«ការ​ឃុំខ្លួន​គ្រប់​ចំនួន​ទោស​ទាំង​គ្មាន​សេចក្ដី​សម្រេច​ស្ថាពរ​ជា​ការ​បំពាន​សិទ្ធិ​ធ្ងន់ធ្ងរ»

​ដោយ អាស៊ីសេរី
2022.01.31
«ការ​ឃុំខ្លួន​គ្រប់​ចំនួន​ទោស​ទាំង​គ្មាន​សេចក្ដី​សម្រេច​ស្ថាពរ​ជា​ការ​បំពាន​សិទ្ធិ​ធ្ងន់ធ្ងរ» ស្ថានភាព​អ្នក​ទោស​រស់នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដែល​ជា​អតីត​រោង​កុន​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១១។
RFA

ថ្មីៗ​នេះ អាជ្ញាធរ​បាន​ដោះលែង​សកម្មជន​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​ពន្ធនាគារ​វិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​បាន​ដោះលែង អះអាង​ថា ការ​ដោះលែង​ទាំងនោះ​មិនមែន​ជា​យុត្តិធម៌​សម្រាប់​ពួកគាត់​ឡើយ​។ ផ្ទុយទៅវិញ ពួកគាត់​បាន​រង​ភាព​អយុត្តិធម៌​ក្នុងករណី​នោះ​រួច​ទៅ​ហើយ តាមរយៈ​ការ​ជាប់​ឃុំ​ដោយ​គ្មាន​សាលក្រម​ស្ថាពរ។ មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកច្បាប់​ស្នើ​ដល់​តុលាការ​អនុវត្ត​នីតិវិធី​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស។

សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​ពលរដ្ឋ ហាក់​កំពុង​រង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ដោយសារ​ការអនុវត្ត​មិន​ត្រឹមត្រូវ​របស់​តុលាការ។ ជនជាប់ចោទ​មួយចំនួន​ដែល​ជា​សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួន​រហូតដល់​គ្រប់​ចំនួន​ទោស ខណៈ​សំណុំរឿង​របស់​គាត់​មិនទាន់​មាន​សេចក្ដីសម្រេច​ស្ថាពរ​ពី​តុលាការ​នៅឡើយ។

ប្រធាន​សមាគម​អាដហុក (ADHOC) លោក នី សុខា កត់សម្គាល់​ថា ករណី​សាលាដំបូង​រាជធានី​-​ខេត្ត​ចេញ​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ ហើយ​ឃុំ​ពួកគេ​រហូត​គ្រប់​ចំនួន​នៃ​ទោស ខណៈ​តុលាការ​ជាន់ខ្ពស់​មិនទាន់​សម្រេច​លើ​បណ្ដឹងឧទ្ធរណ៍ ឬ​បណ្ដឹងសាទុក្ខ​របស់​ពួកគេ​នោះ តែង​កើត​មាន​ជា​ហូរហែ ជាពិសេស​ក្នុង​សំណុំរឿង​ប្រឆាំង​នឹង​សកម្មជន​នយោបាយ អ្នក​ការពារ​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​។ លោក​ពន្យល់​ថា នេះ​ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​ជនជាប់ចោទ៖ «ទាក់ទង​នឹង​រឿង​សកម្មជន​ទាំងអស់​ហ្នឹង តុលាការ​ហ៊ានស៊ី ប៉ុន្តែ​តុលាការ​មិន​ហ៊ាន​សង ខ្ញុំ​ចង់​និយាយ​អ៊ីចឹង​។ ហ៊ានស៊ី មិន​ហ៊ាន​សង​យ៉ាងម៉េច​? បាន​ន័យថា បើ​ចាប់​គេ​ដាក់គុក ហ៊ាន តែបើ​គេ​អត់​មាន​កំហុស អត់​ហ៊ាន​ប្រកាស​ថា គេ​មិន​មាន​កំហុស​ទេ ចេះតែ​ពន្យារ បន្ត​កាត់សេចក្ដី​តម្រឹមៗ​អ៊ីចឹង​ទៅ​។ នេះ​ហើយ​ដែល​ខ្ញុំ​គិតថា វា​មិនមែន​ជា​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ទេ​រឿង​អ៊ីចឹង»

ដូចគ្នា​នេះ​ដែរ មេធាវី សេក សោភ័ណ នៃ​ការិយាល័យ​មេធាវី អ អ៊ែន អិល (R & L) បកស្រាយ​ថា ការ​ឃុំខ្លួន​ជនជាប់ចោទ​តាម​សាលក្រម​មិនទាន់​ស្ថាពរ​របស់​តុលាការ​ជាន់​ទាប ហើយ​តុលាការ​ជាន់ខ្ពស់​យឺតយ៉ាវ​ក្នុង​ការ​ចាត់ការ​បណ្ដឹង​របស់​គាត់​រហូត​ជន​នោះ​ត្រូវ​ជាប់ឃុំ​គ្រប់​ចំនួន​នៃ​ទោស គឺជា​នីតិវិធី​ដែល​មិន​ត្រឹមត្រូវ​ឡើយ។ លោក​បញ្ជាក់​ថា ករណីនេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ទទួល​បាន​ការ​កាត់សេចក្ដី​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស​របស់​ជនជាប់ចោទ​។ លោក សេក សោភ័ណ បន្ថែម​ថា ដើម្បី​ចៀសវាង​នីតិវិធី​មិន​ត្រឹមត្រូវ​នេះ តុលា​ការគួរ​ពិចារណា​ឱ្យ​ល្អិតល្អន់​មុននឹង​ឃុំខ្លួន​ជន​ណា​ម្នាក់ និង​ពន្លឿន​នីតិវិធី​ដើម្បី​ឈាន​ទៅ​ចេញ​សាលក្រម ឬ​សាលដីកា​ស្ថាពរ៖ «ការ​យក​មនុស្ស​ទៅ​ដាក់​ឃុំ​មួយ​កន្លែង​ដោយ​មិនទាន់​មាន​សាលក្រម​ស្ថាពរ ហើយ​ជន​ហ្នឹង​មានផ្ទះ​សម្បែង​ត្រឹមត្រូវ មានមុខ​របរ មាន​កិច្ចសហការ​ជាមួយ​ដំណើរការ​នីតិវិធី មិនដែល​មានការ​ខកខាន​ក្នុង​ការ​ចូលរួម​នីតិវិធី ខ្ញុំ​យល់ថា ការ​ឃុំខ្លួន​មុន​សវនាការ​(​តុលាការ​ជាន់ខ្ពស់​)​ហ្នឹង មិន​មាន​ភាព​ចាំបាច់​ទេ ហើយ​វា​អាច​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ណាស់​ចំណុច​ហ្នឹង»

ប្រតិកម្ម​របស់​ក្រុម​អង្គការសិទ្ធិមនុស្ស និង​អ្នកច្បាប់​នេះ កើតមានឡើង​ក្រោយពេល​តុលាការ​បាន​ដោះលែង​សកម្មជន​នយោបាយ​ជា​ហូរហែ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ប៉ុន្តែ​ពួកគាត់​ភាគច្រើន​ជាប់ឃុំ​គ្រប់​ចំនួន​កំណត់ ដោយ​គ្មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ពី​តុលាការ​នោះ​ឡើយ ពោល​គឺ​ជាប់ឃុំ​តាម​អំណាច​សាលក្រម​មិនទាន់​ស្ថាពរ​របស់​សាលាដំបូង ហើយ​បណ្ដឹង​មិន​សុខចិត្ត​របស់​គាត់ (​បណ្ដឹងឧទ្ធរណ៍ ឬ​បណ្ដឹងសាទុក្ខ​) កំពុង​ស្ថិត​ក្នុង​ដៃ​សាលាឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នៅឡើយ។

ជា​ឧទាហរណ៍ សកម្មជន​គណបក្ស​សង្គ្រោះជាតិ ៥​នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ជាអាទិ៍ លោក ស៊ូ យាន លោក ម៉ក់ សំអាន និង​លោកស្រី ខន ទន់ ជាដើម បាន​ជាប់ឃុំ​គ្រប់​ចំនួន​មួយ​ឆ្នាំ​តាម​អំណាច​សាលក្រម​មិន​ទាន់​ស្ថាពរ​របស់​តុលាការ​ខេត្ត​ត្បូងឃ្មុំ ខណៈ​បណ្ដឹង​ប្រឆាំង​សាលក្រម​ផ្ដន្ទាទោស​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ លោក ស៊ូ យាន ដែល​ជាប់ឃុំ​ពីរ​លើក ថ្លែង​ថា ពួក​លោក​ទទួលរង​ភាព​អយុត្តិធម៌​ផ្ទួនគ្នា​ក្នុង​ដំណើរការ​ក្ដី​នៅ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​នេះ​។ លោក​បញ្ជាក់​ថា ភាព​អយុត្តិធម៌​ទីមួយ គឺ​អាជ្ញាធរ​បាន​ចាប់ខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស​ពួក​លោក​ទាំង​គ្មាន​ទោសកំហុស ហើយ​ទី​ពីរ ពួក​លោក​បាន​ជាប់ឃុំ​គ្រប់​ចំនួន​នៃ​ទោស ទាំង​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ៖ «ការ​ចាប​ឃុំខ្លួន​ពួក​ខ្ញុំ​ទាំង​អយុត្តិធម៌​ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ពឹងពាក់​មេធាវី​ឱ្យ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​បង្ហាញ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ឱ្យ​មើល​ឃើញ​ថា តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ខ្មែរ​យើង​ហ្នឹង អត់​មាន​ឯករាជ្យ អត់​មាន​យុត្តិធម៌​ទេ»

នៅ​ភ្នំពេញ​ឯណេះ​វិញ អ្នកគាំទ្រ​បក្ស​ប្រឆាំង​លោកស្រី សាត ផា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយឆ្នាំ និង​ជាប់ឃុំ​រហូត​គ្រប់​ចំនួន​កំណត់​។ សាលាឧទ្ធរណ៍​ទើបតែ​បាន​បើក​សវនាការ​សំណុំ​រឿង​នេះ ក្រោយពេល​លោកស្រី​ចេញ​ពី​ពន្ធនាគារ​នៅ​ចុង​ឆ្នាំ ២០២១ ឯណេះ​ទេ។ ករណី​ស្រដៀង​គ្នា​នេះ ក៏​កើត​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ពីរ​នាក់​ទៀត​ដែរ គឺ​លោក លាស់ ឆេងឡាយ និង​លោក អ៊ុក ឆុំ ដែល​បាន​ជាប់ឃុំ​គ្រប់​ចំនួន ១៨​ខែ តាម​អំណាច​សាលក្រម​មិន​ទាន់​ស្ថាពរ​របស់​តុលាការ​ក្រុង​ភ្នំពេញ។

ក្រៅពី​សកម្មជន​នយោបាយ អ្នក​ការពារ​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​មួយចំនួន​ក៏​ជួប​បញ្ហា​អយុត្តិធម៌​បែប​នេះ​ដូចគ្នា។ តួយ៉ាង ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា​។ លោក​បាន​ជាប់ឃុំ​រហូត​គ្រប់​ចំនួន ២​ឆ្នាំ ទម្រាំ​ត្រូវ​បាន​ដោះលែង​នៅ​ចុងឆ្នាំ ២០២០ ប៉ុន្តែ​សំណុំរឿង​របស់​លោក​កំពុង​ស្ថិត​ក្នុង​ដៃ​សាលាឧទ្ធរណ៍​នៅ​ឡើយ ព្រោះ​តុលាការ​កំពូល​បាន​បង្វិល​សំណុំរឿង​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ឡើងវិញ។

ក្រៅពី​ករណី​ជាក់ស្ដែង​ទាំងនេះ នៅ​មាន​សំណុំរឿង​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ជា​ករណី​រំលោភសិទ្ធិ​ជនជាប់ចោទ​ធ្ងន់ធ្ងរ ដូចជា ការ​កាត់ទោស​តម្រឹម និង​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ហួស​ពី​ច្បាប់​កំណត់ ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​បកស្រាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី ៣០​មករា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា អ្នក​ដែល​រងគ្រោះ​ដោយសារ​ការអនុវត្ត​នីតិវិធី​មិន​ត្រឹមត្រូវ​ទាំងនោះ​អាច​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេង​ទៀត៖ «​ករណី​ដែល​បាន​លើកឡើង​ហ្នឹង​អំពី​ការ​ផ្ដន្ទាទោស​នៅ​សាលាដំបូង ហើយ​និង​នីតិវិធី​បន្ត​ទៅ​តុលាការ​ជាន់ខ្ពស់ ប៉ុន្តែ​(​ការអនុវត្ត​) ទោស​នៅ​សាលាដំបូង​បាន​ចប់​ផុត​ទៅ​ហើយ អាហ្នឹង​ជា​រឿង​មួយ​ដែល​ខុស​នីតិវិធី ហើយ​ដែល​យើង​ត្រូវ​ប្ដឹង​មក​ក្រសួង​យុត្តិធម៌ ឬមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ជំរុញ​ព​ន្លឿ​ន​នីតិវិធី​ហ្នឹង ធ្វើ​យ៉ាងណា​ឱ្យ​ជនរងគ្រោះ និង​ភាគី​ទទួល​បាន​យុត្តិធម៌»

ទោះជា​មានការ​ជំរុញ​បែប​នេះ​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ក៏ដោយ ក៏​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​មិន​មាន​ជំនឿ​លើ​យន្តការ​ទាំងនោះ​ដែរ ព្រោះ​ពួកគេ​មើល​ឃើញ​ថា ស្ថាប័ន​យុត្តិធម៌ ពិសេស​តុលាការ​គ្រាន់តែ​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ទាក់ទង​នឹង​ករណី​ដែល​សាលាដំបូង​ឃុំខ្លួន​ជន​ណា​ម្នាក់​រហូត​គ្រប់​ចំនួន​នៃ​ទោស ទាំង​មិនទាន់​មាន​សាលក្រម​ស្ថាពរ​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​ពិនិត្យ​ឃើញ​ថា វា​ក៏​អាច​ជះឥទ្ធិពល​មិនល្អ​ដល់​សេចក្ដីសម្រេច​របស់​តុលាការ​ជាន់ខ្ពស់​ផង​ដែរ។

ប្រធាន​សមាគម​អាដហុក (Adhoc) លោក នី សុខា មើលឃើញ​ថា ផលវិបាក​នោះ គឺ​សាលាឧទ្ធរណ៍ ឬ​តុលាការ​កំពូល​អាច​នឹង​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នោះ​ទុក​ជា​បាន​ការ​ដដែល ឬ​កាត់​តម្រឹម​ទោស ដើម្បី​បង្ការ​កុំឱ្យ​កើត​មាន​បញ្ហា​ដទៃទៀត ដូចជា ការ​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ឬ​មតិ​រិះគន់​លើ​តុលាការ​ថ្នាក់​ក្រោម​ជាដើម៖ «ទីមួយ​(​តុលាការ​ជាន់ខ្ពស់​)​អាច​មាន​ការ​បារម្ភ​ខ្លាច​គេ​ប្ដឹង​ឱ្យ​សងជំងឺចិត្ត​របស់​គេ។ រឿង​ទី​ពីរ​ដែល​សំខាន់​ដែរ​នោះ គឺ​វា​ប៉ះពាល់​ដល់​មុខមាត់​សាលាដំបូង​ដែរ ពីព្រោះ​រឿង​អ្វី​សាលាដំបូង​កាត់​ឱ្យ​មានទោស ទៅដល់​សាលាឧទ្ធរណ៍ ឬ​ទៅដល់​តុលាការ​កំពូល​កាត់​ឱ្យ​អត់​មានទោស មានន័យថា តើ​សាលាដំបូង​ហ្នឹង​គាត់​ធ្វើការ​យ៉ាងម៉េច?»

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​ដល់​តុលាការ​ឱ្យ​ពិចារណា​លើ​ជម្រើស​ផ្សេង​ក្រៅពី​ការ​ឃុំខ្លួន ក្នុង​ករណី​មិន​ចាំបាច់ ដើម្បី​ធានា​សេរីភាព​សម្រាប់​ជនជាប់ចោទ​។ ម្យ៉ាងវិញទៀត តុលាការ​គួរតែ​ហ៊ាន​កាត់ក្ដី​ដោយ​ឯករាជ្យ និង​ស្របតាម​វិជ្ជាជីវៈ ជាជាង​ការ​សម្រេច​សេចក្ដី​តាម​ឥទ្ធិពល​នយោបាយ ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌ និង​បង្កើន​ទំនុកចិត្ត​ពី​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។