អ្នក​វិភាគ​បារម្ភ​អំពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ ហង្ស សាវយុត
2015-12-26
Share
កែម ឡី ៦២០ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​និង​នយោបាយ លោក កែម ឡី ចូល​រួម​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​ទើប​តែ​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ បន្ទាប់​ក្រុម​ជម្លោះ​ខ្មែរ ៤​ភាគី សុខចិត្ត​ចរចា​បញ្ចប់​សង្គ្រាមស៊ីវិល ហើយ​មាន​ការ​បោះឆ្នោត​បង្កើត​បាន​រដ្ឋាភិបាល​ចម្រុះ​មួយ​កាល​ពី​ឆ្នាំ​១៩៩៣ មក។

ថ្វីត្បិតតែ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ចែង​ថា ប្រទេស​នេះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ក៏ដោយ ក៏ប៉ុន្តែ​អ្នក​តាមដាន​សង្គម​មើល​ឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​បាន​ងាក​ទៅ​ទាក់ទង​ជាមួយ​បណ្ដា​ប្រទេស​កុម្មុយនិស្ត​ជាង​ការ​ទាក់ទង​ជាមួយ​ប្រទេស​សេរី។

តើ​ការ​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ច្រើន​នេះ អាច​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​កម្ពុជា ដែល​កំពុងតែ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ដែរ ឬ​ទេ?

អ្នក​ឃ្លាំមើល​ដំណើរ​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​រដ្ឋាភិបាល​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​មិន​ត្រឹមត្រូវ សម្រាប់​ពេល​ទៅ​មុខ​ទៀត ដោយសារ​តែ​បច្ចុប្បន្ន គេ​សម្លឹង​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងតែ​កាន់​អំណាច​បាន​ងាក​ទៅ​ទាក់ទង​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ជា​ជាង​ការ​ទាក់ទង​ជាមួយ​ប្រទេស​សេរី។

អ្នក​វិភាគ​បញ្ហា​សង្គម​ខ្មែរ ១​រូប គឺ​លោក​បណ្ឌិត កែម ឡី។ លោក​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ថា លោក​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សង្គម​កម្ពុជា ពីព្រោះ​ថា បច្ចុប្បន្ន​លោក​ឃើញ​រដ្ឋាភិបាល​បាន​ទាក់ទង​ជាមួយ​នឹង​បណ្ដា​ប្រទេស​កុម្មុយនិស្ត​ច្រើន​ជាង​ការ​ទោរទន់​ទៅ​រក​ប្រទេស​សេរី ដែល​ជា​ប្រទេស​គោរព​ច្បាប់ និង​សិទ្ធិមនុស្ស​ត្រឹមត្រូវ។

លោក កែម ឡី បញ្ជាក់​ថា ពេល​បច្ចុប្បន្ន លោក​ឃើញ​រដ្ឋាភិបាល​កម្ពុជា ហាក់​ដូចជា​ដើរ​ថយក្រោយ​ក្នុង​ការ​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ៖ «រដ្ឋាភិបាល​ហាក់​ដូចជា​ដើរ​មិន​ទៅ​រួច​ជាមួយ​នឹង​ប្រទេស​សេរី ហើយ​ហក់​ទៅ​ចាប់​ចិន ខ្លាំង ទៅ​ចាប់​វៀតណាម ខ្លាំង។ ថ្មីៗ​នេះ​ចាប់​ទាក់ទង​ជាមួយ​សូវៀត ហើយ​បើក​ចំហ​ជាមួយ​កូរ៉េ​ខាងជើង​ទៀត»

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បញ្ហា​សង្គម​នេះ គឺ​បន្ទាប់ពី​ក្រុមហ៊ុន​កូរ៉េ​ខាងជើង មួយ​ដែល​ជា​បក្ស​កុម្មុយនិស្ត​នៅ​តំបន់​អាស៊ី​បូព៌ា បាន​បោះ​ទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់ ២៤​លាន​ដុល្លារ​អាមេរិក មក​ធ្វើ​សារមន្ទីរ​សព្វទស្សន៍​ដ៏​ល្អ​មួយ រក​ស៊ី​នៅ​ខេត្ត​សៀមរាប ព្រម​ទាំង​មាន​ក្រុមហ៊ុន​ចិន និង​វៀតណាម ជា​ច្រើន​ទៀត​ក៏​កំពុង​វិនិយោគ​នៅ​កម្ពុជា ដែរ​នោះ។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​សេដ្ឋកិច្ច​វិញ យល់​ឃើញ​ថា តាម​ទ្រឹស្ដី បើសិនជា​គិតតែ​ពី​រើសអើង​ទៅ​លើ​និន្នាការ​សេរី ឬ​ក៏​កុម្មុយនិស្ត​ពេក​នោះ ក៏​វា​មិន​ត្រឹមត្រូវ​ប៉ុន្មាន​ទេ។ អ្នក​សេដ្ឋកិច្ច​យល់​ថា ការ​ទាក់ទង​ប្រទេស​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា តាម​ទ្រឹស្ដី​សេដ្ឋកិច្ច គឺ​មិន​បាន​រើសអើង​ថា អ្នក​វិនិយោគ​នោះ​មក​ពី​ប្រទេស​សេរី ឬ​ក៏​កុម្មុយនិស្ត​ឡើយ សំខាន់​គឺ​ឱ្យ​តែ​ការ​វិនិយោគ​បាន​បម្រើ​ផលប្រយោជន៍​សង្គម​ និង​ប្រទេស​កម្ពុជា។

ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ចាន់ សុផល មាន​ប្រសាសន៍​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ធំៗ ដូចជា​ចិន រុស្ស៊ី កូរ៉េ​ខាងជើង ឬ​ក៏​វៀតណាម ដើម្បី​ផលប្រយោជន៍​ស្វែង​រក​អ្នក​វិនិយោគទុន​នោះ គឺ​មិន​មាន​អ្វី​ខុស​ទេ ពីព្រោះ​ប្រទេស​សេរី​ធំៗ ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ជាដើម ក៏​ងាក​ទៅ​ទាក់ទង​ជាមួយ​ប្រទេស​ចិន ដើម្បី​សេដ្ឋកិច្ច​ដែរ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់​ឃើញ​ថា មក​ដល់​ពេល​បច្ចុប្បន្ន និយម​ន័យ​ថ្មី​របស់​ពិភពលោក គឺ​លែង​និយាយ​អំពី​ប្រទេស​ណា​កុម្មុយនិស្ត ឬ​ក៏​សេរី​ទៅ​ហើយ បើសិនជា​គិត​ទៅ​ដល់​ការ​បណ្ដាក់​ទុក​រក​ស៊ី ឬ​ក៏​គិត​ទៅដល់​បញ្ហា​សេដ្ឋកិច្ច​នោះ។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​រួច​ទៅ​ហើយ ថា​កម្ពុជា គឺ​ប្រកាន់​យក​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច្នេះ​ថ្វីត្បិតតែ​រដ្ឋាភិបាល មាន​ការ​ទាក់ទង​ជាមួយ​ប្រទេស​កុម្មុយនិស្ត ជា​ច្រើន​ក្តី ក៏​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទេ ពីព្រោះ​រដ្ឋាភិបាល​ដែល​ភ្ជាប់​ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កុម្មុយនិស្ត​នោះ ក្នុង​គោល​បំណង​អូសទាញ​តែ​អ្នក​វិនិយោគ​ដើម្បី​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន៖ «លុយ គឺ​អត់​មាន​ក្លិន​ទេ ហើយ​ការ​បណ្ដាក់ទុន​របស់​ពួកគេ​ក៏​ស្ថិត​នៅ​ក្នុង​ច្បាប់​របស់​ប្រទេស​យើង​ដែរ។ ដូច​រដ្ឋធម្មនុញ្ញ​បាន​និយាយ​ច្បាស់​ណាស់​ថា កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី និង​គោរព​សិទ្ធិមនុស្ស»

ទោះ​យ៉ាង​ណា អ្នក​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​យល់​ថា បើ​និយាយ​ពី​ទ្រឹស្ដី​សេដ្ឋកិច្ច​ក្នុង​ការ​កៀរគរ​រក​អ្នក​វិនិយោគទុន​ឱ្យ​ចូល​មក​រក​ស៊ី​គឺ​មិន​ត្រូវ​ប្រកាន់​ថា អ្នក​នោះ​មក​ពី​ប្រទេស​កុម្មុយនិស្ត ឬ​ក៏​សេរី​ពិត​មែន ក៏ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ហាក់​ធ្វើ​ឱ្យ​ដំណើរ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ថយ​ក្រោយ​បន្តិច។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា គឺ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ដោយ​មាន​ការ​វាយ​សំពង​លើ​រាងកាយ​របស់​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង ការ​ដក​ហូត​អភ័យ​ឯកសិទ្ធិ​សភា​ពី​មេ​បក្ស​ប្រឆាំង ព្រម​ទាំង​ការ​គំរាមកំហែង និង​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​មួយ​ទៀត​ដាក់​ពន្ធនាគារ រួម​ទាំង​ការ​មិន​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ។ ទាំង​អស់​នេះ​កំពុង​ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ។

លោក នី ចរិយា៖ «យើង​ថា លទ្ធិប្រជាធិបតេយ្យ​អាច​ដើរ​ថយ​ក្រោយ​ក៏​ថា​បាន ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​គោរព​សិទ្ធិមនុស្ស​កាន់​តែ​មាន​បាតុភាព​មិន​សូវ​ល្អ​ឡើងៗ»

ការ​លើក​ឡើង​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល គឺ​ដូចគ្នា​ទៅ​នឹង​សភា​អឺរ៉ុប ដែល​ព្រួយ​បារម្ភ​ជុំវិញ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែរ។

កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ សភា​អឺរ៉ុប អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​ប្រើ​អំណាច​នយោបាយ​គ្រប​ដណ្ដប់​ទៅ​លើ​ប្រព័ន្ធ​តុលាការ និង​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស។ សភា​អឺរ៉ុប​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា គោរព​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​អំពី​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ ពិសេស​អំពី​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​គ្រប់​រូប​ឱ្យ​បាន​ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល