លោក ឡេង សេងហុង ហៅ​ការ​ព្រមាន​ពី​មន្ត្រី​​ក្រសួងមហាផ្ទៃ​ថា​ជា​ការ​គំរាម

ដោយ ហេង សាកល
2017-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ផ្ដល់​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១៧។
ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ផ្ដល់​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១៧។
RFA

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ហៅ​ការព្រមាន​ថ្មី​មួយ​ទៀត របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ថា​ជា​ការ​គំរាម​លើ​រូបលោក។ លោក​ស្នើ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​រូប​នោះ គឺ​លោក ខៀវ សុភ័គ យក​ពេលវេលា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ដោះស្រាយ​ឧបសគ្គ​របស់​កម្ពុជា ដែល​ប្រឈម​នឹង​សម្ពាធ​អន្តរជាតិ​នៅ​ពេល​នេះ ជាជាង​រង​ចាំ​ចាប់​កំហុស និង​គំរាមកំហែង​លើ​រូបលោក។

លោក ខៀវ សុភ័គ កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​ប្រាប់​សារព័ត៌មាន​ដែល​ធ្លាប់​ល្បី ដោយសារ​ការ​លើក​សរសើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ​ដើម​អំពិល តែ​ក្រោយមក​បាន​ធ្លាក់​ប្រជាប្រិយភាព​វិញ ដោយសារ​លោក ហ៊ុន សែន លែង​ផ្ដល់​បទសម្ភាសន៍​ផ្ដាច់មុខ​ឲ្យ អះអាង​ថា បើ​យុវជន ឈ្មោះ ឡេង សេងហុង ពិតជា​មាន​គម្រោង ធ្វើបាតុកម្ម​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពិតប្រាកដ​មែន​នោះ នឹង​ចាត់​វិធានការណ៍ តាម​ផ្លូវ​ច្បាប់ ព្រោះ​បច្ចុប្បន្ន​បដិវត្ត​ពណ៌​នៅ​តែ​មាន នៅ​កម្ពុជា ហើយ​ការ​ប្រមូល​ផ្ដុំ​ណាមួយ​នោះ គឺជា​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បដិវត្ត​ពណ៌។

លោក ឡេង សេងហុង ពន្យល់​លោក ខៀវ សុភ័គ ថា ការ​ធ្វើ​បាតុកម្ម​អហិង្សា​គឺជា​បញ្ចេញមតិ​របស់​ពលរដ្ឋ ដែល​មិន​ពេញចិត្ត​នឹង​ទង្វើ​ដ៏​ខុសឆ្គង ហើយ​ផលប្រយោជន៍​នេះ គឺ​ដើម្បី​ប្រទេស​កម្ពុជា មិនមែន​ដើម្បី​គណបក្ស​ណាមួយ​នោះ​ទេ ព្រោះ​គម្រោង​បាតុកម្ម​អហិង្សា​របស់​លោក ជា​បាតុកម្ម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ មិនមែន​បាតុកម្ម រក​សំឡេង​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​នោះ​ទេ។ លោក​ស្នើ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ គួរ​យក​ពេលវេលា ធ្វើការ​ងារ​ឲ្យ​មាន​ប្រយោជន៍​ដើម្បី​ប្រទេស​ជាតិ ជា​ជាង​ប្រើ​ពេលវេលា​សម្រាប់​គំរាម​រូបលោក។ «»

យុវជន ឡេង សេងហុង កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា ជំហរ​ធ្វើបាតុកម្ម​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំង នៅតែ​បន្ត​ធ្វើ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ ការ​ធ្វើ​បាតុកម្ម​ទាមទារ​បែប​អហិង្សា​នៅ​ក្នុង​កាលៈទេសៈ​ពេលនេះ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយសារ​សមត្ថកិច្ច​មិន​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ការ​តវ៉ា​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល