ជនភៀសខ្លួន​ខ្មែរ ៧​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃុំ ក្រោយ​ចូលរួម​សិក្ខាសាលា​២៣​តុលា​នៅ​បាងកក

ដោយ ខាន់ លក្ខិណា
2023.12.31
ជនភៀសខ្លួន​ខ្មែរ ៧​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃុំ ក្រោយ​ចូលរួម​សិក្ខាសាលា​២៣​តុលា​នៅ​បាងកក ពលករ និង​ជនភៀសខ្លួនខ្មែររស់នៅប្រទេសថៃ ចូលរួមប្រារព្ធទិវាឯករាជ្យខ្មែរ កាលពីថ្ងៃទី៩ វិច្ឆិកា ២០២៣។
រូប​៖ ហ្វេសប៊ុក សូ មេត្តា

ជនភៀសខ្លួន​ខ្មែរ ៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃុំខ្លួន ក្រោយ​ពួកគេ​ចូលរួម​សិក្ខាសាលា​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស ក្នុង​ទីក្រុង​បាងកក​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង ៧ នាក់ ថា ជា​រឿង​មិន​ត្រឹមត្រូវ និង​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។

សង្គម​ស៊ីវិល និង​តំណាង​ជនភៀសខ្លួន​អះអាង​ថា សកម្មជន​ទាំង ៧​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៩ ធ្នូ នោះ សមត្ថកិច្ច​ថៃ​បាន​ឃុំខ្លួន​ពួកគេ​នៅ​មន្ទីរឃុំឃាំង​អន្តោប្រវេសន៍​នៅ​ទីក្រុង​បាងកក។

កាល​ពី​ថ្ងៃទី​២៩ ធ្នូ សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​ជនភៀសខ្លួន ខ្មែរ​ចំនួន ១០​នាក់ ដែល​ចូលរួម​សិក្សា​ស្វែងយល់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ បាន​ដោះលែង ៣ នាក់ វិញ​។ ក្នុង​ចំណោម អ្នក​ត្រូវ​បាន​ដោះលែង ទាំង ៣​នាក់ ក្នុង​នោះ មាន​កុមារី ដែល​មិន​ទាន់​គ្រប់​អាយុ ជាមួយ​នឹង​ម្ដាយ និង​ពលករ​ម្នាក់។

តំណាង​ជនភៀសខ្លួន លោក លឹម សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ថា សកម្មជន​ទាំង ៧ នាក់ ទៀត ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃុំ​នៅ​កន្លែង​អន្តោប្រវេសន៍ សួនផ្លូ (Suan Phlu) ក្នុង​ទីក្រុង​បាងកក។

លោក លឹម សុខា៖ «សមត្ថកិច្ច [​ថៃ​]​គាត់​បាន​បញ្ជាក់​ថា ដោយ​ទាំង ៧​រូប​ហ្នឹង​ជា​មនុស្ស​របស់ UNHCR ស្នើ​សុំ​ឱ្យ​UNHCR ចាត់​វិធានការ​ជាបន្ទាន់ បើ​មិន​អ៊ីចឹង​ទេ ពួកគាត់​នឹង​បញ្ជូន ៧​រូប​ហ្នឹង​ទៅ​ប្រទេស​ខ្មែរ»

ក្រោយពី​មាន​ការ​ឃាត់ខ្លួន​សកម្មជន​ទាំង​៧ នាក់​នេះ​លោក លឹម សុខា ថា ពួកគាត់​បាន​លុបចោល​គម្រោង​រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​ថ្ងៃទី​៣០ ធ្នូ ដោយសារតែ សមត្ថកិច្ច​ថៃ​បន្ត​ប៉ុនប៉ង​ចាប់​ពួកគាត់​ទៀត បន្ទាប់​មាន​បណ្ដឹង​របស់​រដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ធ្នូ ថា ការ​ចូលរួម​សិក្ខាសាលា​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស​របស់​សកម្មជន​ទាំង ៧ នាក់ មិន​មាន​អ្វី​ខុស​ឡើយ ពីព្រោះ ប្រទេស​ថៃ​ក៏​ជា​ភាគី​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នេះ​ដែរ។

លោក​យល់​ថា ការ​ឃាត់​និង​ឃុំខ្លួន​សកម្មជន​នៅ​ពេល​នេះ នឹង​ធ្វើ​ឱ្យ​ជន​ភៀស ខ្លួន​ផ្សេង​ទៀត​ដែល​គេចខ្លួន​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣ មាន​ការ​ភ័យខ្លាច និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផង​ដែរ។

លោក អំ សំអាត៖ «ពួកគាត់​ដូចជា​មាន​ប័ណ្ណ​របស់​(UNHCR) ដែល​ចេញ​ឱ្យ​។ អ៊ីចឹង​ទោះបីជា​ថៃ​មាន​កិច្ចព្រមព្រៀង​ជាមួយ​(UNHCR)​ឧត្ដម អង្គការ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ប្រទេស​ថៃ អ៊ីចឹង​ថៃ​គួរតែ​គោរព​ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ហ្នឹង​ទៅតាម​ការ​អន្តរាគមន៍​របស់​(UNHCR)​ដែរ ព្រោះ​UNHCR បាន​ទទួល​ស្គាល់​ពួកគាត់​ទាំងអស់​ហ្នឹង ហើយ​បាន​ចេញ​កាត​សម្គាល់​ខ្លួន​សម្រាប់​ពួកគាត់»

កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ គណបក្ស​នយោបាយ​ចំនួន​៩ ដែល​ជា​គណបក្ស​សម្ព័ន្ធ​មិត្ត​របស់​គណបក្ស​កាន់អំណាច និង​អង្គការ​សង្គម​ស៊ីវិល ១៥​ផ្សេងទៀត ដែល​លម្អៀង​ទៅ​កាន់​គណបក្ស​កាន់អំណាច បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ តាមរយៈ​ស្ថានទូត​ប្រទេស​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ ឱ្យ​ពិនិត្យមើល​សកម្មភាព​របស់​ពួកគេ និង​ចោទ​ជនភៀសខ្លួន​ខ្មែរ​ថា យក​ទឹកដី​ប្រទេស​ថៃ សម្រាប់​បណ្ដុះបណ្ដាល​ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់​វិទ្យុ​អាស៊ីសេរី តាមរយៈ​អ៊ីម៉ែល (Email) នៅ​ថ្ងៃទី​៣០ ធ្នូ​ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ដែល ចូលរួម​សិក្ខាសាលា​ស្វែងយល់​ពី កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​នេះ បង្ហាញ​ថា ប៉ូលិស​អន្តោប្រវេសន៍​របស់​ថៃ​ហាក់​គ្មាន​វិជ្ជាជីវៈ។

លោក​ថា នេះ​គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ និង​មិន​អាច​ទទួល​យក​បាន​ឡើយ នូវ​របៀប​ដែល​ប្រទេស​ថៃ​បន្ត​បដិសេធ​មិន​ទទួល​យក​បុគ្គល​ដែល​កាន់​កាត​បញ្ជាក់​ពី​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCHR)​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ថៃ​មាន​កាតព្វកិច្ច​ការពារ​ជនភៀសខ្លួន​ទាំងអស់​នោះ មិនមែន​មក​យាយី និង​ចាប់​ខ្លួន​ពួកគេ​នោះ​ទេ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ថា ទោះបីជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ រដ្ឋាភិបាល​ថៃ​មិន​ត្រូវ​ចាប់​ជនភៀសខ្លួន​ទាំង​នេះ បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ។

លោក ហ្វីល រ៉ូបឺតសុន៖ «ពួកគេ​នឹង​ប្រឈម​នឹង​ការ​កាត់​ឱ្យ​មាន​ទោស​ដោយ​ចៀស​មិន​ផុត និង​ការ​រំលោភបំពាន​ហើយ​ទំនងជា​ត្រូវ​ជាប់​ពន្ធនាគារ ប្រសិនបើ​ពួកគេ​ត្រូវ​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​វិញ។ ប្រទេស​ថៃ​ត្រូវតែ​គោរព​សេចក្តី​សម្រេច​របស់ UNHCR ក្នុង​ការ​កំណត់​បុគ្គល​ទាំងនេះ ជា​ជន​ដែល​មាន​ការ​ព្រួយ​បារម្ភ ដែល​ត្រូវតែ​ទទួល​បាន​ការ​ការពារ​ជា​ជនភៀសខ្លួន»

ជនភៀសខ្លួន​ដែល​សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ ធ្នូ នោះ អំឡុង​ពេល​ចូលរួម​សិក្ខាសាលា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា រួមមាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ សកម្មជន​គណបក្ស​ភ្លើងទៀន យុវជន​ធ្វើ​ការងារ​សង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ជា​អ្នកតស៊ូ​មតិ លោកស្រី សំ សុខា ដែល​ធ្លាប់​យក​ស្បែកជើង​គប់​រូបថត​លោក ហ៊ុន សែន រួម​ទាំង​ជនភៀសខ្លួន​ខ្មែរក្រោម​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។