​ការ​តវ៉ា​នេះ​ថែម​ទៀត​ផង។ សមត្ថកិច្ច និង​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​​​បាន​រុញ​ច្រាន និង​ចាប់​សែង​ក្រុម​អ្នក​តវ៉ា​មក​ម្ខាង​ផ្លូវ​វិញ នៅ​ពេល​ពួក​គាត់​ព្យាយាម​ទៅ​ឈរ​ស្រែក​តវ៉ា​នៅ​ខាង​មុខ​ស្ថាន​ទូត​រុស្ស៊ី។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា ការ​​លើក​គ្នា​មក​តវ៉ា​ជា​ថ្មី​ទៀត​នេះ ដោយសារ​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុង​ភ្នំពេញ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​អ្នកស្រី ដែល​សុំ​​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ (Moscow) ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​ស្វាមី​អ្នក​ស្រី​ត្រឡប់​វិញ។ អ្នក​ស្រី​អះអាង​ថា អ្នក​ស្រី​នឹង​​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​នេះ​ជា​បន្តបន្ទាប់​ទៀត ដោយសារ​​អ្នក​ស្រី​យល់​ថា រដ្ឋាភិបាល​រុស្ស៊ី​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ករណី​នេះ​ ព្រោះ​ស្វាមី​អ្នកស្រី​ជា​អ្នកជួយ​ផលិត​ភាពយន្ត​ឯកសារ​ឱ្យ​សារព័ត៌មាន​ RT (Russia Today) ដែល​ត្រូវ​បាន​​​គាំទ្រ​ដោយ​រដ្ឋាភិបាល​​ក្រុង​មូស្គូ៖ «ប្តី​ខ្ញុំ​បាន​ជួយ​កាសែត​រុស្ស៊ី​ហ្នឹង​ច្រើន​រឿង​មក​ហើយ អ៊ីចឹង​រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ​ធ្វើ​យ៉ាង​ណា​ឱ្យ​កាសែត​របស់​ខ្លួន​អាច​ធ្វើ​ការងារ​របស់​ពួក​គេ​ហ្នឹង​បាន​ដោយ​គ្មាន​ការ​គំរាម​កំហែង​។ ឥលូវ​នេះ​រដ្ឋាភិបាល​ខ្មែរ​បាន​ចាប់​ប្ដី​ខ្ញុំ អ៊ីចឹង​រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​តែ​មាន​អន្តរាគមន៍​ដើម្បី​ធានា​ថា ការផ្សាយ​របស់​កាសែត​ RT របស់​ពួក​គេ​នោះ គ្មាន​ទទួល​ការ​គំរាម​កំហែង បំភិត​បំភ័យ​ពី​អ្នក​ណា​ឡើយ»

អាស៊ី​សេរី​បាន​ផ្ញើ​សំណួរ​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ទៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​ចំនួន​ពីរ​ដង​រួចមក​ហើយ តាម​អាសយដ្ឋាន​ដែល​មាន​នៅ​ក្នុង​គេហទំព័រ​របស់​ស្ថានទូត ដើម្បី​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ក៏​ប៉ុន្តែ​​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​ឡើយ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។

មន្ត្រី​នាំ​ពាក្យ​សមាគម​ អាដហុក​ (ADHOC) លោក ស៊ឹង សែន​ករុណា ថ្លែង​ថា មន្ត្រី​ស្ថានទូត​រុស្ស៊ី​គួរ​តែ​ចេញ​មក​ជួប ឬ​មាន​ការ​ឆ្លើយ​តប​ណាមួយ​ជាមួយ​ក្រុម​គ្រួសារ​លោក រ៉ាត់ រត្នមុនី មិន​គួរ​ណា​ព្រងើយ​កន្តើយ​បែប​នេះ​ឡើយ។ លោក​ថ្លែង​ថា ឥរិយាបថ​បែបនេះ​របស់​មន្ត្រី​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុង​ភ្នំពេញ​ថា ជា​ទង្វើ​អមនុស្ស​ធម៌ និង​អគុណធម៌។ លោក​ក៏​ជំរុញ​ឱ្យ​តុលាការ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ករណី​នេះ ព្រោះ​លោក​ រ៉ាត់ រត្នមុនី មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ផលិត និង​ចេញ​ផ្សាយ​ភាពយន្ត​ឯកសារ​ “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ” នោះ​ឡើយ៖ «គួរ​តែ​ពិចារណា​ទៅលើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស។​ ប្រសិន​បើ​យើង​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ យើង​​មិន​គួរ​ណា​ជ្រើស​ផ្លូវ​ក្នុង​ការ​ឃុំ​ខ្លួន​ដើម្បី​គ្រាន់​តែ​ជា​ហេតុ​ផល​មួយ ​ដាក់​សម្ពាធ​ឱ្យ​ជន​ហ្នឹង​ទទួល​នូវ​អ្វី​ដែល​ខ្លួន​មិន​បាន​ប្រព្រឹត្ត​បែប​ហ្នឹង វា​ជា​រឿង​មួយ​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ហ្នឹង​សម្បើម​ណាស់»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​អស់​រយៈពេល​ជាង ៣០ ថ្ងៃ​ទៅ​​ហើយ គិត​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ ​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ។ លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ ប្រសិន​​​បើ​តុលាការ​សម្រេច​ឱ្យ​លោក​មាន​ទោស។

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​​ចោទប្រកាន់​លោក​​ថា បាន​ផ្ដល់​លុយ​កាក់​ឱ្យ​តួអង្គ​ម្ដាយ​កូន​ពីរ​នាក់ ដើម្បី​ឱ្យ​ពួក​គេ​និយាយ​កុហក​នៅ​ក្នុង​ភាពយន្ត​ឯកសារ​ជួញ​ដូរ​ផ្លូវ "ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ" ដែល​សមត្ថកិច្ច​ចាត់​ទុក​ថា ជា​វីដេអូ​ប្រឌិត​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ី​សេរី​ថា ​នាង​មិន​បាន​ទទួល​លុយ​កាក់​ពី​លោក រ៉ាត់ រត្នមុនី និង​ក្រុម​ការងារ​របស់​សារព័ត៌មាន​ RT ឡើយ​ ហើយ​អ្វី​ដែល​នាង​បាន​រៀប​រាប់​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺ​ជា​រឿង​ពិត​ផ្ទាល់​ខ្លួន​របស់​នាង។

លោក​ រ៉ាត់ រត្នមុនី ត្រូវ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​​​តទៅទៀត តាម​អំណាច​នៃ​ដីកា​សម្រេច​​របស់​ចៅក្រម​ស៊ើប​សួរ​លោក សេង រិទ្ធី ​ដែល​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ កាល​ពី​ពេល​ថ្មីៗនេះ ក្រោម​ហេតុ​​ផល​ថា ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល